រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានឯកភាពគ្នាកាលពីថ្ងៃចន្ទក្នុងការសម្ពោធនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធជាសាកលរបស់ខ្លួនមួយដែលតភ្ជាប់សហភាពអឺរ៉ុបទៅកាន់ពិភពលោក។ នេះជាជំហានថ្មីចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌានិងជប៉ុន និងការប្តេជ្ញាចិត្តប្រហាក់ប្រហែលគ្នាមួយជាមួយក្រុមប្រទេសG-7 ដែលមានប្រជាធិបតេយ្យជឿនលឿន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយសង្ស័យពីកម្មវិធីការផ្តើមគំនិត«ផ្លូវក្រវាត់ពាណិជ្ជកម្ម»របស់ប្រធានាធិបតីចិនលោកXi Jinping ដែលតភ្ជាប់ពីអឺរ៉ុបទៅតំបន់អាស៊ីតាមរយៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនោះថាដើម្បីបង្កើននូវឥទ្ធិពលរបស់ចិន សហភាពអឺរ៉ុបបានបង្កើតនូវមាគ៌ាផ្លូវការមួយសម្រាប់ផែនការតភ្ជាប់ដ៏ធំចាប់ពីឆ្នាំ២០២២នេះតទៅ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកHeiko Maas បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមើលឃើញថាប្រទេសចិនបានប្រើមធ្យោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក។ វាជាការអត់ប្រយោជន៍ក្នុងការបារម្ភពីរឿងនេះ។ យើងត្រូវតែបង្កើតនូវជម្រើសមួយផ្សេង»។
លោកបានបន្តទៀតថា៖ «វាមានសារៈសំខាន់ណាស់ដែលសហភាពអឺរ៉ុបធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហានេះ»។
សហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងជាដៃគូរួចហើយជាមួយប្រទេសជប៉ុន និងឥណ្ឌាដើម្បីសម្របសម្រួលគម្រោងដឹកជញ្ជូនថាមពល និងវិស័យឌីជីថលដែលតភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ី។ រដ្ឋាភិបាលជប៉ុននិងឥណ្ឌាមានការបារម្ភពីជំនួយរបស់ចិនដែលធ្វើឲ្យប្រទេសក្រីក្រជាច្រើនជំពាក់គុណរដ្ឋាភិបាលក្រុងប៉េកាំង ព្រោះពួកគេត្រូវបានបង្ខំឲ្យទទួលយកនូវបំណុលដ៏ធំនេះ។
ចាប់តាំងពីឆ្នាំ២០១៣មក ចិនបានចាប់ផ្តើមគម្រោងស្ថាបនានៅក្នុងប្រទេសជាង៦០ក្នុងពិភពលោក ដោយបង្កើតនូវបណ្តាញភ្ជាប់រវាងផ្លូវដីនិងសមុទ្រដែលតភ្ជាប់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីកណ្តាល មជ្ឈិមបូព៌ានិងទ្វីបអាហ្វ្រិក។ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធថា ខ្លួនគ្មានបំណងបង្កើននូវអនុភាពរបស់ខ្លួននោះទេ ហើយនិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននោះ គឺផ្តោតទៅលើតម្រូវការចាំបាច់របស់ពលរដ្ឋទូទៅតែប៉ុណ្ណោះ៕