ក្រោយ​ពី​មាន​បុគ្គលិក​ពេទ្យ​ធ្វើ​អត្តឃាត ទីក្រុង​ញូវយ៉ក​ផ្តល់​ការ​ប្រឹក្សា​អំពី​សុខភាព​ផ្លូវចិត្ត​ដល់​អ្នក​ធ្វើការ​ជួរ​មុខ

បុគ្គលិក​សុខាភិបាល​ត្រៀម​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ Brooklyn Hospital Center ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៨ ​មេសា ២០២០។

បន្ទាប់​ពី​បុគ្គលិក​ពេទ្យ​ចំនួន​ ២ ​នាក់ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ធ្វើ​អត្តឃាត​កាល​ពី​ពេល​ថ្មីៗ​នេះ អភិបាល​ក្រុង​ញូយ៉ក​លោក​ Bill de Blasio​ បាន​ប្រកាស​កាលពី​ថ្ងៃពុធ ទី​២៩ ខែ​មេសា​ថា អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវចិត្ត​យោធា​អាមេរិក​ នឹង​ជួយ​បុគ្គលិក​ជួរ​មុខ​របស់​ទីក្រុង​នេះ​ឲ្យ​បាន​ធូរស្បើយ​ពី​ភាព​តានតឹង​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​របស់​ពួកគេ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។

លោក​ Bill de Blasio បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ដូច្នេះ​ថា៖ «យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​វេជ្ជបណ្ឌិត គិលានុបដ្ឋាក បុគ្គលិក​ថែទាំ​សុខភាព អ្នកបច្ចេកទេស​វេជ្ជសាស្រ្ត និង​បុគ្គលិកពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​យើង​បាន​ឆ្លងកាត់។ សូម​គិត​ទៅ​មើល! ពួកគេ​ទាំងនេះ ពេល​ខ្លះ ត្រូវ​ឈរ​មើល​អ្នកជំងឺ​បាត់បង់​ជីវិត​នៅ​ចំពោះ​មុខ​ពួកគេ»។

លោក de Blasio បាន​ថ្លែង​បន្ថែម​ទៀត​ថា ក្រុមបុគ្គលិក​ពេទ្យ​ទាំង​អស់​នេះ ត្រូវ​បំពេញ​ការងារ​ដល់​កម្រិត​ខ្លាំង​បំផុត​មួយ ហើយ​ពួកគេ​មិន​គួរ​រ៉ាប់រង​បន្ទុក​ទាំង​នេះ តែ​ម្នាក់​ឯង​នោះ​ទេ។

ភរិយា​របស់​លោក​Bill de Blasio គឺ​លោកស្រី Chirlane McCray ជា​អ្នកតស៊ូ​មតិ​ផ្នែក​សុខភាព​ផ្លូវចិត្ត ហើយ​លោកស្រី បាន​ចាប់ផ្តើម​កម្មវិធី​សុខភាព​ផ្លូវចិត្ត​មួយ​ដែល​មាន​ឈ្មោះ​ថា ​Thrive NYC។ លោកស្រី ក៏​កំពុង​ធ្វើការ​លើ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ជាមួយ​ក្រសួង​ការពារ​ប្រទេស​ផងដែរ។

លោកស្រី Chirlane McCray បាន​ថ្លែង​ថា អ្នកធ្វើការ​ជួរមុខ​កំពុង​ប្រឈមនឹង «ស្ថានការណ៍​ដូ​ចជា​សមរភូមិ» អ៊ីចឹង នៅ​ពេល​ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ។ កាលពី​ថ្ងៃពុធ ទី ២៩ ខែមេសា កន្លង​ទៅ​នេះ លោកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ស្ថានភាព​ផ្លូវ​អារម្មណ៍​របស់​អ្នកធ្វើការ​ជួរមុខ​ទាំងអស់​នោះ គឺជា​វិបត្តិត្រួត​លើវិបត្តិ ហើយ​វា​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់»។

យោធា​សហរដ្ឋ​អាមេរិក​ដោះស្រាយ​បញ្ហា​ស្ត្រេស​ក្រោយ​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត និង​ភាព​តាន​តឹង​ក្នុង​ចិត្ត ក្នុង​ជួរ​យោធា​របស់​ខ្លួន ហើយ​ទាក់ទង​នឹង​រឿង​នេះ លោកស្រី McCray បាន​និយាយ​ថា ក្រុមយោធា អាច​ផ្តល់​នូវ​ការយល់ដឹង​ពិសេស​មួយ​អំពី​វិធី​ជួយ​ដល់​អ្នកធ្វើការ​ជួរមុខ​ទាំងនោះ។

ទីក្រុង​ញូវយ៉ក​បាន​ស្ថិត​នៅក្នុង​ចំណោម​ទីកន្លែង​មួយ​ចំនួន​ក្នុង​ពិភលោក​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ១៩។ គិត​ត្រឹម​ថ្ងៃពុធ​ទី២៩​ខែមេសា​នេះ ទីក្រុង​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន​៨លាន ៦សែន​នាក់​នេះ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​១សែន​៦ម៉ឺននាក់ ហើយ​នឹង​មនុស្ស​ជាង ១ម៉ឺន ២ពាន់​នាក់ ត្រូវ​បាន​បញ្ជាក់​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។

មាន​មនុស្ស​ជាង ៤​ម៉ឺន​១ពាន់​នាក់ នាក់​បាន​ឈឺ​ក្នុង​កម្រិត​ដែល​ត្រូវ​ការ​ការព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ពេលខ្លះ ​ធ្វើឲ្យ​ចំនួន​អ្នកជំងឺ​មាន​ច្រើន​លើសលប់​សម្រាប់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូវយ៉ក។ នៅពេល​ដែល​ការរាតត្បាតនៃ​វីរុស​កូរ៉ូណា បាន​ចាប់ផ្តើមខ្លាំង​នៅ​ពាក់កណ្តាល​ខែមិនា ទីក្រុង​នេះ បាន​ប្រញាប់​ប្រញ៉ាល់​ត្រៀម​ឧបករណ៍​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​អ្នកធ្វើការ​ផ្នែក​វេជ្ជសាស្រ្ត។ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព និង​អ្នកធ្វើការ​ផ្នែកសង្គ្រោះ​បន្ទាន់ បាន​ធ្លាក់ខ្លួន​ឈឺ ក្នុងពេល​ពួកគេ​ធ្វើការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ។

អ្នកធ្វើ​អត្តឃាត​ម្នាក់​ក្នុង​ចំណោមអ្នក​ធ្វើ​អត្តឃាត​ទាំង២នាក់​នោះ គឺ​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ ​អ្នកស្រី Lorna Breen។ អ្នកស្រី បាន​ឆ្លង​វីរុស​កូរ៉ូណា ហើយ​ប្រមាណ​ជា ១០ ថ្ងៃ​ក្រោយ​មក អ្នកស្រី​បាន​ចូល​ធ្វើការ​វិញ។ មន្ទីរពេទ្យ​របស់​អ្នកស្រី បាន​បញ្ជូន​អ្នកស្រី​ទៅ​ផ្ទះ​វិញ ហើយ​ឪពុក​ម្តាយ​របស់​អ្នកស្រី បាន​នាំ​អ្នកស្រី​ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ Virginia។ នៅ​ទីនោះ​ហើយ​ដែល​អ្នកស្រី​បាន​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃអាទិត្យ ទី ២៦ ខែមេសា កន្លង​ទៅ​នេះ បន្ទាប់​ពី​អ្នកស្រី​បាន​និយាយ​រៀបរាប់​អំពី​ភាពភ័យរន្ធត់​ដែល​អ្នកស្រី​បាន​ជួបប្រទះ។

ឪពុក​របស់​អ្នកស្រី គឺ​លោក Philip Breen ដែល​ជា​វេជ្ជបណ្ឌិត​ដែរ​នោះ បាន​ប្រាប់​សារព័ត៌មានThe New York Times ថា កូនស្រី​របស់​លោក«គឺពិតជា​អ្នកធ្វើការ​ជួរមុខ​ដ៏​ខ្លាំងក្លា​មួយ​រូប»។ លោក​ថ្លែង​ទៀត​ថា កូនស្រី​របស់​លោក គឺជា​វីរៈនារី​មួយ​រូប ដែល​ដូច​ជន​រងគ្រោះ​ទូទៅ​ដទៃទៀត​ដែរ ដែល​បាន​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា​នេះ។

បុគ្គលិកពេទ្យ​កំពុង​ដឹក​សព​ចេញ​ពី​កុង​តឺន័រ​សម្រាប់​បង្កក នៅ​ឯ​មន្ទីរ​ពេទ្យ Kingsbrook Jewish Medical Center កាល​ពី​ថ្ងៃ​ទី ២៨ មេសា ២០២០ នៅ​ទីក្រុង​ញូវយ៉ក។

លោក John Mondello អាយុ ២៣ ឆ្នាំ បាន​បញ្ចប់​ការសិក្សា​កាលពី​ខែកុម្ភៈ ពី​វិទ្យាស្ថាន​បច្ចេកទេស​វេជ្ជសាស្ត្រ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​ឌឺប៉ាតឺម៉ង់​ពន្លត់​អគ្គីភ័យ​ក្រុង​ញូវយ៉ក។ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពី​លោក​បាន​ចាប់ផ្តើម​ចូល​ធ្វើការ វីរុសកូរ៉ូណា បាន​ចាប់ផ្តើម​រាតត្បាត​យ៉ាងខ្លាំង​នៅ​ទូទាំង​ទីក្រុង​ញូវយ៉ក។ អ្នកទាំងឡាយ​ដែល​បាន​ស្គាល់​លោក John Mondello បាន​និយាយ​ថា លោក​ជា​មនុស្ស​រីករាយ​ម្នាក់ ក៏ប៉ុន្តែ ភាពតានតឹង​ផ្លូវចិត្ត​ដោយសារ​វីរុសកូរ៉ូណា​នេះ មាន​ភាព​លើសលប់​ពេក​សម្រាប់​លោក ហើយ​លោក​បាន​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃសុក្រ ទី ២៤ ខែ​មេសា​កន្លង​ទៅ​នេះ។

ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព​ផ្លូវចិត្ត​ថ្មី​មួយ អ្នកឯកទេស​ខាងជំងឺ​បាក់ស្បាត​យោធា នឹង​ធ្វើការ​វាយតម្លៃ​មន្ទីរពេទ្យ​និមួយៗ ហើយ​នឹង​រៀបចំ​កម្មវិធី​ទៅ​តាម​តម្រូវការ​របស់​ពួកគេ។ ក្រុមអ្នកឯកទេស​ទាំងនោះ ក៏​នឹង​បណ្តុះបណ្តាល​ក្រុម​តូចៗ​នៅ​តាម​មន្ទីរពេទ្យ​និមួយៗ​ក្នុងការ​គ្រប់គ្រង​ភាពតានតឹង​ផ្លូវចិត្ត ដែល​បន្ទាប់​មក​ពួកគេ​ទាំងនោះ នឹង​បណ្តុះបណ្តាល​បុគ្គលិក​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ចំនួន ១.០០០ នាក់​បន្ថែម​ទៀត។ សេវាកម្ម​នេះ នឹង​មាន​ជា​បន្ត​ទៀត ក្រោយ​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​បញ្ចប់។

លោកស្រី McCray បាន​និយាយ​ថា កម្មវិធី​នេះ កំពុង​ដំណើរការ​ហើយ ហើយ​លោកស្រី​រំពឹង​ថា វា​ដំណើរការ​ពេញលេញ​នៅក្នុង​ខែឧសភា​នេះ។ ទីក្រុង​ញូយ៉ក​បាន​ឆ្លង​ផុត​កម្រិត​ខ្ពស់​បំផុត​នៃ​ការរាតត្បាត​ដោយ​វីរុស​កូរ៉ូណា​នេះ គ្រា​ដែល​សូចនាករ​តាមដាន​បង្ហាញ​ថា ករណី​អ្នក​ឆ្លង​ថ្មី កំពុង​ថយចុះ ហើយ​ចំនួន​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​កំពុង​ថយចុះ​ដែរ។

ទម្រាំតែ​បាន​ប្រសើរ​ឡើង​បន្តិច​នេះ ទីក្រុង​ញូវយ៉ក​បាន​តស៊ូ​ជម្នះ​យ៉ាងខ្លាំង ហើយ​អភិបាល​ក្រុង​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​ជាមួយ​នឹង​សមាជិក​ខ្លះ​ក្នុង​សហគមន៍​កាន់​សាសនា​ជ្វីហ្វ កាលពី​ថ្ងៃអង្គារ​ទី​២៨​ខែមេសា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​លោក បាន​សរសេរ​សារ​លើ​បណ្តាញ​ធ្វីតធឺរ ថ្កោលទោស​ដល់​ការជួបជុំ​ដ៏​ធំ​មួយ​នៅក្នុង​ពិធី​បុណ្យ​សព​របស់​គ្រូ​ប្រដៅ​សាសនា​ជ្វីហ្វនិកាយHasidicមួយ​រូប។

លោក De Blasio បាន​ទៅ​សង្កាត់ Brooklyn ដើម្បី​មើល​ស្ថានភាព​ជាក់ស្តែង ហើយ​ប៉ូលីស​បាន​បំបែក​ក្រុម​អ្នកកាន់ទុក្ខ។ ថ្វីបើ​មាន​ការរិះគន់​ក៏ដោយ ក៏​លោក De Blasio មិន​បាន​ធ្វើការ​សុំ​អភ័យទោស​នោះ​ទេ ដោយ​កាលពី​ថ្ងៃពុធ​ទី ២៩ ខែមេសា លោក​បាន​និយាយ​ថា មាន​មនុស្ស«រាប់ពាន់​នាក់»នៅ​ក្នុង​ការជួបជុំ​នោះ ដែល​នោះ​គឺជា​ការរំលោភ​បំពាន​ដោយ​ចេតនា​ដល់​ការណែនាំ​ឲ្យ​រក្សា​គម្លាត​នៅ​ឆ្ងាយពី​គ្នា។

នៅក្នុង​ការឆ្លើយតប​ទៅនឹង​អ្នកសារព័ត៌មាន លោក De Blasio បាន​ថ្លែង​ថា៖ «លោកអ្នក​បាន​ឮ​យ៉ាងល្អិតល្អន់ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​ហើយ​ថា មិន​ថា​នៅក្នុង​សហគមន៍​ណា ឬ សាសនា​អ្វី​នោះ​ទេ លោក​អ្នក​មិន​អាច​ប្រមូលផ្តុំ​គ្នា​ដើម្បី​ប្រតិបត្តិ​សាសនា​របស់​លោក​អ្នក នៅក្នុង​វិហារ​សាសនា​របស់​លោក​អ្នក​នោះ​ទេ។ ខ្ញុំ បាន​ប្រាប់​ដូច្នេះ អស់រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ។ ពី​មុន​មក យើង​ក៏​បាន​និយាយ​អំពី​ពិធី​បុណ្យសព​ដែរ ហេតុដូច្នេះ​ហើយ បាន​ជា​ខ្ញុំមាន​ការខឹងសម្បារ​យ៉ាង​ខ្លាំង​ដូច​នេះ។ យើង​បាន​ប្រាប់​ឲ្យ​ដឹង​ជាមុន ជាច្រើន​លើក​ហើយ»។

លោក​បាន​និយាយ​ទៀត​ថា ប្រសិនបើ​មាន​ការជួប​ជុំ​ធំ​បែប​នេះ​កើត​ឡើង ទៀត​មិនថា​នៅ​កន្លែង​ណាមួយ​នៅក្នុង​ទីក្រុង​ញូយ៉ក​ទេ នោះ​ប៉ូលិស​នឹង​ចេញ​ដីកា​កោះ​ហៅ និង​ចាប់ខ្លួន​អ្នកទាំងនោះ។

មជ្ឈមណ្ឌល Simon Wiesenthal Center ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Los Angeles ដែល​តាមដាន និង​ប្រយុទ្ធប្រឆាំង​នឹង​អ្នក​ដែល​ប្រឆាំង​នឹង​អ្នកកាន់​សាសនា​ជ្វីហ្វ​នោះ បាន​ចោទ​អភិបាលក្រុង​ថា៖ «បាន​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឲ្យ​មាន​គំនិត​អគតិ​ដ៏​គ្រោះថ្នាក់​ចំពោះ​អ្នកកាន់​សាសនា​ជ្វីហ្វ​ទាំង​អស់​នៅក្នុង​ទីក្រុង​ញូវយ៉ក តាម​អារម្មណ៍​របស់​លោក»។

ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​ថ្កោល​ទោសសមាជិក​ទាំងឡាយ​នៅក្នុង​សហគមន៍​របស់​ខ្លួន និង​អ្នករស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដទៃទៀត ដែល​មាន​អាកប្បកិរិយា​មិន​ចេះ​ពិចារណា និង​ធ្វេសប្រហែស ដោយ​ថា អាកប្បកិរិយា​បែប​នោះ គឺជា​ការគំរាម​កំហែង​ដល់​សុខុមាលភាព​របស់​យើង​ទាំងអស់គ្នា៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់