ការ​បាក់​អគារ​នៅ​ខេត្ត​កែបបន្សល់​ភាពសោកសៅសម្រាប់​ក្រុមគ្រួសារ

​ប្រតិ​បត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ក្រុមគ្រួសារ​ដែលបាត់​បង់​សាច់ញាតិ​ច្រើន​នៅក្នុង​គ្រោះ​ថ្នាក់​បាក់​អគារ​នៅ​ខេត្ត​កែប ​បង្ហាញក្តីសោកសង្រេង​ដែល​សមាជិកគ្រួសារ​បាន​ស្លាប់ និង​រងរបួស​ ក្នុង​នោះ​មាន​ក្មេងៗតូចៗ​ ដែល​អ្នក​ខ្លះ​មាន​អាយុ​ទើបតែ៣ខែ និង​៨ខែ​ប៉ុណ្ណោះ។

ប្រតិបត្តិការជួយ​សង្រ្គោះ​មនុស្ស​ពីគំនរ​អគារ​បាក់​ក្នុង​ខេត្ត​កែបកាល​ពី​ថ្ងៃសុក្របាន​បញ្ចប់​នៅ​រសៀល​ថ្ងៃត្រង់ ថ្ងៃអាទិត្យ ដែល​ចំណាយ​ពេល​ប្រហែល​៤៣​ម៉ោង។ ការ​បាក់​អគារ​នេះបណ្តាល​ឲ្យ​មនុស្ស​៣៦នាក់​ស្លាប់ ​ក្នុង​នោះ​មាន​ក្មេង​ និងស្ត្រី​មានផ្ទៃពោះ​ផង​ដែរ។

លោក សៀង ផាន អាយុ​៤០​ឆ្នាំ បាន​រួមដំណើរ​ជាមួយ​ម្តាយ ដើម្បី​ទទួលសព​គ្រួសារ​ចំនួន​៤នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​បាត់​ដំបង។ សព​នោះ​មាន​ប្អូន​ប្រុស​របស់​លោក ឈ្មោះ សៀង សឿន អាយុ​ ៣០​ឆ្នាំ ប្អូនថ្លៃ​ដែល​ជាភរិយា​របស់​លោក សៀង សឿន គឺ​អ្នកនាង​ រចនា ថារី អាយុ​២២ឆ្នាំ និង​កូន​ស្រី​របស់​ពួកគេ ​សឿន ស្រីណា អាយុ​៣ខែ ​និង​កូន​ប្រុស ឈ្មោះ សឿន​ វិច្ឆ័យ អាយុ​៩ឆ្នាំ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ពេល​រៀបចំ​ទទួល​សព​របស់​សាច់ញាតិ​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់ដំបង​ថា៖ «ប្អូន​ប្រុស​ទទួល​មរណភាពដោយ​ឧបទ្ទវហេតុ ដោយសារ​ការ​រលំ​អគារ​ហើយ។ មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ តែ​បើ​កម្ម​របស់​ប្អូន​ត្រូវ​ទទួល»។

អ្នកស្រី សៀង ផាត់ អាយុ​៦១​ឆ្នាំ ជាម្តាយជន​រងគ្រោះ ឈ្មោះ សៀង សឿន ​ដែល​បាន​ស្លាប់ ​មាន​ប្រសាសន៍​ពេល​អង្គុយ​ក្បែររថយន្ត​ដឹកសព​ថា ​កូនប្រុស​របស់​អ្នកស្រី ​បាន​នាំ​ភរិយាមក​ធ្វើ​ការ​នៅ​ខេត្ត​កែប​នេះ បាន​ប្រហែល​បី​ខែ​ហើយ ដោយ​មានកូន​ពីរនាក់​មក​នៅ​ជាមួយផង ហើយ​ពួកគេ​បាន​ស្លាប់។

អ្នកស្រី​បាន​ថ្លែង​ថា៖ «មានអារម្មណ៍​ថា​ ស្តាយ​ សោក​ស្តាយ ដែល​កូន​អាយុ​ខ្លី»។

អ្នកស្រី សៀង ផាត់ អាយុ​៦១​ឆ្នាំ ជាម្តាយជន​រងគ្រោះ ឈ្មោះ សៀង សឿន ​ដែល​បាន​ស្លាប់នៅក្នុងការបាក់អគារនៅក្រុងកែប ខេត្តកែបកាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ក្រៅ​ពី​ពួកគេ មាន​ក្រុមគ្រួសារ​ផ្សេង​ទៀត ក៏​កំពុង​រៀបចំ​ទទួល​សាកសព ដឹកទៅ​ស្រុក​កំណើត​របស់​ពួកគេ​ផង​ដែរ។

លោក​ ជ័យ ភៀង អាយុ​៥១​ឆ្នាំ មកពី​ស្រុក​រមាសហែក ខេត្ត​ស្វាយ​រៀងបាន​បាត់​បង់​ប្អូនស្រី ​២នាក់ ក្មួយ​ម្នាក់​ អាយុ​ប្រហែល ​១​ឆ្នាំ និង​ចៅ​ម្នាក់។

លោក​មាន​ប្រសាន៍​ថា៖ «អារម្មណ៍​នឹក​ក្មួយ​ចង់​ងាប់​ហើយ។ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ចេះ​កាត់​ចិត្ត​កាត់​ថ្លើម​ទៅ។ គ្នា​មិន​ទាន់​ដឹង​អី​ផង​ មិន​ទាន់​ចេះ​ស៊ី​ផង​ ងាប់​ទៅ​វិញ»។

បើ​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប ដែល​ VOA ទទួល​បាន ក្មេងមានចំនួន​ ៦នាក់​ ដែល​បាន​ស្លាប់ ក្នុង​នោះ​មាន​អាយុ​៣ខែ ៨ខែ​ ១ឆ្នាំ ៤ឆ្នាំ ៨ឆ្នាំ​ ៩ឆ្នាំ និង​១០ឆ្នាំ។

ចំណែក​អ្នកស្រី​ ឈន ផល្លី​ អាយុ​៣៦​ឆ្នាំ​ ទើបតែមក​ធ្វើ​ការ​នៅ​ទីនេះ ​បាន​មួយសប្តាហ៍​ប៉ុណ្ណោះ។ អ្នកស្រី​ថា​ គ្រោងឈប់ធ្វើ​ការ​ និងត្រឡប់ទៅ​ផ្ទះ​វិញ​នៅ​ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃ​អាទិត្យនេះ។ ប៉ុន្តែ​គ្រោះ​ថ្នាក់​បាន​កើត​រួច​ទៅ​ហើយ។ អ្នកស្រី​ដែល​ជា​ជនរងគ្រោះ​ចុងក្រោយដែលត្រូវ​បាន​ជួយ​សង្រ្គោះ ​និង​រស់​រាន​មានជីវិត ក្រោយជាប់​ក្នុង​គំនរ​ថ្ម​នៅ​បាតខាងក្រោម​ជាង​៤០​ម៉ោងបាន​ថ្លែង​ថា៖ «ដល់​ពេល​ដួល​ត្រូវ​ដំបូង ខ្ញុំ​អត់​ដឹង។ ដល់​ពេល​ខ្ញុំ​ភ្ញាក់​ឡើង​ងងឹត​ ខ្ញុំថា​ អគារ​នេះ​បាក់​ហើយ​ហ្នឹង។ ប្អូន​ខ្ញុំ​វា​នៅកៀន។ ហើយ​ម្នាក់​ទៀត​នៅ​កៀន​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​នៅកណ្តាល វា​មាន​ប្រហោង»។

អ្នកស្រី​បាន​បាត់​បង់កូន​ប្រុស​ម្នាក់ ​ប្អូន​ប្រុស​ម្នាក់​ និង​ប្អូនស្រី​ម្នាក់ ខណៈ​ស្វាមី​ក៏​រង​របួស​ផង​ដែរ។

​អ្នកស្រី​ ឈន ផល្លី​ អាយុ​៣៦​ឆ្នាំ​ ដែលជាជនរងគ្រោះម្នាក់នៅក្នុងការបាក់អគារនៅក្រុងកែប ខេត្តកែបកាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី​បន្តថា ​ដោយសារ​បញ្ហា​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពីខែ​មិថុនា ឆ្នាំ​មុន អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ ពេល​ប្អូន​ប្រុស​ឈ្មោះ​ ផ្លយ បបួលអ្នកស្រី​មក​ធ្វើ​ការ​នៅ​ខេត្ត​កែប​ ពេលដែលអ្នកស្រីត្រឡប់​ពី​ធ្វើ​ការសំណង់​នៅ​ប្រទេស​ថៃ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​អត់ហ៊ាន​ចង់​មក​ដែរ។ ខ្ញុំ​ថា ​អញ​អត់​ហ៊ាន​ទៅ​ទេ​អាផ្លយអើយ ខ្លាច​បាក់។ វា​ថា​បាក់​អី​ គេ​ធ្វើ​យ៉ាងមាំៗ​ហើយ។ ខ្ញុំ​នឹក​ឃើញ​មក មក​ឃើញ​មាំ​របស់​គេ​មែន ប៉ុន្តែ​មិន​ដឹង​ថា ​មូលហេតុ​អី​ទេ (បាន​បាក់)»។

ចំណែក​កុមារាម្នាក់ ឈ្មោះ​ គៀង​ ស្នា​ អាយុ​១៤ឆ្នាំ រស់​នៅ​ម្តុំ​កន្លែង​បាក់អគារ ​ជា​មិត្តភក្តិ​របស់​កុមារា​ ៣នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នះ។ កុមារា​រូបនេះ​បានជិះ​កង់​ទៅ​មកក្បែរៗ​កាតាប​របស់មិត្តភក្តិ​របស់គេ ដែល​ត្រូវ​បានប្រមូល​ពី​គំនរ​អគារ​បាក់​ មកគរ​ទុកនៅ​ខាងក្រៅ​។ នោះ​គឺជា​កាតាប​របស់​ កុមារា​ លី គីមឆាយ​ អាយុ​៨ឆ្នាំ​ ដែល​បាន​ស្លាប់។

គៀង​ ស្នា​ បានប្រាប់ VOA ​ថា​ គេ​មាន​អារម្មណ៍​ថា​នឹក​មិត្ត​ភក្តិរបស់​គេ ដែល​ទើប​បាន​ស្គាល់​គ្នា​ជាង​៣ខែ​ និង​តែងតែ​លេង​បាល់ទាត់​ជាក្រុម​៤នាក់​ ជាមួយ​គ្នា។​

ស្នា​បាន​និយាយ​ថា៖ «អារម្មណ៍មិនដឹង​ទៅណាអស់​ហើយ​ ព្រោះ​អី​មិត្ត​ភក្តិ​ធ្លាប់លេង​ជាមួយ​គ្នា​។​ ​ដល់​អត់​មានមិត្ត​ភក្តិ​អត់​ដឹងគិតម៉េច...នឹក»។

សៀវភៅសិក្សានៅកន្លែងដែលមានការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

កាលពីខែកក្កដា ឆ្នាំ​២០១៩ ក្រោយ​ការ​បាក់អគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សម្លាប់​មនុស្ស​ ២៨នាក់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជាថា​ មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។ ប៉ុន្តែនៅ​ក្នុង​សំណង់អគារដែលបាក់​នៅ​ខេត្តកែបនេះ​ មានកម្មករ ​និង​ក្មេងៗ​ដែល​ជាកូន​របស់​កម្មករបាន​ស្នាក់នៅ​ក្នុងនោះ​។

លោក​ ឌី ថេហូយ៉ា​ ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​ ហៅ​កាត់​ថា​ សង់ត្រាល់ដែល​បាន​ពិនិត្យ​មើល​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​អ្នក​ជាប់​ក្នុង​គំនរ​អគារ​ បាន​ថ្លែង​ប្រាប់ ​VOA ថា ម្ចាស់សំណង់​ត្រូវ​តែ​ពិចារណាអំពី​ការ​ឲ្យមាន​ផ្ទះ​សម្រាប់​គ្រួសារ​កម្មករ​ស្នាក់នៅ​ ដើម្បី​កាត់បន្ថយហានិភ័យ​ដល់​កុមារ​ និងស្ត្រី​ដែល​ជា​ក្រុមគ្រួសារ​កម្មករ​។ ​

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​ដែល​យើង​គួរ​មាន​ការកែសម្រួល​ ដើម្បី​ជាប្រយោជន៍នៃ​ប្រជា​ពលរដ្ឋ​របស់​យើង​បន្តទៀត​គឺ​ថា កន្លែង​សំណង់​គួរតែ​មាន​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ផង​ ព្រោះ​ថា ​ក្នុងហ្នឹង​យើង​ឃើញ​ថា​ មានទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ មាន​ទាំង​កុមារ​ផង​ដែល​ស្ថិត​នៅ​ក្នុង​អគារ​។​ បើសិន​បើកុមារ និង​ស្រ្តី​មាន​កន្លែង​ស្នាក់នៅ​ ប្រហែល​ជាគាត់​មិនរង​អំពី​ការបាក់អគារ​ហ្នឹងទេ។​ យើងឃើញថា ​ក្នុង​សំណង់នេះ​អត់​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​កម្មករស្នាក់នៅ​ទេ»។

កាលពី​ថ្ងៃ​អាទិត្យ លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​បិទ​ប្រតិបត្តិ​ការ​រុក​រក​ និងសង្គ្រោះ​ជនរងគ្រោះ​ក្នុង​អគារ​បាក់​នៅ​ខេត្ត​កែប​ថា​ ពុំ​មាន​ថ្នាក់ដឹកនាំខេត្តណា​ម្នាក់ ​នឹងត្រូវ​ដកចេញ​ពី​តំណែង​ ឬ​លាឈប់​ពី​តំណែង​ឡើយ។ ​

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា​ មាន​កំហុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​សាងសង់​អគារ​មួយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ទទួល​ស្គាល់ចំណុច​ខ្វះ​ខាតនៅ​ទីនេះ​។​ គ្រាន់តែ​យើង​សិក្សា​ជាបឋម​ យើង​ឃើញ​មាន​ចំណុច​ខ្វះខាត​ពី​រួច​ទៅហើយ។​ តែខ្ញុំ​មិន​សន្និដ្ឋានជំនួស​អ្នកបច្ចេកទេស​ទេ។ ទី​១​ គឺ​ផ្នែក​ខាងគូសប្លង់​ ​ផ្នែក​ទំហំប៉ុណ្ណេះ​ៗៗ តាក់តែងខុស។​ បានន័យ​ថា​ដែក​តូចជាង កម្រិតបច្ចេក​ទេស​ដែល​គេ​ផ្តល់។​ កំហុស​ទី​២​ គឺកំហុស​ទាក់ទិន នឹង​បញ្ហា​ប្លង់សេ។ គេ​ត្រូវ​ការ​២៨​ថ្ងៃ​ ទើប​អាច​ដកក្តារពុម្ពបាន។​ ក៏ប៉ុន្តែ​តាមដែលយើងទទួលព័ត៌មាន​បាន​ គឺ​មិនដល់១០ថ្ងៃ​ទេ​ ដែល​គាត់​ដកក្តារពុម្ព​ហ្នឹង​ចេញ​តែម្តង​ ដើម្បី​ឈាន​ឡើងទៅ​ចាក់អាលើ​ទៀត»។

ប្រតិបត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីយប់ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ចំណែក​ជន​រង​គ្រោះ​រស់រាន​មានជីវិត​ពី​ការ​បាក់​អគារ​បាន​អះអាងប្រាប់ ​VOA ថា ការ​ផ្ទុក​លើស​ទម្ងន់ ការ​សាងសង់ប្លង់​សេ​បន្ថែមនៅ​ផ្នែក​ខាង​លើ​ និង​ការ​ស្ថាបនា​អគារ​នៅទីទួល​ខ្ពស់ ​ជិត​ជើង​ភ្នំ ​ជា​មូលហេតុ​ធ្វើ​ឲ្យអគារ​បាក់។

ភ្លាមៗក្រោយ​ពី​អគារ​បាក់សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​អគារ​ ឈ្មោះ ឯក សារុន និងភរិយារបស់លោកឈ្មោះ ឈីវ សុធី។

របាយការណ៍​របស់​ក្រុម​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដែល​និយាយ​អំពី«ឆ្ពោះ​ទៅ​សម្រេច​សក្តានុពល​នគរូបនីយកម្ម» បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​ បាន​ប្រឈម​នឹង​ «​គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន ​និង​កង្វះហេដ្ឋារចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន​»។ របាយការណ៍​បាន​បញ្ជាក់​បន្ថែមថា ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជាបញ្ហា​ត្រង់​ថា «សង់​សិន អាជ្ញា​បណ្ណ​តាម​ក្រោយ»។

គួរបញ្ជាក់​ថា ​ការ​បាក់​អគារ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើនលើក​ទីពីរ​នេះបាន​ធ្វើ​ឲ្យ​កម្មករ​ដែល​ធ្វើ​ការ​សំណង់ និង​ប្រជាពលរដ្ឋ​ទូទៅ កាន់​តែ​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​គុណភាព​សំណង់​នៅ​ប្រទេស​កម្ពុជា៕