បញ្ហា​ធ្លាយ​ប្រេង​របស់​ស៊ូដង់​ខាង​ត្បូង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់

រូបភាព​ឯកសារ៖ កម្មករ​កំពុង​ធ្វើ​ការ​នៅ​អណ្តូង​ប្រេង​មួយ​នៅ​ក្នុង​រដ្ឋ Ruweng ប្រទេស​ស៊ូដង់​ខាង​ត្បូង​ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រេង​ឥន្ធនៈ​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​ថា ការ​ធ្លាយ​ប្រេង​ចេញ​ពី​ទុយោ​ប្រេង​កាលពី​ចុង​ខែ​កញ្ញា​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ទុយោ​ប្រេង​ឥន្ធនៈ​កាន់​តែ​ច្រើន​អាច​នឹង​បែកធ្លាយបន្ថែម​ទៀត។

ការ​ធ្លាយ​ប្រេង​នេះ​បាន​បំពុល​ដល់​តំបន់​ជាច្រើន​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​។ ប៉ុន្តែ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រេង​ឥន្ធនៈ​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​កាលពី​ថ្ងៃទី០៧ ខែតុលា​ថា ការ​ធ្លាយ​ប្រេង​ចេញ​ពី​ទុយោ​ប្រេង​កាលពី​ចុង​ខែ​កញ្ញា​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ទុយោ​ប្រេង​ឥន្ធនៈ​កាន់​តែ​ច្រើន​អាច​នឹង​បែកធ្លាយ ខណៈ​ដែល​ក្រុមហ៊ុន Juba មាន​ផែនការ​បង្កើន​ការ​ផលិត​ប្រេង​របស់​ខ្លួន។

ដោយ​ថ្លែង​ជា​សាធារណៈ​ជា​លើក​ដំបូង​ចាប់តាំង​ពី​ពេល​ដែល​មាន​ការ​បែកធ្លាយ​ទុយោ​ប្រេង​កាលពី​ថ្ងៃទី២៥ ខែកញ្ញា លោក Awow Daniel Chuang រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រេង​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូងបាន​និយាយ​ថា ការ​ធ្លាយ​ប្រេង ដែល​មាន​ចម្ងាយ​១៥គីឡូម៉ែត្រ ​ពី​ក្រុង Lalubo ក្នុង​រដ្ឋ Northern Liech ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន Greater Pioneer Operating Company បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​បរទេស​ទៅ​កន្លែង​កើតហេតុ កាលពី​ដើម​ខែ​តុលា។​

លោក Chuang បាន​និយាយថា «ក្រុម​វិស្វករ​រុស្ស៊ី​មួយ​ក្រុម​មក​ពី​ក្រុមហ៊ុន GOPC បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ពួកគេ​បាន​ដោះស្រាយ​ការ​ធ្លាយ​ប្រេង​រួច​ហើយ ដោយសារ​តែ​បំពង់​ប្រេង​ត្រូវ​បាន​សាងសង់​ជាច្រើន​ឆ្នាំ​មក​ហើយ និង​មាន​សភាព​ចាស់​រិចរិល។ នៅ​ពេល​វា​កាន់​តែ​ចាស់​រិចរិល តែងតែ​មាន​ចំណុច​ដែល​ងាយ​នឹង​ធ្លាយ។

ក្រុមហ៊ុន Greater Pioneer Operating Company គឺជា​ក្រុមហ៊ុន​ប្រេង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន National Petroleum Corporation របស់​ចិន ក្រុមហ៊ុន Petronas របស់​ម៉ាឡេស៊ី ក្រុមហ៊ុន ONGC Videsh របស់​ឥណ្ឌា និង​ក្រុមហ៊ុន Nile Petroleum Corporation ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ស៊ូដង់​ខាង​ត្បូង។ ​

លោក Chuang បាន​និយាយ​ថា ប្រេង​ប្រមាណ​២.០០០ធុង​អាច​នឹង​ធ្លាយ​ហូរ​ចូល​ទៅ​ក្នុង​ដី និង​ទឹក ចាប់តាំង​ពី​មាន​ការ​បែកធ្លាយ​បំពង់​ប្រេង​កាលពី​ថ្ងៃទី២៥ ខែកញ្ញា។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​ផលប៉ះពាល់​នៃ​ការ​ធ្លាយ​ប្រេង​ទៅ​លើ​ពលរដ្ឋ លោក Chuang​ បាន​និយាយ​ថា ការ​ធ្លាយ​ប្រេង​កើត​ឡើង​នៅ​ក្នុង​តំបន់​ដាច់ស្រយាល ដែល​មិន​មាន​ផ្ទះ​សម្បែង។

លោក Gatiep Both Gabriel ដែល​ជា​ស្នងការ​តំបន់ Budang បាន​បដិសេធ​ការ​អះអាង​ខាង​លើ ដោយ​និយាយថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទទួល​រងផលប៉ះពាល់​ខ្លាំង​ដោយសារ​តែ​ការ​ធ្លាយ​ប្រេង​នេះ។

លោក Gabriel បាន​ប្រាប់​កម្មវិធី South Sudan in Focus ថា «ការ​ធ្លាយ​ប្រេង​បាន​បញ្ឈប់​ហើយ ប៉ុន្តែ​ផលប៉ះពាល់​មាន​ច្រើន​ខ្លាំង​ណាស់។ វា​បាន​បំផ្លាញ​ដើម​ឈើ សម្លាប់​សត្វ​គោក្របី និង​បំពុល​មនុស្ស ហើយ​ប្រេងក៏​ហូរ​ចូល​ក្នុង​ទឹក​ទន្លេ Nile ផង​ដែរ»។

លោក Gabriel ខ្លាច​ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេ Nile ជាពិសេស​គឺ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​លេចធ្លាយប្រេង​ ​ប្រើប្រាស់​ទឹក​ដែល​មាន​ជាតិ​ពុល។
លោក Chuang និយាយ​ថា ផែនការ​កំពុង​ត្រូវ​បាន​គេ​រៀបចំ​ដើម្បី​បូម​យក​ប្រេង​ដែល​លេចធ្លាយ​នោះ​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ដែល​មាន​កម្លាំង​ខ្លាំង​នៅ​ក្នុង​រថយន្ត​ធំៗ។

លោក Chuang បាន​ប្រាប់ VOA ថា «ប្រេង និង​ទឹក​នឹង​ត្រូវ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​បូម​យក​ ដើម្បី​យក​ប្រេង​ទាំង​នោះ​ចេញ​ពី​ទឹក និង​ធ្វើ​ឲ្យ​ទន្លេ​មាន​សភាព​ធម្មតា​វិញ ដោយសារ​តែ​នៅ​ពេល​ដែល​អ្នក​បូម​យក​ប្រេង និង​ទឹក វា​អាច​នឹង​ត្រឡប់​ទៅ​សភាព​ដើម​វិញ ហើយ​កាកសំណល់​នឹង​ត្រូវ​ធ្វើ​ប្រព្រឹត្តកម្ម​នៅ​ក្នុង​កម្រិត​មួយ​ដែល​វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន»។

លោក Chuang បាន​និយាយ​ថា​ ការ​លេចធ្លាយ​ប្រេង​នេះ​លាតសន្ធឹង​៤០០ម៉ែត្រ​ការ៉េ ប៉ុន្តែ​លោក Gabriel ជឿ​ថា តំបន់​ដែល​រងផលប៉ះពាល់​មាន​ច្រើន​ជាង​នេះ។

លោក Chuang ព្រមាន​ថា ទុយោ​ផ្សេង​ទៀត​ដែល​កំពុង​តែ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាច​នឹង​បែក​ធ្លាយ​ដែរ ដោយសារ​តែ​ភាព​សឹករិចរិល និង​កង្វះ​ការ​ថែទាំ។

លោក​បាន​និយាយ​ថា ទុយោ​មួយ​ចំនួន​មិន​ត្រូវ​បាន​ប្រើប្រាស់​ទេ​ចាប់តាំង​ពី​ចុង​ឆ្នាំ២០១៣​មក នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​ព្រមាន​ថា អាច​នឹង​មាន​ការ​ធ្លាយ​ប្រេង​បន្ថែម​ទៀត។

លោក Chuang បាន​ប្រាប់​កម្មវិធី South Sudan in Focus ថា «នៅ​ពេល​ណា​ដែល​យើង​ចាប់​ផ្តើម​បូម​យក​ប្រេង​នៅ​ក្នុង​ប្លុក១ ២ និង៤ ដោយសារ​តែ​ទុយោ​មិន​មែន​ជា​ទុយោ​ថ្មី យើង​រំពឹង​ថា នឹង​មាន​ការ​បែក​ធ្លាយ​នៅ​ពេល​ណា​មួយ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​បែក​ធ្លាយ​ទាំង​នោះ»។

លោក Chuang និយាយ​ថា ក្រសួង​របស់​លោក​មាន​ផែនការ​ចុះ​កិច្ចសន្យា​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស​មួយ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ផលប៉ះពាល់​បរិស្ថាន។

នៅ​ដើម​ខែ​តុលា ក្មេង​ម្នាក់​បាន​កើត​មក​ដោយ​មាន​រូបរាង​ចម្លែក នៅ​ក្នុង​រដ្ឋNorthern Liech ដែល​រូបថត​របស់​គេ​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាយ​សង្គម។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​អំពី​ផលប៉ះពាល់​ដែល​ការ​បំពុល​ប្រេង​មាន​ទៅ​លើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក Chuang បាន​និយាយ​ថា ក្មេង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង Nairobi ប្រទេស​កេនយ៉ា​ដើម្បី​ពិនិត្យ និង​ព្យាបាល​បន្ត៕