ប្រតិកម្ម​របស់​ប្រជាជន​អាហ្វ្រិក​ចំពោះ​វត្តមាន​ចិន​នៅ​ទ្វីប​អាហ្វ្រិក មាន​ចម្រុះ​គ្នា

រូបឯកសារ៖ រូបភាព​ថត​ពី​លើ​អាកាស បង្ហាញពី​ខ្សែ​រថភ្លើង Standard Gauge Railway (SGR) ដែល​សាងសង់​ដោយ China Road and Bridge Corporation (CRBC) និង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ចិន នៅ​ទីក្រុង Kimuka ប្រទេស Kenya ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

ប្រទេស​ចិន​ កំពុង​ប្រែក្លាយ​ប្រទេស​កេនយ៉ា​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អាហ្វ្រិក​តាម​រយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​វិនិយោគ។ ប្រជាជន​អាហ្វ្រិក​ជាច្រើន​ស្វាគមន៍​ការ​អភិវឌ្ឍ​នេះ ខណៈ​ដែល​ប្រជាជន​មួយ​ចំនួន​ផ្សេង​ទៀត​បារម្ភ​អំពី​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ផលប៉ះពាល់​រយៈពេល​យូរទៅ​លើ​ប្រទេស​របស់​ពួកគេ។

ដោយសារគម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ចិន (BRI) បាន​នាំ​យក​កម្មករ​បណ្តោះអាសន្ន​មក​ពី​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក សង្កាត់​ជាច្រើន​ដូចជា​សង្កាត់​ Kilimani ​នៅ​ទី​ក្រុង​ណៃរ៉ូប៊ី ដែលជា​រដ្ឋធានី​នៃ​ប្រទេស​កេនយ៉ា​ មាន​សុទ្ធ​តែ​ផ្ទាំង​បដា​ជា​ភាសា​ចិន​កុកងឺ​សម្រាប់​កាស៊ីណូ មជ្ឈមណ្ឌល​ខារ៉ាអូខេ និង​គ្លីនិក​ពេទ្យ​បុរាណ​ចិន​ដែល​ប្រតិបត្តិការ​ដោយ​ជនជាតិ​ចិន។ តំបន់​ទាំង​នោះ​ មិន​ទាន់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​«ទីក្រុង​ចិន»​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​នៅ​អាហ្រ្វិក​ខាង​កើត​មួយចំនួន ​គឺ​កេនយ៉ា អេរីត្រេ និង​កូម័រ កាល​ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៧ ខែ​មករា។ កិច្ចប្រឹងប្រែង​របស់​លោក Wang គឺ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ BRI ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​ផ្លូវ​គោក និង​ផ្លូវ​ទឹក​របស់​ចិន ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក។

ទស្សនៈ​វិជ្ជមាន

ប្រជាជន​អាហ្វ្រិក​ភាគ​ច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ជនជាតិ​អាស៊ី​(ចិន)​នេះ ​ដែល​ទើប​ចូល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ពួកគេ។

ការ​ស្ទង់មតិ​មួយនា​ពេល​ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Afrobarometer ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន ៣៤ ចាប់​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០​ រក​ឃើញ​ថា ខណៈ​ដែល​អ្នក​ខ្លះ​បារម្ភ​អំពី​ការ​ជាប់​បំណុល​ចិន​ខ្លាំងក្លា ប្រជាជន​អាហ្វ្រិក​ ៦៣% យល់​ថា ចិន​ជាឥទ្ធិពល​ពី​ខាង​ក្រៅវិជ្ជមានមួយមក​លើ​ទ្វីប​នេះ។ ជា​ការ​ប្រៀបធៀប ប្រជាជន ៦០% យល់​ថា សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​វិជ្ជមាន និង ​៥៧% យល់​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មាន​ឥទ្ធិពល​វិជ្ជមាន។

គេ​អាច​មើល​ឃើញ​វត្តមាន​របស់​ចិននៅ​ទូទាំង​ទីក្រុង​ណៃរ៉ូប៊ី ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​កេនយ៉ា និង​ជា​ទីក្រុង​ដ៏​ធំបំផុត​មួយ​របស់​ទ្វីប​អាហ្វ្រិកដែល​មាន​ប្រជាជន​ច្រើន​ជាង ៩ លាន​នាក់។ គម្រោង​សាងសង់​មាន​នៅ​គ្រប់​ទីកន្លែង ហើយ​គ្រប់​សង្កាត់​ទាំង​អស់​ហាក់​ដូចជា​កំពុង​បង្កើត​អត្តសញ្ញាណ​ថ្មីដោយ​មាន​ប្លុក​អគារ​ស្នាក់​នៅ និង​ផ្សារ​ថ្មីៗដែល​សាងសង់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ហើយ​ជួនកាល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។ ប្រជាជន​កេនយ៉ា​ជាច្រើន​និយាយ​ថា ចិនភាគច្រើនជា​អ្នក​ជំរុញការ​អភិវឌ្ឍ​ទាំង​នោះ។

លោក Tyson Nuthu ដែល​ធ្វើ​ការ​នៅ​ក្លឹប​កីឡាឡើង​ថ្ម​ជញ្ជាំងភ្នំ​មួយ​ឈ្មោះ Climb BlueSky បាន​ថ្លែង​ថា វត្តមាន​ចិន​នៅ​កេនយ៉ា​ គឺ​ជា​រឿង​វិជ្ជមាន។

លោក​បាន​ថ្លែង​តាមរយៈ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA ថា៖ «ចរាចរណ៍​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​រអ៊ូ។ គម្រោង​ដូចជា ស្ពាន​អាកាស​ណៃរ៉ូប៊ី​ខាង​លិច ​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​នេះ។ ការ​បើកបរ​ទៅ​តំបន់ Lukenya (ភ្នំ​ដែល​ជិត​បំផុត​នៅ​ណៃរ៉ូប៊ី) មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​តែ​ផ្លូវ Mombasa Road ជិត​ត្រូវ​បាន​សាងសង់បញ្ចប់។ លើស​ពី​នេះ ខ្ញុំ​គិត​ថា ការ​មើល​ឃើញ​ពីរបៀប​ធ្វើការផ្សេង​គ្នា​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​កេនយ៉ា។ វា​ ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង ​មាន​ការ​កើន​ឡើង​បន្តិច»។

ថ្លែង​កាលពី​ខែធ្នូ ឆ្នាំ២០២១ នៅ​ការដ្ឋាន​សាងសង់​មហាវិថី Nairobi Expressway ដែល​ជា​ផ្លូវ​បង់​ថ្លៃ និង​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដោយ​ចិន ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta បាន​និយាយ​ថា ទំនាក់ទំនង​របស់​ប្រទេស​លោក​ជាមួយ​នឹង​ចិន «មាន​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក» ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ-ឈ្នះ»។ លោក​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ​នឹង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ស្រួល​សម្រាប់​ប្រជាជន និង​ជា«គន្លឹះ»​សម្រាប់​សេដ្ឋកិច្ច​កេនយ៉ា។

អ្នក​រិះគន់​វត្តមាន​ចិន

ទោះ​ជា​យ៉ាង​នេះ​ក្តី អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ អ្នក​វិភាគ​បាន​សង្ស័យ​ពី​គោលបំណង​របស់​ចិន​ចំពោះ​ទ្វីប​អាហ្វ្រិក ហើយ​អ្នក​វិភាគ​មួយ​ចំនួន​ បាន​ចោទប្រកាន់​ចិន​ពី​ឥរិយាបថ«ទុច្ចរិត»។ នៅ​ក្នុង​ឆ្នាំ២០១១ លោកស្រី Hillary Clinton ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នោះ​ បាន​ពណ៌នា​សកម្មភាព​ចិន​ថា ​ជា«អាណានិគម​បែប​ថ្មី»។

អ្នក​រិះគន់​មួយ​ចំនួន​អះអាង​ថា កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន ​មាន​លក្ខណៈ​សម្ងាត់ និង​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ស្រុក។

លោកស្រី Laura Otieno ដែល​ជា​វិស្វករ​ស៊ីវិល​នៃ​គម្រោង​ស្ពាន​អាកាស​ណៃរ៉ូប៊ី​ខាង​លិច ដែល​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រដ្ឋធានី​នេះ​ ធ្វើ​ការ​ភាគច្រើន​ជាមួយ​ក្រុមហ៊ុន​ចិន។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ VOA លោកស្រី​ បាន​ថ្លែង​ថា លោកស្រី ​ត្រូវ​ចំណាយ​ពេល​មួយ​ចំនួន​ដើម្បី​សម្រប​ទៅ​នឹង​ភាព​ខុស​គ្នា​ផ្នែក​វប្បធម៌ និង​របាំង​ភាសា​នៅ​ពេល​ធ្វើ​ការ​ជាមួយ​នឹង​ជនជាតិ​ចិន។

លោកស្រី Otieno បាន​ថ្លែង​ថា៖ «សម្រាប់​ចំណុច​ភាគច្រើន យើង​ចុះ​សម្រុង​គ្នា ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​ចូលចិត្ត​ គឺ​ថា យើង​ត្រូវប្រារព្ធ​ពិធីបុណ្យ​របស់​ពួកគេ​ដូចជា ពិធី​ចូល​ឆ្នាំ​ចិន។ តើ​ហេតុ​អ្វី​ បាន​ជា​យើង​គួរ​តែ​ធ្វើ​បែប​នេះ? យើង​ស្ថិត​នៅ​ក្នុង​ប្រទេស​កេនយ៉ា»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Paul Chepsoi នាយក​កម្មវិធី​នៅ​ក្រុមប្រឹក្សា​សុខមាលភាព Endorois ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ក្នុង​សហគមន៍​ក្នុង​ទីក្រុង Nakuru មាន​ចម្ងល់​អំពី​បំណង​របស់​ចិន​នៅ​ក្រៅ​ប្រទេស។​

លោក Chepsoi បាន​សរសេរ​នៅ​ក្នុង​បទសម្ភាសន៍​តាម​អ៊ីម៉ែល​ជាមួយ VOA ថា៖ «មាន​ម្តង​ខ្ញុំ​ចូលរួម​កិច្ចប្រជុំ ដែល​មាន​វត្តមាន​របស់​អ្នក​វិនិយោគ​ចិន។ នៅ​ពេល​មួយ ខ្ញុំ​បាន​លើក​ដៃ​សួរ​សំណួរ​ថា​ តើ​សហគមន៍​នឹង​ទទួល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​ដែល​លោក​ចង់​ប្រមូល​យក​ពី​សហគមន៍​នោះ​ដោយ​របៀប​ណា។ គាត់​មិន​អើពើ​នឹង​សំណួរ​ខ្ញុំ​ទាល់​តែ​សោះ»។

ការ​ទូត​អំណាច​ទន់

លោកស្រី Yuan Wang អ្នក​ស្រាវជ្រាវ​នៅ​កម្មវិធី​ពិភពលោក និង​ចិន​នៃ​សាកលវិទ្យាល័យ Columbia និង​ Harvard បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ VOA ថា៖ «ចិន​មាន​ភាព​ថ្មីថ្មោង​នឹង​ល្បែង​នៃ​ការ​សម្របសម្រួល​ការ​ផ្លាស់ប្តូរ​វប្បធម៌​នេះ និង​លំហ​ការ​ទូត​ជា​រួម»។​

លោកស្រី​បាន​បន្ថែម​ថា៖ «វប្បធម៌​ខុស​គ្នា​រវាង«ការ​ធ្វើ» ជា​ជាង«ការ​និយាយ» រួម​ចំណែក​ដល់​ទស្សនៈ​ដែល​ថា ចិន​ខ្វះខាត​ការ​ទូត»។

នៅ​ក្នុង​ឆ្នាំ២០១៧ នៅ​ក្នុង​សមាជ​ជាតិ​លើក​ទី១៩​របស់​គណបក្ស​កុម្មុយនីស្ត​ចិន លោក​ប្រធានាធិបតី​ចិន Xi Jinping (ស៊ី ជីនពីង) បាន​ពណ៌នា​យុទ្ធសាស្ត្រ​ពង្រីក​ឥទ្ធិពល​ចិន​ ដោយ​ថ្លែង​ថា៖ «យើង​នឹង​ពង្រឹង​ទំនាក់ទំនងរវាង​ពលរដ្ឋ​ និង​ពលរដ្ឋ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត ដោយ​ផ្តល់​សារៈសំខាន់​ដល់​វប្បធម៌​ចិន និង​ក្នុង​ពេល​ជាមួយ​គ្នា​ផ្តល់​តម្លៃ​ដល់​វប្បធម៌​ដទៃ​ផង​ដែរ»។​

លោក​ប្រធានាធិបតី Xi ក៏​បាន​ថ្លែង​អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ «សមត្ថភាព​ក្នុង​ការ​ចូលរួម​ក្នុងសារគមនាគមន៍អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយរឿងរ៉ាវ​របស់​ចិន​ឱ្យ​បាន​ល្អ បង្ហាញ​ពី​ទស្សនៈ​ចិន​ពិត​ប្រាកដ គ្រប់​ជ្រុងជ្រោយ និង​ទូលំទូលាយ និង​បង្កើន​អំណាច​ទន់​ផ្នែក​វប្បធម៌​របស់​ប្រទេស​យើង»។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ចាប់ផ្តើម​បេសកកម្ម​នេះ​ តាមរយៈ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែល​រួម​មាន​ការ​បរិច្ចាគ​វ៉ាក់សាំង​កូវីដ១៩ Sinopharm ចំនួន ២០០.០០០ ដូស​ទៅ​ប្រទេស​កេនយ៉ា​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ និង​ចាប់ផ្តើម​ការ​ផ្តល់​ឱកាស​ដូចជា ពានរង្វាន់​ព័ត៌មាន​សាកល​ផ្លូវ​សូត្រ (Silk Road Global News Awards) ដែល​ជា​ការ​ប្រកួតប្រជែង​មួយ​សម្រាប់​អ្នក​កាសែត​កេនយ៉ា​ដែល​ផ្តល់​ពានរង្វាន់​ជា​ប្រាក់​ដល់​អ្នក​ឈ្នះ។​

ស្ថានទូត​ចិន​ ក៏​តែងតែ​ពង្រឹង​ទំនាក់ទំនង​ចិន និង​កេនយ៉ា​ផង​ដែរ។ គេហទំព័រ​របស់​ស្ថានទូត​ចិន​បាន​លើក​ឡើង​ថា ទោះបី​ជា​ពិភពលោក​ មាន​ការ​ផ្លាស់ប្តូរ​ខ្លាំងក្លា​កម្រិត​ណា​ក៏​ដោយ ស្ថានទូត​ «នៅ​តែ​ប្តេជ្ញា​ជំរុញ​កំណើន​ទំនាក់ទំនង​រយៈពេល​យូរ និង​ល្អ​រវាង​ចិន និង​កេនយ៉ា និង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រទេស»។

នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ រួម​ទាំង​កេនយ៉ា​ផង​ដែរ ចិន​បាន​បង្កើត​វិទ្យាស្ថាន​ខុងជឺ​ដែល​បង្រៀន​ភាសា និង​វប្បធម៌​ចិន​នៅ​ក្នុង​សាកលវិទ្យាល័យ​បរទេស។ វិទ្យាស្ថាន​ទាំង​នេះ​ភាគច្រើន​ ទទួល​មូលនិធិ​ពី​ក្រសួង​អប់រំ​ចិន។

និស្សិត​មួយ​ចំនួន​បារម្ភ​ថា វិទ្យាស្ថាន​នេះ ​មានការ​រឹតត្បិត​ការ​បញ្ចេញ​មតិ ដោយ​មាន​ចេតនា​ចៀសវាង​ប្រធានបទដែល​មាន​ភាព​រសើប​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​មួយ​ទៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ថា៖ «មូលនិធិ​នៃ​វិទ្យាស្ថាន​ខុងជឺ​ ត្រូវ​បាន​ផ្តល់​ឱ្យ​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​អាច​ប៉ះពាល់​ដល់​សេរីភាព​សិក្សាធិការ»។ ជា​ឧទាហរណ៍ គ្រូ​បង្រៀន​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​សន្យា​ថា នឹង​មិន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​ជាតិ​របស់​ចិន​នោះ​ទេ។

ក៏​មាន​វេទិកា​ប្រចាំ​ឆ្នាំ​ស្តី​ពី​កិច្ចសហការ​រវាង​ចិន និង​អាហ្វ្រិក និង​ការ​បណ្តុះបណ្តាល​អ្នក​កាសែត​អាហ្វ្រិក​ជិត ១.០០០ នាក់​ផង​ដែរ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មាន​ការ​សង្ស័យ​ចំពោះ​កិច្ចប្រឹងប្រែង​ក្នុង​ការ​បណ្តុះបណ្តាល​នេះ ដោយសារ​តែចិនមាន​កិត្តិនាម​មិន​ល្អ​ខាង​ការបិទ​ខ្ទប់​ព័ត៌មាន។

ប្រសិទ្ធភាព​នៃ​កិច្ចប្រឹងប្រែង​ចិន

លោក​ Mario Esteban អ្នក​វិភាគ​ជាន់​ខ្ពស់​ដែល​ផ្តោត​លើ​គោលនយោបាយការ​បរទេស​ចិន​នៅ​សាកលវិទ្យាល័យ​ស្វយ័ត​ Madrid នៅទី​ក្រុងម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ VOA ថា ការ​ផ្តោត​អារម្មណ៍របស់​ចិន​ទៅ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ បានជួយ​លើក​តម្កើង​កិត្តិនាម​របស់​ខ្លួន។​ ប្រជាជន​កេនយ៉ា​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ ឬ​សាលារៀន​ អាច​មើល​ឃើញ​ផលប្រយោជន៍​ដោយ​ផ្ទាល់​នៃ​វត្តមាន​ចិន។​

លោក Esteban បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ពាក់ព័ន្ធ​នឹង​អំណាច​ទន់​ ប្រជាជន​អាហ្វ្រិក​ជាច្រើន​ជឿ​ថា ចិន​ គឺ​ជា​ដៃគូ​ដ៏​មាន​ប្រយោជន៍​មួយ»។

ប៉ុន្តែ​ លោក Chepsoi នៅ​តែ​សង្ស័យ​ពី​បំណង​របស់​ចិន​ចំពោះ​ប្រទេស​របស់​លោក។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន បាន​និង​កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​អំណាច​ទន់​នេះ​ជា​យូរ​មក​ហើយ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​សេដ្ឋកិច្ច​របស់​ពួកគេ​ បាន​កើន​ឡើង​ទ្វេ​ដង​ ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​អ្នក​រង​ការ​ខាតបង់»។

ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​អត្ថាធិប្បាយ​ជាច្រើន​ដង​សម្រាប់​សេចក្តីរាយការណ៍​នេះ​ នោះ​ទេ៕