នៅស្របពេលដែលការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកត្រូវបានប្រកាសឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា អ្នកសារព័ត៌មាន VOA នៅតាមបណ្តាទីក្រុងនានានៅទ្វីបអាហ្វ្រិកបានចុះយកការណ៍អំពីប្រតិកម្មផ្សេងៗ ដែលរួមមានទាំងប្រតិកម្មល្អ និងអាក្រក់ និងអារម្មណ៍លាយឡំគ្នា។
ដូចនៅក្នុងសហរដ្ឋអាមេរិកដែរ ប្រជាជននៅទ្វីបអាហ្វ្រិកក៏មានអារម្មណ៍លាយឡំគ្នាចំពោះលទ្ធផលនៃការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។
នៅប្រទេសកេនយ៉ា ជាទីដែលលោកប្រធានាធិបតី អូបាម៉ា មានខ្សែស្រឡាយនិងសាច់ញ្ញាតិនោះប្រជាជនមួយចំនួនសង្ឃឹមថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងស្នងកេរតំកែលរបស់លោក។
នាង AMILA WAFULA យល់ថា៖ «តាមខ្ញុំផ្ទាល់ ខ្ញុំគិតថា វាជាលទ្ធផលមួយដែលគេបានរំពឹងទុក ពីព្រោះខ្ញុំមិនគិតថា អាមេរិកត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រធានាធិបតីស្រ្តីនៅឡើយទេ។ យើងពិតជាសង្ឃឹមថា លោកស្រី គ្លីនតុន នឹងឈ្នះ ប៉ុន្តែគេបានរំពឹងទុករួចហើយថាលោកត្រាំនឹងឈ្នះ»។
សកម្មជនកិច្ចការសង្គមនៅប្រទេសហ្គាណា រូបនេះនិយាយថា នាងចង់ឃើញប្រធានាធិបតីស្ត្រីដំបូងរបស់អាមេរិក។
អ្នកស្រី SARA ASAFU-ADJAYE និយាយថា៖ «លោកស្រីមិនត្រឹមតែជាស្រ្តីម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាស្រ្តីដែលមានសមត្ថភាពទៀតផង។ ហើយការណ៍ដែលប្រជាពលរដ្ឋអាមេរិករាប់សិបលាននាក់ គឺមានជាង ៤៨ ភាគរយជឿថា លោកស្រីមិនមែនជាបុគ្គលប្រសើរម្នាក់សម្រាប់ការងារនេះ វាពិតជាធ្វើជាខ្ញុំព្រឺខ្លាចមែនទែន»។
លោក Charles Eboune ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅប្រទេសកាមេរូន និយាយថា ជ័យជម្នះរបស់លោក ត្រាំ បង្ហាញថាមនុស្សទូទៅក៏អាចយល់ខុសបានដែរ។
«ជ័យជម្នះរបស់លោក ត្រាំ គឺជាការបង្ហាញបែបសាមញ្ញមួយថា អ្នកអាចមានបទពិសោធន៍ ៤០ ឬ ៥០ ឆ្នាំ ប៉ុន្តែអ្នកត្រូវការអ្វីដែលហៅថា បទពិសោធន៍មានប្រយោជន៍ ជាជាងបទពិសោធន៍ឥតប្រយោជន៍ ពីព្រោះថា ប្រសិនបើអ្នកមើលទៅគុណសម្បត្តិនៃស្រ្តីម្នាក់ដែលស្ថិតនៅចំពោះមុខលោក ត្រាំ នៅក្នុងការបោះឆ្នោតនោះ និងអ្នកដែលគាំទ្រលោកស្រី វាអាចមានន័យផ្សេងមួយទៀតថា មតិភាគច្រើនមិនមែនរមែងតែត្រឹមត្រូវរហូតនោះទេ»។
មនុស្សមួយចំនួនទៀត ដូចជាលោក Francis Kouamé នៅប្រទេសកូតឌីវ័រ មានការព្រួយបារម្ភថា ជ័យជម្នះរបស់លោក ត្រាំ អាចប៉ះពាល់ដល់ទ្វីបអាហ្វ្រិកដោយផ្ទាល់។
លោកនិយាយថា៖ «ជ័យជម្នះនោះប្រហែលពន្យឺតការធ្វើអន្តោប្រវេសន៍ ដែលអាចចេញពីបណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក ទៅកាន់សហរដ្ឋអាមេរិក។ ជ័យជម្នះនោះនឹងធ្វើឲ្យការធ្វើអន្តោប្រវេសន៍មានការពិបាកជាងមុន។ ពិតណាស់ ខ្ញុំមិនសប្បាយចិត្តទេ ដែលគាត់បានឈ្នះ»។
នាង Remi Patnak ជនជាតិនីហ្សេរីយ៉ា ក៏មានការព្រួយបារម្ភពីវោហាសព្ទរបស់លោកត្រាំផងដែរ។
«អ្វីទាំងអស់ដែលគាត់បាននិយាយនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គឺគាត់និយាយថា គាត់នឹងយកគ្រប់ជនមូស្លីម និងជនស្បែកខ្មៅទាំងអស់ចេញពីសហរដ្ឋអាមេរិក។ ច្បាស់ណាស់ថា គាត់គឺជាមនុស្សប្រកាន់ពូជសាសន៍។ ប្រសិនបើគាត់យកជនមូស្លីមចេញទាំងអស់ ហើយប្រសិនបើគាត់បញ្ជូនគ្រប់ជនស្បែកខ្មៅចេញពីប្រទេស រឿងមួយចំនួននឹងមិនមានដំណើរការប្រសើរនោះទេ»។
ប៉ុន្តែ នៅប្រទេសអាហ្វ្រិកខាងត្បូងវិញ ទីដែលបាតុកម្មរបស់ក្រុមនិស្សិតបានធ្វើឲ្យផ្អាកដំណើរការសាកលវិទ្យាល័យកាលពីពេលប៉ុន្មានខែមកនេះ យ៉ាងហោចណាស់មាននិស្សិតម្នាក់និយាយថា ខ្លួនគេមានបញ្ហាច្រើនផ្សេងទៀតដែលត្រូវយកចិត្តទុកដាក់។
«លោកត្រាំមិនប៉ះពាល់ដល់ជីវិតខ្ញុំទេ។ ប្រសិនបើលោកត្រាំអាចមកទីនេះ ហើយដោះស្រាយបញ្ហាថ្លៃសិក្សាដែលកំពុងតែធ្លាក់ចុះនៅប្រទេសខ្ញុំ នោះខ្ញុំនឹងគាំទ្រគាត់។ ប្រសិនបើដរាបណាគាត់មិនធ្វើអ្វីដែលនឹងប៉ះពាល់ដល់ខ្ញុំក្នុងឋានៈជាយុវជនអាហ្វ្រិកមួយរូប ខ្ញុំមិនខ្វល់ពីលោកត្រាំទេ»។
សារព័ត៌មាននៅប្រទេសកុងហ្គោ បានរាយការណ៍ពីការឈ្នះឆ្នោតរបស់លោកត្រាំ ក្រោមចំណងជើងមួយថា «ការភ្ញាក់ផ្អើលដោយសារលោកត្រាំ» (The Trump Surprise) ខណៈពេលដែលវិបសាយមានប្រជាប្រិយភាពមួយបានដាក់បង្ហាញរូបលោក ត្រាំ ជាមួយនឹងការលេងចំណងជើងដោយដាក់គោតនាមរបស់លោក ត្រាំ ជាមួយនិងកិរិយាសព្ទភាសាបារាំងថា «se tromper» ដែលមានន័យថា «ធ្វើឲ្យមានកំហុស»។
ប៉ុន្តែបុគ្គលិកផ្នែករដ្ឋបាលមួយរូបនៅក្រុងដាកា (Dakar) នៅតែមានសុទិដ្ឋិនិយមទៅលើជម្រើសប្រធានាធិបតីរបស់អាមេរិក។
លោក MOUSSA TRAORE និយាយថា៖ «ខ្ញុំមានការអស់សង្ឃឹមបន្តិចដែរ ពីព្រោះខ្ញុំគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន។ ប៉ុន្តែ ខ្ញុំយល់ឃើញថា ប្រជាជនអាមេរិកបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីរបស់ពួកគេ។ លោក ត្រាំ មិនមែនជាមនុស្សអាក្រក់ទេ។ អ្វីដែលសំខាន់នោះគឺថា ប្រជាជនមិនសប្បាយចិត្តបន្តិចពេលឮដំណឹងនេះ ប៉ុន្តែប្រហែលជានឹងមានការផ្លាស់ប្តូរ»។
លោក Keith Benon Robe មានភាពសកម្មនៅក្នុងជួរបក្សប្រឆាំងនៅប្រទេសអ៊ូហ្គង់ដា ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសលោកកាលពីដើមឆ្នាំនេះ។ លោកនិយាយថា លោកមានក្តីរំភើប ពីព្រោះលោកមានជំនឿថា លោក ត្រាំ នឹងតទល់ជាមួយនឹងមេដឹកនាំផ្តាច់ការនៅអាហ្រ្វិក។
«ខ្ញុំលោតកញ្ជ្រោលដើម្បីអបអរសាទរ។ ខ្ញុំមានក្តីរំភើបណាស់ វាពិតជាមិនគួរឲ្យជឿទាល់តែសោះ.... ខ្ញុំប្រាកដក្នុងចិត្តថា សេដ្ឋកិច្ចនឹងមានភាពប្រសើរឡើង ជាងពេលបច្ចុប្បន្ន។ ហើយខ្ញុំជឿជាក់លើគាត់ ពីព្រោះគាត់ជាអ្នកជំនួញមួយរូប។ គាត់នឹងផ្លាស់ប្តូរអ្វីៗទាំងអស់។ ប៉ុន្តែចំណុចសំខាន់គឺថា គាត់នឹងជួយយើងឲ្យមានការផ្លាស់ប្តូររបបដឹកនាំនេះ ដែលយើងធុញទ្រាន់»។
លោក Stanley ដែលជាគ្រូប្រវិត្តវិទ្យាម្នាក់នៅក្រុង Kinshasa ដែលសុំមិនបញ្ចេញនាមត្រកូលរបស់លោក និយាយថា មិនថានរណាជាអ្នកឈ្នះនោះទេ វដ្តនៃការបោះឆ្នោតរបស់អាមេរិក បានដើរតួជាឧទាហរណ៍ដ៏ប្រសើរមួយសម្រាប់ប្រទេសដទៃៗទៀត។
លោកនិយាយថា មេរៀនផ្សេងៗដែលខ្ញុំបានយល់ដឹងក្នុងឋានៈជាប្រជាជនកុងហ្គោ និងជាប្រជាជនអាហ្វ្រិកម្នាក់នោះ គឺការប្រគល់អំណាចយ៉ាងជាក់ច្បាស់ ស្អាតស្អំ និងដោយមិនមានបញ្ហាកើតឡើង។ លោកស្រី គ្លីនតុន ថែមទាំងបានទូរស័ព្ទទៅលោក ត្រាំ ដើម្បីអបអរសាទរលោកទៀតផង។
មេដឹកនាំ និងអ្នកនយោបាយអាហ្រ្វិកនៅប្រទេសកេនយ៉ា អាហ្វ្រិកខាងត្បូង អ៊ូហ្គង់ដា តង់សានី ប៊ូរុនឌី និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាដើមបានបញ្ជូនសារ ឬបង្ហោះសារតាមបណ្តាញទ្វីធឺ (Twitter) ទៅកាន់លោក ត្រាំ ដោយអបអរសាទរជ័យជម្នះរបស់លោក។ បងប្រុសម្តាយទីទៃរបស់លោកប្រធានាធិបតី អូបាម៉ា គឺលោក Malik Obama ក៏បានអបអរសាទរលោក ត្រាំ ផងដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា