សកម្មជន​នៅ​អាហ្វ្រិក​ស្វាគមន៍​ការ​គាំទ្រ​របស់​អាមេរិក​ក្នុង​ការ​លើកលែង​កម្មសិទ្ធិបញ្ញា​លើ​ការ​ផលិត​វ៉ាក់សាំង

រូបឯកសារ៖ គ្រូពេទ្យ​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅ​មន្ទីរពេទ្យ​មួយ​ក្នុងទី​ក្រុង Khartoum ប្រទេស​ស៊ូដង់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

អ្នក​ជំនាញ​សុខភាព​ និង​សកម្មជន​ថា សេចក្តី​សម្រេច​ដែល​ប្រកាស​កាលពី​ដើម​ខែ​ឧសភា​ដោយ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​នៅ​ផ្នែក​ខ្លះ​ក្នុង​ពិភពលោក​ដែល​ការ​រាតត្បាត​ជំងឺ​នៅ​តែ​បន្ត​រាលដាល និង​កំពុង​ខ្វះខាត​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង។​

អ្នកស្រី Fatima Hassan គឺ​ជា​នាយក​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សុខាភិបាល​ ដែល​ជា​អង្គការ​អាហ្វ្រិក​ខាង​ត្បូង​មួយ​ដែល​តស៊ូ​មតិ​សម្រាប់​សេវា​ថែទាំ​សុខភាព​ដែល​ស្មើភាព។

អ្នកស្រី Hassan ថ្លែងថា អ្នកស្រី​ស្វាគមន៍​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​លើកលែង​កិច្ចការពារ «TRIPS» ដែល​មាន​ន័យ​ថា «ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម» ប៉ុន្តែ​អ្នកស្រី​ព្រួយបារម្ភ​ថា ដំណើរការ​នេះ​មាន​សភាព​យឺត​ខ្លាំង​ណាស់។

អ្នកស្រី​ Hassanថ្លែងថា៖«ច្បាស់​ណាស់ យើង​ស្វាគមន៍​ការ​ប្រកាស​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Biden។ ការ​ធ្វើ​បែប​នេះ​បាន​បំពេញ​ការ​សន្យា​មួយ​ផ្នែក​របស់​លោក ដែល​លោក​បាន​សន្យា​នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក»។ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា វា​គ្រាន់​តែ​ជា «ជំហាន​តូច​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ពាក់ព័ន្ធ​នឹង​ការលើកលែង​កម្មសិទ្ធិបញ្ញា TRIPS ក៏​ដូចជា​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត​ដើម្បី​បង្កើន​ការ​ផលិត មិន​មែន​តែ​នៅ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាមេរិក​ឡាទីន និង​អាស៊ី​ផង​ដែរ»។

គំនិត​នៃ​ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​នេះ​កើត​ចេញ​ពី​ប្រទេស​ពីរ​ដែល​មាន​ការ​ឆ្លងរាលដាល​ខ្លាំង​ក្នុង​ពេល​រាតត្បាត​ជំងឺ​នេះ​ពោល​គឺ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង និង​ឥណ្ឌា។ អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ខ្លាំង​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ដែល​មាន​ករណី​ឆ្លង​ប្រមាណ ១,៦ លាន​ករណី ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ការ​រំខាន​ដោយ​កន្លែង។ មន្ត្រី​សុខាភិបាល​ឥឡូវ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រលក​ទី៣​នៃ​ការ​ឆ្លង​រាលដាល។ ​

អ្នកស្រី Hassan បាន​សង្កត់​ធ្ងន់​ថា ការ​លើកលែង​កម្មសិទ្ធិបញ្ញា​នេះ​តែ​មួយ​មុខ​នឹង​មិន​អាច​ផលិត​បាន​វ៉ាក់សាំង​ក្នុង​ស្រុក​បាន​ភ្លាមៗ​នោះ​ទេ។ មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​ការ​គ្រប់គ្រង​ជំងឺ​បាន​កំណត់​យក​រោងចក្រ​ ៦ កន្លែង​នៅ​ទ្វីប​អាហ្វ្រិក​ដែល​អាច​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បាន។ ចំនួន​នេះ​ស្ទើរ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ដើម្បី​បំពេញ​តម្រូវការ​ភ្លាមៗ​សម្រាប់​ប្រជាជន​អាហ្វ្រិក​ជាង​ ១,២ ពាន់​លាន​នាក់​នោះ​ទេ។

អ្នកស្រី Yuan Qiong Hu នៃ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ ដែល​ជា​អង្គការ​ផ្តល់​ជំនួយ​ក្នុង​សាកលលោក​បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​មិន​ទាន់​មាន​ការ​សម្រេច​ចុងក្រោយ​នោះ​ទេ។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ជួប​ប្រជុំ​នៅ​ខែមិថុនា​ខាងមុខ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​លក្ខខណ្ឌ ហើយ​មាន​ប្រទេស​ប្រឆាំង​ដែល​មាន​ឥទ្ធិពល​ជាច្រើន រួម​មាន​ទាំង​សហភាព​អឺរ៉ុប កាណាដា ស្វ៊ីស ជប៉ុន អាល្លឺម៉ង់ ប្រេស៊ីល និង​អូស្ត្រាលី។​

អ្នកស្រី Hassan ថា ខណៈ​ប្រទេស​ជាង ១០០ គាំទ្រ​ដល់​សំណើ​លើកលែង​កម្មសិទ្ធិបញ្ញា​នេះ ប្រទេស​ដែល​ប្រឆាំង​អាច​នឹង​ខ្លាច​ថា ការ​ធ្វើ​បែប​នេះ​នឹងទទួល​លទ្ធផល​ដែលមិន​អាច​កែប្រែ​វិញ​បាន។ ​

ក្រុម​ការងារ​ក្នុង​វិស័យ​នេះ​ក៏​បាន​ថ្លឹងថ្លែង​លើ​បញ្ហា​នេះ​ផង​ដែរ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ចុង​ឆ្នាំ​មុន សហព័ន្ធ​អន្តរជាតិ​នៃ​ក្រុមហ៊ុន និង​សមាគម​ផលិត​ឱសថ​ថា ការ​លើកលែង​កម្មសិទ្ធិបញ្ញា​អាច​នឹង «រារាំង​ដល់​ផលិតភាព» និង​អាច​មាន​ហានិភ័យ​ «ធ្វើ​ឱ្យ​ប៉ះពាល់​ដល់» ប្រព័ន្ធ​ដែល​ផលិត​វ៉ាក់សាំង​ជួយ​សង្គ្រោះ​ជីវិត​ក្នុង​រយៈពេល​ខ្លី​បំផុត​កាលពី​ដំបូង​ឡើយ។

ទោះ​បី​ជា​មាន​ការ​ប្រឆាំង​បែប​នេះ​ក្តី អ្នកស្រី Hassan នៅ​តែ​មាន​ក្តីសង្ឃឹម។

អ្នកស្រី​ Hassan ថ្លែងថា៖«ប្រហែល​សេចក្តីថ្លែងការណ៍​មក​ពី​ការិយាល័យ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​គឺ​ជា​ជំហាន​ដំបូង​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខយើង​នឹងអាច​មើល​ឃើញ​នូវ​ផលប៉ះពាល់​ពិតប្រាកដ​នៃ​កម្មសិទ្ធិបញ្ញា​លើ​ការ​ទទួល​បាន​សេវា​សុខាភិបាល ជា​ពិសេស​គឺ​ឱសថ​តែ​ម្តង។ ការ​ពិត​ដែល​ថា​ឱសថ​នៅ​តែ​ត្រូវ​លក់​ដូច​ជា​ទំនិញ និង​ដែល​ថា វា​ជា​កម្មវត្ថុ​នៃ​ក្របខណ្ឌ​ពាណិជ្ជកម្ម និង​កម្មវត្ថុ​នៃ​វិធាន​គាំពារ​និយម​ និង​វិធាន​ដ៏​ច្រើន​លើសលប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​ជា​ក្តីបារម្ភ​ក៏​សំខាន់​សម្រាប់​អង្គការ​ជាច្រើន និង​អ្នក​តស៊ូ និង​សកម្មជន​សុខាភិបាល​ជាច្រើន»។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា យើង​មិន​គួរ​មើល​ស្រាល​សេចក្តីថ្លែងការណ៍ និង​ការ​បោះ​ជំហាន​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នោះ​ទេ។ ច្បាស់​ណាស់​ វា​នឹង​បង្កើត​ឱ្យ​មាន​លទ្ធផល​ជា​បន្តបន្ទាប់»។​

អ្នកស្រី Umunyana Rugege នាយក​អង្គការ​តស៊ូ​មតិ​អាហ្វ្រិក​ខាង​ត្បូង​ឈ្មោះ​ថា Section 27 សង្ឃឹម​ថា វា​ជា​ការ​ពិត។ អង្គការ​របស់​អ្នកស្រី​បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​យុត្តិធម៌​សង្គម​នៅ​អាហ្វ្រិក​ខាង​ត្បូង។ នៅ​មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ការ​តស៊ូ​មតិ​ផ្នែក​សុខាភិបាល​របស់​អង្គការ​អ្នកស្រី​ផ្តោត​លើ​ការ​រាតត្បាត​ជំងឺ​អេដស៍។ អាហ្វ្រិក​ខាង​ត្បូង​មាន​ការ​ឆ្លង​ជំងឺ​អេដស៍​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក។ អ្នកស្រី Rugege ថា បទពិសោធន៍​ដ៏​យូរអង្វែង​របស់​ប្រទេស​អ្នកស្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បែប​នេះ​បាន​ជួយ​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​បាន​លឿន​នៅ​ពេល​ជំងឺ​កូវីដ១៩​បាន​រាតត្បាត​ជា​លើក​ដំបូង។

អ្នកស្រី Rugege ថា «នៅ​ពេល​មាន​ការ​រាតត្បាត​ដំបូង​ឡើយ អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​បាន​អំពាវនាវ​ឱ្យ​ធ្វើ​កិច្ចការ​មួយ​ចំនួន។ អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​គឺ​ផ្អាក​ការ​ផ្តល់ប៉ាតង់​ថ្មី​ដល់​បច្ចេកវិទ្យា​ទាំង​នេះ។ កិច្ចការ​ទី​២​ដែល​យើង​បាន​ទាមទារ​គឺ​ការ​ផ្តល់​អាជ្ញាបណ្ណ​ចាំបាច់​ដោយ​ស្វ័យប្រវត្តិ​ នៅ​កន្លែង​ណា​ដែល​មាន​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ដែល​មាន​ប៉ាតង់»។

នេះ​ជា​មូលហេតុ​ដែល​សកម្មជន​សុខាភិបាល​ធ្លាប់​លើក​ឡើង។ ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០​មក សកម្មជន​បាន​បញ្ចុះបញ្ចូល​យ៉ាង​ខ្លាំង​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចេញ​វិធានការ​លើកលែង​សិទ្ធិ​ប្រហាក់ប្រហែល​នេះ​សម្រាប់​ឱសថ​ព្យាបាល​ជំងឺ​អេដស៍​ដើម្បី​ជួយសង្គ្រោះ​ជីវិត។​

បើ​យោង​តាម​អង្គការ​សហប្រជាជាតិ មនុស្ស​ចំនួន ៤២ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​កត់ត្រា​ករណី​ស្លាប់​កាលពី​ជាង ៤០ ឆ្នាំ​មុន។ ចាប់​តាំង​ពី​ពេល​ជំងឺ​កូវីដ១៩​ត្រូវ​បាន​រកឃើញ​នៅ​ដើម​ឆ្នាំ២០២០​មក អង្គការ​សុខភាព​ពិភពលោក​ថា ជំងឺ​នេះ បាន​សម្លាប់​មនុស្ស​ ៣,២ លាន​នាក់៕

ប្រែសម្រួលដោយអ្នកនាង​ ស្រេង លក្ខិណា