ទ្វីប​អាហ្រ្វិក​ផ្តើម​ដាក់​ឱ្យអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

ទិដ្ឋភាព​រួមនៃ​មជ្ឈមណ្ឌល​សន្និសីទ​ al-Mourabitoune នៅ​រដ្ឋធានីណួកសុត​ ប្រទេស​ម៉ូរីតានី​ ជាទី​ដែល​ប្រមុខរដ្ឋាភិបាល​នៃសហភាព​អាហ្រ្វិក​ប្រជុំសាមញ្ញលើក​ទី៣១​ នៅថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៩​។

ទ្វីបអាហ្រ្វិក​ប្រហែល​នឹងដើរចូល​ក្នុងស្ថានភាព​មួយដែល​ក្រុម​អ្នកសុទិដ្ឋិនិយម​គិតថាជា​យុគសម័យ​នៃការ​លើកកម្ពស់​សន្តិភាព​ និង​វិបុលភាព​តាមរយៈ​ការដាក់​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ទ្វីប​ទាំងមូល។

ប្រទេស​នីហ្សេរីយ៉ា​ ដែល​ជាប្រទេស​មានសេដ្ឋកិច្ច​ធំជាងគេ​ក្នុងទ្វីបនេះ​ និង​ស្ថិតនៅ​តំបន់អាហ្វ្រិក​ខាងលិច​ បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​តំបន់ពាណិជ្ជកម្ម​សេរីក្នុង​ទ្វីបអាហ្រ្វិក​ទាំងមូល​ នៅ​ថ្ងៃទី៧​ ខែកក្កដា​ ក្នុងកិច្ច​ប្រជុំកំពូល​សហភាព​អាហ្រ្វិក​ក្នុងប្រទេស​នីហ្សេ។

ការ​វិវឌ្ឍ​បែបនេះ​ ធ្វើឱ្យ​ប្រទេស​អេរីត្រេ​ ជាប្រទេស​តែមួយគត់​ដែលមិនទាន់​ចូលរួម​ក្នុងកិច្ច​ព្រម​ព្រៀង​នេះ។

ប្រសិន​បើកិច្ចព្រម​ព្រៀង​នេះទទួល​ជោគជ័យ​ ក្រុមអ្នក​វិភាគព្យាករណ៍​ថាកិច្ចព្រម​ព្រៀងពាណិជ្ជ​កម្ម​នេះនឹង​មានទំហំទឹក​ប្រាក់​៣,៤ ពាន់លាន​ដុល្លារ និង​ផ្តល់ការងារ​ និង​ការអភិវឌ្ឍ​នានា​សម្រាប់​ទ្វីប​នេះ។

លោក​ Moussa Faki ប្រធាន​គណៈកម្មាធិការ​សហភាព​អាហ្រ្វិក​ បាន​និយាយថា​៖ «ក្តីស្រមៃ​ពីអតីត​កាល​ កំពុង​ប្រែក្លាយ​ជាការពិត​ បុព្វបុរស​ដែលបាន​ផ្តួចផ្តើម​ក្តីស្រមៃនេះ​ ប្រាកដជា​មានមោទន​ភាពជា​មិន​ខាន»។

លោក​ប្រធាន​រូបនេះ​ និង​លោកប្រធានាធិបតី​អេហ្ស៊ីប​ Abdel Fattah al-Sis បាន​និយាយថា​៖ «ភាព​ជោគជ័យ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុងទ្វីប​អាហ្រ្វិក​ទាំងមូល​ ដែលហៅ​កាត់ថា​ AfCFTA នឹង​ក្លាយ​ជា​លទ្ធផល​ជាក់ស្តែង​នៃការសម្រេច​បានកំណើន​សេដ្ឋកិច្ច​ ហើយក៏​នឹង​ប្រែក្លាយ​ក្តីស្រមៃ​របស់ប្រជាជន​យើងដែល​ចង់បាន​សុខុមាល​ភាព​ និងគុណភាព​ជីវិត​ទៅ​ការ​ពិតជាក់ស្តែង​»។

គេបាន​ចំណាយ​ពេល១៧ឆ្នាំ​ឆ្លងកាត់​ការចរចា​ដ៏ជូរចត់​ និងតានតឹង​ទម្រាំបាន​ដល់ដំណាក់​កាល​ថ្ងៃ​ទី​ប្រាំ​ពីរ​កក្កដា​ដ៏​សំខាន់​នេះ។ ក្រុមអ្នក​ជំនាញនិយាយ​ថា ធុរកិច្ច​ក្នុងតំបន់​ និងការ​ប្រមូលចូល​គ្នា​ពាណិជ្ជកម្ម​ជាក្រុម អាច​នឹងបង្កើន​ពាណិជ្ជកម្ម​ក្នុងបណ្តា​ប្រជាជាតិអាហ្រ្វិក​រហូតដល់៦០​ភាគរយក្នុង​រយៈពេល​ត្រឹមតែ​៣ឆ្នាំ។

ប៉ុន្តែ​ក្រុមអ្នក​ជំនាញទាំងនេះ​ ក៏បាន​ដឹងថា​ទ្វីបនេះ​កំពុងជួប​បញ្ហាប្រឈម​ជាច្រើន​ រួមមាន​ បណ្តាញ​ផ្លូវថ្នល់​និងផ្លូវដែក​នៅមិន​គ្រប់សព្វ​និងមិនទាន់​ជឿជាក់បាន​នៅឡើយ​ ការងើប​តវ៉ា​របស់​ប្រជាជន​ អំពើ​ពុករលួយ​ និងបែបបទ​រដ្ឋបាល​បែបការិយា​ធិបតេយ្យ​ចាក់ស្រែះ។

តាមរយៈ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ និងការ​កាត់បន្ថយ​របាំងពាណិជ្ជកម្ម​ដោយ​មិនគិតពន្ធ​បែបនេះ​ កិច្ចព្រម​ព្រៀងនេះ​ នឹងបង្កើន​ភាពចម្រើន​ការងារ​ ស្តង់ដា​ជីវភាពរស់​នៅ​ និងកាលានុវត្តន៍​ភាព​នានាក្នុង​ទ្វីបអាហ្រ្វិក​ ហើយ​ក៏នឹងធ្វើឱ្យ​អាហ្រ្វិកទាំងមូល​មានសមត្ថភាព​អាចប្រកួត​ប្រជែង​ក្នុងតំបន់​ និងសាកល​លោក។

គោល​បំណង​របស់​ប្រទេសនីហ្សេរីយ៉ា​ គឺ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​នេះ​ ផ្គូប​ជា​មួយនឹង​កិច្ចព្រមព្រៀង​សហគមន៍​សេដ្ឋកិច្ចនៃ​ប្រទេសអាហ្រ្វិក​ខាងលិច (ECOWAS)នា​ពេលថ្មីៗ​ ដើម្បី​អាចអនុម័ត​រូបិយប័ណ្ណ​រួមមួយ​ ដែលនឹង​អាចពន្លឿន​ពាណិជ្ជកម្ម​ក្នុងទ្វីប​ទាំមូល​តែម្តង​ នេះបើតាម​លោក Mohamed Ibn Chambas អ្នក​តំ​ណាងពិសេស​អគ្គលេខាធិការ​អ.ស.ប.​ និងជា​ប្រធាន​ការិយាល័យ​អ.ស.ប.ប្រចាំ​អាហ្រ្វិកខាងលិច​ និងតំបន់​ Sahel ដែលមាន​ឈ្មោះកាត់​ (UNOWAS)។

លោក​ Chambas បានប្រាប់​វីអូអេថា​៖ «កិច្ចព្រមព្រៀង​កំណត់តំបន់​ពាណិជ្ជកម្មសេរី​ក្នុងទ្វីប​អាហ្រ្វិក​ ក្នុង​ទិដ្ឋភាពធំ​ នឹងពង្រឹង​តំបន់ពាណិជ្ជកម្ម​សេរីក្នុងតំបន់​ ហើយវា​ក៏តម្រូវឱ្យ​មានរូបិយប័ណ្ណ​រួមមួយ​ផងដែរ។ ប្រសិន​បើគេមាន​តំបន់ពាណិជ្ជ​កម្មសេរី​ វាក៏ត្រូវ​តែមាន​រូបិយប័ណ្ណ​រួមក្នុង​តំបន់ដែរ​ ផលចុង​ក្រោយ​ប្រាកដណាស់​ វានឹងពន្លឿន​ទាំងពាណិជ្ជកម្ម​សេរី​ និងការ​ជួញដួរកាន់​តែងាយស្រួល​ក្នុងតំបន់​នោះ»។

តំបន់​ពាណិជ្ជកម្ម​សេរីក្នុង​ទ្វីបអាហ្រ្វិក​ ត្រូវបាន​គេយកមក​ពិភាក្សា​តាំងពីឆ្នាំ​២០០២ម៉្លេះ​ ហើយ​សេចក្តី​ព្រាងកិច្ចព្រម​ព្រៀងនេះ​ ត្រូវបានចុះ​ហត្ថលេខា​កាលពីដើម​ឆ្នាំ២០១៨។ កាលពីខែ​ឧសភា​ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើសច្ចានុមតិ​ពីបណ្តា​រដ្ឋសភា​ប្រទេស​សមាជិក​យ៉ាងហោច​ណាស់២២៕

ប្រែសម្រួលដោយ កោះ សុគន្ធី