សន្និសីទ​អាកាសធាតុ​អាហ្វ្រិក​បញ្ចប់​ជាមួយ​ការ​​អំពាវនាវ​​ឱ្យ​មាន​កំណែទម្រង់​ហិរញ្ញវត្ថុ​សាកល

ក្រុម​គណៈប្រតិភូ​ចូល​​វគ្គ​​បិទ​បញ្ចប់​​សន្និសីទ​អាកាសធាតុ​អាហ្វ្រិក​សាលសន្និសីទ Kenyatta International​ នៅ​ទី​ក្រុងណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣។

សន្និសីទ​មួយ​ស្តី​ពី​អាកាសធាតុ​នៅអាហ្វ្រិកបានបញ្ចប់​ក្នុង​ប្រទេសកេនយ៉ា​ដោយ​ពួក​មេដឹកនាំ​អំពាវនាវ​ដល់​សហគមន៍​សាកល​ឱ្យ​កាត់​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​និង​ធ្វើតាម​ការសន្យាហិរញ្ញវត្ថុដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​ធាតុអាកាស។

ថ្លែង​តាង​នាម​ប្រមុខ​រដ្ឋ​អាហ្វ្រិក​ឯទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​អាកាសធាតុ​នៅអាហ្វ្រិក ប្រធានាធិបតីប្រទេស​កេនយ៉ា​លោក​ William Ruto បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ត្រូវបាន​សម្រេច​នៅក្នុងសន្និសីទ​នេះ​បង្ហាញអំពី​ការ​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​របស់​ពួករដ្ឋអាហ្វ្រិក​ក្នុងការជួយ​ដោះស្រាយ​វិបត្តិ​ប្រែប្រួលអាកាសធាតុ។

លោក​ថ្លែង​ថា៖ «សន្និសីទ​ធាតុអាកាស​អាហ្វ្រិក​ជា​ការបង្ហាញ​ការ​ប្តេជ្ញារួម​គ្មាន​ងាករេ​របស់​ពលរដ្ឋ​អាហ្វ្រិកដល់ទស្សនៈវិស័យរបស់ពួក​គេ​ក្នុង​ការធ្វើឱ្យ​កន្លែង​រស់នៅ​ដំបូង​របស់​មនុស្សជាតិ​នៅ​ទី​នេះ ក្នុងទ្វីបអាហ្វ្រិក ​ជា​ដី​មួយ​សំបូរ​សក្តានុពល មាន​ឱកាស​ច្រើនគ្មានដែន​កំណត់​និង​លទ្ធភាព​នៃ​ការចែករំលែក​ភាព​សំបូររុងរឿងនេះ។ វាក៏​បង្ហាញការ​ប្តេជ្ញា​របស់យើង​ក្នុងការប្រមែប្រមូល​ក្រុមចម្រុះសាកលនៃពួកអ្នក​ឆ្លើយតបគ្រា​មានអាសន្នដើម្បី​ធ្វើឱ្យប្រាកដប្រជាថា​ឧស្សាហូបនីយកម្ម​ដើម្បី​កែប្រែ​សេដ្ឋកិច្ចនៅ​ពេល​អនាគតស្តារ​ឡើងវិញ​ភាព​ក្លៀវក្លា​នៃផែនដី​យើងនិង​ធ្វើ​ឱ្យ​មាន​ តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ»។

សន្និសីទកំពូលនេះ​ដែល​បាន​ចាប់ផ្តើមកាលពី​ថ្ងៃ​ច​ន្ទ​ទី៤កញ្ញា​បានផ្តោត​ការយកចិត្ត ទុកដាក់​លើ​ការជំរុញការលូតលាស់សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍដោយ​គិតគូរពីបរិស្ថាន​ផង​ដែរនិង​លើ​ការ​រក​ដំណោះស្រាយ​ហិរញ្ញវត្ថុសម្រាប់គាំទ្រ​កម្មវិធី​មានគោលដៅបន្ធូរ​ផលប៉ះពាល់នៃការប្រែ​ប្រួល​អាកាសធាតុ​ ដែល​ប៉ះពាល់​ដល់មនុស្ស​ប្រមាណ ១.៣០០​លាននាក់ក្នុង​ទ្វីប​នោះ។​

ក្រុម​មេដឹកនាំ​អាហ្វ្រិក​គូសបញ្ជាក់ថា​ពួកគេ​ប្តេជ្ញា​អភិវឌ្ឍ​និង​អនុវត្តគោលនយោបាយ ​និយតកម្ម​និងការ​លើកទឹកចិត្តដើម្បី​ទាក់ទាញ​វិនិយោគ​ក្នុង​មូលដ្ឋាន​ តំបន់​និង​សាកលក្នុងការជំរុញ​ការលូតលាស់​សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរ​ពី​បរិស្ថាន។

ពួក​មេដឹកនាំ​ទាំង​នេះ​បានថ្លែងថាសេចក្តី​ប្រកាសនៅក្រុង​ណៃរ៉ូប៊ីនេះនឹង​បម្រើការ​ជា​គ្រឹះ​សម្រាប់​គោលជំហររួមគ្នារបស់​ទ្វីប​អាហ្វ្រិក​ក្នុងការផ្តើម​គំនិត​សាកល​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។ លោក Raphael Chesori​ មេដឹកនាំយុវជន​កេនយ៉ានិយាយ​ថាពួក​មេដឹកនាំនិងក្រុមប្រតិភូ​ចូលរូម​ក្នុងសន្និសីទកំពូល​នេះបង្ហាញ​ចំណង់​របស់ពួក​គេ​ក្នុង​ការប្រយុទ្ធ​នឹង​ការប្រែប្រួល​ធាតុអាកាស។

លោក​ថ្លែង​ថា៖ «អ្វីដែល​ខ្ញុំបាន​ឃើញគឺ​កា​រប្រឹងប្រែងដោយ​ពួក​ប្រមុខរដ្ឋ​នៅ​អាហ្វ្រិកនិង​ក្រុម​ដៃគូ​សាកល​ដើម្បី​ស្វែងរក​វិធី​ប្រយុទ្ធ​នឹង​ការប្រែប្រួល​ធាតុអាកាស។​ ហើយ​ក៏​មានការប្តេជ្ញា​ដែរ​ក្នុង​ការ​ផ្តល់ប្រាក់​កាស​ដើម្បី​ដោះស្រាយបញ្ហា​អាកាសធាតុ។ ក្រៅ​ពីនេះ ពួកតួអង្គ​មិនមែន​ជា​រដ្ឋក៏មានឆន្ទៈ​ធ្វើ​ជា​ដៃគូ​ជា​មួយ​រដ្ឋាភិបាលក្នុងការធ្វើឱ្យមាន​ការចូលរួម​ពី​មនុស្សសាមញ្ញផងដែរ»។

លោក Michael Otitoju ដែល​ជា​ប្រតិភូ​ម្នាក់មក​ពីប្រទេសនីហ្សេរីយ៉ា និយាយ​ថា​ទ្វីបអាហ្វ្រិក​បានបង្ហាញ​ថា​ខ្លួន​អាចដោះស្រាយ​វិបត្តិ​នេះបានដោយពឹងពាក់លើ​ប្រភព​ធនធាន​ខ្ឡួន​និងពលរដ្ឋវ័យ​ក្មេង។

លោក​ថ្លែង​ថា៖ «ខ្ញុំយល់​ថាការពិភាក្សា​គ្នាអំពី​ការ​ងាកទៅរក​ប្រភពថាមពល​ដែល​ផលិត​ឡើង​វិញបាន​នាំ​ឱ្យយើងសង្ឃឹម​ថា​ជនជាតិអាហ្វ្រិកអាច​ដោះស្រាយបញ្ហា​របស់យើងជាមួយប្រភពធនធានយើងផ្ទាល់​ ជាមួយ​សមត្ថភាព​មនុស្ស​របស់យើងផ្ទាល់ ដូច្នេះ​ខ្ញុំ​យល់​ថាមានសង្ឃឹម​សម្រាប់ជនជាតិ​អាហ្វ្រិក»។

លោក Andrew Monari អ្នក​ធ្វើការសហគមន៍​ម្នាក់នៅ​កេនយ៉ា​ បាន​ថ្លែង​ថា​ លោក​បាន​ដឹង​អំពី​វិធី​ដែល​សហគមន៍​ដែលងាយរង​គ្រោះអាច​ទទួល​ប្រាក់​កាស​ខាង​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​គាំទ្រ​កម្មវិធី​កាត់បន្ថយ​បញ្ហានេះ។

«ខ្ញុំបាន​ចូលរួមក្នុង​ការប្រជុំ​អំពីការ​ផ្តល់​លុយ​ខាង​ការប្រែប្រួល​ធាតុអាកាស។ឧទាហរណ៍ យើង​បានបញ្ចប់ការ​ប្រជុំមួយនៅ​សណ្ឋាគារមួយ​នៅ​ថ្ងៃនេះ ដែលនៅ​ទីនោះ​មនុស្ស​ងាយ​រងគ្រោះ​និង​ក្រុម​ជនភាគ​តិចមាន​ផលប៉ះពាល់ដោយ​ការ​ប្រែប្រួល​អាកាសធាតុបានពិភាក្សាគ្នាអំពី​ការផ្តល់ប្រាក់កាស។ ​ដូច្នេះ យើងមាន​មនុស្ស​សាកល​ម្នាក់​ដែល​ទទួលបន្ទុកមូលនិធិ​ដែល​បានថ្លែងប្រាប់យើង​អំពី​វិធី​ស្វែងរកលុយ»។

បើតាម​អ.ស.ប.​ថា បណ្តា​ប្រទេស​អាហ្វ្រិក​បាន​ចំណាយពី​៥%​ទៅ​១៥%​នៃផលិតផល​សរុបក្នុង​ស្រុក​ដើម្បី​ប្រយុទ្ធ​នឹងការប្រែប្រួល​អាកាសធាតុ ទោះជា​ខ្លួន​រួមចំណែក​តិចបំផុត​ដល់ការធ្វើ​ឱ្យសីតុណ្ហភាព​សាកលក្តៅ​ជាងមុន​ក៏ដោយ។

ពួក​ប្រទេស​អភិវឌ្ឍ​បាន​សន្យា​ថា​នឹង​ផ្តល់ប្រាក់​យ៉ាងតិច​១០០ពាន់លាន​ដុល្លារ​រៀងរាល់ឆ្នាំ​ដើម្បី​ប្រយុទ្ធនឹងផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ តែ ​មនុស្ស​ច្រើន​នាក់​និយាយថានេះជា​មូលនិធិ​នេះ​ពិបាក​រក​បាន​ណាស់​កន្លងមក។ ​នៅ​ក្នុង​សន្និសីទ​កំពូលនោះ​ អគ្គលេខាធិការ​អ.ស.ប.​លោក Antonio Guterres បាន​មានប្រសាសន៍​ថាគេត្រូវការ​ប្រាក់២០ពាន់លានដុល្លារ​ថែមទៀត​ដើម្បី​ជួយ​បន្ថយ​ធាតុ​អាកា​សមិន​អាច​ទស្សន៍ទាយ​បាន​ជា​មុន​នៅ​អាហ្វ្រិក។ លោក​ប្រធានាធិបតី Ruto បានពោលថា​អាហ្វ្រិកត្រូវការ​ហិរញ្ញវត្ថុ​សាកលដើម្បី​គាំទ្រសហគមន៍​និង​សង​បំណុល។

«យើង​ទាមទារឱ្យមាន​ស្ថានភាព​យុត្តិធម៌សម្រាប់ឱ្យ​ប្រទេស​ពួក​យើង​ទទួល​ការបណ្តាក់ទុន​ដើម្បី​ឱ្យ​មានសក្តានុពល​និង​ឱកាស។ យើង​ថែម​ទាំង​ទាមទារឱ្យមាន​ការ​សម្របសម្រួល​ហិរញ្ញវត្ថុអភិវឌ្ឍ​ពហុភាគី​ដើម្បីរំដោះ​សេដ្ឋកិច្ច​យើងពី​បំណុល​គួរ​ឱ្យ​ស្អប់ខ្ពើមនិង​របាំង​ដែល​រារាំង​ដល់ប្រភពហិរញ្ញវត្ថុ​ចាំបាច់»។

ពួក​មេដឹកនាំ​អាហ្វ្រិកគូសបញ្ជាក់​ថាដើម្បី​ធ្វើឱ្យទ្វីបនេះ​មាន​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ ទ្វីប​នេះ​ត្រូវការ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ដែល​អាច​ផលិត​ឡើងវិញបាន។ ក្រុម​មេដឹកនាំ​ទាំង​នេះ​ក៍បានថ្លែង​ដែរថា​អាហ្វ្រិកត្រូវការ​យន្តការបច្ចេកវិទ្យា​និង​យន្តការពាណិជ្ជកម្ម​ដែល​អាចឱ្យ​ផលិតកម្មពីទ្វីប​នេះ​ប្រកួត​ប្រជែង​ដោយយុត្តិធម៌​និង​សមភាព​បាន៕

ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ