ការស្ទង់មតិសាធារណៈថ្មីមួយនៅប្រទេសអាហ្វហ្កានិស្ថានបានបង្ហាញសញ្ញាសុទិដ្ឋិនិយមដ៏ប្រយ័ត្នប្រយ៉ែង ថ្វីបើមានកង្វល់អំពីបញ្ហាអសន្តិសុខ ហើយនិងអំពើពុករលួយក្តី។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយនៅថ្ងៃអង្គារនៅទីក្រុង Kabul រដ្ឋធានីប្រទេសអាហ្វហ្កានិស្ថាននេះធ្វើឡើង នៅពេលមានការវាយប្រហារដោយអត្តឃាតមួយទៀតពីក្រុម Taliban ដែលបង្កគ្រោះថ្នាក់និងការខូចខាតនៅក្នុងទីក្រុងនេះ។
មូលនិធិអាស៊ី ដែលមានមូលដ្ឋាននៅស.រ.អា. បានចេញផ្សាយការរកឃើញក្នុងការស្ទង់មតិរបស់ខ្លួននៅក្រុង Kabul ដោយនិយាយថា បញ្ហាអសន្តិសុខ អំពើពុករលួយ និងភាពអត់ការងារធ្វើ នៅតែបន្តជាបញ្ហាកង្វល់ចម្បងៗក្នុងចំណោមសាធារណជនអាហ្វហ្កានិស្ថានភាគច្រើន។
លោក Abdullah Ahmadzai អ្នកតំណាងប្រចាំប្រទេសនេះ និយាយថា អ្នកធ្វើការស្ទង់មតិ ដែលចុះសួរប្រជាជនក្នុងខេត្តចំនួន៣៤នៅប្រទេសអាហ្វហ្កានិស្ថាន បានរកឃើញថា មានកំណើនតិចតួច ក្នុងចំណោមអ្នកឆ្លើយតបនឹងការស្ទង់មតិ ដែលមានអារម្មណ៍ថា ប្រទេសរបស់គេកំពុងដើរតាមផ្លូវខុសគឺឡើងដល់៤០,៤%ពី៣៧,៩%កាលពីឆ្នាំមុន។ ប៉ុន្តែលោកនិយាយថា អ្នកដែលគិតថា ប្រទេសគេកំពុងដើរតាមផ្លូវត្រូវនោះមានចំនួនច្រើនដដែល។
«នៅឆ្នាំនេះមាន៥៤%ក្នុងចំណោមអ្នកឆ្លើយតបនឹងការស្ទង់មតិ និយាយថា ប្រទេសរបស់គេកំពុងដើរតាមទិសដៅត្រឹមត្រូវ គឺចុះពី៥៧%ពីការស្ទង់មតិកាលពីឆ្នាំ២០១៣»។
លោក Ahmadzai លើកឡើងថា កំណើនចំនួនជនស៊ីវិលរងគ្រោះគឺជាហេតុផលនៃកំណើនកង្វល់ខាងសន្តិសុខ ក្នុងចំណោមពលរដ្ឋអាហ្វហ្កានិស្ថានសាមញ្ញក្នុងឆ្នាំកន្លងទៅ ហើយលោកបន្ថែមថា អ្នកឆ្លើយតបនឹងការស្ទង់មតិជាង៧៦% និយាយថា គេមានការភ័យខ្លាច ពេលគេធ្វើដំណើរក្នុងប្រទេស។
«ចំនួនជនស៊ីវិលស្លាប់បានកើនឡើងតាំងពីឆ្នាំ២០១៣ ហើយ៦៥%បានបង្ហាញការភ័យខ្លាចច្រើនឡើងៗ សម្រាប់សន្តិសុខរបស់គេជាទូទៅ។ តួលេខនេះកើនឡើងពីឆ្នាំ២០១៣ ដែលមានតែ៥៩%»។
ទោះជាយ៉ាងណាក្តី លោក Ahmazai និយាយថា ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាហ្វហ្កានិស្ថាន ជាទូទៅ មានសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងចាត់វិធានការដឹកនាំប្រទេសនេះចេញពីវិបត្តិសន្តិសុខនិងសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យប្រទេសនេះប្រសើរឡើងខាងការអប់រំ សុខាភិបាល ស្ថានភាពស្ត្រី និងកត្តាសង្គមផ្សេងៗទៀត៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល