ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​​បន្ទោស​អាមេរិក​ដែល​ខកខាន​មិន​បាន​ដោះដូរ​អ្នក​ទោស

រូបឯកសារ៖ ឈ្មោះ Anas Haqqani ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​អាមេរិក និង​ជន​ជាតិ​អាមេរិក Kevin King និង​ជន​ជាតិ​អូស្ត្រាលី Temothy Weeks ដែល​ត្រូវ​ពួក​តាលីបង់​ចាប់​ខ្លួន។

តាលីបង់​អាហ្វហ្គានីស្ថាន​កំពុង​ស្តី​បន្ទោស​អាមេរិក​ដែល​ខក​ខាន​មិន​បាន​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​របស់​ខ្លួន​រៀង​ខ្លួន ដោយ​ថ្លែង​ថា ភាគី​អាមេរិក​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ដែល​បាន​ព្រមព្រៀង​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

Zabihullah Mujahid អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម​បះបោរ​តាលីបង់​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​ថា កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​ផ្អាកក្នុង​ពេល​ឥឡូវ​នេះ ហើយ​វា​អាស្រ័យ​ថា​តើ​អាមេរិក​នឹង​ពន្យល់​យ៉ាង​ដូច​ម្តេចពី​មូលហេតុ​ដែល​អាមេរិក​មិន​គោរព​ទៅ​តាម​ពាក្យ​សន្យា។

ការ​ដោះដូរ​អ្នក​ទោស​អាច​នឹង​ធានា​នូវ​សេរីភាព​ចំណាប់​ខ្មាំង​ពីរ​រូប​រួម​មាន​លោក​ Kevin King ​ជនជាតិ​អាមេរិកាំង​ និង​លោក​ Timothy John Weeks ​ជន​ជាតិ​អូស្ត្រាលី ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ពួក​តាលីបង់​ចាប់​ខ្លួន​តាំង​ពី​ខែ​សីហា​ ឆ្នាំ២០១៦។

ជា​ថ្នូរ​នឹង​ការ​ដោះដូរ​គ្នា​នេះ គឺ​ត្រូវ​ដោះ​លែង​សមាជិក​ជាន់​ខ្ពស់​របស់​ក្រុម​បះបោរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​៣​នាក់​ រួម​បញ្ចូល​ទាំង​ Anas Haqqani ​ដែល​មាន​ទោស​ត្រូវ​ប្រហារ​ជីវិត និង​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ Sirajuddin Haqqani ​អនុ​ប្រធាន​ប្រតិបត្តិការ​យោធា​របស់​ពួក​តាលីបង់​ផង​ដែរ។

Mujahid បាន​ពន្យល់​ជា​ភាសា ​Pashto ​តាម​សារ​សំឡេង​មួយ​មក​កាន់ ​VOA​ ថា៖ «បើ​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាមេរិក ​អ្នក​ទោស​របស់​យើង​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​ទាំង​សង​ខាង​ ហើយ​ដោះ​លែង​ឲ្យ​ពួក​គេ​មាន​សេរីភាព​នៅ​ទីនោះ។ បន្ទាប់​មក​យើង​នឹង​ដោះ​លែង​ហើយ​ប្រគល់​ជនជាតិ​អាមេរិកាំង​នោះ​ទៅ​ឲ្យ​ពួកគេ‍​វិញ»។

មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាមៗ​ណា​ពី​អាមេរិក​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​តាលីបង់​នៅ​ឡើយ​ទេ៕