ភាគី​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន​ធ្វើការ​ចរចា​សន្តិភាព ស្របពេល​ដែល​ការ​ប្រយុទ្ធ​នៅ​បន្ត

  • Ayaz Gul

រូបថតជនរងគ្រោះ ដែលជាយុវជនហើយដែលបានស្លាប់ដោយសារតែជម្លោះ ត្រូវបានដាក់តាំងនៅក្បែរផ្នូររបស់ពួកគេនៅជាយក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខណៈក្រុមគ្រួសារនិងសាច់ញាតិទាមទារឲ្យមានការចរចាសន្តិភាពដែលកំពុងប្រារព្ធធ្វើឡើងនៅរដ្ឋធានីដូហានៃប្រទេសកាតា។

ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក ​អំពី​ការ​វាយ​ប្រហារ​គ្នា​នៅ​ពេល​ថ្មីៗ​នេះ ស្របពេល​ដែល​អ្នក​តំណាង​របស់​ពួកគេ​បាន​ធ្វើ​ការ​ចរចា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២ ក្នុង​ប្រទេស​កាតា។

ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន និង​ពួក​បះបោរ​តាលីបង់​ថ្មីៗ​ចុងក្រោយ​បង្អស់​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ ដែល​ក្នុង​នោះ​រួម​មាន​យុទ្ធជន​មកពី​ភាគី​ទាំង​សងខាង និង​ជន​ស៊ីវិល​ផងដែរ។

អំពើ​ហិង្សា​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ចរចា​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​រាជធានី​ដូហា ​នៃ​ប្រទេស​កាតា។ ការ​ចរចា​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​រវាង​ភាគី​ជម្លោះ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ផ្តោត​លើ «បទ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ទូលំទូលាយ» មួយ និង​កិច្ច​ព្រមព្រៀង​នយោបាយ​មួយ​ដែល​មាន​គោល​បំណង​បញ្ចប់​ជា​អចិន្ត្រៃយ៍​នូវ​អរិភាព​រយៈពេល ៤ ទសវត្សរ៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​ចរចា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា​ការ​ចរចា​ផ្ទៃ​ក្នុង​អាហ្វហ្គានីស្ថាន បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ គឺ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ពិធី​បើក​ការ​ចរចា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រាជធានី​ដូហា ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ផង​ដែរ។

គណៈប្រតិភូ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «មាន​ស្មារតី​វិជ្ជមាន» នៅ​ក្នុង​ការ​ចរចា​គ្នា​ដំបូង​រវាង​ភាគី​ទាំង​ពីរ៕