ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​កន្លែង​លំហែកាយ​ប្រធាធិបតី​ស.រ.អា.

លោក Ash Carter រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក លោក John Kerry រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ និង​លោក Abudullah Abdullah ប្រធាន​ប្រតិបត្តិ​ធ្វើ​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ការ​ទូត​នៅ​ Camp David។

លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani និង​លោក​ប្រធាន​ប្រតិបត្តិ Abdullah Abdullah បាន​បើក​កិច្ចចរចា​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.​នៅ​Camp David ដែល​ជា​កន្លែង​សម្រាក​លំហែកាយ​របស់​ប្រធានាធិបតី​អាមេរិកាំង ក្នុង​រដ្ឋ Maryland កាលពី​ថ្ងៃ​ច័ន្ទ។​

លោក Ghani បាន​មាន​ប្រសាសន៍​ថា «ភាព​ជា​ដៃគូ​របស់​ប្រទេស អាហ្វហ្គានីស្ថាន​ជាមួយ​ស.រ.អា.​មាន​គ្រឹះ​រឹងមាំ «ហើយ​លោក​បាន​អរគុណ​ស.រ.អា.​ដែល​បាន​ផ្តល់​ «សេរីភាព​និង​សេចក្តី​សង្ឃឹម» ជូន​ប្រទេស​លោក។​

លោក Ghani បាន​និយាយ​ថា «យើង​សប្បាយ​រីករាយ​ក្រៃលែង​ដែល​មាន​ឱកាស​ ពិភាក្សា​ទៅ​បរិបទ​ដែល​មាន​ការ​ផ្លាស់ប្តូរ​ ហើយ​នេះ​អាច​បញ្ជាក់​អំពី​ភាព​ជា​ដៃគូ​មួយ​ដែល​ផ្អែក​លើ​សេចក្តី​ថ្លៃថ្នូរ ​ការ​គោរព​ដំណើរការ​ប្រជាធិបតេយ្យ ​កំណែ​ទម្រង់​ការ​បោះឆ្នោត ការ​កែ​ទម្រង់​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ អភិបាល​កិច្ច​និង​បញ្ហា​ពាក់ព័ន្ធ​ឯ​ទៀតៗ»។

មេដឹកនាំ​អាហ្វហ្គានីស្ថាន​ថ្មី​រូប​នេះ​បាន​ប្តេជ្ញា​ថា​នឹង​យក​ជ័យជំនះ​លើ​ក្រុម​បះបោរ​តាលីបាន់​ដែល​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នៅក្នុង​ការ​ប្រយុទ្ធ​ដែល​មាន​ជា​បន្តបន្ទាប់ ជាង​១៣​ឆ្នាំ​នៅ​ក្រោយ​ស.រ.អា.​បាន​ចូល​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​វាយ​ប្រហារ​ក្រុម​ជន​សកម្មប្រយុទ្ធ al-Qaida ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​ពួក​គេ​លើ​ស.រ.អា.​កាល​ពី​ឆ្នាំ២០០១។

នៅ​ថ្ងៃអង្គារ​នេះ​ លោក​ Ghani និង​លោក​ Abdullah នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា.​ បារាក់ អូបាម៉ា​ និង​លោក​អនុប្រធានាធិបតី​ Joe Biden ហើយ​លោក​ Ghani នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ការ​ប្រជុំ​រួម​មួយ​នៃ​សភា​ស.រ.អា.​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មេដឹកនាំ​អាហ្វហ្គានីស្ថាន​ទាំង​ពីរ​នាក់​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បុរី New York ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​អ.ស.ប.៕