គ្រាប់​បែក​ដ៏​ប្រល័យ​ត្រូវ​បាន​គេ​បំផ្ទុះ​ក្នុង​រដ្ឋធានី​របស់​អាហ្វហ្គានីស្ថាន

កម្មករ​ធ្វើ​ការ​បោស​សម្អាត​ផ្លូវ​មួយ​នៅ​ពី​មុខ​ស្ថានទូត​អាល្លឺម៉ង់​ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

ការ​ផ្ទុះ​គ្រាប់បែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឡាន​មួយ​គ្រឿងនៅ​ព្រឹក​ថ្ងៃពុធ​នេះ​នៅ​ក្នុង​សង្កាត់​អ្នក​ការ​ទូត​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់៨០​នាក់​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​៣៥០នាក់​ទៀត​ត្រូវ​របួស។

លោក Wahidullah Majroh អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់ VOA ​ចំនួន​មនុស្ស​ស្លាប់​ ដោយ​លោក​បានថ្លែង​ថា​ចំនួន​មនុស្ស​ស្លាប់​អាច​កើន​ច្រើន​ថែម​ទៀត។​

ការ​ផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់ Wazir Akbar Khan នៅ​កណ្តាល​ក្រុង​កាប៊ុល​ដែល​ជា​កន្លែង​មាន​ស្ថាន​បេសកកម្ម​បរទេស​ និង​ការិយាល័យ​រដ្ឋាភិបាល​ ហើយ​បាន​បណ្តាល​ឱ្យ​ខូចខាត​យានយន្ត​រាប់​សិប​គ្រឿង​និង​អាគារ​នៅ​ជិត​ខាង​ទី​នោះ។ របាយការណ៍​ដំបូងៗ​និយាយ​ថា​ គ្រឿង​ផ្ទុះ​មាន​លាក់​នៅ​ក្នុង​ឡាន​ដឹក​ទឹក​មួយ​គ្រឿង។

ការ​ផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​មាន​ឡើង​មិន​ឆ្ងាយ​ពី​ស្ថានទូត​អាល្លឺម៉ង់​ទេ។ ​រូបថត​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ផ្ទុះ​នេះ​បាន​បំផ្លាញ​ផ្នែក​មួយ​នៃ​ស្ថាន​បេសកកម្មការ​ទូត​អាល្លឺម៉ង់។ ​លោក Sigmar Gabriel រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​បាន​និយាយ​តាម​ Twitter ថា​ឆ្មាំ​សន្តិសុខ​អាហ្វហ្គានីស្ថាន​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​បាត់បង់​ជីវិត ហើយ​ថា​បុគ្គលិក​មួយ​ចំនួន​បាន​ត្រូវ​របួស។​

ការ​ផ្ទុះ​គ្រាប់​បែក​នេះ​ក៏​បាន​បំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​អាគារ​មួយ​នៅ​ជិត​ខាង​ទី​នោះ​ដែល​ក្នុង​នោះ​មាន​ការិយាល័យ​ធំ​នៃ​ក្រុមហ៊ុន Roshan ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្រញាប់ប្រញាល់​បិទ​កន្លែង​នោះ​មិន​ឱ្យ​មនុស្ស​ចេញ​ចូល ហើយ​ក្រុម​ទាហាន​អន្តរជាតិ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ។​

ទូរទស្សន៍​អាហ្វហ្គានីស្ថាន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​ឡាន​ពេទ្យ​រាប់​សិប​គ្រឿង​ដឹក​ពួក​ជន​ត្រូវ​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ស្ត្រី​ផង​ដែរ។​

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ជា​បន្ទាន់​ចំពោះ​អ្វី​ដែល​ក្រុម​អ្នក​ស្រុក​ក្រុង​កាប៊ុល និយាយ​ថា​ហាក់ដូចជា​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ដ៏​ប្រល័យ​បំផុត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។​

ពួក​តាលីបង់​បាន​បដិសេធ​ថា ពួក​គេ​គ្មាន​ទាក់ទិន​អ្វី​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ​ដោយ​និយាយ​ថា​ពួក​បះបោរ​នេះ​មិន​បាន​បំផ្ទុះ​គ្រាប់បែក​នេះ​ឡើយ៕