មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល អាហ្វហ្គានីស្ថាន និងអ្នកតំណាងនៃក្រុមប្រដាប់អាវុធមួយប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក Gulbuddin Hekmatyar អតីតស្តេចក្រាញ់សង្គ្រាម បានរាយការណ៍ថាមានការវិវដ្តច្រើនក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេហើយភាគីទាំងពីររំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលអាចកើតមានបាននៅពេលណាមួយនៅថ្ងៃសោរ៍។
រដ្ឋាភិបាលឯកភាពជាតិរបស់លោកប្រធានាធិបតី Ashraf Ghani បានធ្វើការចរចាច្រើនខែមកហើយជាមួយក្រុម Hezb-i-Islami របស់លោក Hekmatyar ដោយមានការខ្វែងគំនិតគ្នាបានធ្វើឱ្យដំណើរការសន្តិភាពនេះគាំងដំណើរច្រើនដងមកហើយ។
មានក្តីសង្ឃឹមជាថ្មីថានឹងមានកិច្ចព្រមព្រៀងមួយដែលបានត្រូវពន្យារពេលយូរយាមកហើយបានលេចចេញពីសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រធ្វើឡើងដោយលោក Habibur Rehman Hekmatyar ដែលជាកូនប្រុសរបស់ស្តេចក្រាញ់រត់គេចខ្លួននេះនៅក្នុង Facebook ផ្លូវការរបស់លោក។ លោកHabibur Hekmatyar បាននិយាយថាក្រុម HIA និងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានយល់ស្របគ្នាលើអត្ថបទទាំងអស់នៃសេចក្តីព្រាងឯកសារសន្តិភាពនេះ «ហើយបើព្រះអាទិទេពជួយ កិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសនៅថ្ងៃសៅរ៍»។
លោក Habibur Hekmatyar ដែលមិនមែនជាសមាជិកនៃក្រុមអ្នកធ្វើការចរចាទេបាននិយាយថា «ខ្ញុំសូមសរសើរប្រទេសជាតិអាហ្វហ្គានីស្ថាន និងអ្នកកាន់សាសនាឥស្លាម ទាំងអស់ព្រមទាំងសមាជិកនៃក្រុម Hezb-i-Islami អំពីកិច្ចព្រមព្រៀងសន្តិភាពនេះ។ ខ្ញុំសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងមានរយៈពេលយូរក្នុងការបញ្ចប់សង្គ្រាម ក្នុងការនាំឱ្យមានសន្តិភាពនិងក្នុងការរារាំងមិនឱ្យមានការជ្រៀតជ្រែករបស់ពួកបរទេសក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
លោក Shah Hussain Murtazavi អ្នកនាំពាក្យរបស់ប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ VOA ថាមានវិវដ្តច្រើនក្នុងកិច្ចចរចាជាមួយអ្នកធ្វើការចរចារបស់ក្រុម Hezb-i-Islami ហើយលោកបានសន្យាថានឹងមាវិវដ្តថែមទៀតក្នុងថ្ងៃសៅរ៍។
លោក Murtazavi បាននិយាយថា «យើងបានធ្វើឱ្យមានការជឿនលឿនល្អប្រសើរហើយសង្ឃឹមថានឹងមានការសម្រេចច្រើនថែមទៀតនៅពេលបន្ទាប់មកទៀតក្នុងថ្ងៃនេះ» ដោយលោកមិនបានធ្វើអត្ថាធិប្បាយល្អិតល្អន់ទៀតទេ»៕