Your browser doesn’t support HTML5
ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្មជាប្រព័ន្ធ ការឃុំខ្លួនដោយខុសច្បាប់ ពលកម្មដោយបង្ខំ ការចាប់រំលោភ ការអត់ឃ្លាន ការដាក់កំហិតចំពោះសេរីភាពនានា និងបញ្ហាសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងជើង «ស្ថិតក្នុងចំណោមស្ថានការណ៍ដ៏អាក្រក់បំផុតនានានៅលើពិភពលោក»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនដែលបានចេញផ្សាយកាលពីចុងខែតុលាកន្លងទៅនេះ។
ទោះបីជាអ្នកវិភាគទាំងឡាយជឿថា ការរំលោភសិទ្ធិមនុស្សនានាត្រូវបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងជើងអស់រយៈពេលរាប់ទសវត្សរ៍មកហើយក៏ដោយ ក៏បញ្ហាទាំងនេះទើបតែត្រូវបានសហគមន៍អន្តរជាតិចាប់អារម្មណ៍ខ្លាំងជាងមុនតាំងពីឆ្នាំ ២០០៤ មកតែប៉ុណ្ណោះ ដែលនៅពេលនោះ អង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចដំបូងបង្អស់មួយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង។
កាលពីឆ្នាំ ២០១៤ គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង បានរកឃើញថា «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងលក្ខណៈជាប្រព័ន្ធ និងគ្រប់ទីកន្លែង ត្រូវបានធ្វើឡើងដោយស្ថាប័ន និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង» ហើយវាគឺជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
របាយការណ៍នោះបានបន្ថែមថា៖ «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនេះកំពុងបន្តកើតឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយសារតែគោលនយោបាយ ស្ថាប័ន និងទម្រង់នៃនិទ្ទណ្ឌភាព ដែលជាចំណុចសំខាន់នៃបញ្ហាសិទ្ធិមនុស្សទាំងនេះ គឺនៅតែដំណើរការដដែល»។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចដ៏សំខាន់មួយក្នុងឆ្នាំ ២០១៤ ដោយអំពាវនាវឲ្យមានការបញ្ជូនមេដឹកនាំកូរ៉េខាងជើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
អ្នកជំនាញនានាមើលឃើញថា ការឈានទៅដល់ការកាត់ទោសពិតប្រាកដនឹងត្រូវចំណាយពេលយូរ។ ដូចជាក្នុងករណីប្រទេសកម្ពុជា អំពើឧក្រិដ្ឋកម្មបានកើតមានឡើងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ប៉ុន្តែដំណើរការកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហមមិនបានកើតមានឡើងរហូតដល់ពេលដែលតុលាការកូនកាត់មួយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដោយត្រូវឆ្លងកាត់ការចរចាយ៉ាងតឹងតែង។
កាលពីខែវិច្ឆិកា ឆ្នាំមុន សាលាក្ដីខ្មែរក្រហម បានតម្កល់ទោសដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់លោកនួន ជា និងលោកខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ពីររូប ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។
បន្ទាប់ពីសវនាការបានបញ្ចប់ទៅ លោក David Scheffer បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំសាលាក្ដីខ្មែរក្រហម បានបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅកាន់រដ្ឋាភិបាលកូរ៉េខាងជើងថា «ខ្ញុំគ្រាន់តែចង់និយាយថា មេដឹកនាំកូរ៉េខាងជើងគួរតែកត់សម្គាល់ជាពិសេសចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនេះ»។
សាររបស់លោក David Scheffer គឺបញ្ជាក់យ៉ាងច្បាស់ថា របបដឹកនាំកូរ៉េខាងជើងមិនអាចរត់គេចរួចខ្លួនពីទង្វើរំលោភសិទ្ធិមនុស្សរបស់ខ្លួនបាននោះទេ ដូចដែលបទពិសោធន៍របស់ប្រទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះដែរ។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ទោះបីជាបរិបទប្រទេសកម្ពុជាខុសពីបរិបទប្រទេសកូរ៉េខាងជើងក្ដី ក៏ «ប្រទេសកម្ពុជាមិនត្រឹមតែផ្ដល់នូវមេរៀន ឬដើរតួជាគំរូប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់នូវប្រវត្តិសាស្ត្រក៏វែងឆ្ងាយមួយ ដែលត្រូវផ្ដោតលើសម្រាប់ការយល់ដឹងអំពីគំនិតខុសៗគ្នាក្នុងការពិចារណារឿងប្រមូលកត់ត្រា និងរក្សាទុកព័ត៌មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង»។
បទពិសោធន៍របស់កម្ពុជា
ការប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហមស្ទើរតែមិនអាចធ្វើទៅរួចនោះទេ នៅពេលដែលមេដឹកនាំខ្មែរក្រហមកំពុងកាន់អំណាច។ នេះបើតាមការបញ្ជាក់របស់លោក David Hawk អ្នកជំនាញនាំមុខមួយរូបផ្នែកសិទ្ធិមនុស្សកម្ពុជា និងកូរ៉េខាងជើង ដែលលោកគឺជា សកម្មជនសិទ្ធិមនុស្សមួយរូបក្នុងចំណោមសកម្មជនសិទ្ធិមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលធ្វើការប្រមូលកត់ត្រាព័ត៌មានអំពីភាពសាហាវយង់ឃ្នងរបស់ពួកខ្មែរក្រហមកាលពីដើមទសវត្សរ៍ ១៩៨០។
ទោះបីជាភស្តុតាងអាចប្រមូលបានពីជនភៀសខ្លួនខ្មែរដែលរត់គេចពីរបបព្រៃផ្សៃខ្មែរក្រហមនៅរវាងឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩ ក៏ដោយ ក៏លោក David Hawk បាននិយាយថា៖ «ដំបូងឡើយ នៅក្នុងរង្វង់ក្រុមមនុស្សមួយចំនួន ការអះអាងរបស់ជនភៀសខ្លួនខ្មែរទាំងនេះមិនត្រូវបានគេជឿនោះទេ ដោយសារតែការអះអាងទាំងនេះត្រូវបានគេគិតថា គ្រាន់តែជាការឃោសនាដើម្បីផ្ដល់ហេតុផលគាំទ្រចំពោះអំណះអំណាងរបស់អ្នកដែលគាំទ្រគោលនយោបាយធ្វើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះ»។
លោក David Hawk ចាត់ទុកថា នេះគឺជាការប្រឈមមួយក្នុងចំណោមការប្រឈមពីរ គឺការប្រឈមក្នុងការទទួលបានភស្តុតាង និងការប្រឈមនៅក្នុងការវាយតម្លៃភស្តុតាងទាំងនោះ ដែលលោកបានជួបប្រទះនៅពេលលោកធ្វើកិច្ចការប្រមូលកត់ត្រាព័ត៌មានឧក្រិដ្ឋកម្មខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖ «អ្នកអាចប្រមូលរឿងរ៉ាវនានារបស់ជនរងគ្រោះបាន ប៉ុន្តែអ្នកត្រូវការច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសដើម្បីវិភាគឲ្យបានត្រឹមត្រូវនូវរឿងរ៉ាវទាំងនេះ»។
លើកលែងតែនៅពេលដែលរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ ១៩៧៩ តែប៉ុណ្ណោះ ដែលភស្តុតាងនៃអំពើឃោរឃៅទាំងនេះអាចប្រមូលបានងាយស្រួលជាងមុន។
នៅក្នុងទសវត្សរ៍ ១៩៨០ គំនិតផ្ដួចផ្ដើមមួយចំនួនត្រូវបានបង្កើតឡើង ដូចជា គម្រោងអំពើប្រល័យពូជសាសន៍កម្ពុជា (Cambodian Genocide Project) និងគណៈកម្មការឯកសារកម្ពុជា (Cambodian Documentation Commission) ជាដើម ដើម្បីប្រមូលភស្តុតាងនានា និងគៀងគរការគាំទ្រឲ្យបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ក្រោយមក កម្មវិធីអំពើប្រល័យពូជសាសន៍កម្ពុជានៅសាកលវិទ្យាល័យ Yale ត្រូវបានបង្កើតឡើង ដោយមានមជ្ឈមណ្ឌលឯកសារកម្ពុជា ជាការិយាល័យប្រចាំនៅប្រទេសកម្ពុជា។
ដោយសារតែ «សវនាការត្រូវការភាពស្របច្បាប់» ការគៀងគរការគាំទ្រពីរដ្ឋាភិបាលកម្ពុជានៅក្នុងទសវត្សរ៍ ១៩៨០ គឺមិនអាចសម្រេចទៅបាននោះទេ ដោយសារតែពួកខ្មែរក្រហមតំណាងឲ្យប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិនៅពេលនោះ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Gregory Stanton ដែលជា ប្រធានអង្គការតាមដានអំពើប្រល័យពូជសាសន៍ (Genocide Watch) និងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកអំពើប្រល័យពូជសាសន៍នៃសាកលវិទ្យាល័យ George Mason។
ពួកខ្មែរក្រហមត្រូវបានប្រទេសវៀតណាមផ្ដួលរំលំនៅក្នុងឆ្នាំ ១៩៧៩ ហើយភ្លាមៗនោះ វៀតណាមបានបង្កើតរដ្ឋាភិបាលថ្មីមួយនៅកម្ពុជា និងបន្តគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ពេលដែលសន្ធិសញ្ញាទីក្រុងប៉ារីសស្ដីពីសន្តិភាពនៅកម្ពុជាត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ១៩៩១។
លោក David Hawk បាននិយាយថា មានបញ្ហាសិទ្ធិមនុស្សពីរប្រភេទនៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ ១៩៨០ ដែលនោះគឺ «ការត្រួតត្រារបស់វៀតណាម ដែលរារាំងដល់សិទ្ធិស្វ័យសម្រេចរបស់កម្ពុជា និងបញ្ហាឧក្រិដ្ឋកម្មខ្មែរក្រហម និងការភ័យខ្លាចដែលថា ប្រសិនបើវៀតណាមបញ្ឈប់ការត្រួតត្រាលើប្រទេសកម្ពុជា នោះពួកខ្មែរក្រហមអាចត្រឡប់មកកាន់អំណាចវិញ»។
លោក David Hawk បានបន្ថែមថា នៅពេលនោះ បណ្ដាប្រទេសដែលនៅជិតនឹងប្រទេសកម្ពុជារារាំងនឹងសកម្មភាពណាដែលប្រឆាំងនឹងពួកខ្មែរក្រហម។ «ការប្រឈមដ៏ធំបំផុតគឺការប្រឆាំងរបស់អាស៊ាន និងចិនចំពោះសហគមន៍អន្តរជាតិណា ដែលផ្ដោតលើការរំលោភសិទ្ធិមនុស្សរបស់ពួកខ្មែរក្រហម»។
ប៉ុន្តែនៅទីបំផុត តុលាការខ្មែរក្រហមដែលកំពុងតែដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៦ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។
ទោះបីជាតុលាការនេះមានបញ្ហារចនាសម្ព័ន្ធមួយចំនួនក៏ដោយ បញ្ហាដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុតនោះគឺ ការជ្រៀតជ្រែកផ្នែកនយោបាយ ដែលសកម្មជនផ្ដោតលើសិទ្ធិមនុស្សនៃប្រទេសកូរ៉េខាងជើងគួរដកស្រង់យកធ្វើជាមេរៀន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Morse Tan ដែលជាសាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Northern Illinois។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាដែលគួរឲ្យបារម្ភមួយទាក់ទិននឹងសាលាក្ដីខ្មែរក្រហមគឺ ការជះឥទ្ធិពលមិនត្រឹមត្រូវពីសំណាក់រដ្ឋាភិបាលកម្ពុជា។ មានការព្រួយបារម្ភយ៉ាងខ្លាំងថា តុលាការខ្មែរក្រហមអាចគ្រាន់តែជា មធ្យោបាយមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាត់ទោសសត្រូវនយោបាយរបស់លោក និងមិនឲ្យធ្វើលើសពីហ្នឹង»។
ប៉ុន្តែការសម្រេចបានដ៏សំខាន់មួយរបស់តុលាការនេះគឺ ការចូលរួមរបស់ជនរងគ្រោះនៅក្នុងដំណើរការកាត់ក្ដី ដែលចំណុចនេះគឺជា មេរៀនដ៏ល្អមួយសម្រាប់អ្នកដែលធ្វើការផ្នែករឿងយុត្តិធម៌កូរ៉េខាងជើងក្នុងការយកមកពិចារណាបាន។ នេះបើតាមការបញ្ជាក់របស់លោក Gregory Stanton។
លោក Stanton បាននិយាយថា៖ «សម្រាប់ច្បាប់របស់តុលាការខ្មែរក្រហម ដែលខ្ញុំបានជួយតាក់តែងនេះ នេះគឺជា លើកដំបូងបង្អស់ហើយ ដែលយើងមានបញ្ចូលនូវតួនាទីដ៏ច្បាស់លាស់សម្រាប់ជនរងគ្រោះ។ ជនរងគ្រោះមានមេធាវីតំណាង និងអាចផ្ដល់សក្ខីកម្មនៅក្នុងសវនាការរបស់តុលាការបានផងដែរ»។
ការចងក្រងការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង
មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទាំងនៅប្រទេសដទៃទៀត ធ្វើការចងក្រងការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ ប៉ុន្តែ ជំហានដ៏ធំមួយដែលសម្រេចបានកន្លងមក គឺការអនុម័តនូវច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងរបស់រដ្ឋសភាកូរ៉េខាងត្បូងកាលពីឆ្នាំមុន។
ការអនុម័តច្បាប់នេះ បានបើកផ្លូវឲ្យមានការបង្កើតមជ្ឈមណ្ឌលកត់ត្រាសិទ្ធិមនុស្សកូរ៉េខាងជើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ ដើម្បីប្រមូលព័ត៌មានសិទ្ធិមនុស្សកូរ៉េខាងជើង និងការិយាល័យចងក្រងឯកសារសិទ្ធិមនុស្សកូរ៉េខាងជើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ដើម្បីរក្សាទុកព័ត៌មានសិទ្ធិមនុស្សកូរ៉េខាងជើងទាំងនោះ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាលទ្ធផលដែលទទួលបានពីការចរចាដែលជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលការចរចាទាំងនេះ «ត្រូវបានរារាំងដោយកត្តាជាច្រើន ដូចជាគំនិតផ្ទុយគ្នារវាងក្រុមអ្នកនយោបាយដែលដោះស្រាយបញ្ហាជាមួយនឹងកូរ៉េខាងជើង ការធ្វើព្រងើយកន្តើយរបស់រដ្ឋាភិបាល និងការខ្វះចំណាប់អារម្មណ៍លើរឿងនេះជាទូទៅជាដើម»។ នេះបើយោងតាមការបញ្ជាក់ប្រាប់ VOA តាមរយៈអ៊ីមែល របស់លោកបណ្ឌិត Yoon Yeo Sang ប្រធានផ្នែករក្សាទុកឯកសារសិទ្ធិមនុស្សកូរ៉េខាងជើងនៃមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យសិទ្ធិមនុស្សកូរ៉េខាងជើង (Database Center for North Korean Human Rights) ដែលហៅកាត់ថា NKDB។
លោក Yoon បាននិយាយថា ទោះបីជាច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងនេះត្រូវបានអនុម័តក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េខាងត្បូង «ចាំបាច់ត្រូវបង្ហាញនូវគោលនយោបាយនានាដែលទទួលស្គាល់ ដាក់បញ្ចូល និងសហការជាមួយនឹងអង្គការធ្វើការផ្នែកសិទ្ធិមនុស្សកូរ៉េខាងជើង ដែលមានស្រាប់»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា វាមិនមែនជាការសមរម្យនោះទេក្នុងការនិយាយថា បញ្ហាសិទ្ធិមនុស្សនឹងមានភាពប្រសើរឡើងដោយស្វ័យប្រវត្តិនោះនាពេលបច្ចុប្បន្ននេះ ក្រោយពីរដ្ឋសភាជាតិបានអនុម័តច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងនេះរួចមក»។
សម្រាប់កិច្ចការប្រមូលចងក្រងឯកសារ អ្នកវិភាគនានាបានឯកភាពថា ការណ៍ដែលមិនមានលទ្ធភាពចូលទៅប្រមូលព័ត៌មាន ដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងជើង គឺជាការប្រឈមដ៏ធំបំផុត។
អ្នកស្រីបណ្ឌិត Roberta Cohen សហប្រធានកិត្តិយសនៃក្រុមប្រឹក្សានាយកនៃអង្គការគណៈកម្មាធិការដើម្បីសិទ្ធិមនុស្សនៅកូរ៉េខាងជើង (Committee for Human Rights in North Korea) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា៖ «ការប្រឈមដ៏ធំបំផុតនៅក្នុងកិច្ចការប្រមូលចងក្រងឯកសារសិទ្ធិមនុស្សកូរ៉េខាងជើង គឺការមិនមានលទ្ធភាពចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ អ្នកអង្កេតសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សនានា រួមទាំងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ មិនមានលទ្ធភាពចូលទៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ»។
ស្ថានការណ៍នេះនៅក្នុងប្រទេសកូរ៉េខាងជើង «គឺដូចទៅនឹងស្ថានការណ៍នៅក្នុងប្រទេសកម្ពុជានៅចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩»។ នេះបើតាមការបញ្ជាក់របស់លោក David Hawk។
ប៉ុន្តែលោក Gregory Stanton បានកត់សម្គាល់ថា អ្នកដែលប្រមូលកត់ត្រាអំពើឃោរឃៅរបស់ពួកខ្មែរក្រហម ជាពិសេសគឺ មជ្ឈមណ្ឌលឯកសារកម្ពុជា មានលទ្ធភាពប្រើប្រាស់វិធីសាស្ត្រផ្សេងៗជាច្រើនដើម្បីប្រមូលភស្តុតាងនានាដោយផ្ទាល់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរបបដឹកនាំខ្មែរក្រហមបានដួលរលំទៅ ដែលនេះជាអ្វីដែលមិនអាចទៅរួចនោះទេសម្រាប់ករណីប្រទេសកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ។
ភស្តុតាងសិទ្ធិមនុស្សកូរ៉េខាងជើងអាចប្រមូលបានជាចម្បងពីការផ្ដល់សក្ខីកម្មរបស់អ្នកដែលរត់គេចពីកូរ៉េខាងជើង ប៉ុន្តែដោយសារតែបច្ចេកវិទ្យា Google Earth ភស្តុតាងជារូបភាពផ្កាយរណបអាចត្រូវប្រមូលបានដោយងាយស្រួលជាទីបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យា Google Earth នេះ អាចត្រូវគេប្រើប្រាស់បានដើម្បី «មើលឃើញជំរំគុកនានានៅក្នុងប្រទេសកូរ៉េខាងជើង»។ នេះបើតាមការបញ្ជាក់របស់លោក David Hawk។
រីឯចម្លើយកសិណសាក្សីរបស់អ្នកផ្ដាច់ខ្លួនពីកូរ៉េខាងជើងវិញ គេមានការព្រួយបារម្ភថា ព័ត៌មានដែលប្រមូលបានអាចជាព័ត៌មានតែម្ខាង។ នេះបើយោងតាមការបង្ហាញឲ្យដឹងរបស់អ្នកស្រីបណ្ឌិត Sarah Son ប្រធានផ្នែកស្រាវជ្រាវនៃអង្គការក្រុមការងារយុត្តិធម៌អន្តរកាល (Transitioanl Justice Working Group) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលអង្គការនេះទើបតែបានបោះពុម្ពផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «ការធ្វើផែនទីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងប្រទេសកូរ៉េខាងជើង»។
អ្នកស្រី Sarah Son និយាយថា ការណ៍ដែលមិនមានលទ្ធភាពប្រមូលចម្លើយភស្តុតាងពីអ្នកផ្ដាច់ខ្លួនកូរ៉េខាងជើងដែលមកពីទូទាំងប្រទេសកូរ៉េខាងជើង គឺជា ឧបសគ្គមួយ។
អ្នកស្រីបន្ថែមថា៖ «អ្នកដែលយើងសម្ភាសន៍ភាគច្រើនបំផុតគឺមកពីខេត្តភាគខាងជើងបង្អស់នៃប្រទេសកូរ៉េខាងជើង ដោយសារតែខេត្តនោះជាកន្លែងងាយស្រួលបំផុតសម្រាប់អ្នកទាំងនោះរត់គេចខ្លួន។ ដូច្នេះហើយ ព័ត៌មានដែលយើងមានលទ្ធភាពប្រមូលបានទាក់ទិននឹងទីតាំងភូមិសាស្ត្រផ្សេងៗ គឺភាគច្រើនមិនមានតុល្យភាពនោះទេ»។
ប៉ុន្តែបើផ្អែកទៅលើស្ថានការណ៍បច្ចុប្បន្ននេះ អ្នកស្រី Roberta Cohen បានស្នើនូវវិធីសាស្ត្រ ៤ ប្រភេទ ដើម្បីប្រមូលព័ត៌មានសិទ្ធិមនុស្សកូរ៉េខាងជើង។ វិធីសាស្ត្រទាំងនោះគឺ «ការប្រមូលភស្តុតាងពីអតីតអ្នកទោស ឆ្មាំគុក សាក្សី និងជនជាតិកូរ៉េខាងជើងដទៃទៀតអំពីការរំលោភសិទ្ធិមនុស្ស ការប្រមូលភស្តុតាងអំពីជំរំគុកតាមរយៈរូបភាពផ្កាយរណបដែលមានគុណភាពច្បាស់ ការបន្តបង្កើតប្រភពព័ត៌មាននៅក្នុងប្រទេសកូរ៉េខាងជើង និងការបង្កើតកន្លែងផ្ទុកព័ត៌មាន និងភស្តុតាងចម្បងមួយ ដែលអាចពឹងផ្អែកបាន ដែលនេះជា អ្វីដែលអង្គការសហប្រជាជាតិមានគម្រោងនឹងធ្វើ»។
លោក ឆាំង យុ បានបញ្ជាក់ថា៖ «ការប្រមូលកត់ត្រាបញ្ហាសិទ្ធិមនុស្សគឺជា ដំណើរការផ្អែកលើវិធីសាស្ត្រ ដែលមានលក្ខណៈស្ងាត់ស្ងៀម និងយឺតយ៉ាវ»។ ដោយសារតែហេតុដូច្នេះហើយ អ្នកស្រី Sarah Son ដែលជាអ្នកប្រមូលឯកសាររំលោភសិទ្ធិមនុស្សកូរ៉េខាងជើងមួយរូប បាននិយាយថា អ្នកស្រីបានសិក្សាស្វែងយល់យ៉ាងច្រើនពីបទពិសោធន៍ប្រទេសកម្ពុជា ជាពិសេសពីបទពិសោធន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ទាក់ទិននឹងការចងក្រងឯកសារ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលបទពិសោធន៍របស់ប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញ គឺសារៈសំខាន់នៃការតស៊ូ និងការអត់ធ្មត់ដើម្បីស្វែងយល់ឲ្យបានច្បាស់អំពីបរិយាកាសនយោបាយ ដែលយើងត្រូវធ្វើការជាមួយឲ្យទទួលបានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន»។
យុត្តិធម៌ និងការទទួលខុសត្រូវ
ការិយាល័យចងក្រងឯកសារសិទ្ធិមនុស្សកូរ៉េខាងជើងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីចុងខែតុលាកន្លងទៅនេះ បានកំណត់អត្តសញ្ញាណមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង ២៤៥ នាក់ ដែលខ្លួនបានអះអាងថា មានការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមប្រភពពីរដ្ឋសភា និងក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Yonhap News។
នេះជាវិធានការជឿនលឿនទៅមុខមួយដែលធ្វើឡើងដោយប្រទេសកូរ៉េខាងត្បូង បន្ថែមទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ក៏ដូចជាការដាក់សម្ពាធអន្តរជាតិផ្សេងៗទៀត ដើម្បីឲ្យប្រទេសកូរ៉េខាងជើង ដែលលោកសាស្ត្រាចារ្យ Morse Tan នៃសាកលវិទ្យាល័យ Northern Illinois បានហៅថាជា «រដ្ឋដែលគ្មានសិទ្ធិអ្វីទាំងអស់» ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកស្រី Roberta Cohen ដែលជាអ្នកជំនាញសិទ្ធិមនុស្សកូរ៉េខាងជើងនាំមុខមួយរូប បាននិយាយថា នាពេលបច្ចុប្បន្ននេះ មានជម្រើសចំនួន ៣ ដែលចាត់ទុកថា មានសារៈសំខាន់នៅក្នុងការត្រៀមសម្រាប់បញ្ជូនឧក្រិដ្ឋជនរំលោភសិទ្ធិមនុស្សកូរ៉េខាងជើងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ជម្រើសទាំង ៣ នោះគឺ «ការប្រមូលភស្តុតាងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចរៀបចំជាមូលដ្ឋានសម្រាប់សវនាការកាត់ទោសនៅថ្ងៃអនាគត ការប្រមូលចម្លើយកសិណសាក្សីនានានៅក្នុងទម្រង់មួយ ដែលអាចប្រើនៅក្នុងសេចក្ដីសង្ខេបនៃអង្គហេតុនៃរឿងក្ដីរបស់រដ្ឋអាជ្ញានៅក្នុងនីតិវិធីតុលាការនាពេលអនាគត និងការកំណត់នូវស្ថាប័ន និងបុគ្គលនានាដែលអាចប្រឈមនឹងការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាពលរដ្ឋកូរ៉េខាងជើង»។
តុលាការកូនកាត់ ដែលស្រដៀងទៅនឹងសាលាក្ដីខ្មែរក្រហម គឺមានលក្ខណៈសក្ដិសមបំផុតសម្រាប់បរិបទកូរ៉េខាងជើង ក្រោយពីកូរ៉េទាំងពីរបង្រួបបង្រួមគ្នាឡើងវិញនៅថ្ងៃណាមួយនាពេលអនាគត។ នេះបើតាមការបញ្ជាក់របស់លោក Morse Tan។
លោកបាននិយាយថា៖ «ជម្រើសដែលខ្ញុំស្នើឡើងខ្លាំងជាងគេបំផុតគឺ តុលាការកូនកាត់។ តុលាការនេះគឺជា តុលាការដែលមានការចូលរួមមួយផ្នែកពីក្នុងប្រទេស និងមួយផ្នែកពីអន្តរជាតិ គឺស្រដៀងទៅនឹងតុលាការខ្មែរក្រហមក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមថា «តុលាការនេះទំនងជាចំណាយថវិកាតិចជាងតុលាការអន្តរជាតិសុទ្ធសាធ និងក៏ទំនងជាផ្ដល់យុត្តិធម៌អន្តរកាលមួយចំនួនផងដែរ»។
អ្នកស្រី Sarah Son បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងមានសមត្ថភាពក្នុងការដោះស្រាយជាមួយនឹងឧក្រិដ្ឋកម្មអន្តរជាតិ។
អ្នកស្រីនិយាយយ៉ាងដូច្នេះថា៖ «តុលាការកូនកាត់សក្ដិសមបំផុតសម្រាប់បរិបទកូរ៉េខាងជើង ផ្អែកលើមូលដ្ឋាននៃការពិតដែលថា កូរ៉េខាងត្បូងមាននីតិរដ្ឋដ៏ល្អប្រសើរ»។
ប៉ុន្តែតើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចបង្រួបបង្រួមគ្នាតាមរបៀបណា?
លោក Gregory Stanton ជឿជាក់យ៉ាងមុតមាំថា ការផ្លាស់ប្ដូររបប «ផ្ដាច់ការ» របស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un អាចទៅរួចតាមរយៈការផ្លាស់ប្ដូរចិត្តគំនិតរបស់ប្រជាពលរដ្ឋកូរ៉េខាងជើង ជាពិសេសចិត្តគំនិតរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន។
លោកនិយាយថា៖ «នឹងមានការបែកខ្ញែកគ្នានៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង ហើយអ្នកដែលសម្រេចថា ពួកគេប្រឆាំងនឹងការបន្តភាពផ្ដាច់ការកុម្មុយនិស្តនេះ អាចដឹកនាំប្រទេសកូរ៉េខាងជើងទៅរកអនាគតមួយដែលមានសន្តិភាព ដែលក្នុងនោះមានទាំងការបង្រួបបង្រួមជាមួយនឹងកូរ៉េខាងត្បូងទៀតផង»។
ដើម្បីផ្លាស់ប្ដូរចិត្តគំនិតរបស់ប្រជាពលរដ្ឋកូរ៉េខាងជើងបន្តិចម្ដងៗ លោក Morse Tan បានស្នើយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វិធីសាស្ត្រដែលមានសារៈសំខាន់មួយទៀត គឺការបញ្ជ្រាបព័ត៌មានល្អៗឲ្យបានកាន់តែច្រើនចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីទប់ទល់នឹងលំហូរនៃការឃោសនាផ្សេងៗ...។ បើយើងអាចបញ្ជ្រាបព័ត៌មានទាំងនេះកាន់តែច្រើនចូលទៅក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋកូរ៉េខាងជើង នោះវាជាការត្រៀមខ្លួនដ៏ល្អបំផុតសម្រាប់ការបង្រួបបង្រួមកូរ៉េទាំងពីរនៅពេលអនាគត»។
ការលើកឡើងនេះគឺ ដូចទៅនឹងការលើកឡើងរបស់ជនផ្ដាច់ខ្លួន ដែលជាអតីតមន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង ដែលបានផ្ដល់សក្ខីកម្មនៅពីមុខគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាសហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។
លោក Thae Yong Ho ដែលជាអតីតអនុប្រធានបេសកកម្មការទូតនៃស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានរត់គេចទៅកាន់ប្រទេសកូរ៉េខាងត្បូងជាមួយនឹងក្រុមគ្រួសាររបស់លោកកាលពីឆ្នាំមុន បាននិយាយថា ការផ្លាស់ប្ដូរចិត្តគំនិតរបស់ប្រជាពលរដ្ឋកូរ៉េខាងជើងគឺ កំពុងតែមានការកើនឡើងនៅក្នុងប្រទេសផ្ដាច់ការមួយនេះ។
លោកបានផ្ដល់សក្ខីកម្មយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋកូរ៉េខាងជើងមិនខ្វល់អំពីការឃោសនារបស់រដ្ឋនោះទេ ប៉ុន្តែចាប់ផ្ដើមមើលភាពយន្តកូរ៉េខាងត្បូងដែលនាំចូលខុសច្បាប់»។
លោកបន្ថែមថា៖ «យើងមិនអាចផ្លាស់ប្ដូរគោលនយោបាយរបស់របបដឹកនាំលោក Kim Jong Un ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនេះទេ ប៉ុន្តែយើងអាចអប់រំប្រជាពលរដ្ឋកូរ៉េខាងជើងឲ្យក្រោកឈរឡើង ដោយការបញ្ជ្រាបព័ត៌មានពីខាងក្រៅ»។
ដើម្បីឲ្យការបង្រួបបង្រួមកូរ៉េទាំងពីរទទួលបានជោគជ័យ «មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទំនងជាចាំបាច់ត្រូវមានអារម្មណ៍ថា ការបង្រួបបង្រួមនេះនឹងផ្ដល់ផលល្អសម្រាប់ពួកគេ ឬក៏យ៉ាងហោចណាស់ក៏មិនមែនអាក្រក់ដែលមិនអាចទទួលយកបាននោះទេ»។ នេះបើយោងតាមអត្ថបទស្រាវជ្រាវឆ្នាំ ២០១៧ មួយរបស់លោក Bruce Bennett នៃអង្គការ Rand Corporationដែលមានចំណងជើងថា៖ «ការរៀបចំមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងសម្រាប់ការបង្រួបបង្រួមកូរ៉េទាំងពីរ» (Preparing North Korean Elites for Unification)។
ហើយដើម្បីឲ្យមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមានអារម្មណ៍ដូច្នេះ របាយការណ៍ដដែលនេះបានបញ្ជាក់ថា៖ «ប្រទេសកូរ៉េខាងត្បូងចាំបាច់ត្រូវពិចារណាបង្កើតប្រព័ន្ធយុត្តិធម៌អន្តរកាលមួយ ដែលកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់នានា ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។ យុត្តិធម៌នៅតែអាចអនុវត្តបានចំពោះជនជាតិកូរ៉េខាងជើងណាដែលទទួលខុសត្រូវសម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដដែល ប៉ុន្តែការលើកលែងទោសមួយចំនួន (ទោះបីជាទាំងស្រុង ឬមួយផ្នែកក៏ដោយ) ប្រហែលជាចាំបាច់ត្រូវតែអនុវត្តចំពោះមនុស្សដទៃផ្សេងទៀត បើមិនដូច្នេះទេ វានឹងមានការលំបាកក្នុងការកាត់បន្ថយការប្រឆាំងតបតវិញពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង»។
ទោះបីជាដូចលោក David Hawk បាននិយាយថា៖ «រាល់ការទស្សន៍ទាយទាំងអស់កន្លងមកដែលថាកូរ៉េខាងជើងនឹងដួលរលំនោះគឺជាការទស្សន៍ទាយមិនត្រឹមត្រូវក៏ដោយ» ក៏លោក Gregory Stanton បានផ្ញើសារលើកទឹកចិត្តមួយចំពោះប្រជាពលរដ្ឋកូរ៉េខាងជើងថា៖ «សូមកុំបោះបង់ចោល ដោយសារតែទោះបីជាវាត្រូវចំណាយពេល ៣០ ឆ្នាំ ឬ ៥០ ឆ្នាំក៏ដោយ ក៏នៅតែមានតម្លៃ ដោយហេតុថា ប្រជាពលរដ្ឋកូរ៉េខាងជើងនឹងទទួលបានផលប្រយោជន៍ពីវា ហើយនៅទីបំផុត កូរ៉េទាំងពីរនឹងក្លាយជាកូរ៉េតែមួយឡើងវិញជាក់ជាមិនខាន»៕