ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់កម្ចីចំនួន ៤០ លានដុល្លារ និងផ្ដល់ជំនួយបច្ចេកទេសជាជំនួយឥតសំណងក្នុងទឹកប្រាក់ ៦សែនដុល្លារ ដើម្បីលើកកម្ពស់ការទទួលបានសេវាធនាគាររបស់ពលរដ្ឋនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញនៅថ្ងៃទី២២ ខែវិច្ឆិកានេះ បង្ហាញថាកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកាត់បន្ថយភាពក្រីក្រពី ៤៧,៨% ក្នុងឆ្នាំ ២០០៧ មកនៅ ១៣,៥% ក្នុងឆ្នាំ ២០១៤។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ប្រជាពលរដ្ឋជាច្រើននាក់នៅតែងាយប្រឈមនឹងភាពក្រីក្រ ជាពិសេស អ្នកដែលរស់នៅតាមតំបន់ជនបទ ជាទីដែលមានប្រជាពលរដ្ឋក្រីក្រ ៩០% រស់នៅ ហើយមានប្រជាពលរដ្ឋ ៤១% រស់នៅជាមួយនឹងចំណូលក្រោម ២ដុល្លារ ក្នុងមួយថ្ងៃ។
លោក Hiroyuki Aoki អ្នកឯកទេសជាន់ខ្ពស់ខាងវិស័យហិរញ្ញវត្ថុនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ការសម្រេចនូវកំណើនទទួលសេវាហិរញ្ញវត្ថុនៅកម្ពុជា គឺជាបញ្ហាប្រឈមមួយ ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលពុំបានទទួលសេវាហិរញ្ញវត្ថុជាផ្លូវការ។
លោកបន្ថែមក្នុងសម្រង់សម្ដីដើមថា៖ «គម្រោងនេះនឹងជួយរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ខ្លួន សំដៅកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលពុំបានទទួលសេវាហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន [ការដាក់បញ្ចូលក្នុងឬមិនទុកឲ្យនៅក្រៅប្រព័ន្ធ]»។
ធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុបែបបរិយាប័ន្ន ឬការជំរុញលើកកម្ពស់ឲ្យទទួលបានអត្ថប្រយោជន៍អ្វីមួយ (IFSDP) នឹងជួយនាំប្រជាពលរដ្ឋទាំងនេះ មកក្នុងសេវាហិរញ្ញវត្ថុផ្លូវការវិញ តាមរយៈការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមួយ ដែលមានប្រសិទ្ធភាព និងស្ថិរភាព។
ការគាំទ្រគោលនយោបាយ និងការលើកកម្ពស់ការការពារអតិថិជន នឹងផ្ដល់ប្រយោជន៍ដល់គ្រួសារដែលរស់នៅតំបន់ជនបទ ដូចជាកសិករ និងសហគ្រាសខ្នាតតូច និងមធ្យមជាដើម។
កម្មវិធីនេះ នឹងធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុដែលមានស្រាប់ សំដៅគាំទ្រដល់ការបង្កើតសេវា និងផលិតផលថ្មីៗ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី ប្រាប់ VOA ថា ការផ្ដល់កម្ចី និងជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីពង្រឹងការទទួលបានសេវាធនាគារ នឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនប្រភពទុនសម្រាប់ការផ្ដល់កម្ចីដល់ប្រជាពលរដ្ឋ។
«កាលណាគាត់មានហិរញ្ញវត្ថុប្រើប្រាស់ច្រើន គាត់អាចបង្កើតមុខរបរថ្មី គាត់អាចពង្រីកមុខរបររបស់គាត់ ហើយការបង្កើតមុខរបរថ្មី ការពង្រីកមុខរបរ គឺជាឱកាសការងារមួយសម្រាប់ខ្លួនគាត់ គឺគាត់អាចជួយកម្មករ ហើយកាលណាសម្រាប់ខ្លួនគាត់ផ្ទាល់គឺគាត់បានប្រាក់ចំណូលបន្ថែម ហើយការបន្ថែមឲ្យមានការងារថ្មី ហើយការបន្ថែមឲ្យមានប្រាក់ចំណូលបន្ថែមទៀតហ្នឹង គឺរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហើយ ព្រោះអីពលរដ្ឋកម្ពុជាមានការងារធ្វើ ពលរដ្ឋកម្ពុជាមានប្រាក់ចំណូលបន្ថែម ហើយចំណែកទាំងពីរហ្នឹង ធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច»។
កន្លងមករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រង្សី វិស្សុត លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ន មានចំនួនជាង៥០ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របពេលបញ្ហាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនបានចុះបញ្ជីកំពុងជាបញ្ហាចោទ ដោយសារគ្រឹះស្ថានទាំងនោះផ្ដល់ប្រាក់កម្ចីឲ្យប្រជាពលរដ្ឋដោយមិនមានស្តង់ដារត្រឹមត្រូវ ។
លោកបន្ថែមថា ពលរដ្ឋដែលខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមិនចុះបញ្ជីត្រឹមត្រូវនេះ ពុំបានយកប្រាក់កម្ចីនោះ ទៅប្រើប្រាស់ឲ្យចំទិសដៅនោះទេ ដោយបណ្ដាលឲ្យពួកគេប្រឈមនឹងការរឹបអូសដីធ្លីរបស់ពួកគេ៕