លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃអាទិត្យនេះ ត្រូវគេរាយការណ៍ថា បានឃាត់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក នៃស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយផ្ទាល់ ដើម្បីសួរនាំបន្ថែមទាក់ទិននឹងការចោទប្រកាន់របស់នាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។ នេះបើយោងទៅតាមការបញ្ជាក់ពីតំណាងរាស្ត្រគណបក្សប្រឆាំង និងអភិបាលស្រុកកំពង់សៀម។
នាង ខុម ចាន់ដារ៉ាទី ដែលកំពុងជាប់ពាក់ព័ន្ធនឹងការចោទក្នុងរឿងអាស្រូវស្នេហាលួចលាក់ជាមួយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មេឃុំរូបនេះ បានបញ្ចុះបញ្ចូលឪពុកម្ដាយរបស់នាង ឲ្យទទួលយកលុយចំនួន៥០០ដុល្លារ ជាថ្នូរនឹងការណែនាំនាងមិនឲ្យនិយាយការពិតដែលអាចប៉ះពាល់លោក កឹម សុខា។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្សី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ៥០០ដុល្លារ ដែលឈ្មោះ ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ បានឆ្លើយដាក់។
លោក អេង ឆៃអ៊ាង បានហៅការចាប់ខ្លួន ដោយយោងតាមការឆ្លើយដាក់ពីមនុស្សម្នាក់បែបនេះថា ជា«មិនខុសពីរបបខ្មែរក្រហមឡើយ»។
យោងទៅតាមលិខិតចំហរបស់នាងស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នាងបានបាត់បង់កិត្តិយស ការងារ និងរងទុក្ខលំបាកភ័យខ្លាចពីសុវត្ថិភាពជាខ្លាំង ដោយសារសកម្មភាពរបស់លោក កឹម សុខា ដែលនាងចោទថាជាការបោកប្រាស់។
នាងបញ្ជាក់បន្ថែមថា៖ «ចំណែកឪពុកម្ដាយនាងខ្ញុំ ដែលកំពុងរស់នៅ ភូមិល្តាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវរងការអូសទាញ បញ្ចុះបញ្ចូល ពួកគាត់ពីសំណាក់ មេឃុំស្រក ឈ្មោះ ស៊ាង ចែត ហើយបង្គាប់ឲ្យម៉ែឪនាងខ្ញុំ ណែនាំដល់នាងខ្ញុំ កុំនិយាយការពិតដែលប៉ះពាល់ ដល់លោក កឹម សុខា។ មេឃុំ បានយកលុយមកឲ្យម្ដាយនាងខ្ញុំចំនួន៥០០ដុល្លារអាមេរិក ហើយបានសន្យាឲ្យនាងខ្ញុំ និងម្ដាយនាងខ្ញុំទៅនៅក្រៅប្រទេស»។
លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀម បានមានប្រសាសន៍ប្រាប់ VOA ថា លោក ឱម យ៉ិនទៀង បានជួបលោក ស៊ាង ចែត ដោយចៃដន្យនៅក្នុងសាលាស្រុកកំពង់សៀម នៅព្រឹកថ្ងៃអាទិត្យ។
លោកស្រី ថា លោកស្រីបានអញ្ជើញលោក ស៊ាង ចែត មកប្រជុំអំពីការងាររដ្ឋបាលស្រុក ប៉ុន្តែគាប់ជួនពេលនោះ លោក ឱម យ៉ិនទៀង បានមកដល់សាលាស្រុក ហើយបានជួបលោកមេឃុំ ស៊ាង ចែត និងបានសួរនាំ លោក មេឃុំ អំពីរឿងរបស់ស្រីមុំ។
លោកស្រី ស្រី គឹមឆយ បន្តថា ដោយសារការសួរនាំ មិនបានគ្រប់គ្រាន់ លោក ឱម យ៉ិនទៀង ក៏នាំលោក ស៊ាង ចែត មករាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែមទៀត។
«គាត់គ្រាន់តែប្រាប់ខ្ញុំថា ឥឡូវការណ៍ដែលគាត់សាកសួរហ្នឹងឥឡូវ មិនអាចចប់សព្វគ្រប់នៅទីនេះបានទេ មានការពាក់ព័ន្ធច្រើន ពាក់ព័ន្ធនឹងចម្លើយហ្នឹង។ ជញ្ជឹង គាត់សុំនាំទៅសាកសួរបន្ត។ គាត់គ្រាន់តែប្រាប់ខ្ញុំប៉ុណ្ណឹង»។
លោកស្រីអភិបាលស្រុកកំពង់សៀមដដែល បានបន្ថែមថា លោកស្រីមិនបានដឹងទុកជាមុនពីដំណើររបស់លោក ឱម យ៉ិនទៀង ទៅសាលាស្រុកកំពង់សៀមនោះទេ តែលោកស្រីថា ការសួរនាំនេះអាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
VOA ពុំទាន់អាចទាក់ទង លោក ឱម យ៉ិនទៀង ដើម្បីសុំការអធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោករោទ៍ តែគ្មានអ្នកទទួល។ ទោះជាយ៉ាងនេះក្តី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ពីការចាប់ខ្លួន លោក ស៊ាង ចែត ផងដែរ។
នៅពេល VOA សួរថា តើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អាចនឹងចេញមកបំភ្លឺសំណុំរឿងនេះដែរឬទេ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា មិនទាន់មានព័ត៌មានអំពីបញ្ហានេះទេ។ ប៉ុន្តែ លោកថា ការចាប់ខ្លួននេះ គឺមិនត្រឹមត្រូវទេ ព្រោះពុំមានការស៊ើបអង្កេត។
«បើគ្រាន់តែចម្លើយរបស់មនុស្សម្នាក់ ហើយបែរជាទៅចាប់ដោយមិនទាន់មានការធ្វើស៊ើបអង្កេត ឬមួយធ្វើការសន្និដ្ឋានបែបណា អាហ្នឹងជារឿងមួយដែលគួរឲ្យសោកស្ដាយ»។
ការឃាត់ខ្លួនលោក ស៊ាង ចែត កើតមានឡើង បន្ទាប់ពីលិខិតចំហរបស់នាង ស្រីមុំ ត្រូវបានគេចែករំលែកតគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ការឃាត់ខ្លួននេះ ក៏បានកើតឡើង បន្ទាប់នាងស្រីមុំ បានប្ដឹងទាមទារសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដទៃទៀត។
រីឯ នាង ធី សុវណ្ណថា ដែលបានប្ដឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ក៏បានប្រកាសទាមទារជាសាធារណៈនូវទឹកប្រាក់ ១លានដុល្លារពីលោក កឹម សុខា ផងដែរ។
នៅថ្ងៃអាទិត្យនេះដែរ យុវជន ដែលតាំងខ្លួនជានិស្សិត និងត្រូវគេស្គាល់ឈ្មោះថា ស្រី ចំរើន បានដឹកនាំក្រុមយុវជនជាង២០នាក់ ទៅឈរតវ៉ានៅមុខរដ្ឋសភាជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពសិទ្ធិមនុស្ស គោរពវប្បធម៌សន្ទនា និងត្រូវហ៊ានចេញមុខទទួលស្គាល់ការពិត៕