សកម្មជន​សុំ​ឲ្យអាជ្ញាធរ​ក្រិក​ដោះលែង​កុមារ​ចំណាក​ស្រុក​

រូបឯកសារ៖ ក្មេងម្នាក់ពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ មើលជនអន្តោប្រវេសន្ត៍ និងជនចំណាកស្រុកមកដល់កំពង់ផែ Piraeus ជិតក្រុងអាថែន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

កាល​ពី​ខែ​វិច្ឆិកា​ លោក​ Kyriakos Mitsotakis ​នាយក​រដ្ឋមន្ត្រី​ក្រិក​ បាន​បើក​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​លោក​បាន​សន្យា​ថា​ នឹង​មិន​ទុក​ឱ្យ​កុមារ​ចំណាក​ស្រុក​ណា​ម្នាក់​មិន​មាន​កិច្ចការ​ពារ​ទេ។

ហើយ​នៅ​ក្នុង​ពេល​ប៉ន្មាន​ខែ​បន្ទាប់​មក​ កុមារ​រាប់​រយ​នាក់​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ក្រិក​រហូត​ដល់​មួយ​ឆ្នាំ​ បាន​ទៅ​តាំង​លំនៅ​ដ្ឋាន​ជា​ថ្មី​នៅ​ក្នុង​កណ្តាល​ទ្វីប​អឺរ៉ុប​ ដោយ​បាន​ជួប​ជុំ​ជា​ថ្មី​ជា​មួយ​គ្រួសារ​ពួក​គេ។​

ក៏​ប៉ុន្តែ​ព័ត៌មាន​អំពី​ការ​រង​ទុក្ខវេទនា​របស់​ពួក​កុមារ​ទាំង​នេះ​មិន​បាន​បញ្ឈប់​ពួក​ជន​ចំណាក​ស្រុក​មិន​ឱ្យ​ធ្វើ​ដំណើរ​ពី​ប្រទេស​តួកគី​ទៅ​កាន់​ប្រទេស​ក្រិក​ទេ។​

ហើយ​នៅ​ពេល​នេះ​អង្គការ​ International Human Rights Watch ​បាន​ព្រមាន​ថា​ ចំនួន​ពួក​កុមារ​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ក្រិក​មាន​ច្រើន​ជាង​ពេល​ដែល​លោក ​Mitsotakis ​បាន​សន្យា​ថា​ «មិន​ឱ្យ​មាន​កុមារ​នៅ​តែ​ឯក​ឯង»​ ដោយ​នាំ​ឱ្យ​ចំនួន​ពួក​កុមារ​ចំណាក​ស្រុក​ជាប់​ឃុំឃាំង​ឡើង​ដល់​ជិត​៣០០​នាក់​ហើយ។​

អ្នក​ស្រី ​Eva Cosse ​នៃ​អង្គការ​ Human Rights Watch ​និយាយ​ថា​ ពួក​កុមារ​ទាំង​អស់​នេះ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​និង​មជ្ឈមណ្ឌល​ឃុំ​ឃាំង​ដោយ​គ្មាន​បុព្វ​ហេតុ​ពិត​ប្រាកដ​ភាគ​ច្រើន​គឺ​ ដោយសារ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ទូទាំង​ប្រទេស​ក្រិក​មាន​មនុស្ស​ណែន​ក្តន់​ហួស​ចំណុះ។

ពួក​សកម្ម​ជន​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ស្ថានភាព​បែប​នេះ​អាច​ធ្វើ​ឱ្យ​ពួក​កុមារ​ចំណាក​ស្រុក​រងគ្រោះ​ដោយ​ងាយ​ជាង​មុន។​ អ្នក​ស្រី ​Cosse ​បាន​និយាយ​ថា៖​

«ពួក​កុមារ​ទាំង​នេះ​ជាប់​ឃុំឃាំង​នៅ​ក្នុង​បន្ទប់​កខ្វក់​នៃ​ប៉ុស្តិ៍​ប៉ូលិស​ ជា​ធម្មតា​នៅ​ជាន់​ក្រោម​ដី​ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​ទេ​ ហើយ​ពួក​គេ​មិន​បាន​នៅ​ក្នុង​អគារ​ស្អាត​ឡើយ។​ជួន​កាល​កុមារ​ទាំង​នេះ​ជាប់​ឃុំឃាំង​ជា​មួយ​ពួក​មនុស្ស​ពេញ​វ័យ​ដែល​នាំ​ឱ្យ​ពួក​គេ​អាច​មាន​ហានិភ័យ​ដោយ​សារ​ការ​ទាញ​យក​ប្រយោជន៍​និង​ការ​រំលោភ»។​

ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​នៃ​អ.ស.ប.​ក៏​បាន​សម្តែង​កង្វល់​ស្រដៀង​គ្នា​នេះ​ដែរ​ ជាពិសេស​នៅ​ពេល​ដែល​មាន​កំណើន​លំហូរ​ជន​ភៀស​ខ្លួន​ជិត​៣០០​ភាគ​រយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​កើន​ឡើង​ដល់​៦​ម៉ឺន​នាក់​គឺ​ស្មើ​នឹង​ពីរ​ដង​នៃ​ចំនួន​ពួក​ជន​ដែល​បាន​ចូល​ក្នុង​ប្រទេស​ក្រិក​កាលពី​ឆ្នាំ​២០១៨។​

ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក ​លំហូរ​ជនភៀស​ខ្លួន​បាន​ថយ​ចុះ​ ភាគ​ច្រើន​ដោយសារ​មាន​ការ​កើន​ឡើង​នៃ​ការ​យាមល្បាត​នៅ​តាម​បណ្តោយ​ព្រែក​ Argean ​ដែល​នៅ​ចន្លោះ​ប្រទេស​ក្រិក​ និង​ប្រទេសតួកគី។​

ប្រទេស​ទាំង​ពីរ​នេះ​ក៏​បាន​បិទ​ព្រំដែន​ពួក​គេ​ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ដោយ​ធ្វើឱ្យ​មាន​ការ​ពិបាក​ជាង​មុន​សម្រាប់​ពួក​អ្នក​ជួញ​ដូរ​មនុស្ស​ចូល​ក្នុង​ប្រទេស​ក្រិក​ដែល​ជា​រដ្ឋ​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប។​

ក៏​ប៉ុន្តែ​ការណ៍​ពិត​ជាក់​ស្តែង​ដ៏​អាណោច​អាធម​អំពី​ពួក​កុមារ​ចំណាក​ស្រុក​នៅ​តែ​មាន​ត​ទៅ​ទៀត។​ ស្ថិតិ​របស់​រដ្ឋ​និង​អ.ស.ប.​បង្ហាញ​ថា​ មាន​កុមារ​ចំណាក​ស្រុក​៥​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ក្រិក​គឺ​មាន​ពីរ​ដង​នៃ​ចំនួន​កុមារ​កាល​ពី​ពីរ​ឆ្នាំ​មុន។​

ភាគ​ច្រើន​នៃ​ពួក​កុមារ​ចំណាក​ស្រុក​ទាំង​នេះ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មាន​មនុស្ស​ណែន​ក្តន់​ដែល​នៅទី​នោះ​មាន​កុមារ​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​បណ្តា​កុមារ​៥​នាក់​បាន​រស់​នៅ​ក្នុង​អគារ​ពិសេស​មាន​សន្តិសុខ។​ នៅ​ក្នុង​ជំរំ​ទាំង​នេះ​ ​កុមារ​ខ្លះ​បាន​និយាយ​ថា​ ​ ខ្ទួយ​កណ្តុរ​ខាំ​ពួក​គេ ​ហើយ​អ្នក​ខ្លះ​ថា ត្រូវ​ពស់​ចឹក​ផង​ដែរ។​ កុមារ​ខ្លះ​បាន​ថ្លែង​ថា​ បណ្តាញ​ពួក​ឧក្រិដ្ឋ​ជន​ និង​ពួក​ជួញ​ដូរ​មនុស្ស​ខាង​ភេទ​បាន​ប៉ុនប៉ង​យក​ពួក​គេ​ជា​ទី​ដៅ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។​

ការ​ដែល​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ​ថា​ ពួក​អ្នក​ធ្វើការ​ខាង​ផ្តល់​ជំនួយ​បាន​ព្រមាន​ថា​ មួយ​ភាគ​ប្រាំ​នៃ​ពួក​កុមារ​ដែល​មាន​ឯកសារ​បញ្ជាក់​ថា ​បាន​មកដល់​ប្រទេស​ក្រិក​នោះ​ បាន​បាត់​ខ្លួន​ដោយ​គ្មាន​បន្សល់​ទុក​ដាន​សោះឡើយ។​

​មន្ត្រី​ក្រិក​ខាង​កិច្ចការ​ចំណាក​ស្រុក​ដែល​វីអូអេ​បាន​ទាក់​ទង​នៅ​ក្នុង​ក្រុង​អាថែន​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។​

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​វិបត្តិ​វីរុស​កូរ៉ូណា​ចុះថម​ថយ​ហើយ​នោះ​ ​ប្រទេស​ក្រិក​ក៏​ដូច​ជា​ប្រទេស​ឯ​ទៀតៗ​ដែរ​ នឹង​បន្ធូរ​បន្ថយ​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន ​ដែល​នាំ​ឲ្យ​ ពួក​អ្នក​ជំនាញ​បារម្ភ​ថា​ នឹង​មាន​កណើន​លំហូរ​ពួក​ជន​ចំណាក​ស្រុក​ជា​ថ្មីហើយ​ស្ថានភាព​នឹង​ធ្ងន់ធ្ងរ​ជាង​មុន​ជា​ពិសេស​សម្រាប់​ក្រុម​កុមារ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ