អ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វញ៉ាបានយល់ព្រមដោយសំឡេងភាគច្រើនលើសេចក្តីស្នើច្បាប់ចំនួនពីរដែលសកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិចយល់ថា នឹងជួយដោះស្រាយបញ្ហាប្រឈមក្នុងការអប់រំ និងផ្លូវច្បាប់ដែលយុវជនខ្មែរអាមេរិកាំងកំពុងជួបប្រទះ។
ក្នុងចំណោមសេចក្តីស្នើច្បាប់ចំនួន១៧ ដែលបានដាក់ឱ្យអ្នកបោះឆ្នោតសម្រេចក្នុងពេលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ ខែវិច្ឆិកា គឺមានសេចក្តីស្នើច្បាប់លេខ៥៥ និង៥៧ដែលសមាគមសកម្មភាពយុវនារីខ្មែរ (Khmer Girls in Action) ខិតខំជំរុញយ៉ាងខ្លាំង។
សេចក្តីស្នើច្បាប់លេខ៥៥សម្រាប់រដ្ឋកាលីហ្វញ៉ានេះ គឺពាក់ព័ន្ធនឹងការដកហូតយកពន្ធ។ អ្នកបោះឆ្នោតបានយល់ព្រមគាំទ្រដល់ការពន្យាការបង្កើនពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនរបស់អ្នកដែលមានចំណូលលើសពី២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីយកថវិកាមកជួយឧបត្ថម្ភដល់វិស័យអប់រំ និងសុខាភិបាល។
រីឯសេចក្តីស្នើច្បាប់លេខ៥៧សំដៅលើការបន្ធូរបន្ថយទោសដល់អនីតិជន និងជនល្មើសស្ថិតក្នុងសំណុំរឿងអហិង្សា។ អ្នកបោះឆ្នោតក៏បានយល់ព្រមគាំទ្រដល់ការបង្កើនការបន្ធូរបន្ថយទោស និងឱកាសចេញពីពន្ធនាគារបានឆាប់សម្រាប់ទណ្ឌិតក្នុងសំណុំរឿងមិនហិង្សាបើសិនជាជននោះ បានប្រព្រឹត្តល្អក្នុងពេលជាប់ទោស និងទីពីរអនុញ្ញាតឱ្យចៅក្រមជាអ្នកសម្រេចថា ត្រូវកាត់ទោសអនីតិជនខ្លះដូចមនុស្សពេញវ័យដែរឬយ៉ាងណា។ កាលពីមុនគឺក្រុមរដ្ឋអាជ្ញាជាអ្នកសម្រេច។
នេះជាជោគជ័យមួយសម្រាប់សកម្មជនសហគមន៍ ដោយសារពួកគេបានធ្វើយុទ្ធនាការយ៉ាងសកម្ម មុនពេលបោះឆ្នោតដើម្បីឱ្យមានការគាំទ្រ។
លោកស្រី Sophya Chhiv នាយិកាកម្មវិធីនៃសមាគមសកម្មភាពយុវនារីខ្មែរយល់ថា ច្បាប់ទាំងពីរនេះមានលក្ខណៈប្រទាក់ក្រឡានឹងគ្នា ដោយសារតែប្រព័ន្ធអប់រំមិនមានលក្ខណៈអនុគ្រោះដល់សិស្ស ដែលមានបញ្ហាដោយមិនគិតដល់កង្វះខាតជំនួយដែលសិស្សទាំងនោះជួបប្រទះក្នុងសង្គម និងគ្រួសារទេ។
«ច្បាប់នេះនឹងមានផលប៉ះពាល់ដល់មនុស្សជាច្រើននៅក្នុងសហគមន៍របស់យើង ដែលបានជាប់ពន្ធនាគារ ឬក៏បោះបង់ចោលការសិក្សា ឬត្រូវគេបណ្តេញចេញពីសាលារៀន ឬមិនអាចបន្តការសិក្សាទៅឧត្តមសិក្សាបានដោយសារតែប្រព័ន្ធសិក្សា»។
យុវជនខ្មែរជាច្រើនបានបោះបង់ចោលការសិក្សា និងគេចមិនចូលសាលារៀននៅទីក្រុងឡុងប៊ិចនេះ។ សាលារៀនកម្រិតវិទ្យាល័យភាគច្រើនមានអត្រាសិស្សគេចមិនចូលសាលារហូតលើសពី៧០ភាគរយហើយកម្រិតនៃភាពក្រីក្រនៅក្នុងទីក្រុងនេះក៏មានខ្ពស់ ដោយយុវជនពាក់កណ្តាលរស់នៅក្នុងស្ថានភាពក្រីក្រ ។ នេះបើតាមការស្រាវជ្រាវរបស់អង្គការសកម្មភាពយុវនារីខ្មែរ។
រដ្ឋកាលីហ្វញ៉ាមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុត ដោយមានចំនួនជាង៨ម៉ឺននាក់ ក្នុងនោះចំនួនជាង២ម៉ឺននាក់រស់នៅក្នុងទីក្រុងឡុងប៊ិច។ អត្រានៃភាពក្រីក្រក្នុងចំណោមពលរដ្ឋខ្មែរអាមេរិកាំងនៅទីនេះមានចំនួនខ្ពស់ ដោយមានចំនួន៣៦ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
បើទោះបីជាឱពុកម្តាយរបស់គេរំពឹងថា ការសិក្សារបស់កូនៗគឺជាច្រកមួយចេញផុតពីភាពក្រីក្រ ប៉ុន្តែតួលេខចុងក្រោយបង្ហាញថា មានសិស្សខ្មែរអាមេរិកាំងប្រហែលជា៣៧ភាគរយមានចំណេះទាបជាងការអប់រំថ្នាក់ទី៩។ ហើយមានតែ៤១ភាគរយមានសញ្ញាបត្រមធ្យមសិក្សា៩ភាគរយមានសញ្ញាបត្របរិញ្ញា និងមានតែ២ភាគរយប៉ុណ្ណោះមានសញ្ញាបត្រឯកទេស។ នេះបើតាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១១ដោយអង្គការសកម្មភាពយុវនារីខ្មែរ។
ការយល់ព្រមរបស់អ្នកបោះឆ្នោតលើសេចក្តីស្នើច្បាប់លេខ៥៧ មានន័យថា ចៅក្រមនឹងធ្វើការសម្រេចថា ត្រូវកាត់ទោសអនីតិជននៅក្នុងតុលាការក្នុងនាមជាអនីតិជន ឬដូចជាមនុស្សពេញវ័យ។
លោកស្រី Sophya Chhiv យល់ថា ពេលមានចៅក្រមដែលយល់ដឹងពីអនីតិជនទាំងនោះគឺជាការសំខាន់ ព្រោះក្មេងដែលមានបញ្ហាក្នុងការសិក្សា និងគ្រួសារត្រូវការជំនួយក្នុងការអប់រំកែប្រែ ជាជាងការដាក់ទោសទណ្ឌ។
«សេចក្តីស្នើច្បាប់នេះនឹងធ្វើឱ្យមានការខុសប្លែក ដោយសារតែចៅក្រមធ្វើការដោយផ្ទាល់ជាមួយនឹងយុវជន ហើយអាចធ្វើសេចក្តីសម្រេចនឹងកាត់ទោសពួកគេតាមវិធីមួយដែលជួយដល់ពួកគេ»។
ពលរដ្ឋខ្មែរនៅក្នុងសហគមន៍នេះមួយចំនួនបានប្រព្រឹត្តខុស ហើយត្រូវទទួលទោសទណ្ឌនិងអ្នកខ្លះទៀតត្រូវប្រឈមនឹងការបណ្តេញចេញទៅប្រទេសកម្ពុជា។ ការស្រាវជ្រាវមួយរកឃើញថា យុវជនខ្មែរអាមេរិកាំងជាង៣០ភាគរយមានសមាជិកក្រុមគ្រួសារ ឬស្គាល់មនុស្សក្នុងសហគមន៍របស់គេ ដែលត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិក។
រហូតមកដល់ដើមឆ្នាំ២០១៦នេះ មានអ្នកទោសកម្រិតស្រាលប្រហែលជា២៥០០០នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារអាចស្នើសុំឱ្យដោះលែងមុនកាលកំណត់ និងការសម្រាលទោសនៅក្រោមសេចក្តីស្នើច្បាប់ថ្មីនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកធ្វើយុទ្ធនាការ។
ការដាក់ឱ្យអ្នកបោះឆ្នោតសម្រេចលើសេចក្តីស្នើច្បាប់លេខ៥៧នេះគឺជាយុទ្ធនាការមួយរបស់លោកអភិបាលរដ្ឋ Jerry Brown ក្នុងការកាត់បន្ថយចំនួនអ្នកទោសដើម្បីអាចសន្សំថវិកាសម្រាប់រដ្ឋផងដែរ។
ច្បាប់នេះនឹងបង្កើនពិន្ទុសម្រាប់អ្នកទោសណា ដែលបានបញ្ចប់កម្មវិធីស្តារនីតិសម្បទារឡើងវិញ អនុញ្ញាតឱ្យអ្នកទោសក្នុងសំណុំរឿងមិនហិង្សាស្នើសុំការលើកលែងទោស បន្ទាប់ពីបានបំពេញទោសអប្បបរិមា ហើយតម្រូវឱ្យចៅក្រមសម្រេចថា តើអនីតិជនដែលមានអាយុ១៤ឆ្នាំ អាចត្រូវយកមកកាត់ទោសក្នុងតុលាការ ដូចមនុស្សចាស់ឬយ៉ាងណា។
ក្រៅពីសេចក្តីស្នើច្បាប់ដ៏សំខាន់ទាំងពីរនេះ សកម្មជនសហគមន៍ដទៃទៀតដូចជាអ្នកស្រី ណាវ៉ាន ចិត្រ បាននិយាយដល់សេចក្តីស្នើច្បាប់លេខ៦៣ដែលទាមទារឱ្យមានការគ្រប់គ្រងគ្រាប់អាវុធជាតិផ្ទុះ ដោយត្រូវពិនិត្យមើលប្រវត្តិរូបអ្នកមកទិញអាវុធឱ្យបានដិតដល់។
«រឿងកាំភ្លើងគឺយើងដឹងហើយនៅស្រុក យើងវាមានបញ្ហាពួកអាយស៊ីសម្ល៉ោះហើយគេចង់ត្រួតពិនិត្យមើល។ នេះឈ្នះដែរ។ ខ្ញុំគូសហ្នឹងឈ្នះដែរ។ វាជាការសំខាន់ណាស់ដែលយើងត្រូវការពារក្រុមរបស់យើង»។
អ្នកស្រី ណាវ៉ាន ចិត្រ និងសកម្មជនសហគមន៍មួយចំនួនទៀត បានចូលរួមគាំទ្រលោក អាឡាំង ឡូវិនថល (Alan Lowenthal) ជាអ្នកតំណាងរាស្រ្តប្រចាំសង្កាត់លេខ៤៧ ឱ្យបានជាប់ឆ្នោតឡើងវិញ ដោយពួកគេយល់ថា លោកនឹងអាចជួយដោះស្រាយបញ្ហាដែលបានលើកឡើងខាងលើ និងបញ្ហាផ្សេងទៀតដែលសហគមន៍ជួបប្រទះ និងបញ្ហានៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រីបានបន្ថែមទៀតថា៖
«ពួកយើងដែលជាក្រុមការងាររបស់យើងក៏ត្រេកអរដែលបានលោក Alan Lowenthal គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្តសារជាថ្មី ហើយពួកយើងនៅក្នុងទីក្រុងឡុងប៊ិចនេះ ហើយនឹងជិតទីក្រុងឡុងប៊ិចទាំងប៉ុន្មានហ្នឹងតែងតែគាំទ្រលោក Alan Lowenthal ពីរឿងដែលគាត់ធ្វើរឿង HR 728»។
សេចក្តីសម្រេចលេខ HR 728 នេះ នឹងជួយគាំទ្រដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
បើទោះបីជាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅលើកនេះបាននាំឱ្យមានការមិនសប្បាយចិត្តចំពោះសមាជិកខ្លះនៃសហគមន៍ខ្មែរនៅតាមរដ្ឋនានាដែលពួកគេរស់នៅច្រើនដូចជានៅរដ្ឋ Pennsylvania, Massachusetts, Washington, Minnesota, និង Rhode Island ដោយសារលោកស្រី ហ៊ីលឡារី គ្លីនតុន មិនបានឈ្នះតំណែងប្រធានាធិបតី។
ប៉ុន្តែការជួយឱ្យអ្នកតំណាងរាស្ត្ររបស់គេជាប់ឆ្នោតឡើងវិញ និងបញ្ហាប្រឈមនៅក្នុងមូលដ្ឋានដែលអ្នកបោះឆ្នោតបានយល់ព្រម គឺជាការជួយដោះស្រាយដោយផ្ទាល់ចំពោះការលំបាកដែលពួកគេជួបប្រទះផងដែរ៕