ខ្សែវីដេអូកាម៉េរ៉ាសុវត្ថិភាពនៅប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យ បង្ហាញថាមានក្រុមមន្រ្តីប៉ូលិសបញ្ឈប់រថយន្តម៉ាក Jeep របស់លោក Sombath Somphone។ ក្នុងខ្សែវីដេអូនោះ លោក Sombath Somphone ដែលជាមេដឹកនាំសង្គមស៊ីវិលដ៏ល្បីល្បាញមួយរូប ត្រូវបានគេឃើញចេញពីរថយន្តរបស់លោក។ មួយសន្ទុះក្រោយមក មានអ្នកជិះម៉ូតូម្នាក់បានមកដល់ និងចតម៉ូតូទុក ហើយក៏បើករថយន្តម៉ាក Jeep របស់លោក Sombath ចេញទៅ។ បន្ទាប់មកមានរថយន្តម៉ាកPickupពណ៌សគ្មានស្លាកលេខបានមកដល់ ហើយលោក Sombath ក៏បានចូលក្នុងរថយន្តនោះ ហើយគេក៏បើកចេញបាត់ទៅ។
ក្រុមសកម្មជន បាននិយាយថា វីដេអូកាម៉េរ៉ាសុវត្ថិភាព CCTV របស់ប៉ូលិស បង្ហាញឲ្យឃើញថាលោក Sombath ត្រូវបានគេចាប់ខ្លួននៅប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យ។ ចាប់តាំងពីពេលនោះមក អ្នកស្រី Shui-Meng លែងបានទទួលព័ត៌មានអំពីស្វាមីរបស់អ្នកស្រីទៀតហើយ។
អ្នកស្រីបានប្រាប់ VOA ភាសាឡាវ ថា៖ “រហូតមកដល់ថ្ងៃនេះ លោក Sombath នៅតែបាត់ខ្លួននៅឡើយ។ ខ្ញុំគ្មានជម្រើសអ្វីទៀតទេ ខ្ញុំមិនអាចសម្ងំនៅស្ងៀមឡើយ។ ខ្ញុំមិនអាចទុកឲ្យកិច្ចការលោក Sombath ក្តីស្រមៃ និងក្តីសង្ឃឹមរបស់គាត់ដែលចង់កសាងសង្គមមួយដែលប្រសើរជាងនេះសម្រាប់ប្រទេសឡាវ ត្រូវបានគេបំភ្លេចនោះទេ”។
អ្នកស្រី Shui-Meng បានចោទសួរថា៖ “តើពិភពលោកអនុញ្ញាតឲ្យលោក Sombath Somphone បាត់ខ្លួនដែរឬទេ? តើយើងនឹងនៅតែអនុញ្ញាតឲ្យស្ថានភាពនិទណ្ឌភាពបែបនេះនៅតែបន្តឬ?”។
នៅអំឡុងពេលដែលលោកបាត់ខ្លួន មន្រ្តីអាជ្ញាធរប្រទេសឡាវ បាននិយាយថាពួកគេមិនបានដឹងពីហេតុការណ៍នោះឡើយ។ ប៉ុន្តែឥឡូវនេះ មន្រ្តីទាំងនោះបាននិយាយថា ការស៊ើបអង្កេតរបស់ពួកគេកំពុងតែបន្ត នេះបើយោងតាមសារព័ត៌មាន The Diplomat។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយដែលបានធ្វើឡើងនៅពាក់កណ្តាលខែធ្នូ អង្គការសម្ព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) និងចលនាប្រជាជនឡាវដើម្បីសិទ្ធិមនុស្ស (LMHR) បានបង្ហាញក្តីបារម្ភរបស់ពួកគេលើបរាជ័យរបស់រដ្ឋាភិបាលលើការស៊ើបអង្កេតពីការបាត់ខ្លួនរបស់លោកSombath "ដែលបង្កើតឲ្យមានបរិយាកាសដ៏ភ័យខ្លាចទៅលើសង្គមស៊ីវិលឡាវសព្វថ្ងៃ"។
VOA ភាសាឡាវ បានព្យាយាមទូរស័ព្ទទាក់ទងមន្រ្តីប៉ូលិសសន្តិសុខឡាវដើម្បីឲ្យបានព័ត៌មានបន្ថែមពីដំណើរវិវត្តនៃករណីនេះ ប៉ុន្តែគ្មាននរណាឆ្លើយទូរស័ព្ទឡើយ។
លោក Sombath ធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយក្នុងតំបន់ Ban Don Khio ខេត្ត Khammouane។ លោកបានរស់នៅជាមួយសាច់ញាតិនៅតាមភូមិ និងតាមទីប្រជុំជននានានៃខេត្ត Thakek ខេត្ត Savannaketh និងរដ្ឋធានីវៀងចន្ទន៍ នៅពេលដែលលោករៀននៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នេះបើយោងតាមគេហទំព័រនៃអង្គការមិនមែនរដ្ឋាភិបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលការអភិវឌ្ឍដោយមានការចូលរួម (PADETC) ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។
លោក Sombath បានចំណាយពេលចុងក្រោយនៃការអប់រំនៅមធ្យមសិក្សារបស់លោកក្នុងកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការសិក្សា និងរស់នៅជាមួយក្រុមគ្រួសារមួយនៅរដ្ឋ Wisconsin។ លោកបានសិក្សាជំនាញអប់រំ និងកសិកម្មនៅសាកលវិទ្យាល័យ Hawaii ក្រោមអាហារូបករណ៍ USAID។
លោក Sombath បានវិលត្រឡប់មកប្រទេសឡាវវិញក្នុងឆ្នាំ១៩៧៩ ហើយទទួលបានភាពល្បីល្បាញលើការផ្សព្វផ្សាយវិធីសាស្រ្តសាមញ្ញៗប៉ុន្តែមានលក្ខណៈច្នៃប្រឌិតសម្រាប់ការបង្កើនទិន្នផលកសិកម្ម និងគាំទ្រការធ្វើកសិកម្មសរីរាង្គ។ លោកក៏បាននិយាយមិនសំចៃមាត់អំពីបញ្ហាដីធ្លីដែលធ្វើឲ្យអ្នកភូមិរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងមិនបានទទួលបា្រក់សំណង ដែលធ្វើឲ្យមានបាតុកម្មតវ៉ានយោបាយដ៏កម្រ ហើយសារព័ត៌មាន the Associated Press បានរាយការណ៍កាលពីខែកញ្ញា ឆ្នាំ២០១៦ ថាអនុប្រធានទីប្រឹក្សាសន្តិសុខជាតិ លោក Ben Rhodes បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបអ្នកស្រី Shui-Meng នៅពេលលោកអតីតប្រធានាធិបតី Barack Obama បំពេញទស្សនកិច្ចក្នុងប្រទេសឡាវ។
លោក Sombath បានទទួលពានរង្វាន់អភិវឌ្ឍន៍ធនធានមនុស្សក្នុងឆ្នាំ២០០១ ពីគណៈកម្មាធិការសង្គម សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ការផ្តល់អំណាចដល់ប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយាលក្នុងប្រទេសឡាវ។
ក្នុងឆ្នាំ២០០៥ លោក Sombath បានទទួលពានរង្វាន់ Ramon Magsaysay សម្រាប់ភាពជាអ្នកដឹកនាំសហគមន៍។ ពានរង្វាន់ Magsaysay ដែលជារឿយៗគេដាក់ឈ្មោះថា ពានរង្វាន់ Nobel សម្រាប់ទ្វីបអាស៊ី បានទទួលស្គាល់ការចូលរួមចំណែករបស់លោក Sombath ក្នុងការអភិវឌ្ឍប្រទេសឡាវតាមរយៈការកៀងគរថ្នាក់មូលដ្ឋាន និងការតម្កល់ជំនឿជឿជាក់របស់លោកដែលថាអនាគតប្រទេសជាតិនឹងមានសក្តានុពល និងការបង្កើតច្នៃប្រឌិតថ្មីៗពីយុវជន នេះបើយោងតាមគេហទំព័ររបស់អង្គការ PADETC។
អ្នកស្រី Shui-Meng បាននិយាយក្នុងសន្និសីទក្នុងទីក្រុងបាងកកកាលពីដើមខែធ្នូថា៖ “បើទោះជារយៈពេល៥ឆ្នាំបានកន្លងផុតក៏ដោយ រៀងរាល់ថ្ងៃនេះ រូបភាពដែលបានកើតឡើងចំពោះគាត់នៅតែអន្ទងតាមខ្ញុំដដែល”។
អត្ថបទដើមនៃព័ត៌មាននេះ មានក្នុងគេហទំព័រVOA ភាសាឡាវ៕
ប្រែសម្រួលដោយ កោះ សុគន្ធី