អ្នកតាមឃ្លាំមើលស្ថានការណ៍នយោបាយអន្តរជាតិ បានសម្តែងការព្រួយបារម្ភចំពោះអនាគតសមាគមអាស៊ានក្រោមការដឹកនាំរបស់កម្ពុជា ក្នុងខណៈលោក ហ៊ុន សែនបានសម្រេចតែឯកឯងទៅជួបមេដឹកនាំរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាក្រោមហេតុផលជួយដោះស្រាយវិបត្តិនយោបាយ។
ក្រុមអ្នកតាមដានបានចាត់ទុកថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាដែលបានកើតមានឡើងក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីដើមខែកុម្ភៈ និងវិធីដោះស្រាយដែលប្រធានប្តូរវេនអាស៊ានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន យកមកដោះស្រាយនៅពេលនេះ គឺបានក្លាយជាចំណុចចាប់ផ្តើមនៃដំណើរដាំក្បាលចុះរបស់សមាគមតំបន់មួយនេះ។ ការណ៍នេះ ដោយសារលោក ហ៊ុន សែន សម្រេចធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ ដើម្បីជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារ គឺលោកឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing) ដែលជាការផ្តល់នូវភាពស្របច្បាប់ដល់របបយោធាក្នុងខណៈមេដឹកនាំអាស៊ានដទៃទៀត បានឯកភាពរួមគ្នាមិនអនុញ្ញាតឲ្យចូលរួមប្រជុំរបស់អាស៊ាន កាលពីចុងឆ្នាំមុន។
លោក កាសិត ភីរម្យ (Kasit Piromya) អតីតរដ្ឋមន្ត្រីការបរទេសថៃ និងបច្ចុប្បន្នជាសមាជិកគណៈគ្រប់គ្រងសមាគមអ្នកតំណាងរាស្ត្រអាស៊ាន (Asean Parliamentarians) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដោយមិនគោរព និងពិភាក្សាជាមួយនឹងមេដឹកនាំដទៃក្នុងការចូលដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Kasit Piromya បានបន្ថែមថា៖ «ដូច្នេះសំណួរគឺថា តើមេដឹកនាំអាស៊ានទាំង ៨ ផ្សេងទៀត អនុញ្ញាតឱ្យរឿងនេះ កើតឡើងទេ? បើគេអនុញ្ញាតបែបនេះ បានន័យថា គេឃុបឃិតជាមួយសម្តេច ហ៊ុន សែន ដើម្បីបន្តបំផ្លាញការឯកភាពសុចរិតភាព និងភាពជឿជាក់របស់អាស៊ានជាដើម»។
លោក U Bo Hla Tint អ្នកតំណាងរដ្ឋាភិបាលបង្រួបបង្រួមមីយ៉ាន់ម៉ាប្រចាំនៅអាស៊ានបានថ្លែងថា៖
«នៅពេលនេះ យើងមានការបាក់ទឹកចិត្ត និងខកចិត្តយ៉ាងខ្លាំង ដែលលោក ហ៊ុន សែន កំពុងឆ្លៀតឱកាសនេះធ្វើជាប្រធានប្តូរវេន ដោយមិនមានការពិគ្រោះជាមុន ដូចដែលបានលើកឡើងនៅក្នុងថ្នាក់ដឹកនាំអាស៊ាន។ ដូច្នេះ នេះ មិនមែនជាវីធីដែលយើងចង់ឃើញ ឬយើងរំពឹងពីប្រធានប្តូរវេនរបស់អាស៊ាននោះទេ»។
លោក Thitinan Pungsodirak សាស្រ្តាចារ្យ និងជានាយកនៃវិទ្យាស្ថានសិក្សាសន្តិសុខនិងអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡុងកន បានសម្តែងក្តីបារម្ភថា នេះ អាចជាចំណុចចាប់ផ្តើមនៃការបញ្ចប់របស់សមាគមអាស៊ានហើយ។
លោក Pungsodirak បានរំឭកដល់ការបរាជ័យរបស់អាស៊ានក្នុងពេលកន្លងមកក្រោមការដឹកនាំរបស់កម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៖
«នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ មានភាពចម្រូងចម្រាសនៅក្នុងអាស៊ាន ដែលខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួម។ ដូច្នេះ ម្តងទៀតដោយកម្ពុជាជាប្រធាន គឺលោក ហ៊ុន សែន កំពុងកេងចំណេញពីអាស៊ាន និងធ្វើរបៀបវារៈផ្ទាល់ខ្លួនរបស់គាត់ក្រោមស្លាកអាស៊ាន។ ដូច្នេះម្តងទៀត អ្នកដឹងថាចាប់ផ្តើមនៅឆ្នាំ២០២២ និងការធ្វើជាប្រធានរបស់កម្ពុជា។ នេះ មិនមែនជាការបោះជំហានដ៏ល្អខ្លាំងនោះទេ។ ខ្ញុំគិតថា តាមពិត វាជារឿងគួរឲ្យបារម្ភចំពោះអ្វីដែលយើង អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ការខូចខាតច្រើនជាងនេះ ទំនងជានឹងកើតឡើង»។
លោក Pungsodirak បានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីដែលនឹងត្រូវធ្វើប្រធានប្តូរវេនបន្ត នឹងត្រូវលាងជម្រះអ្វីដែលកម្ពុជាបង្កើតនៅពេលនេះ ពីព្រោះពួកគេមិនជឿថា វិបត្តិរបស់ភូមានឹងត្រូវដោះស្រាយរួចក្នុងអំឡុងពេលដឹកនាំរបស់ប្រធានប្តូរវេនរបស់កម្ពុជាឡើយ។
ពលរដ្ឋមីយ៉ាន់ម៉ា បានរងការបង្ក្រាបយ៉ាងឃោរឃៅពីក្រុមសន្តិសុខនិងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបអ្នកប្រឆាំង។ ពលរដ្ឋភូមាចំនួនជាង១.៤០០នាក់ ត្រូវបានសម្លាប់ក្នុងនោះមានកុមារយ៉ាងហោចណាស់១០០នាក់ និងមនុស្សជាង ១១.៣០០ នាក់ ត្រូវចាប់ដាក់ពន្ធនាគារ និងចោទប្រកាន់។ នេះ បើតាមការចងក្រងដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) របស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ានៅក្រៅស្រុក។ អ្នកប្រឆាំងមួយចំនួន បានរត់ចោលផ្ទះសម្បែង និងមួយចំនួនសម្រេចចាប់កាន់អាវុធដើម្បីតស៊ូប្រដាប់អាវុធ។
លោក U Bo Hla Tint បានថ្លែងបន្ថែមទៀតថា៖ «យើងចង់ឱ្យអ្នកដឹកនាំអាស៊ានផ្សេងទៀត ព្យាយាមជាបន្ទាន់ដើម្បីទប់ស្កាត់គំនិតផ្តួចផ្តើមដែលមិនប្រុងប្រយ័ត្នរបស់លោក ហ៊ុន សែន ហើយធ្វើការជាមួយប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិ ដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើមិនដូច្នេះទេ វានឹងមានការលំបាកខ្លាំងណាស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ាក្នុងការទទួលយក និងធ្វើការជាមួយសហគមន៍អាស៊ានទាំងមូលក៏ដូចជាអ្នកដឹកនាំ»។
ពួកគេស្នើឲ្យបណ្តាមេដឹកនាំសមាជិកអាស៊ានចំនួន៧ផ្សេងទៀត ត្រូវហ៊ានបញ្ចេញសំឡេងដើម្បីទប់នូវអ្វីដែលមេដឹកនាំកម្ពុជាកំពុងតែធ្វើនៅពេលនេះ ជាពិសេស ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។ រហូតមកដល់ពេលនេះមានតែប្រធានាធិបតីឥណ្ឌូណេស៊ីមួយគត់ បានសន្ទនាជាមួយនឹងលោក ហ៊ុន សែន ហើយបានរំឭកលោកឲ្យគោរពតាមកុងសង់ស៊ីស ៥ ចំណុច ដែលអាស៊ានបានឯកភាពលើបញ្ហាមីយ៉ាន់ម៉ា។ នេះ បើតាមសេចក្តីរាយការណ៍នានា។
សារព័ត៌មាន Irrawaddy របស់មីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃពុធថា ពួកយោធា នឹងមិនអនុញ្ញាតឲ្យលោក ហ៊ុន សែន ជួបនឹងអ្នកស្រី អោង សានស៊ូជី ដែលជាមេដឹកនាំក្រុមអ្នកប្រជាធិបតេយ្យឡើយ។
អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ាបានថ្លែងថា មានតែអ្នកដែលតំណាងឲ្យគណបក្សនយោបាយទេដែលនឹងត្រូវអនុញ្ញាតឲ្យជួបពិភាក្សា។ សេចក្តីថ្លែងការណ៍របស់ក្រុមយោធាដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាក្នុងតំបន់ និងបញ្ហាអាស៊ានផងដែរ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ មិនបញ្ជាក់ថា លោក ហ៊ុន សែន ទៅក្នុងនាមជាប្រធានរបស់អាស៊ានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដោយចំហរកាលពីថ្ងៃពុធថា លោកនឹងមិនដាក់លក្ខខណ្ឌជាមុនទេ នៅក្នុងដំណើរទស្សនកិច្ចចរចាការងារដោយផ្ទាល់នេះ។
«ខ្ញុំទៅហ្នឹងអត់មានឃ្លាតពីកុងសង់ស៊ីស ៥ ចំណុចដែលបានឯកភាពគ្នានៅឯហ្សាការតាឆ្នាំ២០២១ ប៉ុន្តែខ្ញុំអត់ដាក់លក្ខខណ្ឌជាមុនក្នុងដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំអត់ដាក់លក្ខខណ្ឌទេ។ ខ្ញុំទៅដល់បានខ្ញុំជជែក ហើយប្រធានបទជជែកនោះ គឺកុងសង់ស៊ីស ៥ ចំណុចហ្នឹងឯង»។
ការណ៍នេះនាំឲ្យមានការរិះគន់ថា លោក ហ៊ុន សែន បានធ្វើឲ្យឃើញច្បាស់ថា លោកនឹងកាន់តែចាញ់ប្រៀបមេដឹកនាំរដ្ឋប្រហារយោធា។
សកម្មជនសិទ្ធិមនុស្សថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នឹងត្រូវជួបបាតុកម្មប្រឆាំងជាច្រើននៅតាមវិថីនានាក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Khin Ohmar ប្រធាននៃក្រុមប្រឹក្សាភិបាលអង្គការ Progressive Voice បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋមីយ៉ាន់ម៉ា មិនទទួលស្វាគមន៍លោក ហ៊ុន សែន ទេ ខណៈលោកបានទទួលស្គាល់ជាស្រេចទៅហើយថា ក្រុមយោធា គឺជារដ្ឋាភិបាលស្របច្បាប់នៅប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Khin Ohmar បានថ្លែងថា៖ «ប្រជាជនមីយ៉ាន់ម៉ា ផ្ញើសារយ៉ាងច្បាស់ថា លោក ហ៊ុន សែន មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ។ ពួកគេមានការសោកស្ដាយជាខ្លាំងដែលព្រួយបារម្ភថា ដំណើរនេះ គឺជាការផ្តល់ភាពស្របច្បាប់ដល់ឃាតករបាញ់សម្លាប់មនុស្ស ហើយដែលបានធ្វើឱ្យប្រទេសទាំងមូលមានការភ័យខ្លាច»។
នៅមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា មានគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះនៅក្បែរស្ថានទូតខ្មែរនៅប្រទេសមីយ៉ាន់ម៉ា និងបាតុកម្មដុតរូបថតលោក ហ៊ុន សែន ជាដើម។
ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកថា ពួកគេមិនតំណាងឲ្យសំឡេងភាគច្រើននៃប្រជាជនមីយ៉ាន់ម៉ាទេ៖
«អ្នកដែលចង់ដុតកម្លោចមីយ៉ាន់ម៉ាឲ្យផ្ទុះសង្គ្រាមស៊ីវិលនោះ វាចេះតែមានហើយ។ គេបានដុតរូបថតខ្ញុំ ដុតទង់។ តើប៉ុន្មាននាក់ទៅដែលតំណាងឲ្យមីយ៉ាន់ម៉ានោះ? ខ្ញុំយល់ ប៉ុន្តែបើវិលត្រឡប់មកដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា អ្នកនឹងមានផលប្រយោជន៍ពីបណ្តាសមាជិកអាស៊ានជួយសម្រួល»។
សកម្មជនចោទថា លោក ហ៊ុន សែន ធ្វើនេះ គឺដើម្បីបន្សល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនក្នុងខណៈពេលដែលលោកនឹងលែងមានឱកាសដឹកនាំជាប្រធានប្តូរវេនរបស់អាស៊ាននៅលើកក្រោយទៀតដោយសារលោកកំពុងតែត្រៀមរៀបចំផ្ទេរតំណែងនេះ ទៅឲ្យកូនប្រុសរបស់លោក គឺលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕