ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក គង់ រ៉ៃយ៉ា ដោយអវត្តមានរបស់លោក ដោយសារលោកកំពុងនៅក្រៅប្រទេស។
លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៩ តាមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការលក់អាវយឺតមានរូប និងសម្តីរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំ២០១៦។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានអនុញ្ញាតឲ្យលោក គង់ រ៉ៃយ៉ា ស្ថិតនៅក្រៅឃុំ បន្ទាប់ពីសកម្មជនរូបនេះបានជាប់ក្នុងពន្ធនាគារអស់រយៈពេលជាង៤ខែ។ ប៉ុន្តែតុលាការហាមមិនឲ្យលោក គង់ រ៉ៃយ៉ា បញ្ចេញមតិតាមបណ្តាញសង្គម ឬក៏ធ្វើដំណើរទៅក្រៅប្រទេសក្នុងអំឡុងពេលលោកកំពុងស្ថិតនៅក្រៅឃុំទេ។ តុលាការមិនបានដកលិខិតឆ្លងដែនរបស់លោកនោះទេ។
ក្រោយការជម្រះអស់រយៈពេលជាងមួយម៉ោង ដោយមិនមានវត្តមានរបស់លោក គង់ រ៉ៃយ៉ា តុលាការបានសម្រេចយកថ្ងៃទី១៩ ខែមិថុនា ខាងមុខជាថ្ងៃប្រកាសសាលក្រម។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក គង់ រ៉ៃយ៉ា ថ្លែងនៅថ្ងៃពុធនេះថា ក្នុងសវនាការជាងមួយម៉ោង លោកបានប្រាប់តុលាការថា កូនក្តីរបស់លោកគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិនិងចូលរួមនយោបាយព្រមទាំងការបោះពុម្ពអាវតែ ប៉ុណ្ណោះ ហើយមិនបានញុះញង់អ្វីនោះទេ។ លោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកក្នុងពេលប្រកាសសាលក្រម។ លោកនិយាយថា៖ «ក្នុងនាមជាមេធាវីការពារហើយបានលើកនូវភស្តុតាងនិងអំណះអំណាងបែបនេះហើយ ខ្ញុំរំពឹងថា លោកចៅក្រម ឬក៏តុលាការក្រុងភ្នំពេញនឹងសម្រេចផ្តល់យុត្តិធម៌ឲ្យកូនក្តីរបស់យើងខ្ញុំ ហើយសម្រេចឲ្យកូនក្តីយើងខ្ញុំរួចផុតពីបទចោទ»។
លោក គង់ រ៉ៃយ៉ា ដែលកំពុងស្ថិតនៅប្រទេសថៃប្រាប់ VOA នៅថ្ងៃពុធនេះថា ការចោទប្រកាន់និងចាប់ខ្លួនលោកគឺជារឿងអយុត្តិធម៌ និងជាការគំរាមដល់អ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងបញ្ហាក្នុងប្រទេស។
លោកនិយាយថា៖ «ខ្ញុំតែងតែបញ្ចេញមតិរិះគន់ទៅលើសកម្មភាពរដ្ឋាភិបាលរបស់គណបក្សប្រជាជនជារៀងរហូតមក។ ដល់អ៊ីចឹងហើយវាមានការខឹងសម្បារខ្លះៗពីខាងមន្រ្តីគណបក្សប្រជាជនហើយគោលបំណងនៃការចោទប្រកាន់ខ្ញុំនេះគឺដើម្បីបំបិទសំឡេងរិះគន់របស់ខ្ញុំ ក៏ដូចជាសារគំរាមទៅដល់យុវជន ទៅដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែលហ៊ានរិះគន់ទៅលើភាពអសកម្មរបស់មន្រ្តីរដ្ឋាភិបាលនៃគណបក្សប្រជាជន»។
លោកបន្ថែមថា លោកបានចាកចេញពីកម្ពុជាតាមច្រករបៀង កាលពីខែធ្នូ ឆ្នាំ២០១៩ ដែលលោកថា ក្នុងគោលបំណងដើម្បីពិនិត្យសុខភាព។ លោកក៏បន្តស្នាក់នៅរហូតដល់ថ្ងៃសវនាការនេះ និងរង់ចាំការប្រកាសសាលក្រមរបស់តុលាការដើម្បីសម្រេចថា នឹងត្រូវត្រឡប់មកកម្ពុជាឬយ៉ាងណា។
«ប្រសិនបើខ្ញុំមានទោសខ្ញុំនឹងមិនត្រឡប់ទៅប្រទេសកម្ពុជាវិញទេ ពីព្រោះខ្ញុំអត់ទទួលស្គាល់សាលក្រមរបស់តុលាការ ហើយខ្ញុំគិតថា ខ្ញុំនឹងធ្វើការតស៊ូមតិនៅក្រៅប្រទេស»។
លោក គង់ រ៉ៃយ៉ា អាយុ២៩ឆ្នាំបន្ថែមថា ការចាប់ខ្លួន ការចោទប្រកាន់ និងការបង្ខំចិត្តចាកចេញពីប្រទេសបែកពីគ្រួសារ គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងស្ថានភាពផ្លូវចិត្តគ្រួសាររបស់លោកទាំងមូល។
លោក គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ក្រោយពីរូបលោកបានប្រកាសឲ្យសាធារណជនចូលរួមធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺអ្នកស្រី សុខ ស្រីនិច្ច ដែលមានកូនស្រីម្នាក់អាយុ២ឆ្នាំ និយាយថា អ្នកស្រីរំពឹងថា តុលាការនឹងលើកលែងការចោទប្រកាន់ស្វាមីរបស់អ្នកស្រីដើម្បីឲ្យពួកគេអាចជួបជុំគ្រួសារវិញបាន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការទាំងថ្នាក់លើនិងថ្នាក់ក្រោមទាំងអស់និងអ្នកពាក់ព័ន្ធចំពោះរឿងស្វាមីខ្ញុំហ្នឹង មេត្តាផ្តល់យុត្តិធម៌ជូនស្វាមីខ្ញុំដោយពិតប្រាកដព្រោះអីគាត់អត់មានកំហុសអីសោះ។ គាត់គ្រាន់តែពាក់ព័ន្ធនឹងអាវយឺតលោកបណ្ឌិត កែម ឡី ហើយអាវយឺតហ្នឹងស្វាមីខ្ញុំគាត់ក៏មិនមែនលក់ខ្លួនឯងតាំងពីដើមដែរគឺគាត់លក់ក្រោយគេទេ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។
ការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ដោយសារលោកប្រកាសលក់អាវយឺតតាមបណ្តាញសង្គមហ្វេសប៊ុកដោយមានភ្ជាប់រូបថតអ្នកវិភាគនយោបាយលោក កែម ឡីនោះ ធ្វើឡើងមួយថ្ងៃមុនការរំឭកខួប៣ឆ្នាំនៃឃាតកម្មលើលោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ទាំងកណ្តាលថ្ងៃ ក្នុងស្ថានីយ៍ប្រេងសាំងមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
នៅផ្នែកខាងក្រោយនៃអាវយឺតដែលបានប្រកាសដាក់លក់នោះ មានសរសេរសម្រង់សម្តីលោកបណ្ឌិត កែម ឡី ថា៖ «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
លោក អំ សំអាត ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ការចាប់ខ្លួន និងការចោទប្រកាន់លោក គង់ រ៉ៃយ៉ា គឺធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «ការដែលលោកប្រកាសក្នុងការលក់អាវយឺតដែលមានរូបភាពលោកបណ្ឌិត កែម ឡី អីហ្នឹង វាគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ ហើយវាក៏មិនមានបង្កឲ្យមានបទល្មើសអីកើតឡើងដែរ។ អ៊ីចឹងការចាប់ខ្លួននោះគ្រាន់តែជាការបំបាក់ស្មារតីយុវជនហ្នឹងហើយក៏ជាការមួយដែលប៉ះពាល់ទៅដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិហ្នឹង»។
ក្នុងអំឡុងពេលមានការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា នោះ ក៏មានការចាប់ខ្លួនសកម្មជនរូបទៀតគឺលោក សួង នាគព័ន្ធ អាយុ២៩ឆ្នាំ ដែលរងការចោទប្រកាន់ដូចគ្នា។ ប៉ុន្តែនៅព្រឹកថ្ងៃពុធនេះ តុលាការបើកសវនាការជំនុំជម្រះតែសំណុំរឿងលោក គង់ រ៉ៃយ៉ាប៉ុណ្ណោះ។
កន្លងទៅ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងនិងទម្លាក់បទចោទលើយុវជនពីរនាក់ដោយឥតលក្ខខណ្ឌ។ ពួកគេលើកឡើងថា ការចាប់ខ្លួនបុរសទាំងពីរធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពក្នុងការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី៕