លោក កើត សារ៉ាយ ប្តេជ្ញាតស៊ូមតិតាមច្បាប់ទោះដឹងថាជាប់ពន្ធនាគារ

រូបឯកសារ៖ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ផ្តល់បទសម្ភាសន៍នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅ​ពេល​មាន​វ័យ​ ១៣​ឆ្នាំ លោក កើត សារ៉ាយ បាន​បួស​ជា​ព្រះ​សង្ឈ រៀន​សូត្រ​ពី​ព្រះពុទ្ធ​សាសនា និងផ្លាស់ប្តូរ​ជីវិត​ពី​ការ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​មក​រស់​នៅ​ក្នុង​វត្ត​អារាម ក្នុង​ខេត្ត​សៀមរាប ​ដែល​ជា​ស្រុក​កំណើត​របស់​លោក។

បួស​ជា​សង្ឃ​បាន​ជាង​ ១៥​ឆ្នាំ លោក កើត សារ៉ាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២០ ដោយ​រងបទ​ចោទ​ញុះញង់ នៅ​ពេល​លោក​និង​ក្រុម​យុវជន​ផ្សេង​ទៀត​បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ដែល​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម។

ដោយ​បាន​ជាប់​ពន្ធនាគារ​មួយ​រយៈ បុរស​ជា​អតីត​ព្រះសង្ឃ​រូប​នោះ ត្រូវ​បានដោះលែង កាល​ពី​ថ្ងៃ​ទី ​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​មេសា​នេះ លោក ​កើត សារ៉ាយ ត្រូវ​បាន​ឃាត់​ខ្លួន និង​ដាក់​ពន្ធនាគារ​ម្តង​ទៀត ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ជុំវិញ​ពលរដ្ឋ​រត់​ភៀស​ខ្លួន​ចូល​ព្រៃ​ នៅ​ខេត្ត​ព្រះវិហារ។ មុន​ពេល​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ជា​លើក​ទីពីរ​ក្នុង​ពន្ធនាគារ​នេះ លោក កើត សារ៉ាយ ធ្លាប់​បាន​ប្តេជ្ញាថា​នឹង​បន្ត​ធ្វើ​សកម្ម​ភាព​ស្រប​តាម​ច្បាប់​កម្ពុជា បើ​ទោះ​លោក​ប្រឈម​ជាប់​ពន្ធនាគារ​ក៏​ដោយ។

កើត​នៅ​ក្នុង​ត្រកូល​កសិករ​មួយ​ក្នុង​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប លោក កើត សារ៉ាយ អាយុ​ ៣៣​ឆ្នាំ ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ ៦​នាក់ ប្រុស ៣​នាក់ និង​ស្រី​ ៣​នាក់។ លោក កើត សារ៉ាយ បាន​ចំណាយ​ពេល​របស់​លោក​ក្នុង​ការងារ​ទាមទារ​យុត្តិធម៌​សង្គម ដោយ​មិន​ខ្វល់​ពី​ទទួល​បាន​លាភ​សក្ការៈ​អ្វី​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ។

អ្នកស្រី កើត យី អាយុ​ ៣៥​ឆ្នាំ បងស្រី​របស់​លោក កើត សារ៉ាយ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេកាល​ពី​ពេល​ថ្មីៗ​ថា​ លោក កើត សារ៉ាយ ជា​កូន និង​ប្អូន​ដែល​មាន​អត្តចរិត​ស្លូត​បូត ចេះ​យក​អាសា​បងប្អូន ហើយ​មិន​ដែល​ធ្វើ​អ្វី​ឱ្យ​ក្រុម​គ្រួសារ​លំបាក​ដោយសារ​រូប​លោក​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «អត្តចរិត​គាត់​ល្អ គាត់​មក​លេង​ផ្ទះ​តែង​តែ​ប្រាប់​បង​ឱ្យ​តែ​ធ្វើ​រឿង​ល្អ ហើយ​មិន​ដែល​ឱ្យ​បង​ប្អូន​ធ្វើ​រឿង​អាក្រក់​ណា​មួយ​ទេ។ គាត់​ទូន្មាន និយាយ​ល្អៗ​មិន​ដែល​និយាយ​អាក្រក់​បង​ប្អូន​អព្ចោះ​អញ្ចុះ​ទេ។ អ្នក​ស្រុក​ជិត​ខាង​ក៏​ដោយ​ កាល​គាត់​នៅ​បួស​ជា​ព្រះសង្ឈ​ក៏​ដោយ គាត់​ទេសនា​បាន​គាត់​អីៗ​មក​គ្រួសារ​អស់ គាត់​អត់​ទុក​ខ្លួន​គាត់​ទេ»។

ចាក​ចេញ​ពី​ស្រុក​កំណើត​ក្នុង​នាម​ជា​សង្ឃ កាល​នោះ លោក កើត សារ៉ាយ បាន​បន្ត​ការ​សិក្សា​របស់​លោក​នៅ​ពុទ្ធិក​បឋម​សិក្សា​ខ្នាច​រមាស ក្នុង​ខេត្ត​បាត់ដំបង។ បន្ទាប់​មក​បន្ត​ទៅ​សិក្សា​នៅ​ពុទ្ធិក​វិទ្យាល័យ​អ៊ឹង ធួង ក្នុង​ខេត្ត​បាត់ដំបង ហើយ​ក៏​បាន​បន្ត​ទៅ​សិក្សា​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ក្នុង​បាត់ដំបង​ដដែល ដោយ​លោក​បាន​សិក្សា​ជំនាញ​ច្បាប់។

កាលពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ​២០២៤ លោក កើត សារ៉ាយ ត្រូវ​បាន​អាជ្ញាធរ​ចម្រុះដែល​មាន​ទាំង​ស្លៀក​ពាក់​ស៊ីវិល ​និង​ឯកសណ្ឋាន​ជាង​ ១០​នាក់ ចាប់​ខ្លួន​នៅ​ទីស្នាក់​ការ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ​ក្នុងសង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ ​និង​បញ្ចេញមតិ​អំពី​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់ និងឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី ​២១ ខែមីនា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ។

នេះ​ជា​លើក​ទី ២ ដែល​លោក កើត សារ៉ាយ ​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​បទ​ចោទ​ប្រកាន់​ «ញុះញង់»។ ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ដែល​រត់​ចូល​ព្រៃ​ដោយ​ផ្ទាល់ និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​ពួកគេ ក្រោយ​ពេល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ បាន​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មីនា ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ។ ក្នុង​ការ​ប៉ះទង្គិច​នោះ ក៏​មាន​ការ​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​ប្រមាណ​ ៣០នាក់ ហើយ​ពួកគេ​កំពុង​ជាប់​ពន្ធនាគារ។

បុរសម្នាក់កំពុងមើលយុទ្ធនាការទាមទារឱ្យដោះលែង លោក កើត សារ៉ាយ នៅលើទូរស័ព្ទដៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

បងស្រី​របស់​លោក កើត សារ៉ាយ អះអាង​ថា រាល់​សកម្មភាព​ដែល​ប្អូនប្រុស​របស់​អ្នកស្រី​ធ្វើ​សុទ្ធ​សឹង​តែ​ដើម្បី​ការពារ​យុត្តិធម៌​សង្គម និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋដែល​រង​គ្រោះ។

អ្នកស្រី កើត យី ថ្លែង​ថា៖ «ចា៎! ខ្ញុំ​គាំទ្រ​ព្រោះ​ប្អូន​ខ្ញុំ​ធ្វើ​ដើម្បី​ជួយ​ប្រជាជន​ស្លូត​ត្រង់​ក្រីក្រ គាត់​ជួយ​គិត​អស់​ចេញ​ពី​ជិត មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ពី​អ្នកណា​មួយទេ​ គាត់​ជួយ​ចិត្ត​ពី​ចិត្ត»។

កាលពី​ឆ្នាំ​ ២០២១ តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ​ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ ២លាន​រៀល ពីបទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹ​កវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ​អតីត​មេដឹកនាំ​សហជីព​មួយ​រូប​នា​ពេល​នោះ ដែល​លោក រ៉ុង ឈុន បាន​អត្ថាធិប្បាយ​រឿង​បោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

លោក កើត សារ៉ាយ បាន​ក្លាយ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ តាម​ការ​រយៈ​ការ​បោះឆ្នោត​ក្នុង​សមាជ​លើក​ទី ២ ​របស់​សមាគម កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មីនា​ ឆ្នាំ​ ២០២២។ សកម្មភាព​របស់​សមាគម​មួយ​នេះ​ក៏​ត្រូវ​បាន​ឃ្លាំ​មើលដោយ​អាជ្ញាធរ​ផង​ដែរ។

លោក យីម លាងហ៊ី អាយុ ៣៧​ឆ្នាំ ជា​អនុប្រធាន​នៃ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​មាន​លោក កើត សារ៉ាយ ជា​ប្រធាន ប្រាប់​វីអូអេ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​ការ​ព្រមាន​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​មិន​គួរ​ខ្វាយ​ខ្វល់​ពី​បញ្ហា​នានា​ដែល​កើត​ឡើង​ក្នុង​សង្គម​ឡើយ។

លោក​ថ្លែង​ថា៖ «ជា​សារ​មួយ​បញ្ជាក់​ថា​ពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង​គួរ​តែ​គិត​ពី​ឆ្នាំង​បាយ​ខ្លួន​ឯង កុំ​ខ្វាយ​ខ្វល់​រឿង​សង្គម វា​មិន​មែន​ជា​រឿង​របស់​លោក​អ្នក​ឯង​ទេ។ បើសិន​បើ​អ្នក​ឯង​ហ៊ាន​តែ​ខ្វាយ​ខ្វល់​ពី​បញ្ហា​សង្គម ចង់​លើក​កម្ពស់​យុតិ្តធម៌​សង្គម ចង់​ខ្វាយ​ខ្វល់​ការ​រំលោភ​បំពាន​ដីធ្លី​អី​ទាំង​អស់​ហ្នឹង អ្នក​ឯង​នឹង​ត្រូវ​អាច​ប្រឈម​ស្ថានភាព​ដូច​លោក​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត»។

បើ​តាម​លោក យីម លាងហ៊ី លោក កើត សារ៉ាយ ជា​មនុស្ស​ដែល​មាន​ភាព​ក្លាហាន និង​ហ្មត់​ចត់​ក្នុង​ការ​បំពេញ​ការងារ ហើយ​លោក​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ពោលគឺ​លោក​តែងតែ​ខ្វល់​ខ្វាយ​ពី​ការ​ស្វែង​រក​យុត្តិធម៌​សង្គម និង​តស៊ូ​ដើម្បី​ការ​ពារ​សិទ្ធិ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ។

បងស្រី​របស់​លោក កើត សារ៉ាយ អ្នកស្រី កើត យី ប្រាប់​វីអូអេ​ថា៖ «អត់​ទេ​គាត់​និយាយ​ថា​ចង់​ឱ្យ​តែ​សង្គម​យើង​បាន​សុខ ឬ​ក៏​បាន​ទទួល​ភាព​យុត្តិធម៌​ទាំង​អស់​គ្នា អត់​មាន​សង្ឃឹម​ថា​ចង់​ធ្វើ​អី​មួយ​ឱ្យ​មាន​មុខ​មាន​មាត់​ខ្លួន​ឯង គាត់​អត់​គិត​អ៊ីចឹង​ទេ។ ប្អូន​ខ្ញុំ​គឺ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​គាត់​អត់​ដែរ​ចង់​មាន​ភាព​ល្បីល្បាញ​យក​កើត​ជា​អ្នក​ធំ​អី អត់​បាន​គិត​អី​ទេ»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយវីអូអេ កាល​ពី​ខែ​ឧសភាឆ្នាំ​មុន មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទី ២ លោក កើត សារ៉ាយ បាន​លើក​ឡើង​ថា​ បើ​ទោះបីជា​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ការ​រឹតត្បិត ហើយ​សកម្មជន​សង្គម និង​នយោបាយ​រង​ការ​គំរាម​កំហែង​យ៉ាងណា​ក៏ដោយ លោក​សង្ឃឹម​ថា​យុវជន​ជំនាន់​ក្រោយ​នឹង​មាន​គុណធម៌​ស្មោះត្រង់​ក្នុង​ការ​បន្ត​ស្វែង​រក​យុត្តិធម៌​សង្គម។ លោក​ថ្លែង​ថា​ លោក​មិន​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​ម្តង​ទៀត​ឡើយ ពីព្រោះ​លោកធ្វើអ្វី​ស្រប​តាម​ច្បាប់​កម្ពុជា។

លោក​ថ្លែង​កាល​នោះ​ថា៖ «ខ្ញុំ​មិន​ដែល​មាន​ការ​បារម្ភ​ទេ បើ​និយាយ​ឱ្យ​មែន​ទែន​ទៅ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជួប​គុក​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​បារម្ភ​ទេ ពីព្រោះ​អី​ដូច​ខ្ញុំ​ថា​អ៊ីចឹង អ្វី​ដែល​ខ្ញុំ​ធ្វើ​មួយៗ​គឺ​ខ្ញុំ​មើល​ទៅ​លើ​ច្បាប់ ប្រសិន​បើ​ត្រូវ​ច្បាប់​ខ្ញុំ​ធ្វើ ប៉ុន្តែ​មិន​ត្រូវ​ច្បាប់ ខ្ញុំ​មិន​ធ្វើ​ទេ»។

លោក កើត សារ៉ាយ ថ្លែង​បន្ត​ថា​ មូល​ហេតុ​ដែល​លោក​ក្លាយ​ជា​សកម្មជន​សង្គម​ម្នាក់ ដោយសារ​លោក​បាន​មើល​ថា​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​មួយ​អាច​ដំណើរការ​ទៅ​បាន លុះត្រាតែ​ការ​អនុវត្ត​ច្បាប់​នោះ​ត្រឹមត្រូវ និង​ដោយ​យុត្តិធម៌។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​ក៏​ចាប់​ផ្តើម​ឱ្យ​ខ្ញុំ​ចាប់​ចិត្ត​ស្រឡាញ់​ជាមួយ​ការ​សិក្សា​ជំនាញ​ច្បាប់ ពេល​នោះ​ខ្ញុំ​ក៏​ចូល​មហាវិទ្យាល័យ​ច្បាប់​ ខ្ញុំ​រៀន​ច្បាប់។ ការ​ដែល​ខ្ញុំ​ស្រឡាញ់​ជក់​ចិត្ត​ហ្នឹង​ហើយ​ក៏​ចាប់​ផ្តើម​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​ទៅ​ ក៏​ចាប់​ផ្តើម​ឱ្យ​ខ្ញុំ​ជាក់​ចិត្ត​ជាមួយ​ការ​មើល​ព័ត៌មាន​ទាំង​ព័ត៌មាន​វីអូអេ​ក្តី ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី និង​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួនទៀត​កាន់​តែ​ធ្វើ​ឱ្យ​មាន​ការ​ចូលចិត្ត ចាប់​អារម្មណ៍​តាមដាន​អំពី​សកម្មភាព​ព្រឹត្តិការណ៍ ជាពិសេស​អំពើ​អយុត្តិធម៌​ទៅ​លើ​ជន​ស្លូត​ត្រង់​ ទាំង​អស់​ហ្នឹង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជក់​ចិត្ត​មាន​ឆន្ទៈ​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ចូល​រួម​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ឱ្យ​មាន​កំណែ​ទម្រង់​យុត្តិធម៌​នៅ​កម្ពុជា»។

ក្រោយ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​លើក​ទី ២ ក្រោម​បទ​ចោទ​ប្រកាន់​«មិន​រាង​ចោលនិង​ញុះ​ញង់» សកម្មជន និង​យុវជន​ជាច្រើន​ចេញ​មក​តវ៉ា និង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ ដោយ​អំពាវនាវឱ្យ​ដោះ​លែង​លោក កើត សារ៉ាយ ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

អ្នកស្រី កើត យី បងស្រី​របស់​លោក កើត សារ៉ាយ បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ដោះលែង​ប្អូន​ប្រុស​របស់​អ្នកស្រី ហើយ​អ្នកស្រី​យល់​ថា​ប្អូន​ប្រុស​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ស្នើ​សុំ​ទៅ​អាជ្ញាធរ និង​តុលាការ​ឱ្យ​គាត់​ដោះ​លែង​ប្អូន ខ្ញុំ​ព្រោះ​គាត់​អត់​បាន​ខុស​អី​ទេ ហើយ​ដោះលែង​គាត់​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​គាត់​មិន​បាន​ធ្វើ​ខុស​អី​ញុះញង់​អ្នកណា​ឱ្យ​ដូច​ពាក្យ​តុលាការ​ចោទ​ប្រកាន់ សូម​ដោះ​ឱ្យ​លែង​កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ​មក​វិញ»៕