សកម្មជនគាំទ្រប្រជាធិបតេយ្យវ័យក្មេងអាយុ២៣ឆ្នាំរបស់ហុងកុងលោក Joshua Wong បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹងឈរឈ្មោះដើម្បីដណ្តើមយកអាសនៈមួយក្នុងសភាក្រុងហុងកុងដែលគ្រប់គ្រងដោយចិន ដែលការសម្រេចរបស់លោកនឹងនាំឲ្យមានជម្លោះជាថ្មី ក្រោយពីលោកត្រូវអាជ្ញាធរហុងកុងហាមមិនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតមុនៗ។
កាលពីលោកអាយុ ១៧ឆ្នាំ លោក Wong បានក្លាយជាមុខមាត់នៃចលនាឆ័ត្រ (Umbrella Movement) ដែលដឹកនាំដោយសិស្សនិស្សិតកាលពីឆ្នាំ២០១៤។ ប៉ុន្តែលោកលែងចេញមុខមាត់ដឹកនាំបាតុកម្មដែលពេលខ្លះបានក្លាយទៅជាហិង្សានៅក្នុងរយៈពេល១២ខែចុងក្រោយដែលបានធ្វើឲ្យកក្រើកទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ។
លោក Joshua Wong ថាលោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតបឋមឲ្យគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខជនសម្រាប់ប្រកួតប្រជែងដណ្តើមអាសនៈក្នុងរដ្ឋសភាហុងកុងក្នុងថ្ងៃទី៦ ខែកញ្ញាខាងមុខ។
ប៉ុន្តែកន្លងមក លោក Wong បានគៀងគរការគាំទ្រពីចលនាប្រជាធិបតេយ្យនៅក្រៅប្រទេស ដោយលោកបានជួបអ្នកនយោបាយពីសហរដ្ឋអាមេរិក អឺរ៉ុប និងកន្លែងផ្សេងទៀត ដែលនាំឲ្យមានការខឹងសម្បាពីរដ្ឋាភិបាលក្រុងប៉េកាំងដែលចោទលោកថាជា «ភ្នាក់ងារសម្ងាត់» របស់កម្លាំងបរទេស។
កាលពីឆ្នាំមុន លោកត្រូវបានអាជ្ញាធរសម្រេចមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតក្នុងសង្កាត់មួយដោយថាការតស៊ូរបស់លោកទាមទារសិទ្ធិស្វ័យសម្រេចរបស់ហុងកុងបានរំលោភលើច្បាប់បោះឆ្នោត ដែលចំណាត់ការនេះ លោក Wong ថាជាចេតនានយោបាយ៕