រដ្ឋមន្រ្តីនាវាស្តីទីអាមេរិកលាចេញពីដំណែង បន្ទាប់ពីអត្ថាធិប្បាយរិះគន់លោកវរនាវីត្រីទោ

រូបឯកសារ៖ លោក Thomas Modly រដ្ឋមន្រ្តីនាវាស្តីទីផ្តល់សក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ចំនួនករណីមេរោគកូរ៉ូណាមកពីនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បន្តកើនឡើងនៅកោះ Guam នៅពេលដែលមន្រ្តីដែលទទួលខុសត្រូវដែលបានដកលោកវរនាវីត្រីនាវានោះ បានលាចេញពីតំណែងកាលពីថ្ងៃអង្គារ។

ក្រុមមន្រ្តីនាវាបានប្រាប់ VOA កាលពីថ្ងៃអង្គារថា នាវិក២៣០នាក់របស់នាវាផ្ទុកយន្តហោះ USS Roosevelt បានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមាន ដែលកាលពីព្រឹកថ្ងៃ អង្គារមានជាង១៥ភាគរយនៃសមាជិកកងទព័អាមេរិកទាំងអស់ដែលបានបញ្ជាក់ថា មានមេរោគនោះនៅទូទាំងសាកលលោក។

កាលពីសប្តាហ៍មុន លោកវរនាវីទោ Brett Crizier មន្រ្តីបញ្ជាការនាវានោះ បានសរសេរលិខិតមួយច្បាប់ស្តីពីការព្រួយកង្វល់ទៅកាន់មេបញ្ជាការរបស់លោក ដោយជំរុញឲ្យពួកគេចាត់វិធានការម៉ឺងម៉ាត់ដើម្បីរារាំងការស្លាប់មកពីមេរោគកូរ៉ូណានេះ។

លោក Thomas Modly រដ្ឋមន្រ្តីនាវាស្តីទីដែលបានបណ្តេញលោក Crozier កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន បានលាចេញពីតំណែងកាលពីព្រឹកថ្ងៃព្រហស្បត៍។ នេះតាម លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Esper បានមានប្រសាសន៍ថា «ខ្ញុំមានការគោរពយ៉ាងខ្លាំងបំផុតចំពោះជនណាដែលបានបម្រើប្រទេសរបស់យើង ហើយដាក់ប្រយោជន៍ប្រទេសជាតិលើសពីអ្វីៗទាំងអស់។លោករដ្ឋមន្រ្តី Modly បានធ្វើដូច្នេះនៅថ្ងៃនេះ ហើយខ្ញុំសូមជូនពរលោកឲ្យបានជោគជ័យ។ លោករដ្ឋមន្រ្តីការពារប្រទេស Esper មានប្រសាសន៍ទៀតថា លោក Jim McPherson ដែលបច្ចុប្បន្ននេះជាអនុរដ្ឋមន្រ្តីកងទ័ពជើងគោក នឹងជំនួសលោក Modly ជារដ្ឋមន្រ្តីនាវា»៕