ធនាគារអេស៊ីលីដាថា របាយការណ៍របស់សង្គមស៊ីវិលអំពីបំណុលកម្មកររោងចក្រ«គ្មានមូលដ្ឋាន»និង«មានចរិតញុះញង់»

រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/វីអូអេ)

ធនាគារ​អេស៊ីលីដា ​ដែល​មាន​អតិថិជន​ទៅ​ដល់​ប្រមាណ​ ៤០​ម៉ឺន​នាក់ ​បាន​ប្រតិកម្ម​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ ​ដែល​ស្រាវជ្រាវ​អំពី​បំណុល​របស់​កម្មករ​កាត់​ដេរ​ ដោយ​លើក​ឡើង​ថា​ របាយ​ការណ៍​នេះ​ «គ្មាន​មូលដ្ឋាន​គ្រប់​ជ្រុង​ជ្រោយ» ​និង​មាន​ចរិត​ «ញុះញង់»។​

កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​សង្គមស៊ីវិល​ចំនួន​៣ ​គឺ​អង្គការ​លីកាដូ ​អង្គការ​សង់ត្រាល់​ និង​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ដែល​សិក្សា​អំពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ បង្ហាញ​អំពី ​«ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់» ​ក្នុង​វិស័យ​នេះ​ដែល​អាច​នាំ​ឲ្យ​កម្មករ​បង្ខំ​ចិត្ត​លក់​ដី ​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ទៀត ​ដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក» ​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ចង​ក្រង​ ដោយ​សម្ភាស​កម្មករ​កាត់​ដេរ​ចំនួន ​១៦២​នាក់​ ភាគ​ច្រើន​ជា​ស្រ្តី ​នៅ​ចន្លោះ​ពី​ខែ​មីនា​ដល់​ខែ​ឧសភា ​ឆ្នាំ​២០២០។ ​ ពួក​គេ​មក​ពី​រោងចក្រ​ដែល​ខ្លះ​ព្យួរ​ការងារ​កម្មករ​ដោយ​ផ្នែក ​និង​ខ្លះ​ព្យួរ​ការងារ​កម្មករ​ទាំង​ស្រុង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កំពង់ឆ្នាំង។

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ​ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ១៩ ។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា៖ ​«បញ្ហា​នេះ​បង្កើត​ឲ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ​ដែល​នាំ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ និង​ធ្វើ​ឲ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។ ​

របាយ​ការណ៍​នោះ ​ក៏​លើក​ឡើង​អំពី​ធនាគារ​អេស៊ីលីដា ​តាម​រយៈ​ការ​ដក​ស្រង់​សម្តី​របស់​កម្មករ​ដែល​ផ្តល់​បទ​សម្ភាសន៍​ក្នុង​នោះ​មាន​ករណី​លក់​ដី​សង​បំណុល ​និង​យក​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ទៅ​បង់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ទៀត។​

អ្នក​ដែល​ត្រូវ​សម្ភាស​ម្នាក់​និយាយ​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា៖​ «ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​ចំពោះ​ការ​បង់​ប្រាក់​សង​កម្ចី​ធនាគារ​អេស៊ីលីដា ​និង​ម្ចាស់​បំណុល​ផ្សេង​ទៀត​ណាស់»។​

បើ​តាម​របាយ​ការណ៍​នេះ​ អ្នកស្រី​ សុភា​ អាយុ​៤០​ឆ្នាំ ​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​វីសិនហ្វាន់​ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ទៅ​ជា​ដាប់ប៊ែលយូ​ប៊ី​ហ្វាយណែន​ ដើម្បី​យក​ទៅ​សង​កម្ចី​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា។ ​អ្នកស្រី​បាន​លក់​ដី​ស្រែ​ទៅ​សង​មីក្រូ​ហិរញ្ញ​វត្ថុ​នោះ។​

ចំណែក​ករណី​មួយ​ទៀត​អ្នកស្រី ​បុប្ផា​ បាន​ខ្ចី​កម្ចី​ធនាគារ​អេស៊ីលីដា​ ដោយ​មួយ​ផ្នែក​យក​ទៅ​បង់​សង​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ទៀត។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​នេះ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ធនាគារ​អេស៊ីលីដា​បាន​ប្រតិកម្ម​ថារបាយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អេស៊ីលីដា។​

ធនាគារ​នេះ​លើក​ឡើង​ថា​ អង្គការ​ទាំង​នោះ ​«កំពុង​តែ​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​ កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត​ មាន​សេរីភាព​និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន»។ ​ធនាគារ​នេះ​ក៏​បាន​ចោទ​ប្រកាន់​ថា​ អង្គការ​ទាំង​នោះ​បាន​បំភ័ន្ត​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​យល់​ច្រឡំ​និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បញ្ជាក់​ថា៖​ «ស្ថាប័ន​សង្គម​ស៊ីវិល​ទាំង​នោះ​តែង​តែ​ព្យាយាម​ដោយ​ចេតនា​ទាញ​យក​ផល​ប្រយោជន៍​ពី​សមិទ្ធផល​ដែល​វិស័យ​ឯក​ជន​ បាន​កសាង​និង​ចូលរួម​អភិវឌ្ឍ​យ៉ាង​សកម្ម​ជាមួយ​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

រូបឯកសារ៖ លោក អ៊ិន ចាន់នី​ អគ្គនាយក​ធនាគារ​អេស៊ីលីដា​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

ធនាគារ​អេស៊ីលីដា​បាន​ហៅ​ថា​ របាយ​ការណ៍​នេះ​ជា​ «ការ​សរសេរ​ដែល​គ្មាន​ការ​ស្រាវជ្រាវ​ប្រកប​ដោយ​វិជ្ជាជីវៈ ​គ្មាន​មូលដ្ឋាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ» ​ហើយ​ថា​ អង្គការ​ទាំង​នេះ​ «មាន​ចរិត​ញុះញង់​ និង​មាន​ចេតនា​បំផ្លាញ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ»។​

ទន្ទឹម​នឹង​នេះ​ធនាគារ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ជន ​ឬ​ក្រុម​ទាំង​ឡាយ​ណា​ដែល​ធនាគារ​ថា​ «ញុះ​ញង់​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ជំរុញ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ជំនឿ​ទុក​ចិត្ត ​សុវត្ថិភាព​ដល់​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​ទាំង​មូល»។​

លោក​ អ៊ិន ចាន់នី ​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ របាយ​ការណ៍​នេះ​មិន​ច្បាស់ ​ អត់​ត្រឹម​ត្រូវ​ គ្មាន​ការណ៍​ពិត។​ លោក​បន្ត​ថា​ ធនាគារ​របស់​លោក​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ដោយ​គ្មាន​ការ​បង្គាប់​បញ្ជា​ពី​អាជ្ញាធរ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ចុះ​ Statement ​(សេចក្តី​ថ្លែង​ការណ៍)​ ដែល​ខ្ញុំ​ដាក់​សញ្ញា​របស់​ធនាគារ​ចាំ​បាច់​នរណា​ឲ្យ​ធ្វើ?​ បើ​គេ​សរសេរ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​យើង ​គឺ​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង​ គ្មាន​អាជ្ញាធរ​ណា​បង្គាប់​យើង​ទេ។​ វា​ជា​សិទ្ធិ​ពេញ​លេញ​របស់​ក្រុមហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ហ្នឹង។ ​គ្មាន​នរណា​បង្គាប់​ឲ្យ​យើង​ធ្វើ​ទេ»។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី​ ជា សិរី ​អគ្គ​នាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ។​

លោក ​ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវ​ស្ទង់​មតិ​នេះ​មិន​តំណាង​ឲ្យ​អ្នក​ជំពាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នោះ​ទេ​ ហើយ​ក៏​មិន​តំណាង​ឲ្យ​កម្មករ​ជាង​ ៨០​ម៉ឺន​នាក់​ដែរ។​ នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​ក្នុង​ចំណោម​កម្មករ​ ដែល​បាត់​បង់​ការងារ​ដោយ​សារ​ការ​ព្យួរ​ការងារ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​របាយ​ការណ៍​មួយ​នេះ ​គឺ​មិន​មែន​ជា​របាយ​ការណ៍​ដែល​មាន​ការ​ញុះញង់​ទេ។​ របាយ​ការណ៍​នេះ​គឺ​វា​ឆ្លុះ​បញ្ចាំង​តថភាព​ជាក់​ស្តែង​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ហ្នឹង ​ដែល​កម្មករ​បាត់បង់​លទ្ធភាព​រក​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ពួក​គាត់​ហ្នឹង»។​

លោក​បន្តថា​ អង្គការ​មាន​វិធីសាស្រ្ត​ក្នុង​ការ​សម្ភាស ​និង​កម្រង​សំណួរ​ដែល​កម្មករ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ថា​ ការ​ស្ទង់​មតិ​នេះ​ គឺ​ដើម្បី​ចង់​ដឹង​អំពី​ផល​ប៉ះពាល់​ទៅ​លើ​កម្មករ​ ដោយសារ​ការ​ជំពាក់​បំណុល ​ហើយ​ដើម្បី​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ស្វែង​រក​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពួក​គាត់។​

ចំណែក​កាល​ពី​ថ្ងៃ​ទី១ ​ខែ​កក្កដា​ លោកស្រី​ យ៉ាង សុភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ដែល​សហជីព​របស់​លោកស្រី​បាន​ចូលរួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ដែរ​ ក៏​ត្រូវ​បាន​ក្រសួង​ការងារ​ព្រមាន​ប្តឹង​ទៅ​តុលាការ ​រំលាយ​សហជីព​របស់​លោកស្រី ​ទាក់ទង​នឹង​ករណី​មួយ។

​ក្រសួង​ការងារ​ចោទ​ថា​ លោកស្រី​ «ដឹក​នាំ​និង​ញុះញង់​កម្មករ​និយោជិត​ឲ្យ​គំរាម​កំហែង​និង​ដាក់​សម្ពាធ​លើ​ភាគី​និយោជក»​ ទាក់​ទង​នឹង​ការ​ដែល​អ្នកស្រី​ចេញ​មុខ​ជួយ​កម្មករ​នៅ​រោងចក្រ ​Violet Apparel Cambodia ​ក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​អង្គារ​ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​ និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​លោក ​កាំង តុងងី ​ថ្លែង​ប្រាប់​ VOA​ ថា​ ស្ថាប័ន​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​របាយ​ការណ៍​នេះ​មាន​របៀប​វារៈ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​នាំ​ឲ្យ​លោក​ចោទ​ជា​សំណួរ​អំពី​ភាព​ទុក​ចិត្ត​បាន​ចំពោះ​របាយ​ការណ៍​នេះ។​ លោក​បន្ថែម​ថា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ជួយ​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​ ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គេ​ល្អ​ប្រសើរ។​

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​បទ​ពិសោធន៍​នៃ​មនុស្ស​ទាំង ​១៦២​នាក់ ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​មិន​តំណាង​ឲ្យ​គ្រប់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ​ឬ​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទេ។​

ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា ​ភាព​លំបាក​របស់​ពួក​គាត់​គឺ​មាន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច​ជាង​ ២​លាន ​៦​សែន​នាក់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជាប់​ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​សរុប​ជាង ​១០​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩។​ ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​គឺ​ចំនួន​ ៣.៨០៤​ដុល្លារ​ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​ឧសភា​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ក៏​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​សិក្សា​មួយ​ដោយ​លើក​ឡើង​ថា ​ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ​ដើម្បី​រក​លុយ​សង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​នោះ៕