ជន​ចំណាក​ស្រុក​ប្រមាណ​៨០០នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​នៅ​សមុទ្រ​

ជន​ចំណាក​ស្រុក​អង្គុយ​នៅ​ក្នុង​ទូក​របស់​ពួកគេ​ កំឡុង​ពេល​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ដោយ​នាវា​ Vega របស់​អ៊ីតាលី ដែល​រូបថត​នេះ​ផ្តល់​ដោយ​កងទ័ព​ជើង​ទឹក​របស់​អ៊ីតាលី កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ២០១៥។

ជន​ចំណាក​ស្រុក​ប្រហែល​៨០០​នាក់​ដែល​ត្រូវ​បានគេ​ជួយ​សង្គ្រោះ​ពី​ទូក​ខណៈ​ដែល​កំពុង​ព្យាយាម​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​បាន​ទៅ​ដល់​កំពង់​ផែ Palermo នៃ​កោះ Sicily ប្រទេស​អ៊ីតាលី​ហើយ។

​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​មក​ពី ​ប្រទេស​ស៊ូដង់ (Sudan) ​អេរីត្រេ (Eritrea) ​និង​ប្រទេស​ស៊ីរី​ត្រូវ​បាន​គេ​យក​ទៅ​កាន់​កំពង់​ផែ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ដឹក​តាម​កប៉ាល់ Siem Pilot របស់​ប្រទេស​បែលហ្សិក​ដែល​កំពុង​ចូល​រួម​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

ស្រ្តី​និង​កូន​ក្មេង​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​ចំ​ណោម​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​អាហារ​សម្រន់​ និង​ទឹក​បរិភោគ​នៅពេល​ដែល​ពួកគេ​តម្រង់​ជួរ​ដើម្បី​ទទួល​អត្តសញ្ញាប័ណ្ណ​ ហើយ​និង​ពិនិត្យ​សុខភាព​នៅ​ឯ​កំពង់ផែ។

ក្រុម​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ដឹក​តាមនាវា​យាម​ល្បាត Le Niamh របស់​អៀឡង់​ទៅ​កាន់​ទី​ក្រុង Pozzallo នៅ​លើ​កោះ Sicilina ភាគអាគ្នេយ៍។

ការ​មក​ដល់របស់​ជន​ចំណាក​ស្រុក​នៅ​ពេល​ថ្មីៗ​នេះ​កើត​មាន​ឡើង​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ជន​ចំណាក​ស្រុក​អាហ្វ្រិក​៤០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​លង់​ទឹក​នៅឯ​សមុទ្រ​បន្ទាប់​ពី​ទូក​ប្រើ​ខ្យល់បាន​លិច​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​ស្លាប់​ទាំងអស់​មក​ពី​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិកដូចជា​ប្រទេស​សេណេហ្គាល់ (Senegal) ប្រទេស​ម៉ាលី​ (Mali) និង​បេណាំង (Benin)៕