៩ខែ​ដើម​ឆ្នាំ​មាន​ទេសចរ​អន្តរជាតិ​ជិត​២លាន​នាក់​បាន​មក​ទស្សនា​តំបន់​អង្គរ

រូបឯកសារ៖ ភ្ញៀវទេសចរដើរទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

លោក​ ​ឡុង កុសល្យ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​កត្តា​សន្តិភាព​ និង​ស្ថិរភាព​សង្គម​នៅប្រទេស​កម្ពុជា​ ​បន្ត​ធ្វើ​​ឲ្យ​តំបន់​បេតិកភណ្ឌ​ពិភព​លោក​អង្គរ​ ​នៅ​ជា​គោលដៅ​កំសាន្ត​ដ៏សំខាន់​របស់​ក្រុមទេសចរ​ ដែល​អាច​បាន​ដឹង​ពី​វប្បធម៌​របស់​កម្ពុជា​ ​នៅ​ពេល​ពួកគេ​មក​ទស្សនា​តំបន់​អង្គរ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ក្នុង​រយៈពេល​៩ខែ​ដើម​ឆ្នាំ​នេះ​មាន​ចំនួន​ជិត​២លាន​នាក់​ និង​ផ្តល់​ចំណូល​ជាង​៨០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា។​ ​នេះ​បើ​យោង​តាម​ស្ថិតិ​ចុង​ក្រោយ​ចេញ​ផ្សាយ​ដោយ​គ្រឹះ​ស្ថាន​អង្គរ​នៅក្នុង​សប្តាហ៍នេះ។​

យោងតាម​ស្ថិតិ​ចុងក្រោយ​ ​ដែល​ចេញ​ផ្សាយ​ដោយ​គ្រឹះស្ថាន​អង្គរ​ ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ការ​លក់​សំបុត្រ​ចូលទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ ​បាន​ឲ្យដឹងថា​ ក្នុង​រយៈ​៩ខែ​ ​ក្នុងឆ្នាំ​២០១៨​ ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ឡើង​ដល់​ ១,៩លាននាក់ មាន​កំណើន​ជិត​៩ភាគរយ​ ​ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០១៧​ ​ខណៈ​ដែល​ចំណូល​បាន​ឡើង​ដល់​៨៥លានដុល្លារ​ ​មាន​កំណើន​១៣ភាគរយ​ ​ធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​២០១៧។​

លោក​ ​ឡុង កុសល្យ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​កត្តា​សន្តិភាព​ និង​ស្ថិរភាព​សង្គម​នៅប្រទេស​កម្ពុជា​ ​បន្ត​ធ្វើឲ្យ​តំបន់​បេតិកភណ្ឌ​ពិភព​លោក​អង្គរ​ ​នៅ​ជា​គោលដៅ​កំសាន្ត​ដ៏សំខាន់​របស់​ក្រុមទេសចរ​ ដែល​អាច​បាន​ដឹង​ពី​វប្បធម៌​របស់​កម្ពុជា​ ​នៅ​ពេល​ពួកគេ​មក​ទស្សនា​តំបន់​អង្គរ។​

«សំខាន់​គឺថា​ ប្រទេស​ខ្មែរយើង​ មាន​សុខ​ មាន​សុខ​សន្តិភាព​ ហើយ​តំបន់​អង្គរ​គឺ​មាន​ការ​ទាក់​ទាញ​ ណាស់​ ជាពិសេស​គឺថា​ បងប្អូន​ដែល​អ្នក​ទេសចរណ៍​នោះ​ គាត់​អាច​មកមិន​ត្រឹមតែ​តាម​ជាមួយតែ​ហ្នឹង​ប្រាង្គ​ប្រាសាទ​ ដែល​ជា​មរតក​ បេតិកភណ្ឌ​ពិភពលោក​នោះទេ​ ក៏ប៉ុន្តែ​គាត់​មានការ​សប្បាយ​រីករាយ​ជាមួយ​នឹង​វប្បធម៌​ខ្មែរ​យើង​ ជាពិសេស​បងប្អូន​ខ្មែរ​យើង​ គាត់​មាន​ភាព​រាក់​ទាក់​ រួសរាយ​ ហើយ​នៅ​ក្នុង​តំបន់​អង្គរ​ហ្នឹង​ ក៏ដូច​ជានៅក្នុង​ខេត្ត​សៀមរាប​ទាំង​មូលហ្នឹង ​មាន​កន្លែង​ជាច្រើន​ទៀត​ ដែល​ជា​ទីដៅ​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ហ្នឹង​ណ៎ា‍»។

លោក​ឡុង កុសល្យ​ បន្ថែម​ថា​ ទេសចរ​បាន​ទៅ​បឹង​ទន្លេសាប​ដើរ​ទៅតាម​សហគមន៍​មើល​ ការ​រស់​នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ជា​ការ​បន្ថែម​នឹង​ការ​មក​ទស្សនា​តំបន់​បេតិកភណ្ឌ​ពិភពលោក។

កាលពីឆ្នាំ​២០១៧​ ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​លំដាប់​កំពូល​ទី​មួយ​របស់​ពិភពលោក​ តាម​រយៈ​កម្មវិធី​ផ្តល់​រង្វាន់​របស់​គេហទំព័រ​ប្រឹក្សា​ធ្វើ​ដំណើរ​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ​ ​TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។​ ​

ចំណាត់​ថ្នាក់​នេះ​ ត្រូវបានធ្វើ​ឡើង​ ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដែល​មាន​ចំនួន​២៥ផ្សេង​ទៀត​ រួម​មាន​មជ្ឈមណ្ឌល​ព្រះវិហារ​សាសនា​អ៊ីស្លាម​ដ៏​ប្រណិត​ឈ្មោះ​ថា​ ​Sheikh Zayed​ ​ក្នុង​ប្រទេស​អារ៉ាប់រួម​ ប្រាសាទ​ Mezquita Cathedral de Cordoba ​របស់​ប្រទេស​អេស្ប៉ាញ​ សំណង់​ St Peter’s Basilica ​ក្នុង​បុរី​វ៉ាទីកង់​ និង​សំណង់​ Taj Mahal ​របស់​ប្រទេស​ឥណ្ឌា។​

លោក​ ​គង់ សុភារៈ​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ ​មាន​ប្រសាសន៍​ថា​ ភ្ញៀវ​ទេចរ​ចិន​ ​បាន​នាំមុខ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ចិន​ បាន​បន្ត​មាន​ទំនាក់​ទំនង​ល្អ​ ​ហើយ​ការ​វិនិយោគ​របស់​ចិន​ក៏បាន​បន្តកើន​ឡើង។​ ​លោក​ថា​ ការ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​នានា​របស់​កម្ពុជា​នៅ​ប្រទេស​ចិន​ និង​ការ​កើន​ឡើង​នៃ​ការ​ហោះហើរ​ដោយ​ត្រង់​ពីចិន​មក​កម្ពុជា​ ​ក៏ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ និង​ប្រាង្គ​ប្រាសាទ​បុរាណ​របស់​ប្រទេស​នេះ។​

«ចិនមក​ច្រើន​ យើង​ឃើញ​ ទីមួយ យើង​ឃើញ​ថា​ វាមាន​កត្តា​ដែលនេះ​ ​បាន​គឺទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ល្អ​ ដល់ពេល​ចឹង​ហើយ ការ​វិនិយោគ​របស់​ចិន​មក​ច្រើន​ យើង​ឃើញ​ ទេសចរ​ចិន​វាត្រូវតែ​មក​តាម​ហ្នឹង​ហើយ»។​

លោក​ ​គង់ សុភារៈ​ ​ឲ្យដឹង​បន្ថែម​ថា​ ​ក្នុង​រយៈពេល​៧ខែ​នៃឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៣,៥លាននាក់​ ​ដោយ​មាន​កំណើន​១១ភាគរយ​ ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។​ ​ភ្ញៀវ​ចិន​ បាននាំ​មុខគេ​ ដោយ​មាន​ចំនួន​ជាង​១លាននាក់​ ពោល​គឺកើន​៧២​ភាគរយ​ធៀប​នឹងឆ្នាំមុន​។ ​ភ្ញៀវ​ដែល​មាន​ច្រើន​ជាងគេ​បន្ទាប់​ពីចិន​ ​គឺ​មាន​ ​វៀតណាម​ ​ឡាវ​ កូរ៉េ ថៃ ​អាមេរិក ជប៉ុន​ និង​ម៉ាឡេស៊ី និងបារាំង។​

​លោក​អះអាង​ថា​ ឆ្នាំ​២០១៨នេះ​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវទេសចរណ៍​ចំនួន​ ៦,២លាននាក់​ ​ដោយ​នឹង​មាន​កំណើន​ក្នុងរង្វង់​១០ភាគរយ ធៀបនឹង​ឆ្នាំ​២០១៧។ លោក​ថា ភ្ញៀវ​ចិន​នឹង​ឈរ​ក្នុង​លំដាប់​លេខ​មួយ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ដោយ​មាន​ចំនួន​ប្រមាណ​១,៨លាននាក់។

សួន​ឧទ្យាន​បុរាណ​អង្គរ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​សុខាអូតែល​របស់​លោក​ ​ឧកញ៉ា​ សុខ គង់​ សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​អស់​រយៈពេល​១៧​ឆ្នាំ។រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥​ បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ដល់​ទេសចរ​អន្តរជាតិ​សម្រាប់​ការ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ។​

អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​មក​ថា​ក្នុង​ពេល​ដែលភ្ញៀវ​ទេសចរណ៍បន្ត​ហូរ​ចូល​ខេត្តសៀមរាបនោះការ​អប់រំ​ឲ្យ​ភ្ញៀវ​យល់​ដឹង​ពី​ការ​គោរព​ប្រណិប័តន៍​បដិមា​នៅ​តាម​ប្រាសាទ​នានា​ ​ជា​កិច្ចការ​សំខាន់​មួយ​ដែល​អាជ្ញាធរ​ត្រូវ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ផងដែរ។​

ទោះបី​ជា​ប្រាសាទ​អង្គរវត្ត​អាច​រក​ចំណូល​បាន​ច្រើន​ក្តី​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​មួយ​ចំនួនធំ​ ​ត្រូវ​គេ​សង្កេតឃើញ​ថា​បាន​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នៅឡើយ៕