លោក​អាបូត៖​អ្នក​ចាប់​ចំណាប់​ខ្មាំង​ជា​មនុស្ស​មាន​ជម្ងឺ​សតិ​អារម្មណ៍

នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ តូនី​ អាបូត​ (Tony Abbott) និង​ប្រពន្ធ​របស់​គាត់​​ លោក​ស្រី​ ម៉ាហ្គី (Margie)​ យក​ផ្កា​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ពី​ការឡោមព័ទ្ធ​នៅ​ក្នុង​តំបន់​ Martin Place តំបន់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​ ប្រទេសអូស្រ្តាលី កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

នាយក​រដ្ឋមន្រ្តី​ប្រទេស​អូស្រ្តាលី លោក​ តូនី ​អាបូត​ (Tony Abbott)​ បាន​ពណ៌នា​ការ​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅឯ​ហាង​កាហ្វេ​ក្នុង​ទីក្រុង​ស៊ីដនី​ថា​ជា​ «ជម្ងឺ​រវើរវាយ​នៃ​បុគ្គល​មាន​បញ្ហា​សតិ​អារម្មណ៍» (sickness fantasy of a disturbed individual)។

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្រ្តីអាបូត ​បាន​ចូល​រួម​ជាមួយ​ប្រជាពលរដ្ឋ​អូស្រ្តាលី​ដើម្បី​កាន់​ទុក្ខ​ជន​រងគ្រោះ​ពី​ការឡោមព័ទ្ធ​ ដែល​បាន​បញ្ចប់​ដោយ​ប៉ូលីស​បាន​ធ្វើការវាយឆ្មក់​ដើម្បី​រំដោះ​ចំណាប់​ខ្មាំង។ ចំណាប់​ខ្មាំង​២​នាក់​ហើយ​និង​ជនប្រដាប់​អាវុធ​ម្នាក់ ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​គ្នា។

បន្ទាប់​ពី​ដាក់​ផ្កា​នៅ​ឯ​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ លោក​នាយករដ្ឋ​មន្រ្តីអាបូត បាន​ពណ៌នា​ជន​សង្ស័យ​ដែល​មានដើម​កំណើត​អ៊ីរ៉ង់​ថា​ជា​បុរស​មាន​ការ​រវើរវាយ​ ហើយ​បាន​និយាយ​ថា ជន​នោះ​មាន​ប្រវត្តិ​ឧក្រិដ្ឋ​កម្ម​ ជម្ងឺ​សរសៃ​ប្រសាទ​ ជា​យូរយាណាស់​មក​ហើយ ព្រម​ទាំង​ការពាក់ព័ន្ធ​ក្នុង​លទ្ធិ​ជ្រុល​និយម។

​ជន​សង្ស័យ​ត្រូវ​បាន​កំណត់​អត្តសណ្ណាណ​ថា​មាន​ឈ្មោះ Man Haron Monis អាយុ​៥០​ឆ្នាំ​ ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​ស្គាល់​ច្រើន​មក​ហើយ​ដោយ​ក្រុម​អាជ្ញាធរ​អូស្រ្តាលី ក៏​ប៉ុន្តែ​លោក Abbott ​បាន​និយាយ​ថា​បុរស​នោះ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​ភេរវជន​ទេ។

បព្វ​ជិត​អ៊ី​ស្លាម​ដែល​តែងតាំង​ដោយ​ខ្លួន​ឯង​ បាន​ស្ថិតនៅ​ក្រៅ​ឃុំ​ដោយ​សារការបង់ប្រាក់​ធានា​ បន្ទាប់​ពី​រងការ​ចោទ​ប្រកាន់ពី​ការ​សម្លាប់​អតីត​ប្រពន្ធ​របស់​ខ្លួន។​ ជន​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​ការផ្ញើរ​លិខិត​គម្រាម​កំហែង​ទៅ​ឲ្យ​ឪពុក​ម្តាយរបស់​ទាហាន​អូស្រ្តាលី​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

​ក្នុង​អំឡុង​ពេល​នៃ​ការប្រឈម​គ្នា​នោះ​ Monis ​បាន​បង្ខំ​ក្រុម​ចំណាប់​ខ្មាំង​ឲ្យ​លើក​ទង់​ជាតិ​ដោយ​មាន​សរសេរ​សេចក្តី​ថ្លែង​ពីជំ​នឿអ៊ី​ស្លាម​។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន Monis បាន​និយាយថា ​ខ្លួន​គាំទ្រ​ក្រុម​រដ្ឋ​អ៊ី​ស្លាម៕