ការធ្វើតេស្តមួយដោយប្រើទឹកមាត់ដើម្បីរកជំងឺកូវីដ១៩ ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Yale និងត្រូវបានផ្ដល់ថវិកាដោយសមាគមបាល់បោះជាតិអាមេរិក NBA ត្រូវបានទីភ្នាក់ងារម្ហូបអាហារ និងឱសថអនុញ្ញាតឲ្យប្រើប្រាស់កាលពីថ្ងៃសៅរ៍សម្រាប់ករណីបន្ទាន់។
តេស្ដឈ្មោះថា SalivaDirect គឺជាតេស្តទី ៥ សម្រាប់ការប្រើទឹកមាត់ដើម្បីរកជំងឺកូវីដ១៩ ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពីទីភ្នាក់ងារម្ហូបអាហារ និងឱសថ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា តេស្តនេះយកទឹកមាត់ពីអ្នកដែលគិតថាខ្លួនមានវីរុសកូរ៉ូណា ដើម្បីពិនិត្យរកវីរុស។
តេស្តនេះត្រូវបានគេមើលឃើញថា ផ្ដល់លទ្ធផលមិនដល់ ២៤ ម៉ោងផង ដែលលឿនជាងមុន និងថោកជាងមុន ដែលមានតម្លៃត្រឹមតែប្រមាណ ១០ ដុល្លារប៉ុណ្ណោះ។ តេស្តនេះក៏សាមញ្ញជាងមុនផងដែរ ដោយគ្រាន់តែប្រើទឹកមាត់ ដោយមិនបាច់លូកជ្រៅចូលទៅក្នុងច្រមុះដើម្បីយកសំណាកនោះទេ។
សាកលវិទ្យាល័យ Yale បានឲ្យដឹងថា សមាគមបាល់បោះជាតិអាមេរិក NBA និងសមាគមកីឡាករបាល់បោះជាតិ បានសហការជាមួយនឹងមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Yale កាលពីខែមិថុនា ហើយបានប្រើប្រាស់ SalivaDirect ដើម្បីធ្វើតេស្តកីឡាករ គ្រូបង្វឹក និងបុគ្គលិក នៅក្នុងក្រុមមួយចំនួន ដែលមិនមានរោគសញ្ញាជំងឺកូវីដ១៩។
ការអនុញ្ញាតឲ្យប្រើប្រាស់តេស្តថ្មីនេះត្រូវបានធ្វើឡើង ខណៈដែលការធ្វើតេស្តរកករណីឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ បានថយចុះជាលើកដំបូង បើទោះជាមានការអំពាវនាវពីក្រុមមន្ត្រីសុខភាពសាធារណៈ និងមន្ត្រីរដ្ឋាភិបាលសហព័ន្ធ ឲ្យបង្កើនការធ្វើតេស្តយ៉ាងច្រើនថែមទៀតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។ សហរដ្ឋអាមេរិកនៅតែមានចំនួនករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕