នៅថ្ងៃសៅរ៍នេះ អាជ្ញាធរនិងមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានរកឃើញថា អ្នកដំណើរម្នាក់តាមនាវា MS Westerdam ដែលបានចុះចតនៅកម្ពុជាកាលពីថ្ងៃសុក្រ មានផ្ទុកមេរោគកូរ៉ូណាវីរុស Covid-19 បន្ទាប់ពីស្រ្តីវ័យ ៨៣ឆ្នាំរូបនេះ បានធ្វើដំណើរតាមយន្តហោះពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី។
មន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន Malaysiakini ថា ការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋានកូឡាឡាំពួរ បានរកឃើញថា អ្នកធ្វើដំណើរពីររូប ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មានអាការៈសុខភាពដែលអាចបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។
លោកបានថ្លែងថា៖ «ការធ្វើតេស្តពិនិត្យរកមេរោគ Covid-19 ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ “Institute for Medical Research” ហើយស្ត្រី [ជនជាតិអាមេរិក]ម្នាក់នោះត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ»។
ស្ត្រីអាមេរិកាំងរូបនេះ គឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរចំនួន ជាង ២០០០នាក់ តាមនាវាកម្សាន្ត Westerdam របស់ក្រុមហ៊ុន Holland America Line ដែលរដ្ឋាភិបាលចំនួនបួន រួមមានជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារបារម្ភថា អ្នកដំណើរទាំងនោះអាចមានមេរោគកូរ៉ូណា។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាវានេះចុះចតនៅកំពង់ផែប្រចាំក្រុងព្រះសីហនុ ហើយនៅព្រឹកថ្ងៃសុក្រ អ្នកធ្វើដំណើរជាង ១០០នាក់ ត្រូវបានអនុញ្ញាតឲ្យឡើងគោក បន្ទាប់ពីអាជ្ញាធរកម្ពុជាបានអះអាងថា ពួកគេមិនមានផ្ទុកមេរោគកូរ៉ូណាវីរុស។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់វីអូអេថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានដឹងពីសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះ ហើយថា «យើងកំពុងសហការជាមួយមន្ត្រីពាក់ព័ន្ធគ្រប់រូប ដើម្បីបញ្ជាក់ឲ្យច្បាស់ពីសេចក្តីរាយការណ៍ទាំងអស់នេះ»។
អ្នកស្រីបានសរសេរតាមសារអេឡិចត្រូនិកមកកាន់វីអូអេថា៖ «សុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋអាមេរិកគឺជាអាទិភាពចម្បងរបស់ស្ថានទូតអាមេរិក។ យើងកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីសុខាភិបាលកម្ពុជា ក្នុងការចាត់វិធានការផ្នែកត្រួតពិនិត្យសុខភាពបន្ថែមទៀតដែលចាំបាច់»។
សារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ីដដែល បានឲ្យដឹងថា ស្ត្រីអាមេរិកាំងរូបនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ក្នុងប្រទេសម៉ាឡេស៊ី។ រីឯស្វាមីរបស់ស្ត្រីអាមេរិកាំងរូបនេះ ត្រូវបានរាយការណ៍ថា មិនមានផ្ទុកមេរោគ កូរ៉ូណាវីរុសទេ ប៉ុន្តែកំពុងត្រូវបានមន្ត្រីសុខាភិបាលម៉ាឡេស៊ីតាមដានស្ថានភាពសុខភាព។
កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋាភិបាលកម្ពុជាមានគម្រោងឲ្យអ្នកដំណើរ ៤០០នាក់ចាកចេញពីនាវា។ អ្នកដំណើរខ្លះនឹងទៅភ្នំពេញ ហើយអ្នកខ្លះបន្តដំណើរទៅប្រទេសខ្លួន និងអ្នកខ្លះទៀត នឹងស្នាក់នៅរាជធានីភ្នំពេញ មុនពេលធ្វើដំណើរបន្តទៀត។
ក្នុងចំណោមអ្នកដំណើរជិត ២០០០នាក់ នៅលើនាវា Westerdam នេះ អ្នកដំណើរ ២០នាក់ ត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពដូចជា ផ្តាសាយ រាគរូស និងមានបញ្ហាក្រពះ និងពោះវៀនជាដើម។ ក្រសួងសុខាភិបាលកម្ពុជា បានលើកយកវត្ថុសំណាកពីអ្នកដំណើរទាំងនេះទៅពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រ ហើយបានបញ្ជាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណានោះទេ៕