អ្នកនិពន្ធកំណាព្យខ្មែរអាមេរិកាំងម្នាក់ បានធំដឹងក្ដីឡើងដោយឆ្លងកាត់ការលំបាកជាច្រើនទាក់ទងនឹងភាពតានតឹងផ្លូវចិត្ត ការមិនស្គាល់អត្តសញ្ញាណ និងវប្បធម៌ខ្លួនឯង។ ក៏ប៉ុន្តែ អ្នកនិពន្ធរូបនេះ បានស្វែងរកការផ្សះផ្សាផ្លូវចិត្ត និងក្ដីសង្ឃឹមថ្មីតាមរយៈការតែងនិពន្ធ និងសកម្មភាពតស៊ូមតិ។
អ្នកនាង ទុយ ពៅ មានអាយុត្រឹមតែបួនឆ្នាំប៉ុណ្ណោះ នៅពេលដែលអ្នកនាង និងក្រុមគ្រួសារ បានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានមករស់នៅសហរដ្ឋអាមេរិក។
ដោយធំដឹងក្ដីនៅលើទឹកដីថ្មីនេះ អ្នកនាង ទុយ ពៅ មានអារម្មណ៍មិនប្រាកដប្រជាថាតើខ្លួនឯងជានរណា ឲ្យពិតប្រាកដ។ ការមិនស្គាល់អត្តសញ្ញាណនិងវប្បធម៌ខ្លួនឯងពិតប្រាកដនេះ បានធ្វើឲ្យអ្នកនាង ទុយ ពៅ ប្រឈមនឹងបញ្ហាជាច្រើនរួមទាំងភាពតានតឹងផ្លូវចិត្តផងដែរ។
អ្នកនាង ទុយ ពៅ បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងទៅថ្មីៗនេះថា៖
«ខ្ញុំបានឆ្លងកាត់បទពិសោធន៍ជូរចត់ដែលខ្ញុំស្អប់ខ្លួនឯងដែលជាខ្មែរ ហើយមិនយល់ពីអត្តសញ្ញាណខ្មែរ និងជាពិសេសការដែលខ្លួនមានអត្តសញ្ញាណជាខ្មែរអាមេរិកាំង»។
កើតនៅខេត្តបាត់ដំបង នៅចុងឆ្នាំ១៩៧៩ អ្នកនាង ទុយ ពៅ បានរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ មុននឹងត្រូវបានរដ្ឋាភិបាលអាមេរិកទទួលយកជាជនភៀសខ្លួន។ អ្នកនិពន្ធសៀវភៅនិងជាកវីខ្មែរអាមេរិកាំង វ័យ៣៧ឆ្នាំរូបនេះ សព្វថ្ងៃរស់នៅទីក្រុងឡូវែលនៃរដ្ឋម៉ាសាឈូសេត។
អ្នកនាង ទុយ ពៅ បានរៀបរាប់ថា អ្វីដែលធ្វើឲ្យអ្នកនាងស្អប់ខ្លួនឯងកាន់តែខ្លាំងថែមទៀតនោះ គឺពណ៌សម្បុរស្បែករាងក្រមៅរបស់នាង។
«ពេលដែលខ្ញុំធំដឹងក្ដី បងស្រីរបស់ខ្ញុំមានស្បែកស ជាងខ្ញុំ។ គាត់តែងតែចំអកឲ្យខ្ញុំថា ខ្ញុំមិនមែនកូនរបស់ឪពុកម្ដាយខ្ញុំទេ ហើយថា ខ្ញុំជាកូនរបស់អាមេរិកាំងស្បែកខ្មៅ។ ការនិយាយបែបនេះ ប៉ះពាល់ផ្លូវចិត្តខ្ញុំខ្លាំងណាស់»។
ក្នុងពេលវ័យជំទង់ ម្ដាយនិងបងស្រីរបស់អ្នកនាង ទុយ ពៅ តែងតែជំរុញឲ្យអ្នកនិពន្ធកំណាព្យរូបនេះ លាបផលិតផលដែលធ្វើឲ្យស្បែកស ដើម្បីជៀសវាងការពេបជ្រាយឬការទិតៀនពីអ្នកជិតខាង និងសហគមន៍ខ្មែរមួយចំនួននៅទីក្រុងឡូវែល ដោយសារតែសម្បុរក្រមៅរបស់អ្នកនាង។
បន្ថែមលើនេះ អ្នកនិពន្ធរូបនេះ និយាយថា ឪពុករបស់នាង មានវិន័យតឹងរ៉ឹងលើកូនស្រី ដោយគាត់យល់ថាការបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា មិនមែនជាជម្រើសល្អសម្រាប់កូនស្រីនោះទេ។ ដោយសារទទួលរសសម្ពាធពីគ្រួសារ កាលពីដើមឆ្នាំ២០០០ អ្នកនាង ទុយ ពៅ បានសម្រេចចិត្តចេញពីផ្ទះទៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅទីក្រុងញូវយ៉ក ដោយខ្លួនឯង ដោយមិនបានសុំការអនុញ្ញាតពីឪពុកម្ដាយរបស់នាងឡើយ។
ការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរបស់នាងជាមួយនឹងក្រុមគ្រួសារ មានភាពល្អក់កករអស់ជាច្រើនឆ្នាំ។
«យើងមិនបាននិយាយជាមួយគ្នាជាច្រើនឆ្នាំ។ ខ្ញុំបានផ្ដាច់ខ្លួនខ្ញុំពីគ្រួសារខ្ញុំ និងសហគមន៍ខ្មែរ។ ខ្ញុំមិនស្គាល់ខ្លួនឯង ហើយមានបញ្ហាតានតឹងផ្លូវចិត្តច្រើន ដោយសារខ្ញុំមិនយល់ពីវប្បធម៌ខ្មែរ ហើយមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំប្រាប់ដល់អ្នកដទៃបាន»។
ក៏ប៉ុន្តែ ក្រោយមក អ្នកនាង ទុយ ពៅ ក៏បានរកឃើញដំណោះស្រាយនៃបញ្ហាតានតឹងផ្លូវចិត្តនេះតាមរយៈការនិពន្ធកំណាព្យ។ នៅឆ្នាំ២០១៤ អ្នកនាងបានបោះពុម្ពសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ដែលមានចំណងជើង Khmer Girl ឬបកប្រែជាភាសាខ្មែរថា «ក្មេងស្រីខ្មែរ» ដែលរៀបរាប់ពីដំណើរជីវិតរបស់នាង។
តាមរយៈការនិពន្ធសៀវភៅមួយនេះ អ្នកនិពន្ធកំណាព្យរូបនេះ បានប្រឈមនឹងអតីតកាលរបស់ខ្លួន រួមទាំងបទពិសោធន៍ដ៏ជូរចត់មួយរបស់នាង ដែលបានកើតឡើងនៅឆ្នាំ២០០៥។ អ្នកនាង ទុយ ពៅ បានឲ្យដឹងថា អ្នកនាងត្រូវបានមិត្តភក្តិប្រុសម្នាក់ចាប់រំលោភ ហើយធ្វើឲ្យមានកូន។ នៅឆ្នាំ២០០៥ អ្នកនាងត្រូវតែសម្រេចចិត្តរំលូតកូននោះ ដែលសេចក្តីសម្រេចចិត្តនោះធ្វើឲ្យប៉ះពាល់ខ្លាំងដល់ផ្លូវចិត្តរបស់នាង។
«ខ្ញុំមិនយល់ព្រមឲ្យមិត្តភក្តិខ្ញុំធ្វើដូច្នោះទេ ហើយខ្ញុំក៏មិនអនុគ្រោះឲ្យមិត្តភក្តិខ្ញុំ និងរូបខ្ញុំចំពោះអ្វីដែលបានកើតឡើងនោះ»។
អតីតកាលនេះនៅតែតាមលោងអ្នកនិពន្ធរូបនេះជានិច្ច។ តែមកដល់ឆ្នាំ២០១៥ នៅពេលដែលចូលរួមស្ដាប់វេទិកាពិភាក្សាមួយស្ដីពីការអត់ឱន អ្នកនាង ទុយ ពៅ ក៏បានសម្រេចចិត្តរំដោះខ្លួននាងចេញពីអតីតកាលដ៏ជូរចត់នោះ។
«ពេលនោះ ខ្ញុំយំ រហូតដល់ខ្ញុំសម្រេចចិត្តអត់ឱនឲ្យខ្លួនឯង ពីព្រោះថា បើខ្ញុំមិនអត់ឱនឲ្យខ្លួនឯងទេ នោះខ្ញុំមិនអាចបន្តដំណើរជីវិតទៅមុខដោយស្គាល់ខ្លួនឯងពិតប្រាកដបានទេ»។
នាពេលបច្ចុប្បន្ននេះ អ្នកនាង ទុយ ពៅ បានរៀបចំវេទិកាសាធារណៈនៅក្នុងសហគមន៍ខ្មែរអាមេរិកាំង ដើម្បីតស៊ូមតិនិងពន្យល់អំពីផលប៉ះពាល់នៃភាពតានតឹងផ្លូវចិត្ត ការផ្សះផ្សាផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯង។
តាមរយៈការអានកំណាព្យដែលអ្នកនាងបាននិពន្ធទៅកាន់សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជាសហគមន៍ខ្មែរអាមេរិកាំង អ្នកនិពន្ធកំណាព្យរូបនេះបានរកឃើញពន្លឺនៃក្តីសង្ឃឹមមួយក្នុងជីវិត។
«នៅពេលដែលខ្ញុំបានចាប់ផ្ដើមធ្វើវេទិកាពិភាក្សាអំពីភាពតានតឹងផ្លូវចិត្ត និងការផ្សះផ្សាផ្លូវចិត្ត ខ្ញុំក៏បានផ្សះផ្សាផ្លូវចិត្តរបស់ខ្ញុំ ដោយសារតែមានស្ត្រីខ្មែរជាច្រើននាក់បានមកជួបខ្ញុំ ហើយនិយាយមកកាន់ខ្ញុំថា តើខ្ញុំធ្វើកិច្ចការទាំងអស់នេះបានដោយរបៀបណា ហើយថា តើខ្ញុំនិពន្ធបាន ហើយបង្ហាញពីអារម្មណ៍របស់ខ្ញុំដោយរបៀបណា។ ការណ៍នេះបានធ្វើឲ្យខ្ញុំមានគោលដៅក្នុងជីវិត»។
សព្វថ្ងៃនេះ អ្នកនាង ទុយ ពៅ កំពុងនិពន្ធសៀវភៅកុមារ ហើយបន្តការអប់រំនិងណែនាំអំពីការផ្សះផ្សាផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯងនេះ ដល់អ្នកដទៃទៀត៕