ទាហាន​មួយ​រូប​ឈរ​ជើង​នៅ​កោះរ៉ុង​ចោទ​ក្រុមហ៊ុន​ Royal Group​ ថា​ បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​គាត់

រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។

ពលរដ្ឋ​មួយ​រូប​ដែល​អះអាង​ថា​ជា​យោធិន​ឈរ​ជើង​នៅ​កោះរ៉ុង ​លោក​ ហេង ពិសិដ្ឋ ​បាន​ចាត់​ទុក​ការ​កាយ​ដី​លុប​ផ្ទះ​របស់​គាត់​ថា​ ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​គាត់​និង​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត ​ដែល​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​ខ្លួន​កំពុង​ត្រូវ​បាន​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ (Royal Group)​ឈូស​កម្ទេច​ចោល​រាប​ដល់​ដី។​

សកម្ម​ភាព​ឈូស​ឆាយដី ​និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​នៅ​លើ​កោះរ៉ុង​នោះ​ត្រូវ​បាន​លោក​ ហេង ពិសិដ្ឋ ​ពណ៌នា​ថា​ បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃទី​ ៧​ ខែ​តុលា។ ​លោក​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន ​Royal Group​ របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ​ថា​ បាន​យក គ្រឿង​ចក្រ​ពីរ​គ្រឿង ​ឈូស​ឆាយ​រំលំ​ផ្ទះ​របស់​គាត់​ ហើយ​កាយដី​លុប​បំបាត់​ដាន​ ដើម្បី​យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍ។​

លោក​ ហេង ពិសិដ្ឋ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គ្រឿង​ចក្រ​ត្រូវ​បាន​គេ​យក​មក​កាយ​រំលំ​ផ្ទះ​របស់​គាត់​ រួច​រុញ​កប់​ចូល​ទៅ​ក្នុង​ដី​បំបាត់​ភស្តុតាង ​និង​ថា​ សកម្មភាព​ឈូស​ឆាយ​នេះ​ជា​ទង្វើ​អយុត្តិធម៌​មួយ​សម្រាប់​រូប​លោក​ និង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​ដូច​គ្នា​នេះ។​

លោក​ថ្លែង​ថា៖​ «បាទ ​ហ្នឹង ​អយុត្តិធម៌​ចំពោះ​ខ្ញុំ។​ មិន​ថា​ ចំពោះ​ខ្ញុំ​ទេ ​ប្រជា​ពលរដ្ឋ​ហើយ​និង​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​ខ្ញុំ​មួយ​ចំនួន​ ក៏​រង​ការ​ប៉ះពាល់​អ៊ីចឹង​ដូច​គ្នា»។​

លោក​បន្ត​ទៀត​ថា​ លោក​បាន​កាន់​កាប់​ដី ​និង​ផ្ទះ​ក្នុង​ទីតាំង​មួយ​កន្លែង​លើ​កោះរ៉ុង​ តាំង​ពី​ឆ្នាំ​ ២០១៦​ មក​ម៉្លេះ​ ហើយ​ថា ​លោក​បាន​មក​រស់​នៅ​ទីនេះ​មុន​ការ​ចូល​មក​ដល់​របស់​ក្រុម​ហ៊ុន។​

យោធិន​រូប​នេះ​បន្ថែម​ទៀត​ថា​ មក​ទល់​ពេល​នេះ​ លោក​ពុំ​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ​ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់។​

លោក​លើក​ឡើង​ថា៖ ​«បាទ​នៅ​ទេ!​ គាត់​ថា​ ចាំ​មើល​អភិបាល​ក្រុង​គាត់​មក​ពី​ប្រជុំ​ពី​លើ​វិញ​ម៉េចៗ​ចាំ​ចៅ​សង្កាត់​ហ្នឹង​គាត់​នឹង​កោះហៅ។​ តែ​ដល់​ថ្ងៃ​នេះ​ហើយ​អត់​ទាន់​ឃើញ​មាន​សំឡេង​គាត់​កោះ​ហៅ​ ខ្ញុំ​ទៅ​ចរចា​ជា​មួយ​ក្រុម​ហ៊ុន​អី​យ៉ាង​ម៉េច​ឬ​មួយ​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ទាន់​ដឹង​អី​ទាំង​អស់»។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ បើ​ដី​របស់​គាត់​ដែល​កំពុង​រស់​នៅ​នោះ​ គឺ​ជា​ដី​ដែល​ត្រូវ​យក​ទៅ​អភិវឌ្ឍ​នោះ​ គួរតែ​មាន​ការ​ពិភាក្សា​ប្រាប់​ជា​ដំណឹង​ដល់​ម្ចាស់​ដី​ជា​មុន​សិន។​ លោក​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​គួរតែ​ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា​នេះ។​

លោក​បន្ថែម​ថា៖​ «តំណាង​ក្រុម​ហ៊ុន ​ឬ​ក្រុម​ហ៊ុន​គាត់​ត្រូវ​មាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​ឱ្យ​រូប​ខ្ញុំ​ ដើម្បី​កុំ​ឱ្យ​យើង​ល្អក់​កករ​នឹង​គ្នា។​ សូម​ឱ្យ​ក្រុម​ហ៊ុន​ហើយ​នឹង​ក្រសួង​ដែល​ពាក់ព័ន្ធ​ ដូច​ជា​អភិបាល​ខេត្ត​[អភិបាល​ខេត្ត]​រង​ អភិបាល​ក្រុង​អី​ក៏ដោយ​ អង្គការ​ពាក់ព័ន្ធ​ ដើម្បី​ជួយ​ដោះស្រាយ​ឱ្យ​រូប​ខ្ញុំ​បាទ​ ឱ្យ​តែ​សម​ស្រប​មួយ​ទៅ។​ ធ្វើ​អ៊ីចឹង​ដូច​ជា​មិន​សមរម្យ​ព្រោះ​ ខ្ញុំ​ឈរ​ជើង​នៅ​តំបន់​កោះ​នេះ​ ៣០​ ឆ្នាំ​ហើយ»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​លោក​ ឡុង ឌីម៉ង់​ និង​ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​អ្នក​ឧកញ៉ា ​គិត ម៉េង​ បាន​នៅ​ឡើយ​ទេ។​

អ្នក​សម្រប​សម្រួល​ខាង​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ អ្នកស្រី​ ជាប សុធារី​ យល់​ឃើញ​ថា​ បើ​ដី​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ប្រចាំ​ថ្ងៃ​ ត្រូវ​បាន​រដ្ឋ​ត្រូវ​ការ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​គម្រោង​ណា​មួយ​នោះ ​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ពិចារណា​ជួយ​គិត​គូរ​ផ្តល់​សំណង​សមស្រប​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​នោះ ​ដើម្បី​កុំ​ឱ្យ​បញ្ហា​ចេះ​តែ​កើត​មាន​រ៉ាំងរ៉ៃ​បន្ត​ទៅ​ទៀត។​

អ្នក​ស្រី​ថ្លែងថា៖​ «អ៊ីចឹង​នៅ​ពេល​ដែល​រដ្ឋ​ត្រូវ​ការ​ លោក​គួរ​ណាស់​តែ​ពិចារណា​ឱ្យ​ពួក​គាត់​ដែរ​ ថា​តើ​គួរ​ដោះស្រាយ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​ពួកគាត់​ហ្នឹង​អាច​ចាក​ចេញ​ពី​ហ្នឹង​ទៅ​ ហើយ​ក៏​គួរ​តែ​ជម្រាប​ប្រាប់​គាត់​ឱ្យ​អស់​សេចក្តី​ដែរ​ថា​ រដ្ឋ​ឱ្យ​គាត់​ចាក​ចេញ ​តើ​ដី​ហ្នឹង​យក​ទៅ​ធ្វើ​អី?​ ប្រើ​ប្រាស់​ជា​តម្រូវ​ការ​អី​ខ្លះ?»​

អ្នកស្រី​បន្ថែម​ទៀត​ថា​ អាជ្ញាធរ​គួរតែ​មាន​វិធានការ​ដាក់​ប៉ាណូ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ជា​ដំណឹង​ នៅ​ក្នុង​ករណី​កន្លែង​ណា​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ។​

កាលពី​ឆ្នាំ​ ២០១៨​ រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​ បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ មាន​ឈ្មោះ​ថា​ «ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង»​ ដែល​មាន​ផ្ទៃដី​ ៥៣១១ ​ហិកតា ​និង​ផ្ទៃ​សមុទ្រ​ទំហំ​ ៤៧១៣៧​ ហិកតា​ ដើម្បី​ការ​ពារ​ប្រព័ន្ធ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។​

ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​ ២០១៩​ អតីត​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​មួយ​ផ្សេង​ទៀត​ ដើម្បី​យក​កោះរ៉ុង​ធ្វើ​ជា​ទីក្រុង​មួយ​ទៀត​នៃ​ខេត្ត​ព្រះ​សីហនុ។​ មុន​ពេល​បង្កើត​ក្រុង​កោះរ៉ុង​នេះ​ អតីត​នាយក​រដ្ឋមន្ត្រីក៏​បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូប នីយកម្ម​ និង​សំណង់​ដោះស្រាយ​បញ្ហា​ដីធ្លី​កំពុង​មាន​ទំនាស់​នៅ​កោះរ៉ុង​ ដោយ​ភ្ជាប់​ការ​ព្រមាន​ដល់​អ្នក​មាន​អំណាច​ ​និង​មាន​លុយ​នៅ​ពី​ក្រោយ​ទំនាស់​ដី​នៅ​កោះរ៉ុង​នេះ ​ឱ្យ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ផង​ដែរ៕