ខ្សែអាត់សំឡេងសន្ទនាតាមទូរសព្ទរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកកឹម សុខា ប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះសី ហា បង្ហោះលើបណ្តាញអ៊ីនធឺណែត។ ការសន្ទនានោះបង្ហាញថា លោកហ៊ុន សែនបានព្យាយាមជំរុញឲ្យលោកកឹម សុខា វាយប្រហារលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃសៅរ៍ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះសី ហា បានសរសេរលើទំព័រហ្វេសប៊ុកនោះថា ខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកកឹម សុខា ជាការសន្ទនាកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ ម្ចាស់ទំព័រហ្វេសប៊ុកនេះសរសេរបន្ថែមថា លោកកឹម សុខា លួចចរចាសម្ងាត់ជាមួយលោកហ៊ុន សែន រឿងកម្ចាត់លោកសម រង្ស៊ី ដើម្បីដណ្តើមគណបក្សសង្គ្រោះជាតិ។
សារសន្ទនានេះកើតឡើងតាំងពីពេលដែលលោកកឹម សុខា កំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិពេលកំពុងជាប់បណ្តឹងពីបទបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយនារីកាត់សក់វ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ គួរឲ្យឆ្ងល់។
ក្រោយការបែកធ្លាយតែមួយថ្ងៃ លោកហ៊ុន សែន បានប្រាប់ទៅអង្គភាពសារព័ត៌មានដែលស្និទ្ធនឹងលោកនៅព្រឹកថ្ងៃអាទិត្យនេះថា ខ្សែអាត់សំឡេងដែលបែកធ្លាយនោះគឺជាការសន្ទនារវាងលោកនិងលោកកឹម សុខា ពិតមែន។ លោកបន្ថែមថា សារនោះគ្មានការកាត់តនោះទេ ហើយថា ប្រសិនបើលោកកឹម សុខា ហ៊ានចេញមុខបដិសេធ លោកនឹងបបួលលោកកឹម សុខា ទៅស្បថនៅព្រះអង្គដងកើ។
តាមរយៈខ្សែអាត់សំឡេងនោះគេអាចស្តាប់ឮថា សំឡេងរបស់លោកហ៊ុន សែន ច្បាស់ជាងសំឡេងរបស់លោកកឹម សុខា ដែលហាក់បង្ហាញថា សំឡេងរបស់លោកហ៊ុន សែន ត្រូវបានថតដោយផ្ទាល់ចំណែកសំឡេងរបស់លោកកឹម សុខា ជាសំឡេងចេញពីទូរស័ព្ទ។ ការសន្ទនានេះទំនងជាផ្តើមដោយលោកនាយករដ្ឋមន្ត្រី។
សារសន្ទនានោះបង្ហាញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ឲ្យលោកកឹម សុខា ថ្លែងវាយប្រហារលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកហ៊ុន សែន បង្គាប់ឲ្យលោកកឹម សុខា បង្ហោះសារវាយប្រហារលោកសម រង្ស៊ី លើទំព័រហ្វេសប៊ុក បន្ទាប់ពីលោកសម រង្ស៊ី ត្រូវលោកនាយករដ្ឋមន្ត្រីចោទថា បានវាយប្រហារគ្រួសាររបស់លោកថា ភរិយា និងកូនប្រុសច្បងរបស់លោកហ៊ុន សែន ជាអតីតភរិយា និងកូនប្រុសរបស់អតីតមេដឹកនាំវៀតណាមម្នាក់ឈ្មោះឡេ ឌឹកថរ។ ដើម្បីជាថ្នូរក្នុងការជួយលោកកឹម សុខា ឲ្យបានចេញទៅចុះឈ្មោះបោះឆ្នោត និងបានរួចពីការដាក់ទោសក្នុងពន្ធនាគារ លោកហ៊ុន សែន បានប្រាប់ឲ្យលោកកឹម សុខា វាយប្រហារលោកសម រង្ស៊ី។
ក្នុងវគ្គមួយនៃសារសន្ទនានោះ លោកហ៊ុន សែន និយាយថា៖
«ឥឡូវខាឯងគួរតែទះវាមួយកំផ្លៀងទៅ! គួរតែទះវាមួយកំផ្លៀងទៅ! កុំចាំបាច់ទៅថ្លែងការណ៍ជាសាធារណៈអី លេងតាមហ្វេសប៊ុករបស់ខ្លួនវិញ។ ប្រាប់ថា នៅក្នុងពេលវេលាមួយដែលសមរម្យក្នុងរដូវភ្ជុំនេះគឺថា ដោយសារតែសម្តេចនាយកក៏បានអំពាវនាវឲ្យមានការស្ងប់ស្ងាត់ក្នុងពេលភ្ជុំបិណ្ឌ ដូច្នេះមិនគួរមានអ្នកនយោបាយណាផ្សេងទៅថ្លែងយោបល់អ្វីដែលវាមិនត្រូវនឹងបំណងបុណ្យទានរបស់ប្រជាពលរដ្ឋ»។
លោកកឹម សុខា បានឆ្លើយតបទៅលោកហ៊ុន សែន ថា៖
«ឥឡូវខ្ញុំដាក់ តែខ្ញុំអត់ដាក់ឈ្មោះទេ។ ខ្ញុំថា ឥឡូវខ្ញុំអំពាវនាវ ហើយប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវហើយថា ឲ្យមានភាពស្ងប់ស្ងាត់ក្នុងពេលភ្ជុំបិណ្ឌ។ ប៉ុន្តែខ្ញុំឃើញថា នៅមានបញ្ហាអញ្ចឹង ដូច្នេះគណបក្សមិនទទួលខុសត្រូវទេ ក្នុងការដែលធ្វើការវាយប្រហារបង្កើតបញ្ហានៅពេលស្ងប់ស្ងាត់ក្នុងពេលបុណ្យទានអីអញ្ចឹង»។
លោកហ៊ុន សែន បន្ទរ៖
«ហ្នឹងៗៗៗ ដាក់ប៉ុណ្ណឹងទៅក៏បានដែរ ឲ្យតែចេញប៉ុណ្ណឹងទៅ ចេញប៉ុណ្ណឹងទៅសិន ហើយខ្ញុំនឹងពិនិត្យមើល»។
លោកហ៊ុន សែន ក៏បានព្រមានលោកកឹម សុខា ក្នុងខ្សែអាត់សំឡេងនោះថា លោកកឹម សុខា នឹងត្រូវប្រឈមគ្រោះថ្នាក់ ប្រសិនបើមិនផ្តាច់ខ្លួនពីលោកសម រង្ស៊ី។
លោកបានប្រាប់លោកកឹម សុខា ថា៖
«ខ្ញុំអាចធ្វើការជាមួយខាឯងបាន តែរឿងបញ្ហា រង្ស៊ី ខ្ញុំមិនលើកលែងទេ។ បើសិនថា ខាឯងនៅតែភ្ជាប់ខ្លួន ខាឯងក៏គ្រោះថ្នាក់ដែរ។ កុំថាមួយ កុំថាពីរ ប្រាំក៏ខ្ញុំលេងដែរ។ ប៉ុន្តែសូមកុំភ្លេចថា ហើយខ្ញុំអត់ខ្លាចទេ ទោះបីថា អាមេរិកលើកទ័ពចូលស្រុកខ្មែរ សាកល្បងល៎មើលទៅ ខ្ញុំអត់ខ្លាចទេ»។
លោកហ៊ុន សែន ក៏បានប្រាប់ទៅលោកកឹម សុខា ខណៈលោកកឹម សុខា កំពុងសម្ងំលាក់ខ្លួនក្នុងស្នាក់ការបក្សសង្គ្រោះជាតិ នៅមុនពេលដែលលោកមិនទាន់បានចុះឈ្មោះបោះឆ្នោតថា ឲ្យទៅចុះឈ្មោះបោះឆ្នោតដោយកុំខ្លាចមានការចាប់ខ្លួន។
ក្នុងខ្សែអាត់សំឡេងនោះ លោកហ៊ុន សែន បានអះអាងទៅកាន់លោកកឹម សុខាថា៖
«ចេញទៅចុះឈ្មោះបោះឆ្នោតទៅ អារឿងហ្នឹងគឺវា ហើយជឿទៅ ជឿខ្ញុំ ខ្ញុំធានា បើខ្ញុំមិនបញ្ជាឲ្យចាប់ទេ អ្នកណាហ៊ានចាប់! អ្នកណាក្បាលប៉ានដែក? អ្នកណាហ៊ានរំលោភបញ្ជារបស់ខ្ញុំ! ទោះបីថា តុលាការបញ្ជា ប៉ុន្តែយើងកុំអនុវត្តទៅ អាហ្នឹងផ្អាកការអនុវត្តសិនទៅ!»
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងកូនស្រីរបស់លោកគឺកញ្ញាកឹម មនោវិទ្យា បានទេ។ ទោះជាយ៉ាងណា លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា លោកមិនដឹងនិងសុំមិនធ្វើអត្ថាធិប្បាយ។
នារសៀលថ្ងៃអាទិត្យនេះដែរ តាមរយៈទំព័រហ្វេសប៊ុក លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋជឿលើសារ ឬសំឡេងទាំងឡាយណាដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណែត។ លោកថា សារ ឬសំឡេងទាំងនោះប្រឌិតឡើងក្នុងគោលបំណងប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖
«គ្រប់កាលៈទេសៈ ទោះជាមានតំណែងជាប្រធាន ឬគ្មានតំណែងអ្វីក្នុងគណបក្សក៏ដោយ លោកកឹម សុខា និងរូបខ្ញុំ សម រង្ស៊ី នៅតែជាមនុស្សតែមួយ គឺជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើង»។
កន្លងមកម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះសីហាបានបង្ហោះពីកិច្ចសន្ទនាជាច្រើនដែលម្ចាស់ទំព័រនោះអះអាងថា ជាកិច្ចសន្ទនារបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនជាមួយដៃគូស្នេហារបស់ពួកគេ។ ទោះជាយ៉ាងណា មានតែមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនតូចប៉ុណ្ណោះដែលបានចេញមុខបកស្រាយថា ខ្សែអាត់សំឡេងទាំងនោះមិនមែនជាការណ៍ពិត។
ពាក់ព័ន្ធនឹងការលួចថតសំឡេងបុគ្គលឯកជន និងផ្សព្វផ្សាយជាសាធារណៈនេះ អ្នកច្បាប់លើកឡើងថា វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខជាតិ។ អ្នកច្បាប់លើកឡើងថា ការដែលរដ្ឋាភិបាលមិនអើពើនឹងសកម្មភាពទាំងនេះបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ហើយថា រដ្ឋាភិបាលកំពុងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាល្ងាចថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលគ្មានគម្រោងប្តឹង ឬស្វែងរកអ្នកដែលបង្ហោះសារសំឡេងលើបណ្តាញអ៊ីនធឺណែតនោះទេ។ លោកបន្ថែមថា ការបែកធ្លាយសំឡេងទាំងអស់នោះមិនបានធ្វើឲ្យប៉ះពាល់ដល់គណបក្សកាន់អំណាចនោះទេ ហើយលោកថា លោកក៏មិនបារម្ភពីផលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបង្កឡើងពីការបែកធ្លាយសារ ឬសំឡេងណាមួយដែរ។
លោកកឹម សុខា ទើបត្រូវបានជ្រើសតាំងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិជំនួសលោកសម រង្ស៊ី បន្ទាប់ពីលោកសម រង្ស៊ី បានលាលែងចេញពីតំណែងដើម្បីការពារកុំឲ្យមានការរំលាយគណបក្សប្រឆាំង មុននឹងច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាន។
កាលពីឆ្នាំ២០១១ មុនការបោះឆ្នោតអាណត្តិទី៥បន្តិច មានការបែកធ្លាយកិច្ចសន្ទនាស្រដៀងគ្នានេះដែររវាងលោកហ៊ុន សែន និងលោកកឹម សុខា។ ក្នុងពេលនោះ លោកកឹម សុខា លើកឡើងថា ការបែកធ្លាយសំឡេងនោះធ្វើឡើងក្នុងគោលបំណងបំបែកបំបាក់លោកជាមួយលោកសម រង្ស៊ី ខណៈពេលអ្នកទាំងពីរគ្រោងនឹងសហការគ្នាដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ៕