ការ​ស្ទង់​មតិថ្មី៖ ​ពល​រដ្ឋ​កម្ពុជា​ចាត់​ទុក​ចិន​ជា​ដៃគូ​ដ៏​ល្អ ​និង​ចង់​ឱ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ

រូបឯកសារ៖ ស្ត្រី​ខ្មែរ​ម្នាក់​កាន់ទង់ជាតិ​ចិន​​ពេល​ដើរ​កាត់​ស្ពាន​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​ ក្នុងពិធី​សម្ពោធ​ស្ពាន​នោះ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៥។

ការ​ស្ទង់មតិ​មួយ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ប្រមាណ​១ពាន់​នាក់​បង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ចង់​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ ខណៈ​ពួកគេ​គិត​ថា​រដ្ឋាភិបាល​គណបក្ស​កុម្មុយនីស្ត​ចិន​ជា​ដៃគូ​ដ៏​ស្អិត​ល្មួត​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​ទំនាក់​ទំនង​ការ​បរទេស។​

នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដោយ​មូលនិធិ​ខុនរ៉ាដ អាដិនណៅអ៊ែរ ​(Konrad Adenauer)​ និង​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ SPEAR INSIGHTS​ ក្នុង​ចំណោម​ពល​រដ្ឋ​កម្ពុជា​១​ពាន់​នាក់​ អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ទៅ​៦៤​ឆ្នាំ​នៅ​ទូទាំង​រាជធានី/ខេត្ត​នៃ​ប្រទេស​កម្ពុជា។​

បើ​តាម​ការ​ស្ទង់​មតិ​ ៧៣%​នៃ​អ្នក​ចូលរួម​ស្ទង់​មតិ​បាន​ចាត់​ទុក​មហា​យក្ស​ចិន​ជាដៃ​គូ​ដ៏​ល្អ​បំផុត ​ ខណៈ​៥%​ជ្រើស​រើស​យក​ប្រទេស​វៀតណាម ​ ២%​ជប៉ុន​ ១%​ប្រទេស​ថៃ ​និង​១% ​សហ​រដ្ឋ​អាមេរិក។​

បន្ថែម​ពី​នេះ ​ពួកគេ​ក៏​ចង់​ឱ្យ​រឹត​ចំណង​ការ​ទូត​ល្អ​ជាមួយ​មហា​អំណាច​ចិន។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ៣៩%​ចង់​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ ១៤%​សហ​រដ្ឋ​អាមេរិក​ និង​១៣%​ជប៉ុន។​

ការ​ស្ទង់​មតិ​ដដែល​បាន​លើក​ឡើង​ថា​ ជាមួយ​នឹង​ការ​វិនិយោគ​របស់​ចិន​ជាបន្ត​បន្ទាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខិត​ជិត​គ្នា​ជា​លំដាប់។​ ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​អំឡុង​ពេល​វិបត្តិ​កូវីដ១៩។ ​នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​រហូត​ដល់​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២១ ​នៅ​អំឡុង​ពេល​កូវីដ១៩ ​រាត​ត្បាត​យ៉ាង​ខ្លាំង​នោះ​ ប្រទេស​ចិន​បាន​បរិច្ចាគ​វ៉ាក់សាំង​កូវីដ១៩​មក​កាន់​ប្រទេស​កម្ពុជា។ ​ការណ៍​នេះ​បាន​ជួយ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​បាន​ចាក់​ វ៉ាក់ សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក។​ នេះ​បើ​តាម​របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​នេះ។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​ពាក់ព័ន្ធ​នឹង​របាយ​ការណ៍​ស្ទង់​មតិ​ខាង​លើ​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ លឹម ឆាយ​ ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​នយោបាយ​ការ​បរទេស​នៃ​មូលនិធិ​ខុនរ៉ាដ អាដិនណៅអ៊ែរ ​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ​វា​មិន​មែន​ជា​រឿង​ពិបាក​យល់​ទេ ​ការណ៍​ដែល​ប្រជាជន​កម្ពុជា​ដែល​ចូល​រួម​ការ​ស្ទង់​មតិ​នេះ​យល់​ថា​ ចិន​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​កម្ពុជា​ ខណៈ​ចិន​បាន​វិនិយោគ​នៅ​កម្ពុជា​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ ដែល​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា។ ​លោក​បន្ត​ថា​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​ការ​បរទេស​វិញ មេ​ដឹកនាំ​ចិន​និង​មេ​ដឹកនាំ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ការ​ទូត​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​គេ​ បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ជា​ពិសេស​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​គឺ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​អំឡុង​ពេល​ដែល​កូវីដ១៩ ទើប​តែ​ចាប់​ផ្តើម​ផ្ទុះ​ឡើង។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​វា​ជា​ទំនាក់​ទំនង​ដែល​មាន​កម្រិត​ខ្ពស់។ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​មើល​ឃើញ​ថា​ ចិន​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​ ដោយ​ហេតុថា​ យើង​ស្រឡាញ់​គេ ​គេ​ក៏​ស្រឡាញ់​យើង​វិញ​ដែរ។​ ដូច្នេះ​វា​គឺ​ជា​ព័ត៌មាន​ពិត»។​

លោក​ លឹម ឆាយ​ បាន​អះអាង​ថា​ ​ទំនុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ទៅ​លើ​ចិន​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​ការ​ស្ទង់​មតិ​ កាល​ពី​ឆ្នាំ​មុន ​ដោយ​សារ​តែ​ជោគជ័យ​នៃ​ការ​ទូត​វ៉ាក់សាំង​របស់​ចិន​នៅ​កម្ពុជា​ និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។​

ទោះជា​យ៉ាងណា ​បើ​តាម​លោក ​លឹម ឆាយ​ ចិន​នៅ​មិន​ទាន់​ចាក់​ជ្រៅ​ទៅ​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ប្រជាជន​កម្ពុជា​ទេ។​

លោក ​លឹម ឆាយ​ បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ចិន​ត្រូវ​ការ​ខ្លាំង​ពី​កម្ពុជា​នោះ ​គឺ​មិន​មែន​ឥទ្ធិពល​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​ប្រទេស​របស់​កម្ពុជា​ឡើយ​ ខណៈ​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​គាំទ្រ​ខ្លាំង​ទៅ​លើ​គោល​នយោ​បាយ​ចិន​នៅ​លើ​ឆាក​អន្តរ​ជាតិ។

លោក ​លឹម ឆាយ​ លើក​ឡើង​ថា​ កម្ពុជា​នឹង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​មាន​តុល្យភាព​ ខណៈ​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​និង​កំពុង​តែ​ព្យាយាម​ងាក​ចេញ​ពី​ការ​ពឹង​តែ​ទៅ​លើ​ប្រទេស​ចិន​ ដោយ​សារ​តែ​កត្តា​បរិយាកាស​នយោបាយ​អន្តរ​ជាតិ​ផ្លាស់​ប្តូរ​ និង​នយោបាយ​ក្នុង​ស្រុក។

គួរ​បញ្ជាក់​ថា​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​ មាន​ភាព​ស្និទ្ធ​ស្នាល​ទៅ​កាន់​ប្រទេស​ចិន​ដែល​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា។ ​ ប៉ុន្តែ​ប្រទេស​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​សម្រាប់​កម្ពុជា​ផង​ដែរ។​

អ្នក​តាម​ដាន​នយោបាយ​និង​សន្តិសុខ​អន្តរ​ជាតិ​ធ្លាប់​បាន​ព្រមាន​ពី​ការ​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន​ ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា​ថា​ មិន​មែន​ត្រឹម​តែ​បង្ក​ជា​ក្តី​បារម្ភ​សម្រាប់​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ​ តែ​ថែម​ទាំង​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា​ កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់​ទ័ព​នៅ​ទឹក​ដី​របស់​ខ្លួន ​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ជំនួយ​របស់​កងទ័ព​ចិន។​ ទោះ​ជា​យ៉ាងណា ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហ​រដ្ឋ​អាមេរិក​លើ​មូលដ្ឋាន​កងទ័ព​រាម​នេះ៕