បន្ទាប់ពីប្រឡូកក្នុងនយោបាយជិត ៥ ទសវត្សរ៍មកនេះ ជីវិតនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ជិតដល់ទីបញ្ចប់ គ្រាដែលលោកបានសម្រេចចិត្តចាកចេញពីការប្រកួតប្រជែងយកតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ក្នុងនាមជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
លោក Biden បានកាន់តំណែងនិងបំពេញតួនាទីធំៗនៅក្នុងនយោបាយអាមេរិកនាអំឡុងរយៈពេល ៣៦ ឆ្នាំចុងក្រោយនេះ ក្នុងនាមជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ និងក្នុងនាមជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obama ក្នុងរយៈពេល ៨ ឆ្នាំ គឺពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កាលពីឆ្នាំ ១៩៧២ បន្ទាប់ពីលោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ខណៈពេលដែលជីវិតនយោបាយរបស់លោកបានរីកចម្រើននោះ លោក Biden បានបាត់បង់ភរិយាដំបូងរបស់លោក គឺអ្នកស្រី Neilia និងកូនស្រីអាយុប្រមាណ ១ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយកូនប្រុសពីរនាក់ទៀតរបស់លោកបានរងរបួសធ្ងន់។ លោក Biden មិនបានធ្វើដំណើរជាមួយក្រុមគ្រួសារពេលមានគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ទំនោរបើកចិត្តទូលាយដើម្បីចែករំលែកបទពិសោធន៍នៃទុក្ខសោកពីការបាត់បង់សមាជិកគ្រួសារ និងសមត្ថភាពរបស់លោកនៅក្នុងការយល់ពីជីវិតរបស់ពលរដ្ឋអាមេរិកាំងទូទៅដែលបានឆ្លងកាត់ការបាត់បង់សមាជិកគ្រួសារ បានក្លាយជាគុណសម្បត្តិមួយដែលគេបានដឹងជាទូទៅអំពីចរិតនយោបាយរបស់លោក Biden។ នេះបើតាមសេចក្តីរាយការណ៍ដដែលរបស់ទីភ្នាក់ងារ AP។
នៅឆ្នាំ ១៩៧៧ លោក Biden បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី Jill Jacobs ហើយអ្នកទាំងពីរបានកូនស្រីមួយ។ បច្ចុប្បន្ននេះ លោក Biden និងអ្នកស្រី Jill មានចៅ ៧នាក់។
លោក Biden បានចូលរួមការប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកចំនួនបួនលើក លើកទី ១ នៅឆ្នាំ ១៩៨៨ លើកទី ២ នៅឆ្នាំ ២០០៨ លើកទី ៣ នៅឆ្នាំ ២០២០ និងលើកទី ៤ គឺនៅឆ្នាំ ២០២៤ នេះ មុននឹងលោកបានប្រកាសចាកចេញពីការប្រជែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ក្រោយពីប្រកាសចាកចេញការប្រកួតប្រជែងកាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត បន្ទាប់ពីមានការអំពាវនាវជាហូរហែរក្នុងចំណោមបក្សប្រជាធិបតេយ្យឲ្យលោកដកខ្លួនពីការប្រកួតមក លោក Biden ក៏បានប្រកាសគាំទ្រលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងបើកសន្និបាតជាតិរបស់បក្សនៅខែសីហាខាងមុខនេះ៕