សហភាព​សហជីព​កម្ពុជា​បារម្ភ​ពី​អនាគត​របស់​ឧស្សាហកម្ម​កាត់ដេរ​ខ្មែរ​ ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា

រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ដល់​កម្មករ​កាត់ដេរ កាលពីថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

សហភាព​សហជីព​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ រ៉ុង ឈុន​ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មួយ​រូប ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ការ​បារម្ភ​ថា ប្រសិន​បើ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ ផល​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​កម្មការិនី ​អាច​នឹង​កើត​មាន​ក្រោយ​ការ​បោះ​ឆ្នោត។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ហើយ​ថា​ កម្ពុជា​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​មាន​អន្តរជាតិ​ជា​ច្រើន​គាំទ្រ។

សហភាព​សហជីព​កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​ការ​ងារ កម្មករ​កម្មការិនី​ខ្មែរ​ ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ ​និង​វិបត្តិ​នយោបាយ​កម្ពុជា​ដែល​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ការស្នើ​របស់​សហគមន៍​អន្តរជាតិ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​សហជីព​កម្ពុជា​ចេញ​នៅ​ថ្ងៃ​ទី១៦ ​ខែ​ឧសភា​ បញ្ជាក់​ថា​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​ការ​រំលាយ​គណបក្ស​នេះ​ សហគមន៍​អន្តរជាតិ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិ​តេយ្យ​នៅ​កម្ពុជា​ទៅ​រក​ស្ថានភាព​ដើម​វិញ។​

សហភាព​សហជីព​កម្ពុជា​បន្ត​ថា​ សហគមន៍​អន្តរជាតិដែល​ជាទី​ផ្សារ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ផលិត​ផល​វាយ​នភណ្ឌ​ចង់​ឃើញ​កម្ពុជា​មាន​ការ​រៀបចំ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​យុត្តិធម៌​ និង​គោរព​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ក្នុង​ន័យ​ដើម​ថា៖​

«សហ​ភាព​សហជីព​កម្ពុជា​ដាក់​ការព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​មួយ​ ដែល​មិន​បាន​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​អាច​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​ មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ​ខែ​កក្កដា​ និង​ឈាន​ដល់​លុប​ចោល​ការ​អនុ​គ្រោះ​ពន្ធពី​កម្ពុជា​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការងារ​របស់​កម្មករ​កម្មការិនី»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ សហភាព​សហជីព​កម្ពុជា​ក៏​បាន​អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា​ ដោះលែង​អ្នក​ជាប់​ឃុំជា​ច្រើន​ទៀត​និង​ផ្តល់​សម្បទា​ដល់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ ដើម្បី​រក្សា​ទំនាក់​ទំនងល្អ​ជា​មួយ​សហគមន៍​អន្តរជាតិ​ និង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី។

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ប្រាប់ ​VOA ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ទាំង​នោះ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ​ និង​លុប​ចោល​ការអនុ​គ្រោះ​ពន្ធពី​កម្ពុជា​នោះ​ ផល​ប៉ះពាល់​នឹង​កើត​មាន​លើប្រជា​ពលរដ្ឋ​កម្ពុជា​ជាទូ​ទៅ​ ជា​ពិសេស​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​ទទួល​ផលពី​កម្មករ។​ លោក​បន្ថែម​ថា​ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ពន្ធ​របស់​កម្ពុជា​ផង​ដែរ។

រូបឯកសារ៖ លោក ​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)

លោក​ រ៉ុង ឈុន​ បញ្ជាក់​ថា៖​

«ប្រសិន​ជា​មាន​ការបិទ​លុប​ចោល​ការអនុ​គ្រោះ​ពន្ធ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន។​ សួរ​ថា​តើ​យើង​អាច​មាន​អ្វី​ដែល​ត្រូវ​បាន​ប្រមូល​ពន្ធ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ប្រាក់​ខែ​គ្រូ​បង្រៀន​ ប្រាក់​ខែ​មន្រ្តី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​អីហ្នឹង ​អញ្ចឹង​ហើយ​វា​ប៉ះពាល់​ឥទ្ធិពល​អាហ្នឹង​ច្រើន។​ អញ្ចឹង​ហើយ​បាន​ជា​យើង​ដាក់​ក្តី​បារម្ភ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​គិត​ឡើង​វិញ​ យើង​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​យើង​ហ្នឹង​ចូល​តុ​អង្គុយ​និយាយ​គ្នា ​រក​ដំណោះ​ស្រាយ​នយោបាយ»។​

លោក​ រ៉ុង ឈុន​ គឺ​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ មួយ​រូប ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​រៀបចំ​ ​គ.ជ.ប ថ្មី​ កាលពី​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ​ឆ្នាំ​២០១៧។​ ក្រោយ​តុលា​ការ​កំពូល​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​បាន​លាលែង​ចេញ​ពី​សមាជិក​គ.ជ.ប ដោយ​អះអាង​ថា លោក​មិន​អាច​អង្គុយ​ចូល​រួម​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​គណ​បក្ស​ផ្សេង​ដែល​លោក​ថា​ ជា​ការ​ក្បត់​នឹង​ឆន្ទៈ​រាស្រ្ត​ និង​ឧត្តមគតិ​ផ្ទាល់​ខ្លួន​របស់​លោក។

​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលា​ការ​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃកាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ ដោយ​ចោទ​ថា​ គណបក្ស​នេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន សែន។​ មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨នាក់​ ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ​ ខណៈ​ប្រធាន​បក្ស​ជំទាស់​ដ៏​ធំ​នេះ​គឺ​លោក​ កឹម សុខា រួម​ទំាង​មន្ត្រី​និង​សកម្មជន​របស់​ខ្លួន​ជិត​២០​នាក់​ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​កម្ពុជា។

ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ ​ឬ​ប្រមាណ​ជា​ជាង​៣លាន​នាក់​ នៅ​ទូ​ទាំងប្រទេស​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ត្រូវ​បាន​ស្ថាប័ន​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់ ​និង​បង្ហាញ​ការ​បារម្ភ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​ខ្ទេចខ្ទី។​ ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ក៏​បានអំពាវនាវ​ជា​បន្ត​បន្ទាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​វិញ​ ដើម្បីធានា​ថា​ ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។

សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក៏​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា ​ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​មិន​អើពើ​ជុំ​វិញ​ការទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ​មុន​ការ​ប្រើប្រាស់​វិធានការណ៍​សេដ្ឋកិច្ច​នានា។

ថ្មីៗ​នេះ​ អង្គការ​ធំៗ​ចំនួន​ពីរ​ដែល​តែង​សកម្ម​ក្នុង​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក បាន​ប្រកាស​ដក​ខ្លួន​ មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត ដោយ​អះអាង​ថា ពួក​គេរង​សម្ពាធ​ពីរ​ដ្ឋាភិបាល។

រូបឯកសារ៖ លោក ហេង សួរ ផ្តល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន​អំពី​សេចក្តី​សម្រេច​ចុងក្រោយ​នៃ​ក្រុម​ត្រីភាគី​ដើម្បី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

លោក ​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​ រ៉ុង ឈុន​ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជីការ​របស់​ក្រសួង​ការ​ងារ​ថាជា​ប្រធាន​សហជីព​ណា​មួយ​នោះ​ទេ ដូច្នេះ​លោក​ថា​ ការ​លើក​ឡើង​របស់​សហជីព​ណា​មួយដែល​មិន​ចុះ​បញ្ជីការ​គឺជា​ការ​លើក​ឡើង ​ដែល​មិន​មាន​អាច​ទទួល​យក​បាន​រួច​ទៅ​ហើយ។​

លោក​បន្ថែម​ថា​ កម្ពុជា​កំពុង​រៀបចំ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ តាម​រយៈ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​ ការ​ចូល​រួម​បោះ​ឆ្នោត​ពី​ពហុគណបក្ស​នយោបាយ​ និង​ការ​គាំទ្រ​ពី​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​រំពឹង​ថា មាន​មិត្ត​ភក្តិ​បរទេស​ណា​មួយដែល​គេ​បដិសេធ​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។​ ដូច្នេះ​ការ​បារម្ភ​របស់​បុគ្គល​មួយ​ចំនួន​នេះ ​វា​គ្រាន់​តែ​ជាការ​បំពុល​សង្គម​ ក្នុង​ខណៈ​ពេល​ដែល​យើង​ជឿ​ជាក់​ថា វា​មិន​មាន​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ទេ»។

​រោងចក្រ​វាយ​នភណ្ឌ​កាត់​ដេរ​ និង​ផលិត​ស្បែកជើង ​ដែល​បាន​ចុះ​បញ្ជី​ស្រប​តាម​បទប្បញ្ញតិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ​មាន​ចំនួន​១,១០៧​គ្រឹះស្ថាន​ ដែល​មាន​កម្មករ​និយោជិត​សរុប​ចំនួន​ជាង​៧៤​ម៉ឺន​នាក់។

ប្រាក់​ឈ្នួល​ជា​មធ្យម​ក្នុង​វិស័យ​ទាំង​ពីរនេះ​ មាន​ទឹក​ប្រាក់​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។​ រីឯ​តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ផ្នែក​កាត់​ដេរសម្លៀក​បំពាក់ ​និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​៧​ពាន់ ៣០០លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​របាយការណ៍​ដែល​ផ្សព្វ​ផ្សាយ​លើគេហ​ទំព័រ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កាលពី​ខែ​សីហា​ ឆ្នាំ​២០១៧។

​ការបោះ​ឆ្នោត​នៅកម្ពុជា​នៅថ្ងៃទី២៩ ខែកក្កដា​ខាងមុខ​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ផលិត​ផល​កាត់​ដេរ​ដ៏​ធំ​របស់​កម្ពុជា​យល់ឃើញ​ថា​ មិនមាន​ភាពសេរី​និង​យុត្តិធម៌ ​ដោយ​សារតែ​គណបក្ស​ប្រឆំាង​ដ៏​ធំ​ និង​ជា​ដៃគូ​ប្រជែង​របស់​បក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះឆ្នោត។​

យ៉ាង​ណា​ក៏​ដោយ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ បានបញ្ជា​ក់​ជា​ច្រើន​ដង​ថា​ ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕