ក្រុម​យុវ​ជន​ស្នើ​សុំចូល​​គាល់​ព្រះ​មហាក្សត្រ ដើម្បី​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន​ និង​សង្គម

យុវជនមួយក្រុម ជួបជុំគ្នានៅលើសួនវត្តបុទុមវតី រាជធានីភ្នំពេញ ដើម្បីដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

យុវ​ជន​ជាង​២០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​ជួប​ជុំគ្នា​នៅ​សួនវត្ត​បុទុមវតី​ ក្បែរ​ព្រះ​បរម​រាជ​វាំង ដើម្បី​ដាក់​លិខិត​មួយ​ច្បាប់ស្នើ​សុំ​ចូល​គាល់ព្រះ​មហាក្សត្រ ក្នុង​ការ​ថ្វាយ​ព្រះពរ និង​ទូល​ថ្វាយ​អំពី​បញ្ហា​ធន​ធាន​ធម្មជាតិ ​បញ្ហា​ព្រៃឈើ ​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ជាដើម។

ក្រុម​យុវជនឱ្យដឹង​ថា​ពួកគេ​ជឿ​ជាក់​ថា​ព្រះ​មហា​ក្សត្រនឹង​អាច​ដោះ​ស្រាយ​បញ្ហា ដែល​ជា​ក្តី​កង្វល់​របស់​ពួកគេ ខណៈ​អស់​ជំនឿ​ចំពោះ​ការ​បំពេញ​ការងារ​របស់​ក្រសួងស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៩ ​ខែមីនា​នេះ ដែល​ទទួល​ដោយ​មន្រ្តី​ព្រះ​បរម​រាជវាំង ក្រុម​យុវជន​សរសេរ​ថា​៖ «ក្នុង​ឱកាសដ៏​ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា​នេះ​ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​សូម​ព្រះ​បរម​រាជា​នុញ្ញាត​ទូល​ថ្វាយព្រះ​អង្គ​នូវ​បញ្ហាផ្សេង​ៗ អំពី​សិទ្ធិ​មនុស្ស ធន​ធាន​ធម្ម​ជាតិ និង​បរិស្ថាន​ ដែល​កំពុង​តែ​វិវត្ត​ធ្ងន់​ធ្ងរ​ទៅ​ៗ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បីឱ្យទ្រង់​អាច​យក​ព័ត៌មាន​សំខាន់ៗ​ទាំង​អស់​នេះ ទៅ​ព្រះ​រាជ​តម្រិះ ដោះ​ស្រាយ​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ និង​បន្ត​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជា​នុរាស្ត្រ​ត​រៀង​ទៅ​»​។

ក្រោយប្រគល់​លិខិត​មួយ​ច្បាប់​ដែល​ស្នើ​សុំ​គាល់​ព្រះ​មហាក្សត្រទៅ​ឱ្យ​មន្ត្រី​ព្រះ​បរម​រាជ​វាំង លោក កើត សារ៉ាយ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ប្រាប់​អ្នក​សារ​ព័ត៌​មានថា​គោល​បំណង​របស់​សកម្ម​ជន​សង្គម គឺ​ដើម្បីសុំចូល​គាល់​ព្រះ​មហាក្សត្រ​ក្នុង​ការ​ថ្វាយ​ព្រះពរ ​មុន​ពិធី​បុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរ និង​ដើម្បី​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​អំពី​បញ្ហា​ព្រៃ​ឈើ​ដែល​កំពុង​តែ​បាត់​បង់ ជា​ពិសេស​បញ្ហា​នៅ​ព្រៃ​ឡង់ និង​បញ្ហា​សង្គម​ផ្សេង​ៗ​ទៀត​។ លោក​រំពឹង​ថា​ព្រះ​មហាក្សត្រ​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន ​ចូល​គាល់​។

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ផ្តល់បទសម្ភាសន៍នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​បញ្ជាក់​ថា៖ «សូម​ឱ្យ​ព្រះ​អង្គ​ព្រះករុណា​ទ្រង់​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សកម្ម​ជន​សង្គមយើង​ ដែល​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម​ជាតិ​ បញ្ហា​អំពើ​អ​យុត្តិ​ធម៌​ក្តី ​ការ​ចាប់​សកម្ម​ជន​សង្គម​ដាក់​គុក​ក្តី​នេះ​ ​សូម​ឱ្យ​ព្រះ​ករុណា​ទ្រង់​ពិនិត្យ​លើ​រឿង​ហ្នឹង​ឡើង​វិញ​ ដូច​ជា​ព្រះ​ករុណា​បិតា​ ដែលព្រះ​បរមរ​តន​កោដ្ឋ ព្រះ​សីហនុ​ ដែល​ទ្រង់​តែង​តែ​បាន​ធ្វើ​ជា​រឿយៗ តែងតែ​លើក​ទឹក​ចិត្ត​ដល់​និស្សិត យុវ​ជន​ឱ្យ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ជាតិ»។

លោក កើត​ សារ៉ាយ បន្ថែម​ថា​ក្រុម​យុវជន​មិន​ដែលឃើញក្រសួង​ពាក់​ព័ន្ធឆ្លើយ​តប​ និង​មានចំណាត់​ការ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាពឱ្យបាន​ប្រសើរ​នៅ​ឡើយ។

​លោក​ថ្លែង​ថា៖ «ចុង​ក្រោ​យ​មាន​តែ​ព្រះករុណា​ ​ជា​ស្តេច​ហ្នឹង​ហើយ ដែល​អាច​ជួយ​ជា​ប្រជា​នុ​រាស្ត្រ​បាន [ជួយ]​អ្នក​រង​គ្រោះ​បាន។ ហើយ​បើ​ព្រះករុណា អត់​អាច​ជួយ​យើង​បាន​ទៀត ខ្ញុំ​មិន​ដឹង​ទៅ​ណា​ទៀត​ទេ ព្រោះ​ក្រសួង​អី ​យើង​ដាក់​លិខិត​រឿង​ព្រៃឈើ យើង​ដាក់​អស់​ហើយ​ តែ​លទ្ធ​ផល​នៅ​តែប៉ុណ្ណឹង។ រឿង​សកម្មជន សិទ្ធិ​ក្នុងការ​សម្តែង​មតិ​ សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​ងារ​សង្គម ពេល​ដែល​ធ្វើ​ទៅ​តែង​តែ​មាន​ការ​ចាប់​ខ្លួន​ជា​ដើម យើង​គ្មាន​ការ​រំពឹង​ថា​នឹង​មាន​ការ​អន្ត​រាគមន៍​ពីស្ថាប័ន​ជំនាញ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​ទេ ក្រៅ​ពីព្រះ​មហាក្សត្រ»។

លោក​បន្ថែម​ថាបើទោះ​បី​ព្រះមហាក្សត្រ​ទ្រង់​មិន​កាន់អំ​ណាច​ ក៏​ប៉ុន្តែ​លោក​ជឿ​ថា​ព្រះមហា​ក្សត្រក៏​នៅ​តែ​អាចជួយ​ដោះ​ស្រាយក្តី​កង្វល់​របស់​ក្រុម​យុវជន​បាន។

​លោក​ថ្លែង​ថា៖ ​«ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ត្បិត​ចែង​ថា ព្រះ​មហាក្សត្រ​មិន​កាន់​អំណាច​ក៏​ពិត​មែន ​ប៉ុន្តែ​ព្រះអង្គ​ជា​អ្នក​ធានា​នូវ​គ្រប់​យ៉ាង បូរណ​ភាព​ទឹកដី ការ​ឯក​ភាព​ជាតិ ការ​ផ្សះ​ផ្សារ​ជាតិ ផ្សះផ្សាយ​នយោ​បាយ គឺ​ព្រះ​អង្គ​ជា​អ្នក​ធានា​»។

ចំណែក​យុវត្តី​ ​ដែលមកចូល​រួម​ដាក់​លិខិត​សូម​ចូល​គាល់​ព្រះមហាក្សត្រ​នេះ​ដែរ កញ្ញា មាន លីសា អាយុ​២០ឆ្នាំ ជា​យុវ​ត្តី​នៃក្រុម​ចលនា​មាតា​ធម្មជាតិ ជឿ​ជាក់​ថា​ព្រះមហាក្សត្រ​ដែលជា​ព្រះប្រ​មុខ​រដ្ឋ​នឹង​អាច​ជួយ​ដោះ​ស្រាយបញ្ហា​ប្រឈម និង​ក្តីកង្វល់របស់​យុវជន​បាន​។

កញ្ញា មាន លីសា អាយុ២០ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

​កញ្ញា​ថ្លែង​ថា៖ «ក្រសួង​ពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ផ្ទាល់​មិន​ថា​បរិស្ថាន​អី គឺ​មិន​មាន​ដំណោះ​ស្រាយ​ឱ្យ​ពួក​យើង​ ដូច្នេះ​យើង​មើល​ឃើញ​ពី​ម្លប់​របស់​ព្រះ​មហា​ក្សត្រ ដែល​ជា​ម្លប់​ដល់ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាង​នេះ។ ព្រះ​អង្គ​មាន​តួនាទី​ជា​អាជ្ញា​កណ្តាល ព្រះ​អង្គ​អាច​ស្នើ​ឱ្យ​មាន​ការ​ជួយ​ដោះ​ស្រាយ​ដល់​ពួក​យើង​បាន​ បើ​សិន​ជា​ព្រះ​អង្គ​ពិត​ជា​យក​បញ្ហា​របស់​ពួក​យើង​ យក​ទៅ​ធ្វើ​ជា​ព្រះ​តម្រិះ​ ថា​តើ​វា​ដល់​ស្ថាន​ការ​ណ៍​កម្រិត​ណា»។

​វីអូអេ​មិន​អាចសុំ​ការ​អត្ថាធិប្បាយ​ពី​លោក គង់ សំអុល រដ្ឋមន្ដ្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​បាន​នៅ​ឡើយ​ទេ។

​លោក អ៊ុំ ដារ៉ាវុធ ​នាយក​ខុទ្ទ​កាល័យ​ព្រះ​មហា​ក្សត្រ​បាន​បង្វែរ​សំណួរ​ទៅ​លោក គង់ ​សំអុល ​នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ​។

​ក្រុម​យុវជន​ដែល​បាន​មក​ចូល​រួម​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ បង្ហាញ​ក្តី​រំពឹង​ថា​ព្រះ​មហា​ក្សត្រ​នឹង​រាជា​នុញ្ញាត​ឱ្យ​ពួកគេ​បាន​ចូល​គាល់ និ​ងស្តាប់​ការ​លើក​ឡើង​អំពី​ក្តី​កង្វល់​របស់​ពួកគេ​៕