​អ្នក​ស្រឡាញ់​អក្សរ​ខ្មែរ​មួយ​ក្រុម​បង្កើត​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ដើម្បី​ការពារ​​​ភាសា​ជាតិ

បុរស​ម្នាក់​កំពុង​ប្រើប្រាស់​កម្មវិធី «​ត្រួត​ពិនិត្យ​អក្ខរា​វិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជី​ថល» ដើម្បី​ផ្ទៀងផ្ទាត់អត្ថបទ​ នៅថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​ប្រសិន​​​មាន​​​ដំណើរការ​​​ល្អ​ ​​កម្មវិធី​​​នេះ​​​អាច​​ត្រួត​ពិនិត្យ​និង​​កែ​តម្រូវ​រាល់​អក្ខរាវិរុទ្ធ​​ខ្មែរ​ដែល​សរសេរ​ខុស​ ដោយ​​​គេ​​​គ្រាន់តែ​​បញ្ចូល​អត្ថបទ​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធី​​នោះ។

ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្រ្ដ​ជាតិ​កំពុងរួមគ្នា​បង្កើត «កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល» ​ដើម្បី​អភិរក្ស​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ ​ខណៈ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅ​មាន​ការ​ខ្វះ​ចន្លោះ។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​អ្នក​ធ្វើ​ការដើម្បី​ជំរុញ​ការ​ប្រើប្រាស់​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​អំពី​កម្មវិធី «ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល» តាម​រយៈតំណ​ភ្ជាប់​ khmerwriters.com។​ ​ប្រសិន​បើ​មាន​ដំណើរការ ល្អ ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​កម្មវិធី​នេះដោយ​ប្រព័ន្ធអ៊ីនធឺណិត​ និង​ការ​បញ្ចូល​អត្ថបទ​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធីនោះ។

លោក​ ព្រឿង​ ប្រណីត​ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​ជា​ប្រធាន​គ្រប់គ្រងកម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ប្រាប់ VOA ថា​ ការ​បង្កើត​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​នេះ​ដំបូង គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​របស់​ក្រុម​អ្នក​និពន្ធ​ប៉ុណ្ណោះ។ ក្រោយ​ការ​ប្រើប្រាស់​កម្មវិធី​នោះ ​លោក​ប្រណីត​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ ដែល​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សរសេរ​ភាសា​ជាតិ​ឲ្យ​មាន​ភាព​សុក្រឹត្យ។

លោក​បញ្ជាក់​ថា​៖ ​«អ្នក​ប្រើប្រាស់​ខ្លះ​មិនមែន​គាត់​អត់​ចេះ​ពាក្យហ្នឹង​ទេ គឺ​កំហុស​អចេតនា ហើយ​កំហុស​អចេតនា​គឺ​ម៉ាស៊ីន​ហ្នឹង​អាច​ជួយ​យើងឲ្យ​ដឹង​ពី​កំហុស​យើង។ ការណ៍​ដែល​យើង Typing [សរសេរ​លើ​កុំព្យូទ័រ]​ ខុស​ពាក្យ​ណា​មួយ គឺ​ម៉ាស៊ីន​អាច​បញ្ជាក់​ពី​ពណ៌​ក្រហម គឺ​យើង​ដឹង​ខុស»។

លោក ​ដាញ់ ​ហុង​ ​អ្នក​គ្រប់គ្រង​បច្ចេកទេស​ និង​ជា​អ្នក​សរសេរ​កម្មវិធី​នេះ លើក​ឡើង​ថា​ កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ប្រើប្រាស់​ព័ត៌មាន​ ​និងទិន្នន័យ​អក្ខរាវិរុទ្ធ​ដក​ស្រង់ពី​វចនានុក្រម​ខ្មែរ​ ដែល​បោះពុម្ព​ក្រោយ​គេ​បង្អស់ ​វចនានុក្រម​អក្ខរាវិរុទ្ធ​ខ្មែរ​ ព្រមទាំង​សទ្ទានុក្រម​របស់​ស្ថាប័ន​នានា ​ដែល​បាន​ឆ្លង​កាត់​ការ​ប្រជុំ​អនុម័តឲ្យ​ដាក់​ប្រើប្រាស់​ពាក្យ​ដោយ​វិទ្យាស្ថាន​ជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា។ លោករំពឹង​ថា តាម​រយៈ​កម្មវិធី​នេះ ប្រជាពលរដ្ឋ​នឹងសរសេរ​ភាសា​ខ្មែរ​បាន​កាន់​តែ​ត្រឹមត្រូវ។

លោក​មាន​ប្រសាសន៍​ថា៖ «កម្មវិធី​យើង​នេះ ​យើង​សរសេរ​កូដ​តាម​វែប​ហៅ​ថា អេអាយ [AI - បញ្ញា​និម្មិត] អ៊ីចឹង​វា​មាន​ការ​វិវត្ត​រហូត។ មាន​មនុស្ស​ប្រើ​កាន់​តែ​ច្រើន កម្មវិធី​ហ្នឹងកាន់​តែ​សុក្រឹត្យ។​ ចំពោះ​មុខ​ដូច​ជា​ខ្ញុំមាន​បទ​ពិសោធន៍​ប្រើ​ខ្លួន​ឯង ពី​មុន​ខ្ញុំ​ក៏សរសេរ​ខុស​ច្រើន​ដែរ ដល់​ពេល​មាន​កម្មវិធី​ផ្ទៀងផ្ទាត់ ធ្វើ​ឲ្យ​យើង​រៀន​ពី​ហ្នឹង​ទៅ [...] អ៊ីចឹង​ហើយ​គឺ​អ្នកប្រើ​ហ្នឹង​ គឺ​យើង​អភិវឌ្ឍ​ខ្លួន​ឯង​បន្តិច​ម្តងៗ។ ហើយ​សង្ឃឹម​ថា ១០-២០​ឆ្នាំ​ទៅ​មុខ​ទៀត ខ្មែរ​យើង​លែង​សរសេរ​ខុស»។

ក្រុម​អ្នក​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ការ​ប្រើប្រាស់​អក្សរសាស្រ្ត​ខ្មែរ​ ធ្វើ​សន្និសីទ​បង្ហាញអំពី​កម្ម​វិធី «​ត្រួត​ពិនិត្យ​អក្ខរា​វិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជី​ថល» ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក ដាញ់ ហុង ក៏​ជា​ស្ថាបនិក​ដែល​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ដែល​ប្រជាពលរដ្ឋ​កំពុងប្រើប្រាស់ជា​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា​ផង​ដែរ។

​លោក​ ប៉ា ​ច័ន្ទរឿន ​នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដ​ និង​សីលធម៌​កម្ពុជា ​និង​ជាទី​ប្រឹក្សា​គ្រប់គ្រង​គម្រោង​កម្មវិធី​នេះ​លើក​ឡើង​ថា​ គម្រោងត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ ត្រូវ​ការ​ថវិកា​ប្រមាណ​ជា៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ត្រូវ​ការពេល​វេលាចំនួន​២​ឆ្នាំ​ដើម្បី​អាច​ដំណើរការ​បាន​ពេញ​លេញ​ ព្រម​ទាំងត្រូវ​ការ​រយៈពេល៨​ឆ្នាំ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម។

​លោក​បញ្ជាក់​ថា៖​ «យើង​នឹង​ធ្វើ​ការ​រៃអង្គាស​ថវិកា​ដើម្បី​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ការ​ផលិត​កម្មវិធី​ហ្នឹង។ ការ​ចូល​ថវិកា​អាច​ចូល​តាម​រយៈ​សមាគម​អ្នក​និពន្ធ​ខ្មែរ។ យើង​នឹង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទទួល​ចាយ​វាយ​ និង​គ្រប់គ្រង​ថវិកា​ប្រកប​ដោយ​តម្លាភាព។ យើង​មាន​ចេញ​វិក្កយបត្រ​ជូន យើងមានរបាយការណ៍​សរុប​ប្រចាំ​ខែ​ ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ អំពី​ចំណាយ និង​ចំណូល»។

​គេ​សង្កេត​ឃើញ​ថា ​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ មិន​មាន​ភាព​ត្រឹមត្រូវ​ ដោយ​ខ្លះ​ត្រូវ​បានប្រកប​ខុស ​និង​ខ្លះ​ប្រើ​ឃ្លាឃ្លោង​មិន​ត្រឹមត្រូវ​ជាដើម។

​លោក​ ទូច គីមស្រ៊ាង ​ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្រ្ត និង​វប្បធម៌​ខ្មែរ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី លើក​ឡើងក្នុង​កម្មវិធី​ Hello VOA កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ការ​បន្ត​ប្រើប្រាស់​ភាសាខ្មែរ​ដែល​ជា​ភាសា​ជាតិ​មិន​បាន​ត្រឹមត្រូវ​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន៕