នៅពេលប្រទេសចិនចាប់ផ្តើមយុទ្ធនាការថ្មីមួយកាលពីចុងខែកក្កដា ដើម្បីបង្ក្រាបគណនីរបស់អ្នកផ្តល់ព័ត៌មានឯករាជ្យនៅលើបណ្តាញសង្គម ចំណាត់ការនោះគឺជាការបោះជំហានចុងក្រោយបង្អស់នៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីឃ្លាំមើលការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិត។
រដ្ឋបាលគ្រប់គ្រងបណ្តាញអ៊ីនធឺណិតចិន ឬ Cyberspace Administration of China (CAC) បានឲ្យដឹងថា យុទ្ធនាការនៅទូទាំងប្រទេសនេះ ធ្វើឡើងដើម្បីព្យាយាម «ជួយសម្រួលដល់ការអភិវឌ្ឍសារព័ត៌មាន [ផ្សាយ] ដោយខ្លួនឯងប្រកបដោយសណ្តាប់ធ្នាប់ និងមានលក្ខណៈល្អប្រសើរ»។
យុទ្ធនាការនេះកំពុងយកគេហទំព័រពាណិជ្ជកម្ម និងគណនីបណ្តាញសង្គមដែល «សរសេរអត្ថបទព័ត៌មានខុសច្បាប់ និងបង្ហោះអត្ថបទសារព័ត៌មានបន្តចេញពីប្រភពមិនគួរឱ្យទុកចិត្ត» ធ្វើជាគោលដៅសម្រាប់ការបង្ក្រាបរបស់ខ្លួន នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងបណ្តាញអ៊ីនធឺណិតចិន។
ចាប់តាំងពីពេលនោះមក ក្រុមអាជ្ញាធរបានលុបចោលគណនី WeChat ជាច្រើន និងអត្ថបទឯករាជ្យនៅលើអ៊ីនធឺណិតផ្សេងៗទៀត ដែលជជែកអំពីខ្លឹមសារព័ត៌មាន ស្ថានភាពបច្ចុប្បន្នក្នុងប្រទេស និងបញ្ហាសង្គម។
អ្នកវិភាគបានលើកឡើងថា ការបង្ក្រាបចុងក្រោយបង្អស់នៅលើបណ្តាញអ៊ីនធឺណិតនេះ ធ្វើឱ្យរដ្ឋាភិបាលមានការគ្រប់គ្រងទាំងស្រុងលើការបញ្ចេញមតិតាមអ៊ីនធឺណិត ដែលជាការគ្រប់គ្រងដ៏ខ្លាំងបំផុតមួយលើបណ្តាញអ៊ីនធឺណិតនៅក្នុងពិភពលោក។
សកម្មជន និងអ្នកកាសែតចិន ឲ្យដឹងថា ឬសគល់នៃការរឹតត្បិតបច្ចុប្បន្ននេះអាចមានប្រភពតាំងពីឆ្នាំ២០០៣មក។
ចំណុចដែលធ្វើឱ្យមានការបិទព័ត៌មាន
លោក Cheng Yizhong ដែលជាស្ថាបនិក និងអតីតនិពន្ធនាយកនៃកាសែត Southern Metropolis Daily បានឲ្យដឹងថា ឆ្នាំ២០០៣ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រទេសចិន ដោយសារតែវាជាការចាប់ផ្តើមនៃការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសចិន ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនូវអ្វីដែលពលរដ្ឋចិនអាចមើល និងអានបានតាមអ៊ីនធឺណិត។
លោក Cheng ត្រូវបានចាប់ខ្លួន និងឃុំខ្លួនអស់រយៈពេល ៤ខែ កាលពីឆ្នាំ ២០០៣ ដោយសារតែការរាយការណ៍យ៉ាងច្រើនរបស់លោកអំពីការស្លាប់របស់លោក Sun Zhigang ដែលជាពលករទេសន្តរប្រវេសន៍វ័យក្មេងម្នាក់ មកពីខេត្ត Hubei។ ពលករម្នាក់នេះត្រូវបានគេវាយដំរហូតដល់ស្លាប់ ក្រោមសមត្ថកិច្ចរបស់ប៉ូលិសនៅក្នុងខេត្ត Guangdong បន្ទាប់ពីត្រូវបានឃុំខ្លួន ដោយសារតែមិនមានប័ណ្ណស្នាក់នៅ ដែលមានសុពលភាព។ នៅពេលលោក Cheng ត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ពិភពអ៊ីនធឺណិតនៅក្នុងប្រទេសចិន មានការផ្លាស់ប្តូរ។
លោក Cheng បាននិយាយក្នុងសម្តីដើមថា៖ «មុនពេលខ្ញុំត្រូវបានគេឃុំខ្លួនកាលពីខែមេសា [ក្នុងឆ្នាំ២០០៣] ខ្ញុំអាចចូលមើលគេហទំព័របរទេសទាំងអស់បាន។ ខ្ញុំចាំថា ខ្ញុំបានបង្ហោះអត្ថបទនៅលើអ៊ីនធឺណិត និងបានប្រមូលការគាំទ្រឱ្យលោក Sun Zhigang។ ប៉ុន្តែនៅពេលខ្ញុំចេញពីមន្ទីរឃុំឃាំងនៅក្នុងខែសីហា អ្វីៗគ្រប់យ៉ាងត្រូវបានបិទ»។
លោកបានប្រាប់ VOA ក្នុងសម្តីដើមថា៖ «តើនេះមានន័យថាម៉េច? វាមានន័យថា ក្នុងរយៈពេលកន្លះឆ្នាំ ប្រទេសចិនបានបង្កើតរបាំងជញ្ជាំងមួយ (firewall) ដើម្បីបិទបាំងព័ត៌មានពីបរទេសទាំងអស់។ នេះជាការផ្លាស់ប្តូរដ៏ធំមួយ»។
លោកបានបន្ថែមថា ហេតុការណ៍ជុំវិញករណីស្លាប់របស់លោក Sun Zhigang ធ្វើឱ្យគណបក្សកុម្មុយនិស្តចិនទទួលស្គាល់ពីឥទ្ធិពលរបស់បណ្តាញអ៊ីនធឺណិត និងធ្វើឱ្យរដ្ឋាភិបាលយល់ថា «ត្រូវតែគ្រប់គ្រងបណ្តាញអ៊ីនធឺណិត»។
នៅត្រឹមឆ្នាំ ២០០៤ លោក Hu Jintao ដែលជាប្រធានាធិបតីចិននៅពេលនោះ បាននិយាយដោយចំហថា ប្រទេសចិនគួររៀនសូត្រពីប្រទេសគុយបា និងកូរ៉េខាងជើង ដើម្បីស្វែងយល់បន្ថែមទៀតអំពីរបៀបផ្លាស់ប្តូរគំនិតនយោបាយរបស់សាធារណជន។
នៅក្នុងសេចក្តីបង្គាប់មួយទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅទូទាំងប្រទេស លោកប្រធានាធិបតី Hu បានសង្កត់ធ្ងន់ថា៖ «ទោះជាសេដ្ឋកិច្ចរបស់កូរ៉េខាងជើងកំពុងជួបនឹងភាពលំបាកជាបណ្តោះអាសន្នក្តី បើនិយាយពីនយោបាយវិញ ប្រទេសកូរ៉េខាងជើងដើរនៅលើផ្លូវត្រូវរហូត»។
លោក Teng Biao ដែលជាសកម្មជន និងមេធាវីសិទ្ធិមនុស្សចិនដ៏ល្បីមួយរូប បានប្រាប់ VOA ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការរឹតបន្តឹងថ្មីៗនេះនោះទេ។
លោក Teng Biao បាននិយាយក្នុងសម្តីដើមថា៖ «គោលបំណងសំខាន់នៃការគ្រប់គ្រងបណ្តាញអ៊ីនធឺណិតរបស់ចិន គឺការគ្រប់គ្រងការបញ្ចេញមតិ និងព័ត៌មាន។ ប្រសិនបើសារព័ត៌មានចេញផ្សាយដោយខ្លួនឯង (សារព័ត៌មានឯករាជ្យ) និយាយអំពីរឿងរ៉ាវផ្សេង ក្រៅពីអ្វីដែលសារព័ត៌មានផ្លូវការចេញផ្សាយ នោះវានឹងបំផ្លាញមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន»។
លោក Teng បានបន្ថែមទៀតថា៖ «ឆ្នាំ២០០៣ ត្រូវបានគេស្គាល់ថា ជាឆ្នាំនៃចលនាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ហើយបណ្តាញអ៊ីនធឺណិត បានរួមចំណែកដ៏ធំមួយក្នុងចលនានោះ»។
ការរាំងខ្ទប់កាន់តែខ្លាំង
អ្នកវិភាគបាននិយាយថា ការគ្រប់គ្រងលើការបញ្ចេញមតិបានកើនឡើង ចាប់តាំងពីពេលលោកប្រធានាធិបតី Xi Jinping ឡើងកាន់តំណែង។
លោក Cheng Yizhong ដែលជាអ្នកកាសែតជើងចាស់មួយរូប និយាយក្នុងសម្តីដើមថា៖ «ការគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយតែងតែកើតមាននៅទីនេះ ប៉ុន្តែនៅពេលនេះ វាកាន់តែតឹងរ៉ឹង កាន់តែមានលក្ខណៈជាប្រព័ន្ធ និងកាន់តែទូលំទូលាយ»។
លោកបានបន្ថែមថា លោកមានទុទិដ្ឋិនិយមចំពោះអនាគតសម្រាប់អ្នកធ្វើអត្ថាធិប្បាយ អ្នកនិពន្ធ និងបញ្ញាវន្តឯករាជ្យដែលបោះពុម្ពផ្សាយដោយខ្លួនឯង នៅក្នុងប្រទេសចិន។ អ្នកកាសែតរូបនេះបាននិយាយក្នុងសម្តីដើមថា៖ «ពួកគេមិនមានអនាគតនោះទេ»។
លោក Liu Lipeng ដែលជាអតីតអ្នករាំងខ្ទប់ព័ត៌មានអ៊ីនធឺណិត ដែលបានធ្វើការនៅក្នុងការិយាល័យរាំងខ្ទប់ព័ត៌មានរបស់រដ្ឋាភិបាលចិន អស់រយៈពេលជាង ១០ឆ្នាំ បាននិយាយថា៖
«ឥឡូវនេះ គ្រប់ស្ថាប័នទាំងអស់មានសិទ្ធិធ្វើការរាំងខ្ទប់ព័ត៌មាន ហើយស្ទើរតែគ្រប់ពេលទាំងអស់ ការបង្ហោះអ្វីមួយនៅលើអ៊ីនធឺណិត នឹងត្រូវឆ្លងកាត់ការឃ្លាំមើល។ ការបង្ហោះសំខាន់ៗត្រូវឆ្លងកាត់ការរាំងខ្ទប់លើកទី២។ ការផ្អាកលើដំណើរការគ្រប់គ្រងតាមបណ្តាញអ៊ីនធឺណិតនេះ មិនអាចទៅរួចនោះទេ សូម្បីតែបន្តិចក៏ដោយ»៕