តម្រុយនៃការបង្កើតគណបក្សនយោបាយថ្មីមួយរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រងការរិះគន់ពីអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនថា ជាចលនាដែលនឹងបានត្រឹមតែបំបែកសំឡេងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត។
ពួកគេលើកឡើងថា បើត្រូវបានបង្កើតមែននោះ គណបក្សថ្មីនេះក៏មិនអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ បានព្រលយជាថ្មីទៀតនូវការរៀបចំបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីរុញច្រានដំណើរការប្រជាធិបតេយ្យកម្ពុជាឲ្យទៅមុខ ប្រសិនបើគណបក្សប្រឆាំងដែលត្រូវរំលាយនិងគណបក្សកាន់អំណាចមិនអាចឈានដល់ការស្រុះស្រួលខាងនយោបាយណាមួយ នៅក្រោយថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។
កាលកំណត់នោះ ជាពេលដែលថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួន ក្នុងនោះមានលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្ស គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាប ប្រាប់វីអូអេពីសហរដ្ឋអាមេរិកមកថា ផែនការបង្កើតបក្សថ្មីនេះជារឿងឥតបានការ។
លោកមានប្រសាសន៍ថា៖ «បង្កើតគណបក្សនៅពេលហ្នឹងវា មិនមានការទទួលការគាំទ្រពីប្រជាពលរដ្ឋនោះទេ។ ហើយបង្កើតហ្នឹង ដើម្បីតែកំដរគណបក្សប្រជាជនតែប៉ុណ្ណោះឯង។ វាគ្រាន់តែជា...ដើមផ្កាមួយក្នុងសួនប្រជាធិបតេយ្យក្លែងក្លាយរបស់លោក ហ៊ុន សែន...ហើយមិនមែនដើម្បីធ្វើឲ្យមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះទេ»។
លោក អ៊ុំ សំអាន បន្ថែមថា ពុំមានគណបក្សណាមួយអាចប្រជែងនឹងគណបក្សកាន់អំណាច ក្រៅពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ផែនការបង្កើតគណបក្សរបស់លោកនឹងចេញជារូបរាង ប្រសិនបើថា្នក់ដឹកនាំមួយចំនួនរបស់គណបក្សសង្គ្រោះជាតិមិនអាចរកដំណោះស្រាយនយោបាយណាមួយ នៅក្រោយថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
លោកបន្តថា គម្រោងការបង្កើតបក្សថ្មីនេះនឹងមិនមានទៀតទេ បើសិនជាលោកស្រី មូរ សុខហួរ អាចចូលមកក្នុងប្រទេសវិញ ដើម្បីដោះស្រាយបញ្ហាជាតិនានា។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែបើសិនជាថ្ងៃ[ទី]៤ហ្នឹងមើលទៅ មិនមានដំណោះស្រាយអីទេ ហើយខាងលោកប្រធាន កឹម សុខា គាត់ក៏គ្មានដំណោះស្រាយអីជាវិជ្ជមានអាចមានលទ្ធភាពមកដឹកនាំវិញទេ អាហ្នឹងយើងពិចារណាក្នុងការសម្រេចចិត្តជាផ្លូវការ»។
លោកបន្ថែមថា៖ «ដូច្នេះបើសិនជាមានដំណោះស្រាយមែន ហើយខ្ញុំជឿជាក់លើសមត្ថភាពរបស់លោកជំទាវថា បើសិនជាមានដំណោះស្រាយបញ្ហាជាតិមែន អាហ្នឹងយើងខ្ញុំមិនបាច់ទៅធ្វើអីទេ ជួយគាំទ្រលោកជំទាវ ជួយគាំទ្រថ្នាក់ដឹកនាំទាំងអស់ ហើយបើសិនជាគាំទ្របានតិចក៏ដោយច្រើនក៏ដោយ យ៉ាងហោចប្រមូលគ្នាទៅបោះជូនដែរបាទ»។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប យល់ថាលោក អ៊ូ ច័ន្ទរ័ត្នមានសិទ្ធិនយោបាយពេញលេញក្នុងការបង្កើតគណបក្ស ក៏ប៉ុន្តែលោកស្នើឲ្យអតីតតំណាងរាស្ត្ររូបនោះថ្លឹងថ្លែងឡើងវិញ អំពីប្រជាប្រិយភាពរបស់លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការ និងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោកមានប្រសាសន៍ថា៖ «កាលៈទេសៈនេះ គឺជាកាលៈទេសៈនៃរជ្ជកាលរបស់ សម រង្ស៊ី កឹម សុខា កឹម សុខា សម រង្ស៊ី។ អ៊ីចឹងដល់ពេលដែលយើងកំពុងតែមានវិបត្តិនយោបាយ ហើយយើងទៅបង្កើតគណបក្សនយោបាយ តើមានការគាំទ្រពីប្រជាពលរដ្ឋឬក៏យ៉ាងណា អាហ្នឹងយើងតាមដានទាំងអស់គ្នា ប៉ុន្តែជាសិទ្ធិនយោបាយរបស់ពួកគេ យើងអត់អាចឃាត់ឃាំងបានទេបាទ»។
នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិបានបីឆ្នាំក្នុងសំណុំរឿងចោទប្រកាន់ «ផ្តួលរំលំរដ្ឋាភិបាល» ដ៏ចម្រូងចម្រាស ក្រុមអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់។ អតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងមួយចំនួនក៏ត្រូវបានមើលឃើញថារងគំនាបនយោបាយ ហើយចុះចូលជាមួយបក្សប្រជាជនកម្ពុជា។
ចំណែកមន្ត្រី សកម្មជនឬក៏អ្នកគាំទ្ររបស់គណបក្សប្រឆាំងមួយចំនួន ក៏រងការធ្វើបាបលើរាងកាយពីជនមិនស្គាល់មុខ ត្រូវបានចាប់ដាក់ពន្ធនាគារ និងប្រឈមមុខជាមួយការកោះហៅរបស់តុលាការចំពោះសកម្មភាពពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង គិតចាប់តាំងពីមុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩មក។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជាលោក ឯម សុវណ្ណារ៉ា យល់ថាការបង្កើតគណបក្សនយោបាយថ្មីអាចមានបំណងបម្រើប្រយោជន៍បុគ្គល ច្រើនជាងការធ្វើនយោបាយដែលអាចប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា លោកពុំមានជំនឿទេថា លោកស្រី មូរ សុខហួរ ដែលកំពុងនៅសហរដ្ឋអាមេរិក អាចវិលមកប្រទេសកម្ពុជាវិញដែរ ល្គឹកណាមានការដាក់សម្ពាធបន្ថែមពីសហគមន៍អន្តរជាតិលើរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឲ្យគណបក្សកាន់អំណាចងាកមករកការចរចា ដើម្បីបញ្ចប់ជម្លោះនយោបាយដែលបានអូសបន្លាយរយៈពេល៣ឆ្នាំមកនេះ។
លោកមានប្រសាសន៍ថា៖ «មានតែសហគមន៍អន្តរជាតិទេ មានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបដែលមានឥទ្ធិពលខាងវិស័យពាណិជ្ជកម្មអាចដាក់សម្ពាធនេះ ឬក៏លើកឥទ្ធិពលខាងការគោរពលទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញកម្ពុជា ហ្នឹងអាចយកមកដាក់ជាសម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមទេ បានទើបមានដំណោះស្រាយ ឬក៏លម្ហសេរីភាព ទើបមានការចរចាវិញ»។
ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន ដែលគ្រោងបង្កើតគណបក្សថ្មី អះអាងថាការរក្សាភាពស្ងៀមស្ងាត់ មិនធ្វើអ្វីសោះនោះ នឹងមិនអាចរកបានជម្រើសប្រសើរមួយ ដើម្បីទ្រទ្រង់ដំណើការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ។ លោកចាត់ទុកថា ការរង់ចាំសម្ពាធអន្តរជាតិតែមួយមុខនោះ នឹងមិនអាចឲ្យកម្ពុជាបន្សាបជម្លោះនយោបាយដែលកំពុងកើតឡើងសព្វថ្ងៃបានដែរ។
លោកមានប្រសាសន៍ថា៖ «គេអាចឲ្យយោបល់គេអាចសម្របសម្រួល គេអាចជួយជាជំនួយទាំងបច្ចេកទេស ទាំងហិរញ្ញវត្ថុ ប៉ុន្តែការសម្រេចចិត្តដឹកនាំប្រទេសការសម្រេចចិត្តក្នុងការសម្របសម្រួលជម្លោះ វានៅលើខ្លួនឯង មិនមែនរឿងរបស់គេទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប ស្វាគមន៍ការបង្កើតគណបក្សនយោបាយថ្មី។ លោកលើកឡើងថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលដោយការប្រព្រឹត្តបទល្មើស មិនមែនដោយសារគណបក្សកាន់អំណាចមានចេតនារំលាយចោលទេ។
លោកមានប្រសាសន៍ថា៖ «គណបក្សប្រជាជនតាំងពីដើមមកយើងដឹងហើយ រកតែដៃគូខ្លាំងទេអានេះយើងមានការសោកស្តាយណាស់ ដែលអតីតបក្សប្រឆាំងវាត្រូវងាប់ទៅហ្នឹង ដោយសារអី ដោយសារអារឿងបទលើ្មសរបស់គាត់ជាក់ស្តែងទេ មិនមែនដោយសារគណបក្សប្រជាជនធ្វើឲ្យគាត់ងាប់ទេ។ អ៊ីចឹងយើងស្តាយដៃគូដ៏មានសក្តានុពលដែលគាត់អួតខ្លួនឯងថា មានសក្តានុពលនោះ»។
បើតាមលោក សុខ ឥសាន ក្រុមថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងថានឹងវិលមកប្រទេសកម្ពុជាវិញនោះ ជាពិសេសគឺលោកស្រី មូរ សុខហួរ នឹងមិនអាចសម្រេចផែនការមាតុភូមិនិវត្តន៍បានទេ ដោយហេតុថា ក្រុមថ្នាក់ដឹកនាំទាំងនោះមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដូច្នេះពុំមានហេតុផលណាដែលរដ្ឋាភិបាលត្រូវផ្តល់សុពលភាពដល់លិខិតឆ្លងដែន ឬក៏ទិដ្ឋាការ ដើម្បីបើកផ្លូវឲ្យពួកគេវិលត្រឡប់មកប្រទេសកម្ពុជានោះឡើយ។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានទេ នៅថ្ងៃច័ន្ទនេះ។
នៅថ្ងៃច័ន្ទនេះ លោកស្រី មូរ សុខហួរ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកស្រីថា៖ «ឈប់រស់ក្នុងភាពភ័យខ្លាច គេមិនអាចបិទមាត់យើងបានទេ គេមិនអាចបិទត្រចៀកយើងបានទេ គេមិនអាចបិទភ្នែកយើងបានទេ»។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលនៅជាប់បម្រាមធ្វើនយោបាយនោះ មានប្រសាសន៍ថា លោកមិនយកចិត្តទុកដាក់លើគម្រោងនៃការបង្កើតគណបក្សនយោបាយថ្មីនេះទេ។ លោកបន្ថែមថា បើទោះលោករួចពីបម្រាមធ្វើនយោបាយក៏ដោយ ក៏លោកមិនចូលរួមគណបក្សណាមួយក្រៅពីគណបក្សសង្គ្រោះជាតិដែរ។
លោកមានប្រសាសន៍ថា៖ «បើសិនជាអត់មានគណបក្សសង្គ្រោះជាតិរបស់ខ្ញុំទេ ដែលខ្ញុំធ្លាប់ធ្វើទេ ហើយមិនមានលោកប្រធានរបស់ខ្ញុំទេ អាហ្នឹងខ្ញុំមិនទេបាទ ខ្ញុំសុខចិត្តធ្វើជាពលរដ្ឋធម្មតាបាទ»។
ក្រៅតែពីទន្ទឹងចាំមើលដំណើរមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ និងថា្នក់ដឹកនាំគណបក្សផ្សេងទៀត លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា លោកបានគិតគូរស្លាកសញ្ញា និងឈ្មោះគណបក្សរួចទៅហើយ ដោយគ្រាន់តែរង់ចាំពេលវេលាសមស្របមួយតែប៉ុណ្ណោះ ក្រោយថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើម្បីប្រកាសប្រាប់សាធារណជន។
លោកបញ្ជាក់ជំហរថា គណបក្សនេះនឹងមិនក្លាយជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចឡើយ ហើយគណបក្សនឹងមានកម្មវិធីនយោបាយស្រដៀងគ្នានឹងគណបក្សសង្គ្រោះជាតិ៕