ក្នុងពិធីស្បថចូលកាន់តំណែងក្រោមអធិបតីភាពលោក Charles Baker នៅថ្ងៃ៦ មករា ឆ្នាំ២០២១នៅសភារដ្ឋម៉ាស្សាឈូសេត អ្នកស្រីវណ្ណា ហាវឺដ (Vanna Howard) តំណាងរាស្ត្រថ្នាក់រដ្ឋដែលទទួលបានជ័យជម្នះកា្លយជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ សង្កាត់ Middlesex រដ្ឋម៉ាស្សាឈូសេត បានស្បថចូលកាន់តំណែងជាតំណាងរាស្ត្រជាផ្លូវការ។
ក្រោយពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង អ្នកស្រី វណ្ណា ហូវឺដ ឲ្យដឹងថា ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ពិធីស្បថចូលកាន់តំណែងនេះមិនអនុញ្ញាតឲ្យសាធារណជនទូទៅចូលរួមទេ។
អ្នកស្រីឲ្យដឹងថា ក្នុងចំណោមតំណាងរាស្ត្រ ១៦០ នាក់ មានតែអ្នកជាប់ថ្មី ១៧ នាក់ប៉ុណ្ណោះ អាចចូលរួមពិធីនេះ។ តំណាងរាស្ត្រជាប់ឆ្នោតចាស់ត្រូវចូលរួមស្បថ តាមរយ:ការផ្សាយបន្តផ្ទាល់តាមកម្មវិធី Zoom ជាក្រុមៗ និងមានកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ និងតាមអ៊ីនធឺណិត ដែលជាវិធានការមួយដើម្បីបង្ការការឆ្លងរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រីឲ្យដឹងថា៖ «ឲ្យតែ ១៧ នាក់ហ្នឹង។ អ្នកជាប់ថ្មី ១៧ នាក់ហ្នឹង អត់ឲ្យគ្រួសារចូលទេ ដោយសារតែបញ្ហាកូរ៉ូណាវីរុសហ្នឹងចា៎»។
អ្នកស្រីឲ្យដឹងថា ក្រោយពីធ្វើសច្ចាប្រណិធានហើយ តំណាងរាស្ត្រទាំងបានបោះឆ្នោតជ្រើសតាំងលោក Ron Mariano ធ្វើជាប្រធានសភារដ្ឋម៉ាស្សាឈូសេត ដោយមានសំឡេង ១២៧ នៃសំឡេងសរុប ១៦០។
អ្នកស្រី វណ្ណា ហូវឺដ (ពាក់រ៉ូបពណ៌ខៀវ) ឈរថតរូបជាមួយសមាជិកតំណាងរាស្ត្រប្រចាំរដ្ឋផ្សេងៗទៀត ក្នុងអំឡុងពេលស្បថចូលកាន់តំណែង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ (រូបថត Rep. Donald Wong)
ពេលសួរអំពីចំណាប់អារម្មណ៍ដំបូងរបស់អ្នកស្រី ពេលអ្នកស្រីចូលរួមក្នុងពិធីនេះ គឺអ្នកស្រីឲ្យដឹងថា អ្នកស្រីនឹកគុណអ្នកបោះឆ្នោតឲ្យលអ្នកស្រីបានធ្វើជាអ្នកតំណាង។
«ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំ គឺខ្ញុំមានកិត្តិយស ដោយសារការគាំទ្ររបស់អ្នកបោះឆ្នោតដែលទុកចិត្តឲ្យខ្ញុំធ្វើតំណាងពួកគេ។ ពីរឆ្នាំទៀ តខ្ញុំសង្ឃឹមថា គេនឹងទុកចិត្តខ្ញុំម្តងទៀតឲ្យខ្ញុំជាប់ជាថ្មីទៀត។ ប៉ុន្តែឥឡូវកិច្ចការពីរឆ្នាំដំបូងរបស់ខ្ញុំ ខ្ញុំនឹងប្រឹងប្រែងគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបានតំណាងឲ្យពួកគេប្រយុទ្ធដើម្បីពួកគេ»។
អ្នកស្រីឲ្យដឹងថា អាទិភាពដំបូងរបស់អ្នកស្រី គឺធ្វើយ៉ាងណាឲ្យដំណើរការរកស៊ី ដូចជាភោជនីយដ្ឋានអាចដំណើរការឡើងវិញ ស្របពេលដែលអនុវត្តវិធានការបង្ការការរាតត្បាត។
អ្នកស្រីថា វិធានការសមស្របបង្ការការរាតត្បាតអាចធ្វើឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ហើយការងារធ្វើ ក៏មានឡើងវិញដែរ។ អ្នកស្រីថា គ្មានការងារធ្វើ គ្មានចំណូល គ្មានអាហារល្អ ក៏ជាបញ្ហាធំដែរ។
ដោយសារប្រធានសភាចាស់រដ្ឋម៉ាស្សាឈូសេតលាលែងពីតំណែង សមាជិកសភាទាំង ១៦០ នាក់បានបោះឆ្នោតជ្រើសរើសប្រធានថ្មី។
ពេលឡើងថ្លែងសុន្ទរថា ក្រោយត្រូវបានជ្រើសតាំងជាប្រធានសភាថ្មីលោក Ron Mariano ដែលអ្នកស្រី វណ្ណា ហូវឺដ បានបោះឆ្នោតគាំទ្រដែរនោះ បានប្រកាសការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅម៉ាស្សាឈូសេត ដែលបានស្លាប់ដោយសារជំងឺកូរីដ១៩។
លោកប្រកាសស្វាគមន៍អ្នកតំណាងរាស្ត្រជាប់ឆ្នោតដំបូង ដូចជាអ្នកស្រី វណ្ណា ហូវឺដ ដែលបានធ្វើយុទ្ធនាការដើម្បីបានទទួលការគាំទ្រ ក្នុងពេលមានជំងឺរាតត្បាតដែលបង្កការលំបាកដែល «ខ្ញុំមិនអាចស្រមៃឃើញ»។
លោកថា៖ «ប៉ុន្តែចំពោះអ្នករកគ្រោះជំងឺរាតត្បាតផ្សេងៗគ្នា ខ្ញុំគិតថា ជាការសមរម្យដែលយើងគួរតែគោរពវិញ្ញាណក្ខន្ធដល់ប្រជាជនរដ្ឋម៉ាស្សាឈូសេត ជាង ១ ម៉ឺន ២ ពាន់នាក់ដែលបានស្លាប់ ដោយសារកូវីដ១៩។ ដូច្នេះ ខ្ញុំសូមអញ្ជើញលោកអ្នកទាំងអស់គ្នាក្រោកឈរ ដើម្បីគោរពវិញ្ញាណក្ខន្ធពួកគេ»។
លោក រ៉ាឌី មុំ អតីតជនភៀសខ្លួនខ្មែរដែលបានជាប់ជាតំណាងរាស្ត្រអាណត្តិទី ៤ ប្រចាំតំបន់ទី ១៨ សង្កាត់ Middlesex រដ្ឋម៉ាស្សាឈូសេត បានឲ្យដឹងថា ពិធីធ្វើសច្ចាប្រណិធាននេះ លោកមិនអាចទៅចូលរួមដោយផ្ទាល់ទេ ដើម្បីរក្សាគម្លាតព្រោះតាមសំណើរបស់ប្រធានគណៈកម្មការរៀបចំពិធីការចូលរួមឲ្យផ្ទាល់ទុកអាទិភាព ឲ្យអ្នកតំណាងរាស្ត្រជាប់ឆ្នោតថ្មីចំនួន ១៧ រូប ដូចជាអ្នកស្រី វណ្ណា ហូវឺដ ជាដើម។
រ៉ាឌី មុំ អង្គុយសម្ភាសជាមួយវីអូអេខ្មែរ នៅការិយាល័យរបស់លោកនៅក្រុង Lowell រដ្ឋ Massachusetts។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
លោកនិយាយថា លោកក៏បោះឆ្នោតគាំទ្រលោក Rono Mariano ធ្វើជាប្រធានសភារដ្ឋម៉ាស្សាឈូសេតដែរ ដោយឈ្នះបេក្ខគណបក្សសាធារណរដ្ឋលោក Bradley Jones Jr ដែលមានសំឡេងគាំទ្រចំនួន ៣០ សំឡេង។
«ទីមួយខ្ញុំ បានធ្វើកិច្ចការជាមួយគាត់ផ្ទាល់ ហើយគាត់ជាមនុស្សមួយគួរគោរព ដែលធ្វើជាមេដឹកនាំក្នុងសភាដែលធ្វើឲ្យម៉ាស្សាឈូសេតយើងក្លាយជាគំរូ»។
សូមរំឭកថាស្របពេលដែលលោ កJoe Biden ឈ្នះលោក Donald Trump ក្លាយជាប្រធានាធិបតីជាប់ឆ្នោតនោះ អ្នកស្រី វណ្ណា ហូវឺដ ក៏ទទួលបានជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ចិកានោះដែរ ព្រោះការបោះឆ្នោតប្រធានាធិបតីស.រ.អា.ដែលអ្នកបោះឆ្នោតក៏ត្រូវជ្រើសរើសសមាជិកសភា សមាជិកព្រឹទ្ធសភា ថ្នាក់ជាតិនិងថ្នាក់រដ្ឋ ព្រមទាំងបេក្ខជនសម្រាប់តំណែងផ្សេងទៀតផងដែរ។
អ្នកស្រី វណ្ណា ហូវឺដ អាយុ ៥១ ឆ្នាំដែលមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដល់សហរដ្ឋអាមេរិកកាលពីទសវត្សរ៍ ១៩៨០ ទទួលបានការតែងតាំងនេះ ដោយសារអ្នកស្រីមានគំនិតកែទម្រង់លើវិស័យសុខាភិបាលវិបត្តិកូវីដ១៩ បញ្ហាសុខុមាលភាពសង្គម បញ្ហាអប់រំ បញ្ហាចាស់ជរា និងបញ្ហាកុមារ ហើយនិងបញ្ហាវិបត្តិផ្ទះសម្បែងជាដើម ដែលអ្នកស្រីថា គូប្រជែងរបស់អ្នកស្រីមិនបានធ្វើកិច្ចការនេះ។
អ្នកស្រីបានរៀនសូត្រនិងបម្រើការងាររដ្ឋនិងសង្គមជាច្រើន រួមទាំងជាជំនួយការអតីតសមាជិកសភាស.រ.អា. ដ៏មានឥទ្ធិពលម្នាក់គឺអ្នកស្រី Niki Tsongas។ អ្នកស្រីក៏បានចូលរួមបំពេញកិច្ចការសង្គមក្នុងទីក្រុងឡួវែល ក្នុងនាមជាប្រធានផ្នែកទំនាក់ទំនងកិច្ចការរដ្ឋាភិបាលខាងក្រៅនៃមជ្ឈមណ្ឌលសុខភាពនៃសហគមន៍ឡូវែល (Lowell Community Health Center) ហើយធ្លាប់បម្រើការងារក្នុងការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ Middlesex និង Sufforlk ផងដែរ។
កិច្ចការបម្រើសង្គមច្រើនឆ្នាំមកនេះបានធ្វើឲ្យ អ្នកស្រីទទួលបានការគាំទ្រទាំងពីសហគមន៍ខ្មែរអាមេរិកាំង និងពលរដ្ឋអាមេរិកាំងដើមកំណើតផ្សេងៗ៕