នៅក្នុងសប្តាហ៍ដំបូងនៃដើមឆ្នាំ ២០១៨ នេះ សាន ដាណិច ដឹកនាំក្រុមការងារថតខ្សែភាពយន្តមួយក្រុម ដើម្បីថតរឿងខ្លី ដោយបានរៀបចំប្លង់ថតនៅតាមដងព្រែកខេត្តកំពត។ នេះគឺជាការចាប់ផ្តើមឆ្នាំថ្មី ដ៏រំភើបចំពោះ សាន ដាណិច វ័យ ២៧ឆ្នាំ ដែលទើបនឹងក្លាយជាអ្នកដឹកនាំកុនលើកដំបូងក្នុងជីវិតរបស់កញ្ញា ក្រោយកញ្ញាប្រឡូកក្នុងវិស័យភាពយន្តបាន ៣ឆ្នាំ ដែលអំឡុងពេលនោះ កញ្ញាបានចម្អន់ខ្លួនឯង និងក្រុមការងារផលិតកុនដទៃទៀតដែលមិនមែនជាអ្នកដឹកនាំ និងផលិតករថា «កម្មករកុន»។
កញ្ញាថ្លែងប្រាប់ VOA ថា៖
«ពេលធ្វើការក្នុងវិស័យភាពយន្តហ្នឹង ខ្ញុំព្យាយាមសាកគ្រប់ផ្នែក។ ចាប់ផ្តើមពីដំបូង ដូចយើងយកបាយទឹកឲ្យក្រុមការងារ និងឲ្យតួអញ្ចឹង ព្រោះខ្ញុំចង់ដឹងថា ទម្រាំខ្ញុំធ្វើកុនមួយ យើងត្រូវដឹងអ្វីខ្លះ អ្នកណាខ្លះ និងជំនាញអ្វីខ្លះ»។
សាន ដាណិច គឺជាអ្នកដឹកនាំរឿងជាស្រី្តមួយរូប ក្នុងចំណោម៣រូប ដែលនាំខ្សែភាពយន្តចំនួន៣ ក្នុងឆ្នាំ២០១៨នេះ នៅក្នុងគម្រោងរួមគ្នាមួយហៅថា «សំឡេងនៃអនាគត» ឬ «Echoes from Tomorrow»។ គម្រោងដែលទទួលការឧប្ថម្ភពីការរៃអង្គាសនេះបានជួយជំរុញ និងបើកឱកាស ឱ្យអ្នកដឹកនាំរឿងជាស្ត្រីបានចូលរួមបញ្ចេញស្នាដៃដឹកនាំរឿងរបស់ពួក។
ក្នុងនោះកញ្ញា សាន ដាណិច នឹងដឹកនាំភាពយន្តខ្លីដែលមានចំណងជើងថា «អ៊ុង» ដែលនិយាយអំពីការស្វែងយល់អំពីខ្លួនឯង តាមរយៈការប្រើមនោសញ្ចេតនាទៅនឹងធម្មជាតិ ភាពស្ងប់ស្ងាត់ និងសន្ទនាក្នុងចំណោមមិត្តភក្តិស្និទ្ធស្នាល។
អ្នកដឹកនាំម្នាក់ទៀត គឺអ្នកស្រី មាស ស្រីលីន នឹងដឹកនាំភាពយន្តខ្លីដែលមានចំណងជើងថា «សួន» ដែលបង្ហាញពីការចាកចេញមួយរយៈពីការណ៍ពិតនៃជីវិតមួយដែលពោរពេញដោយសម្ពាធ និងបញ្ហាដែលពិបាកៗប្រឈមក្នុងជីវិត ដើម្បីស្វែងរកដំណោះស្រាយ។
ចំណែកកញ្ញា ទិត្យ កន្និថា នឹងដឹកនាំភាពយន្តឯកសារ ដែលមានចំណងជើងថា «ប្រសព្វ» ក្នុងគោលបំណងស្រាវជ្រាវ និងជំរុញកិច្ចសន្ទនារវាងអ្នកជំនាន់ថ្មី និងអ្នកជំនាន់មុនដែលបានចូលរួមកសាងនិងអភិវឌ្ឍសិល្បៈខ្មែរ។
ចំណុចរួមនៃខ្សែភាពយន្តរបស់អ្នកដឹកនាំកុនស្ត្រីទាំង៣នាក់នេះ គឺការស្វែងរកអត្តសញ្ញាណ និងទំនាក់ទំនង។
កញ្ញា ដាណិច បានឲ្យដឹងថា៖
«ភាពយន្តផ្តល់សេរីភាពមួយឲ្យខ្ញុំក្នុងការបញ្ចេញយោបល់ និងទស្សនខ្លួនឯង ជាកន្លែងមួយដែលផ្តល់សេរីភាពក្នុងការបញ្ចេញយោបល់ និងបញ្ចេញមតិខ្លួនឯង»។
គម្រោង «សំឡេងនៃអនាគត» ឬ «Echoes from Tomorrow» បានផ្តល់ឱកាសដល់ស្ត្រីទាំងបីដឹកនាំកុនជាលើកដំបូងបំផុតក្នុងជីវិតរបស់ពួកគេ។
ក្នុងរយៈពេលតែ២សប្តាហ៍ គម្រោង «សំឡេងនៃអនាគត» ឬ «Echoes from Tomorrow» នេះ ប្រមូលមូលនិធិបាន ២៤.០០០ ដុល្លារ ពីអ្នកស្រឡាញ់វិស័យភាពយន្តជុំវិញសាកលលោក តាមរយៈការធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ិនធឺណេតមួយ លើសពីគោលដៅដែលដំបូងឡើយកំណត់ត្រឹម ១.៥០០០ ដុល្លារ។
ការគាំទ្រជាថវិកាច្រើនយ៉ាងដូច្នេះ ត្រូវបានក្រុមអ្នកដឹកនាំរឿងទាំងនេះយល់ថា ដោយសារតែការទទួលស្គាល់អំពីសារៈសំខាន់នៃការផលិតកុនដោយក្រុមអ្នកដឹកនាំខ្សែភាពយន្តជាស្ត្រីនៅកម្ពុជា ហើយមហាជនចង់ក្លាយជាចំណែកមួយដែលជំរុញកំណើននៃការផលិតកុនចេញពីរឿងរបស់កម្ពុជា។
កញ្ញា ដាណិច និយាយបន្តថា៖
«ទាំងអស់គ្នាសុទ្ធតែធ្លាប់ធ្វើការ តែយើងមិនដែលកាន់ផ្នែក Creative [បញ្ចេញគំនិត] ផ្នែកសរសេរអ្វីទេ ហើយទាំងអស់គ្នាអត់ដែលនៅលើ spotlight ទេ មានន័យថាយើងធ្វើការតែនៅពីក្រោយ ចាំជួយគេអញ្ចឹង។ អញ្ចឹង ដាវី យល់ថា ហេតុអ្វីមិនព្រមបង្កើតឱកាសមួយសម្រាប់ពួកខ្ញុំ៣នាក់សាកល្បង ថាក្លាយជាអ្នកនិពន្ធ និងអ្នកដឹកនាំគឺបែបណា។ ពួកខ្ញុំមិនដែលគិតថាចង់ធ្វើជាអ្នកដឹកនាំទេ។ សម្រាប់ពួកខ្ញុំវាថ្មី។»
គម្រោង«សំឡេងនៃអនាគត» នេះផ្តើមឡើងដោយក្រុមផលិតកម្ម Anti-Archive។ ភាគច្រើននៃខ្សែភាពយន្តដែលផលិតចេញពីផលិតកម្មមួយនេះ ជាប្រភេទខ្សែភាពយន្តបង្ហាញសាច់រឿងតាមការប្រើប្រាស់សិល្បៈ [arthouse film] ដើម្បីបង្ហាញគំនិតអ្នកនិពន្ធ និងក្នុងគោលបំណងបង្ហាញគំនិតផ្ទាល់ខ្លួនអ្នកនិពន្ធជាជាងការបម្រើដល់ការបំពេញចិត្តរបស់អ្នកទស្សនាដើម្បីចំណូល និងអាជីវកម្ម។
ផលិតករ ជូ ដាវី ដឹកនាំរឿងដែលមានចំណងជើងថា «កោះពេជ្រ» ដែលត្រូវបានដាក់បញ្ចាំងនៅក្នុងពិធីមហោស្រពភាពយន្ត Cannes របស់បារាំងជាសហស្ថាបនិកមួយរូបនៃផលិតកម្ម។ លោកបានឲ្យដឹងថា គម្រោងនេះដើមឡើយមិនមានបំណងស៊ីជម្រៅថាត្រូវតែលើកកម្ពស់ស្ត្រីនោះទេ។
«កាលពីពីរបីខែមុន ក្រុមការងារយើងបានប្រជុំគ្នា ហើយស្រាប់តែនឹកឃើញថា មានមនុស្សបីនាក់ក្នុងក្រុមដែលធ្វើការស្ទើរគ្រប់ផ្នែក និងតួនាទី តែមិនដែលបានធ្វើអ្នកដឹកនាំដូចគេ។ ហើយចៃដន្យ ទាំងបីអ្នកសុទ្ធតែជាស្ត្រី»។
វិស័យភាពយន្តនៅកម្ពុជាត្រូវបានគេមើលឃើញថា ចាប់រីកលូតលាស់ឡើងវិញក្នុងរយៈពេលប្រមាណ ៤ទៅ៥ឆ្នាំចុងក្រោយ តាមរយៈការរីកលូតលាស់នៃរោងភាពយន្តទំនើបៗជាបន្តបន្ទាប់។ ការរៀបចំឲ្យមានមហោស្រពភាពយន្តជារៀងរាល់ឆ្នាំ ការទាក់ទាញឲ្យមានផលិតកម្មបរទេសមកថតសាច់រឿងនៅក្នុងប្រទេសកម្ពុជា ការបង្កើតកម្មវិធីមើលភាពយន្តតាមតម្រូវការលើប្រព័ន្ធអ៊ិនធឺណេត (video on demand) និងការកើនឡើងនៃក្រុមអ្នកផលិតកុនវ័យក្មេង។
តែទោះជាយ៉ាងណាក៏ដោយ លោក ដាវី បានឲ្យដឹងថា ក្នុងអាជីពជាអ្នកដឹកនាំខ្សែភាពយន្ត ចំនួនស្ត្រីនៅមានតិចនៅឡើយ ជាចំនួនដែលលោកអាចរាប់អស់។
ជាក់ស្តែង អ្នកដឹកនាំរឿងជាស្ត្រីនៅកម្ពុជាដែលគេធ្លាប់ស្គាល់មានដូចជា អ្នកស្រី អួង កង់ធួក ដែលដឹកនាំរឿង «មួយម៉ឺនអាល័យ» និង «ពេលដែលត្រូវយំ» កាលពីមុនរបបខ្មែរក្រហម និងបច្ចុប្បន្នមានដូចជា អ្នកស្រី ពាន់ ភួងបុប្ផា ដែលល្បីល្បាញតាមរយៈរឿងភាគជាច្រើន និងជាពិសេសរឿង «ទឹកចិត្តម្តាយ» អ្នកស្រី សុទ្ធោ គូលីកា ដឹកនាំរឿង «ដុំហ្វីលចុងក្រោយ» អ្នកស្រី កល្យានី ម៉ម ដឹកនាំរឿង «ក្បង់ទឹកទន្លេ» អ្នកស្រី Caylee So និងកញ្ញា សុធា អ៊ីណេស ជាដើម។
លោក ដាវី បន្តថា ជាទូទៅស្ត្រីដែលធ្វើការក្នុងវិស័យនេះជាច្រើនធ្វើជាជំនួយការនៃក្រុមការងារ។
«គ្រាន់តែយើងប្រាប់អំពីគំនិតរបស់ក្រុមថាយើងចង់ឲ្យគេដឹកនាំរឿង ពួកគេម្នាក់ៗឆ្លើយភ្លាមៗថា ពួកគេចង់ដឹកនាំ ហើយពួកគេមានរឿងរួចស្រាប់។ វាដូចជាបង្ហាញថា ការពិតទៅពួកគាត់ចង់ដឹកនាំរឿងដែរ តែពួកគេមិនហ៊ានបញ្ចេញមហិច្ឆតាទេ។ នេះក៏ដូចជាឲ្យយើងមើលឃើញស្ទើរគ្រប់ទីកន្លែងថា ស្រីៗតែងតែជួយការងារដល់ប្រុសៗ ហើយពួកគេមិនសូវជាហ៊ានបង្ហាញមហិច្ឆតាពិតរបស់ពួកគេដើម្បីឲ្យមានការចាប់អារម្មណ៍ឡើយ»។
អ្នកស្រី មាស ស្រីលីន វ័យ ២៩ឆ្នាំ ជាអ្នកដឹកនាំរឿងមួយរូបទៀត យល់ថា ក្រុមការងារអ្នកស្រីបានបង្កើតគំរូមួយដែលមានលក្ខណៈពិសេស ត្រង់ថា មានការជជែកគ្នាអំពីការផ្លាស់ប្តូរវេន តំណែង និងតួនាទីគ្នា ដែលនេះបង្កើតជាវប្បធម៌មួយធ្វើឲ្យក្រុមការងារបញ្ចេញគាំទ្រគ្នាទៅវិញទៅមក។
«អញ្ចឹងបានថាវាប្លែក ដោយសារតែភាគច្រើន ពួកខ្ញុំស្រីៗភាគច្រើនខ្ញុំ support partner [ជាជំនួយការឲ្យដៃគូខ្លួន] ឬធ្វើការsupport ដាវី ក្នុងនាមជាមិត្តភក្តិ។ ពីមុនយើងសុទ្ធតែជាអ្នក support ពួកគាត់ តែឥឡូវនេះ គាត់អ្នក support ពួកយើងវិញ។ អញ្ចឹងយើង មានអារម្មណ៍ថាប្លែកដែរ ដែលកាលពីមុនយើងធ្វើការដើម្បីជំរុញអាហ្នឹង [ការផលិតកុន] តែឥឡូវពួកគាត់ធ្វើការហ្នឹង [ជំនួយការ] ទាំងអស់ដើម្បីឲ្យយើងវិញ»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ដែលទទួលបានព័ត៌មានអំពីយុទ្ធនាការនេះមូលនិធិសម្រាប់ផលិតកុននេះដែរបានឲ្យដឹងថា លោកស្រីរំពឹងយុវជនជាអ្នកដឹកនាំរឿងជំនាន់ថ្មីបង្ហាញសាច់រឿងអំពីតថភាពពិតក្នុងសង្គម។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំបានមើល profile របស់គាត់ទាំងបីនាក់ហ្នឹងដែរ និងអ្វីដែលគាត់រៀបចំធ្វើ។ ខ្ញុំយល់ថា វានឹងមាន impact [ការជះឥទ្ធិពល] ជាគំរូ។ ប្រសិនបើរឿងណាបង្ហាញតថភាពសង្គម និងអប់រំនោះវាទាក់ទាញចំណង់ចំណូលចិត្តអ្នកមើក និងផ្សព្វផ្សាយការចេះដឹងច្រើន»។
ខ្សែភាពយន្តទាំងបីត្រូវបានរៀបចំថតបន្តបន្ទាប់គ្នា និងត្រូវបានគេរំពឹងថាបញ្ចប់នៅចុងឆ្នាំនេះ។ ក្រុមផលិតករនៅមិនទាន់បញ្ជាក់ទេថា តើនឹងចាក់បញ្ចាំងជាកញ្ចប់រួមគ្នា នៅទីតាំងណា ឬពេលណានោះទេ ក៏ប៉ុន្តែគោលបំណងធំគឺដើម្បីបញ្ជូនខ្សែភាពយន្តទាំងនោះទៅប្រកួតនៅឆាកអន្តរជាតិ និងមហោស្រពភាពយន្តក្នុងស្រុក និងក្រៅស្រុកដោយមិនផ្តោតលើអាជីវកម្មនោះទេ៕