ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាជាច្រើននាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្រោងនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងសហព្រះរាជអាជ្ញាបរទេសនៃសាលាក្តីកាត់ទោសខ្មែរក្រហម។
កិច្ចពិភាក្សាគ្នានេះអាចជាការពិភាក្សាស៊ីជំរៅនឹងផ្តល់ការយល់ដឹងថែមទៀតដល់ពលរដ្ឋខ្មែរទាក់ទងនឹងដំណើរការសាលាក្តីខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. ក្រោយពេលមានសាលក្រមដាក់ទោសជនជាប់ចោទពីរនាក់អស់មួយជីវិត និងនៅពេលសំណុំរឿងខ្មែរក្រហម វគ្គសំខាន់កំពុងដំណើរការ។
សហព្រះរាជអាជ្ញាបរទេសនៃសាលាក្តីកាត់ទោសខ្មែរក្រហមគ្រោងនឹងឆ្លើយ បំភ្លឺនិងផ្តល់ការពន្យល់អំពីដំណើរការកាត់ទោសខ្មែរក្រហមដល់ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា ដែលភាគច្រើនជាជនរងគ្រោះសម័យខ្មែរក្រហម ដែលភៀសខ្លួន មករស់នៅស.រ.អា.។ ការចូលរួមក្នុងវេទិកាសាធារណៈនេះកើតឡើងក្រោយពេលដែលតុលាការបានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់គឺនួន ជា និងខៀវ សំផនក្នុងសំណុំរឿង០០២ វគ្គទី១ទាក់ទងនឹងការជម្លៀសពលរដ្ឋដោយបង្ខំចេញពីផ្ទះសម្បែងនិងការកាប់សម្លាប់ក្នុងទសវត្សរ៍១៩៧០ ហើយនឹងក្នុងពេលដែលសំណុំរឿង០០២ វគ្គទី២ជាវគ្គសំខាន់កំពុងចាប់ផ្តើម។
ក្នុងវេទិកាអំពីការកាត់ទោសខ្មែរក្រហម ដែលមានការចូលរួមពីលោកសហព្រះរាជអាជ្ញា នីកូឡាស់ កុំជាំង (Nicholas Koumjian) និងពលរដ្ឋខ្មែរអាមេរិកាំង អ្នកស្រាវជ្រាវ និងជនរងគ្រោះរាប់សិបនាក់នោះ ត្រូវគេគ្រោងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញា វេលាម៉ោង៦ល្ងាច ក្នុងការិយាល័យកណ្តាលរបស់សមាគមខ្មែរនៅទ្វីបអាមេរិករបស់លោកគឹមថៃ គួច (Kimthai Kuoch) នៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា អង្គការសមាគមខ្មែរច្រើនជាង១០ រួមនឹងអង្គការ Asric នឹងរៀបចំកម្មវិធីនេះរួមគ្នា ហើយកិច្ចពិភាក្សានោះមានសំណួរហើយនឹងចម្លើយ ដែលត្រូវសម្របសម្រួល ដោយលោកឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងទសវត្សរ៍១៩៧០ និងក្រោយមកធ្លាប់ធ្វើជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា។
លោកស្រីសាស្ត្រាចារ្យខ្មែរអាមេរិកាំងនូ លក្ខិណា និងជាប្រធានវិទ្យាស្ថានស្រាវ ជ្រាវ អនុវត្តសង្គមនៃកម្ពុជា (Asric) មានមូលដ្ឋាននៅស.រ.អា.បានថ្លែងថា កម្មវិធីពិភាក្សាក្នុងវេទិកានេះគឺដើម្បីផ្តល់ព័ត៌មានបន្ថែមទៀតអំពីសាលាក្តីកាត់ទោស ខ្មែរក្រហម ជូនដល់ពលរដ្ឋ ហើយផ្តល់ឱកាសដល់ពលរដ្ឋបានសួរសំណួរនានាដោយផ្ទាល់ជាមួយមន្ត្រីតុលាការ ជាពិសេសពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងតាមរយៈវិទ្យាស្ថាន Asric។
«យើងចង់ឲ្យពួកគេជួបដោយផ្ទាល់ជាមួយលោកសហព្រះរាជអាជ្ញាថ្មី ដូច្នេះពួក គេអាចមានអារម្មណ៍យល់ដឹងអំពីសេចក្តីសង្ឃឹមបន្ទាប់ពីការចេញសាលក្រម។ ខ្ញុំគិតថា មានបៀបច្រើនយ៉ាង ដែលក្រុមអ្នករស់រានមានជីវិតពិតជាមិនសប្បាយចិត្តនឹងសាលក្រម ហើយប្រហែលជាវេទិកានេះជាឱកាសមួយសម្រាប់ពួកគេចែកចាយការមិនពេញចិត្តនោះ ហើយសួរសំណួរនានា ជាពិសេសនៅពេលសំណុំរឿង០០២ វគ្គទី២នឹងបន្តដំណើរការជឿនលឿនទៅមុខ»។
លោកស្រីបានបន្ថែមថា លោកស្រីបានជំរុញដល់ពលរដ្ឋកម្ពុជាដែលបានជួបជា មួយមន្ត្រីតុលាការ ដូចជាអ្នកនៅក្នុងក្រុងឡុងប៉ិចជាដើមនេះ ឲ្យរៀនសូត្រ សួរដេញដោលអំពី ថាតើតុលាការធ្វើអ្វីខ្លះក្នុងការផ្តល់យុត្តិធម៌ ហើយយុត្តិធម៌នោះជាយុត្តិធម៌ពិតទេចំពោះសហគមន៍ខ្មែរ។
«តុលាការអះអាងថា គេកំពុងស្វែងរកយុត្តិធម៌ជូនពលរដ្ឋកម្ពុជា តែយើងចង់ដឹងឲ្យពិតប្រាកដថា មានអ្វីពាក់ព័ន្ធនឹងយុត្តិធម៌នោះ មានន័យពិតប្រាកដយ៉ាងម៉េច ហើយតើគេកំណត់យុត្តិធម៌ដូចម្តេច។ ដូច្នេះការដែលគេនិយាយថា គេរកបានយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជានោះ វាពិតជាលទ្ធផលធំធេងណាស់។ ដូច្នេះយើងចង់ឲ្យតុលាការពន្យល់ថា វាមានន័យយ៉ាងម៉េចពិតប្រាកដ ហើយតើពលរដ្ឋកម្ពុជាបានផលប្រយោជន៍យ៉ាងម៉េចពីសមិទ្ធផលដ៏អស្ចារ្យដែលគេអះអាងនោះ»។
ពលរដ្ឋខ្មែរជិតកន្លះលាននាក់នៅស.រ.អា. បានរត់ភៀសខ្លួនគេចចេញផុតពីការកាប់សម្លាប់មែន តែក្រុមគ្រួសាររបស់ពួកគេជាច្រើនត្រូវក្រុមខ្មែរក្រហមកាប់សម្លាប់ក្នុងប្រទេស។ ពលរដ្ឋខ្មែរជាជនរងគ្រោះនៅស.រ.អា.និងនៅពាសពេញពិភពលោក តិចតួចណាស់ដែលចូលរួមពាក់ព័ន្ធនឹងតុលាការខ្មែរក្រហមដែលមានការផ្តល់យុត្តិធម៌ចម្រូងចម្រាស់នេះ។
លោកឆាំង សុង អ្នកសម្របសម្រួលវេទិកានេះ បានអះអាងថា ការពិភាក្សានេះនឹងផ្តល់សារៈសំខាន់ដល់ពលរដ្ឋខ្មែរអំពីដំណើរការពិតប្រាកដរបស់តុលាការ ដែលមានលក្ខណៈស្មុគស្មាញ និងផ្តល់ការយល់ដឹងអំពីរឿងយុត្តិធម៌ ដែលប្រទាញប្រទង់មិនចេះចប់ក្នុងសហគមន៍ខ្មែរនោះ។ លោកថា ការជួបមន្ត្រីតុលាការ ដូចជាសហព្រះរាជអាជ្ញាដោយផ្ទាល់នេះគឺមានសារៈសំខាន់ណាស់ ហើយជាឱកាសដ៏កម្រ។
«ចង់តែប៉ុណ្ណឹងទេ ចង់ឲ្យបានជួបផ្ទាល់តែម្តង ព្រោះខ្មែរយើងនៅទីនេះមិនដែលបានជួបឯណា។ តែខ្មែរនៅស្រុកខ្មែរបានជួប។ គេតាម គេបានដឹងឮច្រើន ហើយខ្មែរនៅទីនេះ នៅឆ្ងាយ មិនបានដឹងឮឯណា»។
លោកថ្លែងដូច្នេះដោយយោងថា លោកសហព្រះរាជអាជ្ញាអាចបំភ្លឺអំពីការយល់ច្រឡំរបស់ពលរដ្ឋខ្មែរមួយចំនួន ឧទាហរណ៍ដូចជាថា អំណះអំណាង ដែលនួន ជាផ្តល់សក្ខីកម្មក្នុងតុលាការ គឺជារឿងត្រឹមត្រូវ។ នៅពេលគេមិនបានស្តាប់តុលាការវិនិច្ឆ័យផ្សេងៗទៀត ដែលបំភ្លឺអំពីការដែលយើងច្រឡំថា រឿងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាឧក្រិដ្ឋកម្មទាំងអស់នោះ លោកពន្យល់ថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទាក់ទងនឹងជនជាតិចាម និងវៀតណាមនោះ គ្រាន់តែជារឿងឧក្រិដ្ឋកម្មមួយក្នុងឧក្រិដ្ឋកម្មធំៗដទៃទៀតតែប៉ុណ្ណោះ។
លោកឆាំង សុងបានបន្ថែមថា ការកាត់ទោសមួយជីវិតចំពោះអតីតមេដឹកនាំខ្មែរ ក្រហមកំពូលពីរនាក់នោះ ទោះជាមិនបានយុត្តិធម៌១០០ភាគរយមែន តែកម្ពុជាបានធ្វើតាមច្បាប់ តាមសង្គមស៊ីវិល័យហើយ។ ហើយលោកថា រឿងនេះជារឿង ពិបាកនិយាយ ដោយសាររឿងរ៉ាវនៅមានការប្រទាញប្រទង់គ្នាពីរឿងយុត្តិធម៌ ឬ មិនយុត្តិធម៌នេះ។ តែរឿងមួយដែលល្អជាគំរូនោះ លោកថា តាមរយៈតុលាការកម្ពុជាដែលចូលរួមដោយអន្តរជាតិនេះ អន្តរជាតិទាំងមូលដឹងពីកំហុសរបស់ក្រុមខ្មែរក្រហមចំពោះការកាប់សម្លាប់ពលរដ្ឋខ្មែរ។
«អន្តរជាតិទាំងមូលទុកថា ខ្មែរក្រហមធ្វើនេះវាខុស។ ការណ៍ហ្នឹងវាខុស។ វាអត់ ត្រូវទេ។ កុំធ្វើទៀត។ អញ្ចឹងណាបាទ! កុំធ្វើទៀត! រឿងហ្នឹងវាខុសហើយ!»។
លោកប៉ាស៊ីន ចានូ (Pasin Chanou) អ្នកសម្របសម្រួលម្នាក់នៃវេទិកាពិភាក្សា រឿងខ្មែរក្រហមនេះមកពីសមាគម Cambodia Town បានថ្លែងថា កម្មវិធីពិភាក្សានេះរៀបចំឡើងគឺដោយសារតែពលរដ្ឋកម្ពុជានៅរដ្ឋកាលីហ្វ័រញ៉ាមានការចាប់អារម្មណ៍នឹងដំណើរការកាត់ទោសដោយតុលាការ ហើយចង់ដឹងពីដំណើរការ កាត់ទោសនេះបន្ថែមទៀត។
សាលាក្តីកាត់ទោសខ្មែរក្រហមបានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលតែពីរនាក់ប៉ុណ្ណោះ ក្រោយរយៈពេល៣៥ឆ្នាំនៃការកាប់សម្លាប់ពលរដ្ឋខ្មែរជាង ១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មេដឹកនាំទាំងពីរនោះគឺ នួន ជា បងធំទី២ ឬមេមនោគមន៍វិជ្ជាខ្មែរក្រហម និងខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហម ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃទី៧ខែសីហាទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬសំណុំរឿង០០២ វគ្គទី១ ដែលពាក់ព័ន្ធនឹងការជម្លៀសពលរដ្ឋខ្មែរដោយបង្ខំចេញពីផ្ទះសម្បែងនិងការកាប់សម្លាប់មួយផ្នែកតូច។ ជនទាំងពីរដដែលនឹងត្រូវគេកាត់ទោសពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ផងក្នុងសំណុំរឿង០០២វគ្គទី២៕