អ្នកទោសជនជាតិចិនម្នាក់ត្រូវបានក្រុមប្រដាប់អាវុធរំដោះនៅគ្លីនិកធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប

អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​មួយ​ដែល​មនុស្ស ​៥ ​នាក់ប្រដាប់​ដោយ​អាវុធ​បាន​សម្រុក​ចូល​ទៅ​គ្លីនិក​ព្យាបាលធ្មេញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​រំដោះ​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូនទៅ​ព្យាបាល​ធ្មេញ​នៅ​ទីនោះ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។

វីដេអូ​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Facebook (ហ្វេស​ប៊ុក) ដោយ​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៥នាក់​បាន​ភ្ជង់​កាំភ្លើង​ទៅ​នគរ​បាល​៤​នាក់​ ដែល​កំពុង​អង្គុយ​នៅ​គ្លីនិក​ធ្មេញ​មួយ​កន្លែង។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ខេត្ត​សៀមរាប នៅ​គ្រា​ដែល​មន្ដ្រី​ពន្ធនាគារ​៤​នាក់​បាន​បញ្ជូន​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​រូប​នោះ​ទៅ​គ្លីនិក​ធ្មេញ ហើយ​អង្គុយ​រង់ចាំ​ការ​ព្យាបាល។ នៅ​ពេល​កំពុង​អង្គុយ​ចាំ​ពេទ្យ​ព្យាបាល​ធ្មេញ ស្រាប់​តែ​មាន​ជន​ពាក់​របាំង​មុខប្រដាប់​ដោយ​អាវុធ​ភ្ជង់​កាំភ្លើង​ទៅ​កាន់​នគរបាល និង​បាន​ចង​ដៃ​មន្រ្តី​ប៉ូលិស​ផង​ដែរ ហើយ​ពួក​គេ​បាន​សម្រុក​ចូល​ទៅ​រំដោះ​ជន​ជាតិ​ចិន​ម្នាក់​នោះ។

លោក តេង ច័ន្ទណាត ស្នង​ការ​នគរ​បាល​ខេត្ត​សៀម​រាប ប្រាប់​វីអូអេ​ថា​ ពិត​ជា​មាន​ករណី​រំដោះ​អ្នក​ទោស​ជន​ជាតិ​ចិន​ពិត​មែន ដោយ​លោក​ថា​ អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ។ លោក​បន្ថែម​ថា​ លោកមិន​ទាន់​អាច​បញ្ជាក់​អំពី​មូល​ហេតុដែល​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​ដឹង​ថា​អ្នក​ទោស​ត្រូវ​បាន​យក​មក​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ឯក​ជន​នោះ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ហើយ​ស្អី​ៗ​ផ្សេង​ទៀត ខ្ញុំ​អត់​ទាន់​អាច​បង្ហាញ​បាន​ទេ ដោយ​សារ​យើង​ស្ថិត​នៅ​ក្នុង​នីតិវិធី​...យើង​កំពុង​តាម​ប្រមាញ់​ចាប់​ជន​ឧក្រិដ្ឋ​នោះ​មក​វិញ​»។

លោក ជុំ ចិន្តា ម្ចាស់​គ្លីនិក​ធ្មេញ​ដែល​អ្នក​ទោស​ជន​ជាតិ​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ បាន​ប្រាប់​វីអូអេ​ថា ​នៅ​ម៉ោង​ប្រមាណ​ជាង​ ៨ ​ព្រឹក ​ថ្ងៃ​ទី​ ១៧ ខែ​សីហា ក្រុម​ប្រដាប់​អាវុធ​បាន​ចូល​ទៅ​ក្នុង​គ្លីនិក​របស់​លោក ដើម្បី​រំដោះ​អ្នក​ទោស​ម្នាក់​ជា​ជន​ជាតិ​ចិន។ លោក​បន្ថែម​ថា​ មិន​មាន​ការ​ផ្ទុះ​អាវុធ​អ្វី​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ លោក​បាន​ថ្លែង​បន្ថែម​ថា ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​ចង​ដៃ​ក្រុម​ប៉ូលិស ហើយ​នាំ​អ្នក​ទោស​ចេញ​ទៅ​បាត់។

លោក ជុំ ចិន្តា ​ប្រាប់​វីអូអេ​ថា៖ «ក្រុម​ឧក្រិដ្ឋ​ជន​ហ្នឹង វា​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ នៅ​ពី​ក្រោយខ្នង​ប៉ូលិស​បាត់ហើយ។ វា​នៅ​ជិត​ខ្ញុំ​ប្រហែល​ ១ ​ម៉ែត្រ​ ….ខ្ញុំ​ធ្វើ​មិន​ដឹង​មិន​ឮ ខ្ញុំ​បែរ​ខ្លួន​មក​ប៉ូលិស​វិញ ក៏​ពួក​វា​ចេញ​ទៅ​បាត់​ទៅ»។

បើ​តាម​សារព័ត៌មាន ​Freshnews ក្រុម​ខ្មាន់​កាំភ្លើង​បាន​ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក​ Lexus 330 ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AA-4315 ហើយ​គេច​ខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រទះ​ឃើញរថយន្ត និង​អាវុធ​ដែល​ក្រុម​ឧក្រិដ្ឋជន​យក​ទៅ​ប្លុង​ចោល។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក នុត សវនា​ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​នៅ​ឡើយ​ទេ។

លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀម​រាប​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ដោយ​ថា​កំពុង​ជាប់​បេសកកម្ម។

ចំណែក​លោក ភាន ឆវ័ន្ត​ ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​ថា លោក​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​សារ​តែ​លោក​មិន​ដឹង​ករណី​នេះ​ច្បាស់​ទេ ខណៈ​លោក​ជាប់​បេសកកម្ម​ហ្វឹកហ្វឺន ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខេត្ត​សៀមរាប​វិញ។

បើ​តាម​របាយ​ការណ៍​របស់​នគរ​បាល ជនជាតិ​ចិន​ដែល​ត្រូវ​បាន​រំដោះ​នោះ មាន​ឈ្មោះ Chen Hsin Han អាយុ​ ៤៥ ​ឆ្នាំ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០០៩ ពី​បទ​ជួញដូរ​គ្រឿង​ញៀន ហើយត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥២​ ឆ្នាំ។ ជនជាតិ​ចិន​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ទៅ​គ្លីនិក​ធ្មេញ ដោយ​សារ​ឈឺ​ចាប់​មាត់​ធ្មេញ​ពិបាក​បរិភោគ​អាហារ។ នេះ​បើ​យោ​ង​តាម​លិខិត​ស្នើ​សុំ​បញ្ជូន​ជន​ជាប់​ឃុំ​ចុះ​ថ្ងៃទី​ ១៦ ខែ​សីហា ដែល​វីអូអេ​ទទួល​បាន៕