ប៉ូលិសបាននិយាយថា ការផ្ទុះគ្រាប់ មីន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែមីនា ក្នុងអំឡុងហាត់បាញ់នៅកន្លែងអ្នកទេសចរហាត់បាញ់កាំភ្លើងមួយក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្ស២នាក់ដែលមានជនជាតិអូស្ត្រាលីម្នាក់ជនជាតិខ្មែរម្នាក់និងរបួស៣នាក់។
ការផ្ទុះបានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ៥០ គីឡូម៉ែត្រភាគខាងលិចនៃរាជធានីភ្នំពេញ។
រូបថតដែលចែករំលែកដោយប៉ូលិសបានបង្ហាញថា ជនរងគ្រោះនៃការផ្ទុះនេះត្រូវបានគេបញ្ជូនមន្ទីរពេទ្យមួយក្នុងខេត្តកំពង់ស្ពឺ។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេមិនដឹងមូលហេតុនៃការផ្ទុះនោះទេ ដោយបន្ថែមថា ជនជាតិអូស្ត្រាលីដែលបានស្លាប់និងម្នាក់ទៀតរងរបួសនោះមានអាយុខ្ទង់៤០ឆ្នាំ។ ជនរងគ្រោះដទៃទៀតគឺជាទាហានខ្មែរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា កងទ័ពក៏កំពុងស៊ើបអង្កេតការផ្ទុះនេះ។
អ្នកនាំពាក្យក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយថា ប្រទេសអូស្រ្តាលីកំពុងជួយរៀបចំឯកសារកុងស៊ុលសម្រាប់ក្រុមគ្រួសាររបស់បុរសអូស្រ្តាលីដែលបានស្លាប់ និងម្នាក់ទៀតដែលរងរបួសនៅក្នុងខេត្តកំពង់ស្ពឺនោះ៕