បុរសម្នាក់​បាន​ធ្វើអត្តឃាត​បង្ហោះតាម Facebook ក្រោយពីសម្លាប់​អតីតប្រពន្ធ

ស្លាកសញ្ញាក្រុមហ៊ុន​ហ្វេស​ឆ្លុះ​នៅ​ក្នុង​កែវភ្នែក​របស់​មនុស្ស​ម្នាក់​។

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃសុក្រថា​ បុរសម្នាក់​ជាជនជាតិខ្មែរ ​បាន​សម្លាប់​អតីត​ភរិយា​ហើយ​បន្ទាប់មក​បាន​លោត​ពីស្ពាន​ធ្វើអត្តឃាត​ដែល​គាត់​បាន​ផ្សាយ​បន្តផ្ទាល់​តាម​ហ្វេសប៊ុក។​ ជិតមួយ​ភាគបី​នៃ​ប្រជាជន​១៥​លាន​៨​សែន​នាក់​នៅកម្ពុជា​ប្រើ​ហ្វេសប៊ុក​ហើយ​បណ្តាញ​នេះ​គឺជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​វ័យ​ក្មេង។​

លោក រ៉ា ឆាយរ័ត្ន ​អាយុ​២១ ឆ្នាំបាន​សម្លាប់​អតីត​ប្រពន្ធនៅឯ​សាលារៀន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយបា​នទៅស្ពាន​ Tsubasa លោត​ចូល​ទន្លេ​មេគង្គ។​ ប៉ូលិស​បាន​និយាយ​ថាមានតែការ​ធ្វើអត្តឃាត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ Facebook គឺ​មិនមាន​បង្ហោះ​អំពី​ឃាតកម្ម​សម្រាប់​អតីត​ភរិយា​ទេ។

លោកគៀត ច័ន្ទថារិទ្ធ ​អ្នកនាំពាក្យ​ប៉ូលិស​ជាតិថ្លែង​ថា​ វាជា​ករណី​ដំបូង ​មិន​ដែល​កើតឡើង​ពីមុន​ទេ។ ហើយ​ប៉ូលិស​កំពុងស៊ើប​អង្កេត​មូលហេតុ​ដែល​គាត់​សម្លាប់​អតីត​ប្រពន្ធ​របស់គាត់។​ ប៉ូលិសបាន​និយាយ​ថា ​មិនទាន់រក​ឃើញ​សាកសព​របស់បុរស​នេះទេ។ ​គេនៅ​មិន​ទាន់​ច្បាស់​ថា​ តើអ្នក​ណា​បាន​រាយ​ការណ៍​អំពីវីដេអូ​ឬ​សុំឱ្យ​លុប​វា​ចេញ។

​អ្នក​នាំពាក្យ​របស់​ហ្វេសប៊ុក​បានឱ្យដឹង​ថា ​ក្រុមហ៊ុន​នេះ​ «មានការ​សោក​ស្តាយ​យ៉ាងខ្លាំង​ដោយ​សារសោកនាដ​កម្មនេះ» ​ហើយ​ថា ហ្វេសប៊ុក​បានលុប​វីដេអូ​នោះ។​ ​ហ្វេសប៊ុកធ្វើការ​ជាមួយ​អង្គការនានា​នៅជុំវិញ​ពិភពលោក​ដើម្បីផ្តល់​ជំនួយ​សម្រាប់​មនុស្ស​ដែល​មាន​ទុក្ខព្រួយ។ ​

កាលពីឆ្នាំមុន ​ហ្វេសប៊ុក​បាន​និយាយ​ថា​ ខ្លួននឹង​ពង្រីក​កម្មវិធី​សម្គាល់​អ្នក​មាន​បំណង​ធ្វើ​អត្តឃាត។ ​

ហ្វេសប៊ុក​បាន​ជាប់ពាក់ព័ន្ធក្នុង​ភាព​ចម្រូងចម្រាស​មួយ​ចំនួន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​ហើយអ្នក​តស៊ូមតិ​សិទ្ធិមនុស្ស​ចោទ​ថា ​ហ្វេសប៊ុក​មិន​បាន​ចាត់វិធាន​ការ​គ្រប់គ្រាន់​ដើម្បី​បំបាត់​សារហិង្សា សារ​ស្អប់ខ្ពើម ​ខណៈ​បណ្តាញ​សង្គម​នេះ​កំពុង​ប្រឈម​នឹង​ការ​បញ្ចេញ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់៕