ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូរ៉ូណាមួយទៀត នៅខេត្តព្រះសីហនុ ដែលកើតលើជនជាតិខ្មែរ ដែលនាំឲ្យករណីឆ្លងទូទាំងប្រទេស កើនឡើងដល់ទៅ ១១០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងបញ្ជាក់ថា បុរសនោះ អាយុ៥៨ឆ្នាំ រស់នៅនិងធ្វើការក្នុងសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ។ បុរសនោះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំង និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងដែលត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណា។
បើតាមសេចក្តីប្រកាសព័ត៌មាន មនុស្ស ៩នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដនេះ ដែលសរុបទៅអ្នកជាសះស្បើយ មានទៅដល់ ៣៤នាក់ ហើយរហូតមកដល់ថ្ងៃព្រហស្បតិ៍។
កាលពីខែមីនា ជនជាតិបារាំងជាង ៣០នាក់ ដែលធ្វើដំណើរជាក្រុមមកកម្សាន្តនៅកម្ពុជា និងគោលដៅចុងក្រោយនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា។ ពួកគេស្នាក់នៅសណ្ឋាគារឯករាជ្យក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា កន្លងទៅ មគ្គុទេសក៍ទេសចរណ៍ និងអ្នកបើករថយន្តម្នាក់ឲ្យក្រុមទេសចរណ៍នេះ ត្រូវបានរកឃើញថា ផ្ទុកវីរុសនេះដែរ៕