នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ញ្ញាតិមិត្តរបស់ជនរងគ្រោះ និងអតីត ជនរងគ្រោះក្នុងមន្ទីរ ស-២១ ឬគុកទួលស្លែង បានរៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសល និងរំឮកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។
ថ្លែងប្រាប់ VOA ក្រោយពិធីពុទ្ធសាសនាក្នុងសារមន្ទីរទួលស្លែងដែលមានអ្នកចូលរួមជិត២០០នាក់ អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា ពិធីបង្សុកូលដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះនៅគុកទួលស្លែង ឬ ស-២១ គឺប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំនិងបើកឲ្យសាធារណជនចូលរួម ជាពិសេសគឺរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។
អ្នកស្រីបានមានប្រសាសន៍ថា៖
«ថ្ងៃបុណ្យបង្សុលហ្នឹង យើងធ្វើជារៀងរាល់ឆ្នាំ បំណងសំខាន់ហ្នឹងគឺ យើងចង់ឧទ្ទិសកុសលផលបុណ្យទាំងអស់ចំពោះបងប្អូនជនរួមជាតិខ្មែរយើង ដែលស្លាប់ទីមួយ នៅកន្លែងហ្នឹងតែម្តង នៅគុកទួលស្លែងដោយអំពើអយុត្តិធម៌ក្នុងសម័យ ប៉ុល ពត»។
របបខ្មែរក្រហមកាន់អំណាចនៅកម្ពុជាចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់ប៉ុល ពត។ របបដឹកនាំបែបកុម្មុយនិស្តនេះ ត្រូវបានគេស្តីបន្ទោសថា បានធ្វើឱ្យពលរដ្ឋខ្មែរជិតពីរលាននាក់បានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ការប្រើហួសកម្លាំង ការបង្អត់អាហារ និងការឆ្លងជំងឺជាដើម។
គុកទួលស្លែង ឬមន្ទីរស-២១ត្រូវបានគេស្គាល់ថា ជាកន្លែងដាក់អ្នកទោសនិងធ្វើទារុណកម្មដ៏សាហាវមួយក្នុងរបបដ៏ខ្មៅងងឹតនោះ។ យ៉ាងហោចណាស់មានអ្នកទោសជាង១២ពាន់នាក់ត្រូវបានគេនាំមកធ្វើទារុណកម្ម នៅ ស-២១ និងក្រោយមកយកទៅសម្លាប់។ អតីតប្រធានគុកទួលស្លែងឈ្មោះ កាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវបានតុលាការកាត់ទោសមេដឹកមេដឹកនាំខ្មែរក្រហម (ឬ ECCC) កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០១ នៅក្នុងឆ្នាំ២០១២។
នៅឆ្នាំបន្តបន្ទាប់មកទៀត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួនពីររួប គឺលោកនួន ជា និងលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិតផងដែរ។
រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ដែលចូលរួមក្នុងពិធីពុទ្ធសាសនានៅថ្ងៃព្រហស្បតិ៍នេះក៏បានចង្អុលបង្ហាញពីតួនាទីរបស់តុលាការខ្មែរក្រហមនៅក្នុងការស្វែងរកការពិត និងយុត្តិធម៌ដល់ពលរដ្ឋកម្ពុជា និងគ្រួសារជនរងគ្រោះ។
អ្នកស្រីបានបន្តថា៖
«ឥឡូវហ្នឹងតាមរយៈ ពេលវេលាកន្លងមកហ្នឹង ឯកសារជាច្រើនបានបង្ហាញ ការកាត់ទោសហ្នឹងបានបង្ហាញ។ យើងសង្ឃឹមថា យើងអាចរកយុត្តិធម៌ជូនអ្នកដែលបានស្លាប់ចែកឋានទៅ»។
យ៉ាងណាក៏ដោយ អ្នកស្រី ភឿង សកុណា ក៏បានលើកឡើងពីសារៈសំខាន់របស់គុកទួលស្លែង និងកម្មវិធីសិក្សាតាមសាលារៀននាពេលបច្ចុប្បន្ននៅក្នុងការលើកកម្ពស់ចំណេះដឹងរបស់យុវជនខ្មែរអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនឹងទប់ស្កាត់មិនឱ្យមានរបបដ៏ខ្មៅងងឹតនេះកើតឡើងសាជាថ្មីនៅកម្ពុជា។
កញ្ញា ហេង សុផារ៉ា ប្រធានផ្នែកអប់រំផ្សព្វផ្សាយរបស់សារមន្ទីរទួលស្លែង បានបង្ហាញអារម្មណ៍ជ្រះថ្លានៅក្នុងការចូលរួមពិធីបង្សកុលហើយកញ្ញាសង្កេតឃើញថាចំនួនអ្នកចូលរួមក្នុងពិធីនេះកើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ កញ្ញាក៏បានបញ្ជាក់ផងដែរថាការកាត់ទោសមេដឹកនាំខ្មែរក្រហមនាពេលកន្លងមកបានជះឥទ្ធិពលវិជ្ជមានជាច្រើនទៅលើផ្លូវចិត្តរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងធ្វើឱ្យមានការយល់ដឹងយា៉ងច្រើនចំពោះរបបដ៏ប្រល័យនេះ។
កញ្ញាហេង សុផារ៉ា បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«តាមគំនិតខ្ញុំ ខ្ញុំឃើញថា ជនរងគ្រោះដែលគាត់បានឆ្លងកាត់របបខ្មែរក្រហមហ្នឹង ក្រោយពីដំណើរការកាត់ទោសឌុច និងមេដឹកនាំខ្មែរក្រហមពីររូបផ្សេងទៀតហ្នឹងបានបញ្ចប់ទៅហ្នឹង ឃើញថាគាត់ភាគច្រើនគឺ ទទួលយកសាលក្រមទាំងអស់ហ្នឹងចាស។ ទោះបីវាមិនមែនជាសំណងទឹកប្រាក់ក៏ដោយ ក៏ប៉ុន្តែវាជាសំណងផ្លូវចិត្តមួយដែលគាត់ទទួលបាន។ យ៉ាងហោចណាស់ អ្នកដែលប្រព្រឹត្តហ្នឹងគាត់ទទួលទោសតាមហ្នឹងដែរចាស»។
លើសពីនេះ កញ្ញា សុផារ៉ា ក៏មានសុទិដ្ឋិនិយមចំពោះការយល់ដឹងពីសំណាក់យុវជនអំពីខ្មែរក្រហម ផងដែរ។
កញ្ញាបាននិយាយថា៖
«ឃើញថាក្មេងៗស្រករក្រោយ ឥឡូវហ្នឹងតាមរយៈការរៀនពីសាលាផង ក៏ដូចជាគាត់មកទស្សនកិច្ចសិក្សានៅទីនេះផង ជាកម្មវិធីខាងសារមន្ទីរទួលស្លែងរៀបចំផង ឃើញថា គាត់យល់់ដឹងពី ប្រវត្តិសាស្រ្តខ្មែរក្រហមហ្នឹងបានច្រើនជាងមុន»។
លោកតា ជុំ ម៉ី អតីតអ្នកទោសក្នុងមន្ទីរ ស-២១ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកមានសេចក្តីសោមនស្សរីករាយនៅក្នុងការចូលរួមឧទ្ទិសកុសលដល់ជនរងគ្រោះនៅគុកស-២១ជាកន្លែងដែលប្រជាពលរដ្ឋខ្មែរជាងមួយម៉ឺននាក់បានបាត់បង់ជីវិត ដោយសារការធ្វើទារុណកម្ម និងការសម្លាប់។ លោកក៏បានអំពាវនាវឲ្យជនជំនាន់ក្រោយយល់ដឹងពីមេរៀនអំពីរបបខ្មែរក្រហម។
ក្នុងវ័យ ៨៧ ឆ្នាំ លោកតា ជុំ ម៉ី បានថ្លែងយ៉ាងដូច្នេះ៖
«ខ្ញុំសប្បាយចិត្តណាស់ ដើម្បីឧទ្ទិសផលបុណ្យនេះទៅដល់អ្នកបាត់បង់ជីវិត។ អារម្មណ៍ពេលហ្នឹង យើងគ្រាន់តែសុំផ្តាំផ្ញើ ក្មេងៗជំនាន់ក្រោយ កុំឲ្យវារៀនសូត្រតាមអា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ អញ្ចឹងណាក្មួយ»។
ពាក់ព័ន្ធនឹងយុត្តិធម៌ពីការជំនុំជម្រះរបស់តុលាការខ្មែរក្រហម លោក ជុំ ម៉ី ដែលជាអតីតទណ្ឌិតនៅគុកស-២១ អស់រយៈពេលជាងបួនខែ មុនពេលត្រូវបានរំដោះ បាននិយាយថាយុត្តិធម៌នៅមិនទាន់ទទួលបានពេញលេញនៅឡើយទេ ស្របពេលលោកក៏បានជំរុញឲ្យតុលាការខ្មែរក្រហមពន្លឿនការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមឲ្យបានចប់សព្វគ្រប់ផងដែរ។
លោក ជុំ ម៉ីបានមានប្រសាសន៍ថា៖
«យើងមិនបាន ១០០ភាគរយមែន ក៏ប៉ុន្តែយើងត្រូវបានកាត់ទោសវាបីនាក់ នួន ជា ខៀវ សំផន និងឌុច»។ កន្លងមក ខ្ញុំចេះជំរុញតុលាការហ្នឹងឲ្យជួយធ្វើម៉េច ពន្លឿនឲ្យទាន់ខ្លាច ពួកអស់ហ្នឹងស្លាប់អស់ទៅ វាអត់បានកាត់ទោសដូច អៀង សារី ប្រពន្ធអៀង សារីអីអត់បានកាត់ទោសទេ។ អញ្ចឹងប៉ុលពតហ្នឹងក៏អត់បានកាត់ទោសដែរ អញ្ចឹងសាលាក្តីហ្នឹងវាស្ទើនឹងសូន្យ»។
មកទល់ពេលនេះមានតែមេដឹកនាំខ្មែរក្រហមធំៗពីររូប តែប៉ុណ្ណោះដែលទទួលការកាត់ទោសក្នុងសាលាក្តីខ្មែរក្រហម គឺនួន ជា បងធំទី២ និងជាអតីតប្រធានរដ្ឋសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋ ខណៈមេដឹកនាំផ្សេងទៀតត្រូវបានស្លាប់មុនការកាត់ទោស។ នួន ជា និង ខៀវ សំផនត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតក្នុងសំណុំរឿង០០២ វគ្គ១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។ សាលាក្តីកូនកាត់មួយនេះក៏កំពុងតែចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។
យ៉ាងណាក្តី លោក ជុំ ម៉ី បានលើកឡើងថា លោកមិនចង់ឲ្យមានការស៊ើបអង្កេតរឿងសំណុំរឿង ០០៣ និង ០០៤ទេ ពីព្រោះលោកមើលមិនឃើញពីដំណើការទៅមុខជាមួយនឹងរឿងក្តីទាំងពីរនេះសោះ។
អស់រយៈពេលជិត ៤០ឆ្នាំបន្ទាប់ពីការដួលរលំរបបខ្មៅងងឹតខ្មែរក្រហមនៅកម្ពុជា មន្ទិលសង្ស័យមួយចំនួនពាក់ព័ន្ធនឹងរបបខ្មែរក្រហម ត្រូវបានលុបបំបាត់តាមរយៈសាលាក្តីខ្មែរក្រហម ស្របពេលដែលមានមតិសាធារណៈមួយចំនួនចង់ឲ្យមានការស្រាវជ្រាវបន្ថែមទៅលើឬសគល់នៃបញ្ហាជាប្រព័ន្ធ ដែលបានបង្កឲ្យមានអំពើប្រល័យពូជសាសន៍ទៅលើជាតិសាសន៍ដូចគ្នានៅកម្ពុជា៕